ក្នុងបរិបទនៃការប្រកួតប្រជែងជាសកលកាន់តែខ្លាំងក្លា ការទូតសេដ្ឋកិច្ច មិនត្រឹមតែបញ្ចប់ត្រឹមការស្វែងរកទីផ្សារប្រើប្រាស់ប៉ុណ្ណោះទេ។ សម្រាប់អានយ៉ាង នេះគឺជាឧបករណ៍យុទ្ធសាស្ត្រ ដើម្បីតម្រង់ទិសការផលិត ទាក់ទាញការវិនិយោគបច្ចេកវិទ្យាខ្ពស់ និងលើកកម្ពស់ឋានៈរបស់ទំនិញនៅលើទីផ្សារអន្តរជាតិ។
បរិយាកាសអភិវឌ្ឍថ្មីពីទម្រង់ធំ
បន្ទាប់ពីអនុវត្តគោលការណ៍ស្តីពីការរួមបញ្ចូលអង្គភាពរដ្ឋបាល ខេត្តអានយ៉ាង បានបើកចេញនូវលំហអភិវឌ្ឍថ្មីយ៉ាងទូលំទូលាយ។ បច្ចុប្បន្ន មូលដ្ឋាននេះមានប្រព័ន្ធអេកូឡូស៊ីផលិតកម្មកសិកម្ម និងជលផលដ៏សម្បូរបែប ដែលលាតសន្ធឹងចាប់ពីតំបន់វាលរាប តំបន់ភ្នំ រហូតដល់តំបន់សមុទ្ទ និងកោះ។
ការផ្លាស់ប្តូរនេះ បានធ្វើឲ្យអានយ៉ាង ប្រមូលផ្តុំបានយ៉ាងពេញលេញនូវចំណុចខ្លាំងខាងស្រូវអង្ករ ជលផល ផ្លែឈើ និងសេដ្ឋកិច្ចសមុទ្ទ របស់មូលដ្ឋានទាំងពីរដែលមានពីមុនមក។ ជាមួយនឹងទ្រង់ទ្រាយថ្មី អានយ៉ាង បច្ចុប្បន្នគឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដែលមានការផលិត និងនាំចេញផលិតផលកសិកម្ម និងជលផលធំៗនៃប្រទេសទាំងមូល។ នេះគឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ខេត្តអភិវឌ្ឍតាមទិសដៅផលិតទំនិញក្នុងទ្រង់ទ្រាយធំ ភ្ជាប់ជាមួយការកែច្នៃស៊ីជម្រៅ និងការនាំចេញ។

លោក លេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការ ប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ដើម្បីនាំផលិតផលសំខាន់ៗរបស់ខេត្តទៅកាន់ពិភពលោក អានយ៉ាង កំពុងផ្តោតលើការអនុវត្តយ៉ាងស៊ីសង្វាក់គ្នានូវដំណោះស្រាយជាច្រើនស្តីពីការទូតសេដ្ឋកិច្ច។ តាមរយៈសកម្មភាពទំនាក់ទំនងជាមួយស្ថានទូត អគ្គកុងស៊ុល អង្គការអន្តរជាតិ និងអាជីវកម្មបរទេស ខេត្តបានផ្តួចផ្តើមណែនាំផលិតផលកសិកម្ម និងជលផលសំខាន់ៗ។ ទន្ទឹមនឹងនេះ សហការជាមួយក្រសួងការបរទេសផ្សព្វផ្សាយផលិតផល តាមរយៈបណ្តាញស្ថាប័នតំណាងវៀតណាមនៅបរទេសជាង ៩០ និងសហសមាគមអាជីវកម្មបរទេសចំនួន ១៨ នៅវៀតណាម។ ក្នុងឆ្នាំ២០២៦ ខេត្តបានសកម្មក្នុងការផ្លាស់ប្តូរជាមួយដៃគូប្រទេសចិន ឥណ្ឌូនេស៊ី តួកគី កាហ្សាក់ស្ថានជាដើម ដើម្បីពង្រីកទីផ្សារ ជាពិសេសសម្រាប់ផលិតផលកសិកម្ម ជលផល និងផលិតផល Halal។
ខេត្តជំរុញខ្លាំងការផ្សព្វផ្សាយអនុវត្ត និងប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំនាន់ថ្មី ដូចជា CPTPP EVFTA UKVFTA RCEP និង VIFTA ដើម្បីពង្រីកទីផ្សារនាំចេញ។ បង្កើនការគាំទ្រអាជីវកម្មឆ្លើយតបតាមបទប្បញ្ញត្តិស្តីពីរបាំងបច្ចេកទេសក្នុងពាណិជ្ជកម្ម (TBT) បណ្តាវិធានការអនាម័យ និងសុវត្ថិភាពចំណីអាហារ និងការត្រួតពិនិត្យសត្វ រុក្ខជាតិ (SPS) ធានាការតាមដានរកប្រភពដើម លើកកម្ពស់គុណភាពផលិតផល និងជំរុញការអភិវឌ្ឍបៃតង តាមរយៈនោះលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងសមត្ថភាពចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល។
លទ្ធផលដំបូងបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីប្រសិទ្ធភាព។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ តម្លៃនាំចេញរបស់ខេត្តអានយ៉ាង សម្រេចបាន ១.២៥១ លានដុល្លារអាមេរិកតាមការសន្និដ្ឋាន កើនប្រមាណ ១៤% បើធៀបនឹងរយៈពេលនេះឆ្នាំមុន សម្រេចបានជិត ៤៧% នៃផែនការប្រចាំឆ្នាំ។ ក្នុងនោះ ការនាំចេញជលផលសម្រេចបាន ៤៣៨ លានដុល្លារអាមេរិក កើន ២៦%។ ការនាំចេញអង្ករសម្រេចបាន ២០៩ លានដុល្លារអាមេរិក កើន ១៧%។ GRDP របស់ខេត្តកើន ៨,៨៣% ស្ថិតក្នុងក្រុមដែលមានកំណើនល្អរបស់ប្រទេស។
ទន្ទឹមនឹងនេះ ខេត្តអានយ៉ាង ក៏បានភ្ជាប់ការទូតសេដ្ឋកិច្ចជាមួយការទាក់ទាញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យា។ មកដល់ពេលនេះ ខេត្តបានទាក់ទាញគម្រោង FDI ចំនួន ៧៣ គម្រោង មកពីប្រទេស និងដែនដីចំនួន ១៩ ជាមួយទុនចុះបញ្ជីសរុបជិត ៣ ពាន់លានដុល្លារអាមេរិក ដោយផ្តោតលើកសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃចំណីអាហារ និងភស្តុភារកម្ម។ ទម្រង់សហប្រតិបត្តិការមួយចំនួនជាមួយប្រទេសជប៉ុន ស្តីពីបច្ចេកវិទ្យារក្សាទុកជលផល និងជាមួយប្រទេសអ៊ីស្រាអែល ស្តីពីបច្ចេកវិទ្យាផលិតពូជ បានរួមចំណែកលើកកម្ពស់ផលិតភាព គុណភាព និងតម្លៃបន្ថែមរបស់ផលិតផល។
ទម្រង់តភ្ជាប់ “ភាគីទាំង ៣” និងចក្ខុវិស័យ APEC ២០២៧
យោងតាមប្រសាសន៍របស់លោក លេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ការទូតសេដ្ឋកិច្ចនឹងមានប្រសិទ្ធភាព នៅពេលមានការសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់មជ្ឈិម មូលដ្ឋាន និងអាជីវកម្ម។ ក្រសួងការបរទេសបើកទ្វារទីផ្សារ មូលដ្ឋានរៀបចំការផលិត អាជីវម្មជាអង្គភាពផ្ទាល់ ដែលនាំទំនិញទៅដល់អ្នកប្រើប្រាស់អន្តរជាតិ។
ការតភ្ជាប់ព័ត៌មានអំពីនិន្នាការប្រើប្រាស់ ស្តង់ដារបច្ចេកទេស និងគោលនយោបាយពាណិជ្ជកម្ម ពីប្រព័ន្ធស្ថាប័នតំណាងវៀតណាមនៅបរទេស នឹងជួយឲ្យអានយ៉ាង អាចរៀបចំផែនការផលិតកម្មបានយ៉ាងសកម្ម។ នេះជាដំណោះស្រាយមូលដ្ឋាន ដើម្បីលុបបំបាត់ស្ថានភាព “បានផលតម្លៃថោក”។

អានយ៉ាង កំណត់ថា សន្និសីទកំពូល APEC ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅនៅតំបន់ពិសេសភូក្វឹក គឺជាឱកាសមាស ដើម្បីណែនាំផលិតផលកសិកម្ម និងជលផល វប្បធម៌ និងសក្តានុពលរបស់មូលដ្ឋាន ទៅកាន់ខឿនសេដ្ឋកិច្ចសមាជិក APEC ចំនួន ២១ ជាមួយនឹងអាជីវកម្មអន្តរជាតិរាប់ពាន់។
ដើម្បីអនុវត្តសម្រេចនូវគោលដៅឈានទៅកាន់ទីផ្សារឆ្ងាយ ខេត្តអានយ៉ាង បានស្នើឲ្យក្រសួងការបរទេស បន្តបង្កើនការចែករំលែកព័ត៌មានអំពីការព្យាករណ៍ទីផ្សារ និងការព្រមានជាមុនអំពីរបាំងពាណិជ្ជកម្ម។ គាំទ្រការតភ្ជាប់ដោយផ្ទាល់រវាងអាជីវកម្មក្នុងមូលដ្ឋាន ជាមួយក្រុមហ៊ុនចែកចាយអន្តរជាតិ។ ទន្ទឹមនឹងនេះ បន្តរួមដំណើរជាមួយមូលដ្ឋាននានា ក្នុងការពង្រីកទីផ្សារដែលមានសក្តានុពល ជាពិសេសគឺទីផ្សារ Halal។
ដោយមានស្មារតីសកម្ម សមាហរណកម្ម និងអភិវឌ្ឍ ខេត្តអានយ៉ាង បានប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងក្រសួង ផ្នែកមជ្ឈិម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពបន្ថែមទៀតអំពីតួនាទីការទូតសេដ្ឋកិច្ច រួមចំណែកនាំផលិតផលកសិកម្ម និងជលផលរបស់វៀតណាម ឈានទៅកាន់ទីផ្សារពិភពលោក៕
ប្រែ៖ ណារីពៅ