នៅថ្ងៃទី១៨ ខែមីនា នៅទីក្រុងកូឡាឡាំពួរ (ប្រទេសម៉ាឡេស៊ី) គណៈប្រតិភូទេសចរមកពីតំបន់នានាក្នុងតំបន់វាលរាបទន្លេគឺវឡុងបានចូលរួមសន្និបាតជំរុញនិងផ្សព្វផ្សាយទេសចរណ៍ដើម្បីបង្កើនការតភ្ជាប់ទីផ្សារអន្តរជាតិ ជាពិសេសគឺតំបន់អាស៊ាន។


សន្និបាតបានធ្វើឡើងក្នុងបរិបទប្រទេសម៉ាឡេស៊ីកំពុងផ្សព្វផ្សាយខ្លាំងក្លាយុទ្ធនាការ "ទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦" ដោយគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់សិបលាននាក់ និងបង្កើតជាសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់។
អញ្ជើញចូលរួមសន្និបាត មានលោក ឌិញ ង៉ុក លីញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសម៉ាឡេស៊ី រួមជាមួយតំណាងមកពីស្ថាប័នគ្រប់គ្រងទេសចរណ៍ សាជីវកម្មទេសចរណ៍ និងដំណើរទេសចរណ៍ផងដែរ។
ថ្លែងមតិក្នុងសន្និបាត លោក ឌីញ ង៉ុក លីញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី បានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ី ខណៈពេលដែលបញ្ជាក់ថា តំបន់វាលរាបទន្លេគឺវឡុង គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលមានសក្តានុពលទេសចរណ៍សម្បូរបែប ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ពិសេសនៃទេសភាពទន្លេ។
ចូលរួមសន្និបាត ខេត្តអានយ៉ាងបានបង្ហាញយ៉ាងសកម្មនូវរូបភាពគោលដៅទេសចរណ៍ដ៏ពិសេសរបស់ខ្លួន ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ចម្រុះ រួមមាន៖ ទេសចរណ៍វិញ្ញាណនៅភ្នំស្វាម-ចូវដុក ទេសចរណ៍អេកូឡូស៊ីព្រៃស្មាច់ត្រាស៊ឺ ទេសចរណ៍សហគមន៍ភ្ជាប់នឹងវប្បធម៌ចាម និងខ្មែរ រួមជាមួយផលិតផលម្ហូបអាហារពិសេសៗរបស់តំបន់បាយនុយជាដើម។
យោងតាមអ្នកស្រី ង្វៀន តាំ ទ្វៀត ទ្រិញ នាយករងមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង បានឲ្យដឹងថា ការចូលរួមសន្និបាតនៅប្រទេសម៉ាឡេស៊ីមិនត្រឹមតែផ្សព្វផ្សាយគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ទំនាក់ទំនងសាជីវកម្ម ពង្រីកទីផ្សារទេសចរណ៍អន្តរជាតិ ជាពិសេសផ្នែកទេសចរណ៍ហាឡាលមូស្លីម ដែលជាផ្នែកមួយមានសក្តានុពលយ៉ាងខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងតំបន់ ហើយក៏ជាចំណុចខ្លាំងរបស់វិស័យទេសចរណ៍ខេត្តអនាយ៉ាងផងដែរ។ នេះគឺជាឱកាសមួយសម្រាប់ខេត្តអានយ៉ាង រៀនសូត្របទពិសោធន៍អភិវឌ្ឍទេសចរណ៍ដោយចីរភាព និងលើកកម្ពស់គុណភាពសេវាកម្ម និងធ្វើពិពិធកម្មផលិតផល៕
ប្រែ៖ សំណាង