Bỏ qua đến nội dung chính
នគរបាលខេត្តអានយ៉ាង ចាប់ផ្តើមបើកយុទ្ធនាការអបអរសាទរទិវាពលរដ្ឋឌីជីថលវៀតណាម ថ្ងៃទី១៥ ខែតុលា

នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅទីលានទ្រឹងនឺវឿង (Trưng Nữ Vương) សង្កាត់ឡុងស្វៀន ខេត្តអានយ៉ាង នគរបាលខេត្តអានយ៉ាង សហការជាមួយសម្ព័ន្ធយុវជនខេត្តអានយ៉ាង បានរៀបចំពិធីប្រកាសបើកយុទ្ធនាការអបអរសាទរទិវាពលរដ្ឋឌីជីថលវៀតណាម ឆ្នាំ២០២៦ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋក្នុងបរិស្ថានឌីជីថល។ នេះជាអង្គភាពដំបូងគេដែលបានរៀបចំពិធីបើកយុទ្ធនាការអបអរសាទរទិវាពលរដ្ឋឌីជីថលវៀតណាមទូទាំងប្រទេស។

គណៈប្រតិភូចូលរួមក្នុងពិធី

អញ្ជើញចូលរួមក្នុងពិធីនេះ មានលោកវរសេនីយ៍ឯក ហ៊្វីញ ថាញ់ ឡឹម (Huỳnh Thanh Lâm) ស្នង​ការរង​នគរ​បាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់​ព័ន្ឋ​មួយ​ចំនួនរបស់ខេត្ត ថ្នាក់ដឹកនាំការិយាល័យជំនាញ​នៃ​ស្នង​​ការដ្ឋាននគរបាលខេត្តមួយចំនួន តំណាងក្រុម​ហ៊ុន​ទូរ​គមនាគមន៍ MobiFone VNPT និង Viettel អាន​យ៉ាង​ កម្មាភិបាលយុវជននៃកងកម្លាំងនគរបាល និង​សមា​ជិកសម្ព័ន្ធយុវជនជាច្រើនរូប។

ទិដ្ឋភាពទូទៅនៃពិធី

ក្នុងនាមជាកម្លាំងស្នូលក្នុងការផ្តល់យោបល់ និងអនុវត្ត​គម្រោង​ទី០៦ របស់រដ្ឋាភិបាល នគរបាលខេត្ត​អាន​យ៉ាង​បាននិងកំពុងលើកកម្ពស់ស្មារតីឈានមុខ និង​ធ្វើ​ជា​គំរូក្នុងដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ជា​ពិសេស​លើ​ការអភិវឌ្ឍទិន្នន័យប្រជាជន ការកំណត់​អត្ត​សញ្ញា​ណ​ និងការផ្ទៀងផ្ទាត់អត្តសញ្ញាណអេឡិចត្រូនិក ការ​ផ្តល់​​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ បានរួម​ចំ​ណែកបង្កើតមូលដ្ឋានសំខាន់ៗសម្រាប់ការកសាងអាជ្ញាធរឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។

លោកវរសេនីយ៍ឯក ហ៊្វីញ ថាញ់ ឡឹម ស្នងការ​រងន​គរ​បាល​ខេត្ត ថ្លែងសុន្ទរកថាក្នុងពិធី

ថ្លែងមតិក្នុងពិធី លោកវរសេនីយ៍ឯក ហ៊្វីញ ថាញ់ ឡឹម ស្នង​ការរងនគរបាលខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា៖ “ការផ្លាស់ប្តូរឌីជីថលកំពុងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់ជីវភាពសង្គម ចាប់ពីការសិក្សា ការងារ ការ​ផ​លិត​ រហូតដល់ការប្រាស្រ័យទាក់ទង និងការទទួល​បាន​សេ​វាសាធារណៈ។ ដូច្នេះ ការកសាងពលរដ្ឋ​ឌីជី​ថល​​មិនមែនគ្រាន់តែជាការផ្សព្វផ្សាយ​បច្ចេកវិទ្យា​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែថែមទាំងទាមទារឲ្យមនុស្សម្នាក់ៗមាន​ជំ​នាញ​ប្រើប្រាស់បច្ចេកវិទ្យា មានស្មារតីការពារព័ត៌​មាន​ផ្ទាល់​ខ្លួន និងការប្រព្រឹត្តប្រកបដោយការទទួល​ខុសត្រូវ​នៅ​លើបណ្តាញអ៊ីនធឺណិតផងដែរ”។

លោកវរសេនីយ៍ឯក ហ៊្វីញ ថាញ់ ឡឹម ស្នងការរង​នគរ​បាល​​ខេត្តអានយ៉ាង ប្រគល់ផ្កាថ្លែងអំណរគុណ​ដល់​អង្គ​ភាព​ និងធុរកិច្ចដែលបានចូលរួមគាំទ្រ
គណៈប្រតិភូធ្វើពិធីបើកយុទ្ធនាការអបអរសាទរទិវាពល​រដ្ឋឌីជីថលវៀតណាម​

ដើម្បីឲ្យសង្គមឌីជីថលអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ប្រ​ជាពលរដ្ឋត្រូវមានភាពសកម្មក្នុងការស្វែងយល់ និង​ប្រើ​ប្រាស់វេទិកា ព្រមទាំងសេវាកម្មឌីជីថល។ ក្នុង​ដំ​ណើរ​​ការនេះ យុវជននគរបាលខេត្ត និងសមា​ជិក​សម្ព័ន្ធ​យុវជនត្រូវលើកកម្ពស់តួនាទីជាកម្លាំងស្នូល ឈាន​មុខក្នុងការសិក្សា ការអនុវត្តបច្ចេកវិទ្យា និងការ​ណែ​នាំសហគមន៍ឲ្យបង្កើនសមត្ថភាពឌីជីថល។ 

លោកវរសេនីយ៍ឯក ហ៊្វីញ ថាញ់ ឡឹម បានស្នើឲ្យ​សា​ខា​​សម្ព័ន្ធយុវជនទាំងក្នុង និងក្រៅកងកម្លាំងនគរបាល ផ្តោតលើការលើកកម្ពស់ជំនាញឌីជីថលសម្រាប់សមាជិកសហជីព យុវជន ព្រមទាំងណែនាំប្រជាពល​រដ្ឋ​ឲ្យ​ប្រើ​​ប្រាស់អត្តសញ្ញាណអេឡិចត្រូនិក សេវា​សា​ធារ​ណៈ​​តាមអនឡាញ ការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងឧបករណ៍ប្រើប្រាស់ឌីជីថលផ្សេងៗប្រកបដោយសុវត្ថិ​ភាព។ ជាមួយគ្នានេះ ចាំបាច់ត្រូវប្រើប្រាស់វេទិកា​បច្ចេក​វិទ្យាឲ្យមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយច្បាប់ រៀប​ចំសកម្មភាពស្ម័គ្រចិត្ត តភ្ជាប់ធនធានសង្គម និង​បម្រើ​សហគមន៍។ 

ការកសាងវប្បធម៌ឌីជីថលក៏ត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់មួយផងដែរ។ ប្រជាពលរដ្ឋ សមាជិក​សហ​ជីព​​​និងយុវជន​គ្រប់រូបត្រូវមានការទទួល​ខុសត្រូវ​នៅ​ពេល​​​បង្ហោះ ឬចែករំលែកព័ត៌មាន ត្រូវផ្ទៀងផ្ទាត់ប្រភព​ព័ត៌​មានឲ្យបានច្បាស់លាស់ មិនផ្សព្វផ្សាយ​ព័ត៌​មាន​មិន​ពិត​ ប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ព្រមជាមួយនេះ​ត្រូវ​រួម​​ចំណែកផ្សព្វផ្សាយសកម្មភាពល្អៗ និងព័ត៌​មាន​វិជ្ជ​មាន​​នៅ​លើបណ្តាញអ៊ីនធឺណិត។

ប្រតិភូទស្សនាស្តង់តាំងបង្ហាញផលិតផលរបស់ធុរកិច្ច បច្ចេក​វិទ្យានៅក្នុងពិធី

នៅក្នុងកម្មវិធី ប្រជាពលរដ្ឋបានទទួលការណែនាំ និង​សាក​​ល្បងប្រើប្រាស់វេទិកា ផលិតផល និងដំណោះ​ស្រាយ​​ឌីជីថលដែលបម្រើដល់ការសិក្សា ការងារ និង​ជីវ​​ភាព​ប្រចាំថ្ងៃ។ សកម្មភាពនេះមានគោលបំណង​ជួយឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរពីការយល់ដឹងអំពីការផ្លាស់​ប្តូរឌីជីថល ទៅជាការប្រើប្រាស់បច្ចេកវិទ្យា​ដោយ​សកម្ម និងចេះប្រើប្រាស់ឧបករណ៍ឌីជីថលក្នុងជីវភាព ការ​ងារ ការផលិត និងអាជីវកម្មបន្តិចម្តងៗ។

តំណាង VNPT អានយ៉ាង ប្រគល់និមិត្តសញ្ញាអំណោយស៊ីមកាត VinaPhone ចំនួន ៣០.០០០ ស៊ីម និងកញ្ចប់សេវាឥតគិតថ្លៃ ដែលមានតម្លៃសរុប ៣ ពាន់លានដុង ជូននគរបាលខេត្តអានយ៉ាង

ក្នុងឱកាសនេះ ក្រុមហ៊ុន VNPT អានយ៉ាង បានផ្តល់​ស៊ីម​កាត VinaPhone ចំនួន ៣០.០០០ ស៊ីម អមជា​មួយ​កញ្ចប់សេវាទូរគមនាគមន៍ឥតគិតថ្លៃ ដែលមានតម្លៃសរុប ៣ ពាន់លានដុង ដើម្បីផ្តល់ជូន​ប្រ​ជា​​ពល​រដ្ឋដែលមានជីវភាពលំបាក។ ជំនួយ​នេះជា​ការ​គាំ​ទ្រ​ដ៏មានអត្ថន័យ ដែលរួមចំណែកពង្រីកឱកាស​ទទួល​បានសេវាទូរគមនាគមន៍ និងបង្ក​លក្ខណៈ​ងាយ​ស្រួលឲ្យប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាពនានានៅលើ​បរិស្ថានឌីជីថលបានកាន់តែទូលំទូលាយ។

ប្រតិភូថតរូបអនុស្សាវរីយ៍នៅក្នុងពិធី

ដោយប្រធានបទ “យុវជនអានយ៉ាងឈានមុខ ពល​រដ្ឋ​ឌី​ជី​ថលមានទំនួលខុសត្រូវ ដើម្បីសង្គម​ឌីជី​ថល​សុវត្ថិ​ភាព​ អារ្យធម៌ និងទំនើប” កម្មវិធីនេះ​បាន​រួម​ចំ​ណែក​ជំ​រុញ​ចលនាកសាងពលរដ្ឋឌីជីថលនៅក្នុងមូលដ្ឋាន និង​ពង្រីកតួនាទីរបស់យុវជនក្នុងការផ្សព្វផ្សាយជំនាញឌីជីថល និងបង្កើនការយល់ដឹងអំពីការប្រើ​ប្រាស់បច្ចេក​វិ​ទ្យា​​ដោយសុវត្ថិភាព និងមានទំនួលខុសត្រូវ។

មុនពេលចាប់ផ្តើមដំណើរការពិធីបើកយុទ្ធនាការអបអរសាទរទិវាពលរដ្ឋឌីជីថលវៀតណាមនៅខេត្តអានយ៉ាង ប្រ​តិ​ភូដែលចូលរួមក្នុងពិធី បាននាំថ្វាយផ្កា និងធូប​ដើ​ម្បី​​គោរពវិញ្ញាណក្ខន្ធលោកប្រធាន តូន ឌឹក ថាំង (Tôn Đức Thắng) ដែលជាកុលបុត្រ ដ៏ឆ្នើមរបស់​ខេត្ត​អាន​យ៉ាង​ នៅមុខរូបសំណាករបស់លោក ក្នុងទីលាន​ទ្រឹង​នឺ​វឿង​ សង្កាត់ឡុងស្វៀន ខេត្តអានយ៉ាង។

                                                                                                                                                       ប្រែ៖ ណារីពៅ