នៅថ្ងៃទី១៩ ខែតុលា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំកិច្ចប្រជុំការងារជាមួយគណៈកម្មាធិការប្រជាជនសង្កាត់រ៉ាច់យ៉ា ស្តីពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងផ្សព្វផ្សាយភារកិច្ចសម្រាប់រយៈពេល ៣ ខែចុងឆ្នាំ២០២៦។

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូ វ៉ាន់ ម៉ឹង បានទទួលស្គាល់ និងកោតសរសើរការខិតខំប្រឹងប្រែងរបស់សង្កាត់រ៉ាច់យ៉ា ក្នុងរយៈពេល ៩ ខែកន្លងទៅនេះ ព្រមទាំងវាយតម្លៃថា សូចនាករសេដ្ឋកិច្ច-សង្គមជាមូលដ្ឋានសម្រេចបាន និងលើសពីផែនការកំណត់។ វិស័យមួយចំនួន ដូចជាការប្រមូលចំណូលថវិកា ការបញ្ចេញថវិកាវិនិយោគសាធារណៈ ការដោះស្រាយនីតិវិធីរដ្ឋបាល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា សម្រេចបានលទ្ធផលវិជ្ជមាន។
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានសង្កត់ធ្ងន់ថា រ៉ាច់យ៉ាត្រូវបានកំណត់ទិសដៅជាមជ្ឈមណ្ឌលរដ្ឋបាល ទីក្រុង ពាណិជ្ជកម្ម សេវាកម្ម និងភស្តុភារកម្មរបស់ខេត្ត។ ដូច្នេះ មូលដ្ឋានត្រូវប្រកាន់ខ្ជាប់នូវទិសដៅអភិវឌ្ឍរយៈពេលវែង ក្នុងដំណើរការរៀបចំផែនការមេ និងផែនការតំបន់ ដោយមិនត្រូវប្តូរផលប្រយោជន៍រយៈពេលវែង ដើម្បីយកប្រសិទ្ធផលក្នុងរយៈពេលខ្លីឡើយ។ ទន្ទឹមនឹងនេះ ត្រូវពិនិត្យឡើងវិញ និងខិតខំសម្រេចឲ្យបាន ព្រមទាំងលើសពីសូចនាករដែលបានប្រគល់ជូន តាមស្មារតី “ច្បាស់៦”។ ក្នុងនាមជាទីក្រុងមជ្ឈមណ្ឌល រ៉ាច់យ៉ាត្រូវកំណត់គោលដៅខ្ពស់ជាងមូលដ្ឋានផ្សេងៗក្នុងខេត្ត។
អំពីការដឹកនាំ និងគ្រប់គ្រង លោកប្រធានគណកម្មាធិការប្រជាជនបានតម្រូវឲ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ និងបក្ខភាគខេត្ត ដោយទម្រង់និងផលិតផលជាក់ស្តែង។ ត្រូវវាយតម្លៃជាប្រចាំលើលទ្ធផលអនុវត្តភារកិច្ច ដោះស្រាយចំណុចខ្វះខាតឲ្យបានដាច់ខាត ដោយផ្សារភ្ជាប់នឹងភារកិច្ចរបស់បុគ្គលម្នាក់ៗ។ ថ្នាក់ដឹកនាំមូលដ្ឋានត្រូវចុះពិនិត្យជាក់ស្តែងដល់មូលដ្ឋានជាប្រចាំ ដើម្បីក្តាប់ស្ថានការណ៍ដោយផ្ទាល់ ដោយមិនផ្អែកលើរបាយការណ៍ទាំងស្រុង។ ចំពោះកម្មាភិបាលដែលមិនឆ្លើយតបតាមតម្រូវការការងារ ចាំបាច់ត្រូវពិនិត្យផ្ទេរភារកិច្ច ឬជំនួសឲ្យបានទាន់ពេលវេលា។

ការតម្រង់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិការប្រជាជនខេត្តបានតម្រូវឲ្យសង្កាត់រ៉ាច់យ៉ាផ្តោតលើការអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្ម ភស្តុភារកម្ម ទេសចរណ៍ និងសេដ្ឋកិច្ចសមុទ្ទ។ ត្រូវជំរុញខ្លាំងការទាក់ទាញធនធានវិនិយោគពីសង្គម ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធអប់រំ និងសុខាភិបាលឲ្យមានប្រសិទ្ធភាព ព្រមទាំងរៀបចំព្រឹត្តិការណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញទេសចរណ៍ក្នុងមូលដ្ឋាន។ ទន្ទឹមនិងនោះ ត្រូវបន្តទំនុកបម្រុងចំពោះគ្រួសារក្រីក្រ លើកកម្ពស់គុណភាពអប់រំ ការបណ្តុះបណ្តាល និងការផ្គត់ផ្គង់កម្លាំងពលកម្ម បង្កើតការងារធ្វើ កែលម្អគុណភាពដោះស្រាយនីតិវិធីរដ្ឋបាល ពាក្យបណ្តឹងតវ៉ា និងបរិហារទោស បង្កើនកម្រិតពេញចិត្តរបស់ប្រជាជន។
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ភារកិច្ចឲ្យមន្ទីរកិច្ចការផ្ទៃក្នុងសិក្សាស្រាវជ្រាវបទប្បញ្ញត្តិរបស់មជ្ឈិម និងធ្វើសេនាធិការអំពីការបង្កើនចំនួនការិយាល័យ និងអនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់រ៉ាច់យ៉ា ព្រមទាំងរៀបចំវគ្គហ្វឹកហាត់ជំនាញវិជ្ជាជីវៈឲ្យបានទាន់ពេលវេលាសម្រាប់កម្មាភិបាលថ្នាក់សង្កាត់។ ទន្ទឹមនឹងនេះ បង្កើនការបង្ការ ទប់ស្កាត់អំពើពុករលួយ អវិជ្ជមាន និងខ្ជះខ្ជាយ។ ប្រគល់ភារកិច្ចឲ្យនគរបាលខេត្តធ្វើអធិបតីភាព និងសហការជាមួយអង្គភាព និងមូលដ្ឋានពាក់ព័ន្ធ ដើម្បីកសាងសង្កាត់រ៉ាច់យ៉ាជា “អង្គភាពគំរូផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងអារ្យធម៌ទីក្រុង”។
ជាពិសេស ចំពោះគោលដៅកសាងទេសភាពទីក្រុង “ភ្លឺ បៃតង ស្អាត និងស្រស់ស្អាត” លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិការបានតម្រូវឲ្យសង្កាត់រ៉ាច់យ៉ាពិនិត្យឡើងវិញ ជំនួស និងបំពេញបន្ថែមប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ តូនឌឹកថាំង ផ្លូវ ៣ កុម្ភៈ ទីលានត្រឹនក្វាងខៃ តំបន់ឆ្នេរសមុទ្ទ និងផ្លូវតូចៗក្នុងតំបន់លំនៅដ្ឋាន លើកទឹកចិត្តដល់សង្គមូបនីយកម្មក្នុងការដំឡើងភ្លើង ថាមពលព្រះអាទិត្យ។ ប្រព័ន្ធភ្លើងបំភ្លឺទីក្រុងត្រូវបញ្ចប់មុនបុណ្យចូលឆ្នាំសកល និងមុនថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្របតាមតម្រូវការប្រគល់ជូន។

ចំពោះលក្ខណៈវិនិច្ឆ័យ “បៃតង” មូលដ្ឋានត្រូវរៀបចំផែនការប្រព័ន្ធដើមឈើ និងប្រែក្លាយដីសាធារណៈតូចៗដែលនៅរាយប៉ាយទៅជាសួនច្បារខ្នាតតូច និងទីធ្លាកីឡាក្រៅលំហរសម្រាប់បម្រើប្រជាជន។ ចំពោះលក្ខណៈវិនិច្ឆ័យ “ជ្រះ” ត្រូវរៀបចំយុទ្ធនាការសម្អាតបរិស្ថាន និងសម្អាតចិញ្ចើមផ្លូវឲ្យបានមុនថ្ងៃទី២២ ខែវិច្ឆិកា ព្រមទាំងដោះស្រាយឲ្យបានដាច់ខាតនូវបញ្ហាកំប្លោក និងសំរាមអណ្តែតតាមប្រឡាយ ដោយដំឡើងសំណាញ់ទប់ស្កាត់ និងរៀបចំប្រមូលសំរាមជាបន្តបន្ទាប់ក្នុងរយៈពេល ២៤/២៤ ម៉ោងក្នុងមួយថ្ងៃ នៅតំបន់ដើមប្រភពទឹក។ ចំពោះលក្ខណៈវិនិច្ឆ័យ “ស្រស់ស្អាត” ត្រូវយកចិត្តទុកដាក់លើភ្លើងបំភ្លឺសិល្បៈនៅស្ពានធំៗ ជួសជុល និងលាបពណ៌ឡើងវិញលើអាងផ្កា ព្រមទាំងបង្កើតចំណុចលេចធ្លោផ្នែកស្ថាបត្យកម្មទីក្រុង។
ក្នុងការងារគ្រប់គ្រងសណ្តាប់ធ្នាប់សំណង់ និងដីធ្លី លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តបានតម្រូវឲ្យចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះករណីរំលោភបំពាន ជាពិសេសសំណង់ដែលរំលោភលើកម្រិតកម្ពស់សុវត្ថិភាពអាកាសចរណ៍នៅតំបន់ក្បែរអាកាសយានដ្ឋានរ៉ាច់យ៉ា។ ត្រូវផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីអ្នកដែលត្រូវពិន័យ តាមប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនការទប់ស្កាត់។ នគរបាលខេត្តត្រូវរៀបចំមធ្យោបាយ និងកម្លាំងគាំទ្រសង្កាត់ ដើម្បីរៀបចំល្បាតជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែខាងមុខ រួមចំណែកស្តារសណ្តាប់ធ្នាប់សំណង់ ដីធ្លី និងសោភ័ណភាពទីក្រុងឡើងវិញ។


តាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនសង្កាត់រ៉ាច់យ៉ា ក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងមូលដ្ឋានសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន។ អត្រាកំណើនតម្លៃផលិតផលសរុបសម្រេចបាន ១៤,៤២% ខ្ពស់ជាងគោលដៅដែលខេត្តបានកំណត់ ០,២២% ធៀបនឹងគោលដៅដែលខេត្តបានកំណត់ សូចនាករអភិវឌ្ឍសេដ្ឋកិច្ច-សង្គមចំនួន ២០/២៧ សម្រេចបាន និងលើសពីផែនការ។
ទុនវិនិយោគសាធារណៈសម្រាប់ឆ្នាំ២០២៦ ដែលបានប្រគល់ឲ្យសង្កាត់គ្រប់គ្រង គឺជាង ៤៣០,១ ពាន់លានដុង សម្រាប់បែងចែកលើគម្រោង និងសំណង់ចំនួន ២៦។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ការបញ្ចេញថវិកាសម្រេចបានជិត ៣១៨,៩ ពាន់លានដុង ស្មើនឹង ៧៤,១៤% នៃផែនការទុន ខ្ពស់ជាងអត្រាមធ្យមរួមរបស់ខេត្ត។
ការកំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលបន្តទទួលបានការយកចិត្តទុកដាក់។ ក្នុងរយៈពេល ៩ ខែ សង្កាត់បានទទួលពាក្យស្នើសុំសេវានីតិវិធីរដ្ឋបាលចំនួន ២៣.៧៦០ ករណី និងបានដោះស្រាយចំនួន ២២.៣៦១ ករណី ក្នុងនោះ ៩៩,២៩% ត្រូវបានដោះស្រាយទាន់ពេល ឬមុនកាលកំណត់។ សង្កាត់ក៏បានបង្កើនការគ្រប់គ្រងដីធ្លី និងសណ្តាប់ធ្នាប់ទីក្រុង បង្កើនការត្រួតពិនិត្យ និងដោះស្រាយការរំលោភបំពាននិងផ្សព្វផ្សាយដំណោះស្រាយនានាដើម្បីកែលម្អទីក្រុង និងការពារបរិស្ថាន។

ប្រែ៖ណារីពៅ