នៅថ្ងៃទី២១ ខែតុលា លោក ង្វៀន ថាញ់ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញចូលរួម និងថ្លែងមតិណែនាំក្នុងកម្មវិធីតភ្ជាប់ពាណិជ្ជកម្ម និងសហការអភិវឌ្ឍទីផ្សារជាមួយនឹងប្រព័ន្ធចែកចាយ ផ្សារទំនើប និងធុរកិច្ចពាណិជ្ជកម្មនៃទីក្រុងហូជីមិញ។

កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត សហការជាមួយសមាគមធុរជនសៃហ្គនទីក្រុងហូជីមិញ។

ថ្លែងមតិនៅក្នុងកម្មវិធី លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ការបង្កើនការតភ្ជាប់ជាមួយប្រព័ន្ធចែកចាយ ផ្សារទំនើប និងសហគ្រាសពាណិជ្ជកម្មនៃទីក្រុងហូជីមិញ មានសារៈសំខាន់ជាក់ស្តែងក្នុងការពង្រីកទីផ្សារចែកចាយផលិតផល បង្កើនតម្លៃផលិតផល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចខេត្តអានយ៉ាង។ ខេត្តមានបំណងនាំផលិតផលដែលមានសក្តានុពល និងចំណុចខ្លាំងរបស់មូលដ្ឋាន ឲ្យមានវត្តមានជាប្រចាំនៅក្នុងប្រព័ន្ធផ្សារទំនើប និងខ្សែសង្វាក់លក់រាយ ព្រមទាំងបង្កើតជាបណ្តើរៗនូវខ្សែសង្វាក់តភ្ជាប់ចាប់ពីការផលិត ការកែច្នៃ រហូតដល់ការចែកចាយ និងការប្រើប្រាស់ផលិតផលប្រកបដោយស្ថិរភាព។
យោងតាមប្រសាសន៍របស់លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បន្ទាប់ពីការរួមបញ្ចូលខេត្ត ខេត្តអានយ៉ាងមានអត្ថប្រយោជន៍ជាច្រើនលើវិស័យកសិកម្ម ជលផល ឧស្សាហកម្មកែច្នៃ ពាណិជ្ជកម្ម សេដ្ឋកិច្ចព្រំដែន និងទេសចរណ៍។ ជាមួយនឹងបរិមាណផលស្រូវជាង ៨ លានតោនក្នុងមួយឆ្នាំ និងបរិមាណផលសរុបពីការចិញ្ចឹម និងការនេសាទសម្រេចបានចំនួន ១,៦ លានតោន។ ខេត្តទាំងមូលមានផលិតផល OCOP ចំនួន ៦២៨ មុខ ទទួលបានចំណាត់ថ្នាក់ចាប់ពីផ្កាយ ៣ ឡើងទៅ ក្នុងនោះមានផលិតផលចំនួន ១៤ មុខ ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ថ្នាក់ជាតិ។


ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ GRDP របស់ខេត្តមានកំណើន ៩,២៣% ដែលខ្ពស់បំផុតក្នុងតំបន់វាលរាបទន្លេគឺវឡុង និងជាប់ចំណាត់ថ្នាក់លេខ ១៦ ក្នុងចំណោមខេត្ត ក្រុងទាំង ៣៤។ ការលក់រាយសរុបនៃទំនិញ និងប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់របស់ខេត្តសម្រេចបានប្រមាណ ២៣៤.៥២៧ ពាន់លានដុង កើនឡើង ២៥,២៧% បើធៀបនឹងដំណាលពេលនេះឆាំ្នមុន។ រីឯតម្លៃនាំចេញសម្រេចបាន ១,៨៣៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៧,៤២%។
រួមជាមួយគ្នានេះ ខេត្តបានរៀបចំសកម្មភាពជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ចំនួន ៥៨ លើក និងគាំទ្រធុរកិច្ចចំនួន ១៤៣ លើក ក្នុងការផ្សព្វផ្សាយ និងណែនាំផលិតផល ព្រមទាំងតភ្ជាប់ជាមួយដៃគូ។ ខេត្តក៏បានគាំទ្រកិច្ចសហប្រតិបត្តិការចែកចាយផលិតផលដល់អង្គភាពចំនួន ១០ និងបានចុះហត្ថលេខាលើកិច្ចសន្យាចំនួន ១៥ ដែលមានតម្លៃសរុបប៉ាន់ស្មានប្រមាណ ៣២,១ លានដុល្លារអាមេរិក។

ដើម្បីបង្កើនប្រសិទ្ធភាពនៃការតភ្ជាប់ពាណិជ្ជកម្ម លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យសហគមន៍ធុរកិច្ចខេត្តអានយ៉ាង ផ្លាស់ថ្មីគំនិត និងវិធីសាស្ត្រផលិតកម្ម និងធ្វើអាជីវកម្ម ព្រមទាំងយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ ការតាមដានប្រភពដើមផលិតផល ការវេចខ្ចប់ ស្លាកសញ្ញា និងសមត្ថភាពផ្គត់ផ្គង់។ បង្កើនការតភ្ជាប់ជាមួយសហករណ៍ និងតំបន់ប្រភពវត្ថុធាតុដើម ដើម្បីធានាការផ្គត់ផ្គង់ទំនិញស្ថិរភាព គុណភាពធានាបាន និងប្រគល់ទំនិញត្តឹមត្រូវតាមកិច្ចសន្យា។ ទន្ទឹមនិងនោះ លើកទឹកចិត្តឲ្យធុរកិច្ចជំរុញប្រើប្រាស់ពាណិជ្ជកម្មអេឡិចត្រូនិក អភិវឌ្ឍបណ្តាញលក់តាមប្រព័ន្ធឌីជីថល និងពង្រីកទីផ្សារក្នុងប្រទេស និងអន្តរជាតិ។
ចំពោះប្រព័ន្ធចែកចាយ ផ្សារទំនើប និងធុរកិច្ចសពាណិជ្ជកម្មនៃទីក្រុងហូជីមិញ ខេត្តសង្ឃឹមថានឹងមានការបង្កើនការពិនិត្យជាក់ស្តែង និងជ្រើសរើសអ្នកផ្គត់ផ្គង់ដែលមានសក្តានុពលរបស់ខេត្តអានយ៉ាង ចែករំលែកព័ត៌មានអំពីតម្រូវការទីផ្សារ ស្តង់ដារទំនិញ និងលក្ខខណ្ឌចែកចាយ ដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជាក់ស្តែង យូរអង្វែង និងផ្តល់ផលប្រយោជន៍សមស្របដល់អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់។


លោក ង្វៀន ថាញ់ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ក៏បានស្នើឲ្យមន្ទីរ ផ្នែក និងអាជ្ញាធរមូលដ្ឋាន បន្តកែលម្អបរិយាកាសវិនិយោគ និងធ្វើអាជីវកម្ម បង្កភាពងាយស្រួលក្នុងនីតិវិធីរដ្ឋបាល និងជំរុញខ្លាំងពាណិជ្ជកម្ម ព្រមទាំងតភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ។ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ភារកិច្ចឲ្យមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តសហការជាមួយសមាគមធុរជនសៃហ្គនទីក្រុងហូជីមិញ និងអង្គភាពពាក់ព័ន្ធ ដើម្បីតាមដាន និងគាំទ្រការផ្សព្វផ្សាយអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ដោះស្រាយការលំបាក និងបញ្ហាប្រឈមទាន់ពេលវេលា ជំរុញចុះហត្ថលេខាលើកិច្ចសន្យា និងនាំផលិតផលខេត្តអានយ៉ាងចូលទៅក្នុងប្រព័ន្ធចែកចាយ ដើម្បីធានាថាសកម្មភាពតភ្ជាប់ទាំងនេះទទួលបានប្រសិទ្ធភាពជាក់ស្តែង។
នៅក្នុងកម្មវិធី មន្ទីរកសិកម្ម និងបរិស្ថានខេត្តអានយ៉ាង សមាគមធុរជនវ័យក្មេងខេត្ត ធុរកិច្ចទីក្រុងហូជីមិញ បានផ្លាស់ប្តូរ និងចែករំលែកព័ត៌មានអំពីសក្តានុពល និងចំណុចខ្លាំងរបស់កសិផលរបស់ខេត្តអានយ៉ាង ហើយការនាំចេញកសិផលទៅកាន់ទីផ្សារអូស្ត្រាលី ស្តង់ដារទំនិញសម្រាប់បណ្តាញផ្សារទំនើប ពន្ធ និងនីតិវិធីច្បាប់ពាក់ព័ន្ធ ព្រមទាំងផ្សព្វផ្សាយតាមបណ្តាញជាច្រើន ដើម្បីនាំកសិផលទៅកាន់ទីផ្សារធំៗ។ ទន្ទឹមនឹងនេះ ធុរកិច្ចនានាបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOU) រវាងធុរកិច្ចនានា។


ប្រែ៖ ណារីពៅ