នៅថ្ងៃទី០៦ ខែសីហា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូការងារ ដែលដឹកនាំដោយអ្នកស្រី Raïssa Marteaux អគ្គកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំទីក្រុងហូជីមិញ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យជាច្រើន រួមមាន៖ កសិកម្ម ជលផល ទេសចរណ៍ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ភស្តុភារកម្ម និងអប់រំ បណ្តុះបណ្តាល។



នៅក្នុងជួបសម្តែងការគួរសម លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា អានយ៉ាង គឺជាខេត្តមានទំហំធំនៅក្នុងតំបន់វាលរាបទន្លេគឺវឡុង មានផ្ទៃដីជិត ១០.០០០ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជិត ៥ លាននាក់។ ខេត្តមានអំណោយផលជាច្រើនអំពីសេដ្ឋកិច្ចព្រំដែន ជាមួយច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៣ ជាប់ព្រំដែនកម្ពុជា។ ទន្ទឹមនឹងនេះ មានបណ្តាញដឹកជញ្ជូនស្របគ្នា រួមមានផ្លូវគោក ផ្លូវទឹក អាកាសចរណ៍ និងមានការតម្រង់ទិសថា នឹងមានផ្លូវដែកនាពេលអនាគតផងដែរ។ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចសមុទ្ទ ពាណិជ្ជកម្ម សេវាកម្ម និងទេសចរណ៍។
ជាពិសេស តំបន់ពិសេសភូក្វឹក មានកិត្តិយសបានបក្ស និងរដ្ឋវៀតណាម ជ្រើសរើសធ្វើជាទីតាំងរៀបចំ សន្និសីទកំពូល APEC ឆ្នាំ២០២៧ បើកចេញនូវឱកាសជាច្រើនសម្រាប់ទាក់ទាញការវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា រយៈពេលកន្លង ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងខេត្តអានយ៉ាង ជាមួយដៃគូនានាមកពីប្រទេសហូឡង់ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន ដូចជា កសិកម្ម ជលផល អប់រំ បច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សនិងការសម្របខ្លួនទៅ នឹងការប្រែប្រួលអាកាសធាតុ។ល។
ដោយឈរលើមូលដ្ឋានទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់ ព្រមទាំងសក្តានុពល និងចំណុចខ្លាំងរបស់មូលដ្ឋាន លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យប្រទេសហូឡង់ បន្តគាំទ្រ និងសហការអភិវឌ្ឍទម្រង់ផលិតស្រូវដែលមានគុណភាពខ្ពស់ និងការបញ្ចេញឧស្ម័នទាប ដោយផ្អែកលើមូលដ្ឋនគម្រោងស្រូវគុណភាពខ្ពស់ ១ លានហិកតារបស់ខេត្ត។ គាំទ្រការតភ្ជាប់អាជីវកម្ម សកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសហូឡង់ ជាមួយខេត្តអានយ៉ាង ដើម្បីផ្ទេរបច្ចេកវិទ្យាទំនើប បម្រើការចិញ្ចឹម និងការកែច្នៃស៊ីជម្រៅនូវផលិតផលសមុទ្ទ និងបង្កងមានគុណភាពខ្ពស់។ ចែករំលែកដំណោះស្រាយ និងគាំទ្របច្ចេកទេសស្តីពីការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកសម្រាប់ខេត្តអានយ៉ាងជាពិសេស និងតំបន់វាលរាបទន្លេគឺវឡុងនិយាយរួម។ ជំរុញខ្លាំងកិច្ចសហប្រតិបត្តិការវិនិយោគលើថាមពលកកើតឡើងវិញ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្ម ទេសចរណ៍ជាដើម។
ទន្ទឹមនឹងនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បង្កើនការផ្លាស់ប្តូរសាស្ត្រាចារ្យ និស្សិត និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវរវាងសកលវិទ្យាល័យនានារបស់ខេត្ត ជាមួយមូលដ្ឋានអប់រំរបស់ប្រទេសហូឡង់ ដោយផ្តល់អាទិភាពដល់វិស័យកសិកម្មបៃតង គ្រប់គ្រងធនធានទឹក សេដ្ឋកិច្ចសមុទ្ទ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។
ដោយតួនាទីជាយុទ្ធសាស្ត្ររបស់អានយ៉ាង នៅក្នុងតំបន់វាលរាបទន្លេគឺវឡុងក៏ដូចជាឱកាសពីការត្រៀមរៀបចំ សន្និសីទកំពូល APEC ឆ្នាំ២០២៧ អ្នកស្រី Raïssa Marteaux ជឿជាក់ថា ការទំនាក់ទំនងភាពជាដៃគូទ្វេភាគីរវាងប្រទេសហូឡង់ និងខេត្តអានយ៉ាង នៅមានលំហជាច្រើនសម្រាប់អភិវឌ្ឍដោយចីរភាព និងប្រសិទ្ធភាព។
អ្នកស្រី Raïssa Marteaux បានអះអាងថា ប្រទេសហូឡង់ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើនការតភ្ជាប់អាជីវកម្ម អ្នកជំនាញ និងដៃគូនានា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលជាចំណុចខ្លាំង ដូចជា ការគ្រប់គ្រងធនធានទឹក និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កសិកម្មបច្ចេកវិទ្យាខ្ពស់ ភស្តុភារកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងបណ្តុះបណ្តាល។

ខេត្តអានយ៉ាង បានប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផល និងគាំទ្រនីតិវិធីនានា ដើម្បីទាក់ទាញអាជីវកម្ម និងវិនិយោគិនហូឡង់កាន់តែច្រើន មកសហប្រតិបត្តិការ និងធ្វើអាជីវកម្ម ព្រមទាំងពង្រីកការវិនិយោគនៅមូលដ្ឋាន៕
ប្រែ៖ណារីពៅ