Bỏ qua đến nội dung chính
ខេត្តអានយ៉ាង និងខេត្តកែប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដំណាក់កាលទី ២៦ រដូវប្រាំង ២០២៦-២០២៧

ព្រឹកថ្ងៃទី ២៦ ខែសីហា នៅខេត្តកែប ព្រះរាជាណាចក្រកម្ពុជា ក្រុមជំនាញការខេត្តអានយ៉ាង និងក្រុមជំនាញការខេត្តកែប បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ការប្រមូល និងការបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសង្គ្រាមនៅប្រទេសកម្ពុជា ដំណាក់កាលទី ២៦ រដូវប្រាំង ២០២៦-២០២៧ ត្រឡប់មកមាតុភូមិវិញ ។

ពិធីចុះហត្ថលេខានេះ មានការចូលរួមពីលោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការ​ប្រជាជនខេត្ត​អាន​យ៉ាង​ និងជាប្រធានក្រុមជំនាញការខេត្តអានយ៉ាង លោក​ ប៊ុន យោង អភិបាលរង និងជាប្រធានក្រុម​ជំ​នាញ​ការខេត្តកែប រួមជាមួយសមាជិកក្រុមជំនាញការ និងតំណាងស្ថាប័ន អង្គភាពពាក់ព័ន្ធ ព្រមទាំង​កង​កម្លាំង​មុខងារនៃខេត្តទាំងពីរ។

ក្រុមជំនាញការខេត្តអានយ៉ាង និងក្រុមជំនាញ​ករខេត្ត​កែប ​បានចុះហត្ថលេខាលើអនុស្សរណៈ​នៃកិច្ចសហ​ប្រ​តិ​​បត្តិការ ស្តីពីការស្វែងរក ការប្រមូល និងការបញ្ជូន​អដ្ឋិ​ធាតុ​យុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នក​ជំ​នាញ​វៀត​ណាម ដែលបានពលីក្នុងសង្គ្រាម​នៅប្រទេស​កម្ពុ​ជា​ ដំណាក់កាលទី ២៦ រដូវប្រាំង ២០២៦-២០២៧ ត្រ​ឡប់​មកមាតុភូមិវិញ

នៅក្នុងពិធី ភាគីទាំងពីរ​បានផ្លាស់ប្តូរព័ត៌​មាន​អំពី​លទ្ធ​ផលនៃការខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងរយៈពេល​កន្លងមក ហើយបានឯកភាពបន្តបង្កើតលក្ខ​ខណ្ឌអំ​ណោយ​ផលសម្រាប់ក្រុម K92 នៃការិយា​ល័យ​នយោ​បាយ​ បញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង ដើម្បី​ស្ទង់​មតិ​ ប្រមូលព័ត៌មាន ស្វែងរក ប្រមូលផ្តុំ និងបញ្ជូន​អដ្ឋិ​ធាតុ​យុទ្ធជនពលីនៅខេត្តកែបក្នុងរដូវប្រាំងឆ្នាំ ២០​២៦​-២​០២៧ វិលត្រឡប់មកមាតុភូមិវិញ។ក្នុងនោះ មើលសំខាន់លើការពង្រីកតួនាទីរបស់​អាជ្ញា​ធរ​មូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និង ប្រជាជន​មូល​ដ្ឋាន​ក្នុងការផ្តល់ព័ត៌មាន ការនាំផ្លូវ ធានាសន្តិសុខ និង​សុវ​ត្ថិភាព​សម្រាប់​កម្លាំង​បំពេញភារកិច្ច។

យោងតាមក្រុមជំនាញការខេត្តអានយ៉ាង ចាប់តាំង​ពី​អនុ​វត្តសន្ឋិសញ្ញារវាងរដ្ឋាភិបាលវៀតណាម និងរាជ​រដ្ឋា​ភិ​បាល​កម្ពុជា ដែលបានចុះហត្ថលេខានៅថ្ងៃទី២៨ ខែ​សី​ហា ​ឆ្នាំ២០០០ ក្រុមស្វែងរក និងប្រមូលអដ្ឋិធាតុ​ទាំង​ពីររបស់ខេត្តអានយ៉ាង បានស្វែងរក និងប្រមូល​អដ្ឋិ​​ធាតុកងទ័ពយុទ្ធពលីចំនួន ៤.៤១៤នាក់ នៅ​ក្នុង​ខេត្តចំនួនប្រាំមួយនៃប្រទេសកម្ពុជា។ដោយឡែកនៅលើ​ភូមិសាស្ត្រខេត្តកែប ក្រុម K92 បានស្វែងរក និង​ប្រ​មូល​​អដ្ឋិធាតុយុទ្ធជនដែលបានពលីចំនួន ៩១នាក់ ក្នុង​នោះ​ អដ្ឋិធាតុចំនួន ១២ ប្រមូលបានក្នុង​រដូវប្រាំង​ឆ្នាំ​២០​​២៥-២០២៦។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា
លោក ឡេ វ៉ាន់ ភឿក អនុប្រធាន​គណៈកម្មាធិ​ការប្រជា​ជន​ខេត្តអានយ៉ាង ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខា

ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខា លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ រដ្ឋាភិបាល ក្រុមការងារ កងកម្លាំងប្រដាប់អាវុធ និង ប្រជាជនខេត្តកែប ដែលបានបង្កើត​លក្ខខណ្ឌ​អំ​ណោយ​​ផលសម្រាប់ក្រុម K92 ក្នុងការបំពេញបេស​ក​កម្ម​​របស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

លោក ឡេ វ៉ាន់ ភឿក អនុប្រធាន​គណៈកម្មា​ធិការ​ប្រជា​ជន​ខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ដោយសារតែការ​ប្រែ​ប្រួល​ភូមិសាស្ត្រ និងលក្ខណៈភូមិសាស្ត្រ  ម្លោះ​ហើយ​​នៅមានអដ្ឋិធាតុយុទ្ធជនពលី​ជាច្រើន ​មិនទាន់​បាន​​រក​ឃើញនៅឡើយទេ ដូច្នេះខេត្ត​អានយ៉ាង​សង្ឃឹម​ថា​ ខេត្តកែបនឹងបន្តសហការ និងគាំទ្រដល់​ការ​ប្រ​មូល​ព័ត៌​មាន និងកំណត់អត្តសញ្ញាណទីតាំង ដើម្បីសម្រេច​បាន​លទ្ធផលល្អបំផុតក្នុងការស្វែងរក។

លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្តអានយ៉ាង ប្រធានក្រុមជំនាញការខេត្ត អាន​យ៉ាង​ ប្រគល់អំណោយជូនដល់តំណាង​ក្រុមជំនាញ​ការ​ខេត្ត​កែប

ក្នុងឱកាសនេះ ក្រុមជំនាញការខេត្តអានយ៉ាង បាន​ប្រ​គល់​អំណោយមិត្តភាពដល់ក្រុមជំនាញការខេត្តកែប និង​កងកម្លាំងពាក់ព័ន្ធ ដែលបានសហការ និងគាំ​ទ្រ​យ៉ាង​សកម្មក្នុងការស្វែងរក និងបញ្ជូនអដ្ឋិធាតុយុទ្ធ​ជន​ពលី​មកស្រុកកំណើតវិញ។ តាមរយៈនេះ រួមចំ​ណែក​បន្ថែម​ទៀតដល់ការពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការរវាងខេត្តអានយ៉ាង និងខេត្តកែប។

ពិធីចុះហត្ថលេខានេះ បញ្ជាក់បន្ថែមទៀតអំពីការ​ទទួល​ខុស​ត្រូវ និងការតាំងចិត្តរបស់ខេត្តទាំងពីរ ក្នុងការ​ស្វែង​រក​ ប្រមូល និងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលី ត្រ​ឡប់​មក​មាតុ​ភូមិវិញ ដើម្បីបំពេញតាមបំណងប្រាថ្នា​របស់​សាច់​ញាតិ​ និងក្រុមគ្រួសារយុទ្ធជនពលី ព្រមជាមួយនេះ រួម​ចំ​ណែក​​បំពូនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហ​ប្រតិ​បត្តិការ​រវាងខេត្តអានយ៉ាង និងខេត្តកែប ក៏ដូចជា ទំនាក់​ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា​កាន់​តែស្អិតរមួតនិងរឹងមាំ។

ក្រុមជំនាញការខេត្តអានយ៉ាង និងក្រុមជំ​នាញ​ការខេត្ត​កែប​ ថតរូបអនុស្សាវរីយ៍

ប្រែ៖ ណារីពៅ​