ក្រុម កា៩៣ ប្រមូលអដ្ឋិធាតុយុទ្ធជនពលីបាន ៨១ អដ្ឋិធាតុនៅខេត្តកំពង់ស្ពឺ និងចុះហត្ថលេខាលើកំណត់ហេតុប្រគល់និងទទួលដើម្បីនាំមកប្រទេសវៀតណាមវិញ

រសៀលថ្ងៃទី១៤ ខែកក្កដា នៅការិយាល័យរដ្ឋបាលខេត្តកំពង់ស្ពឺ ព្រះរាជាណាចក្រកម្ពុជា គណៈទទួលបន្ទុកពិសេសខេត្តអានយ៉ាង (វៀតណាម) និងគណៈទទួលបន្ទុកពិសេសខេត្តកំពង់ស្ពឺ (ព្រះរាជាណាចក្រកម្ពុជា) បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ហើយបានក្រុម កា៩៣ ស្វែងរក និងប្រមូលក្នុងដំណាក់កាល២៥ (រដូវប្រាំង ឆ្នាំ២០២៥–២០២៦)។

ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

គណៈប្រតិភូនៃគណៈទទួលបន្ទុកពិសេសខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ វ៉ាន់​ ភឿក អនុប្រធាន​គណៈ​កម្មា​​​ធិការប្រជាជនខេត្ត និងជាប្រធាន​គណៈ​ទទួល​បន្ទុក​ពិសេសខេត្ត។ ភាគីខេត្តកំពង់ស្ពឺ ដឹកនាំ​ដោយ​ឯក​ឧត្តម​ តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជា​ប្រធាន​គណៈ​ទទួលបន្ទុកពិសេសខេត្តកំពង់ស្ពឺបានអញ្ជើញជាអធិបតី​ក្នុង​ពិធី។

តាមរបាយការណ៍របស់​មេបញ្ជាការក្រុម កា៩៣ បាន​ឲ្យ​ដឹង​ថា ក្នុងលក្ខណៈដែលសង្គ្រាមបាន​កន្លងផុតទៅ​ជាយូរឆ្នាំដូច្នេះប្រភពព័ត៌មានអំពីផ្នូរយុទ្ធជនពលីកាន់តែ​តិចទៅៗ ទោះបីភូមិសាស្ត្រ និងស្ថានភាព​ដីធ្លី​មាន​ការ​ផ្លាស់ប្តូរជាច្រើន ហើយអាកាសធាតុរដូវប្រាំង​ក្តៅ​ហួត​​ហែងក៏ដោយ ក៏កម្មាភិបាលនិងយុទ្ធជន​នៃអង្គ​ភាព​នៅ​តែខិតខំច្បាមជាប់ភូមិសាស្ត្រដើម្បីបំពេញភារកិច្ច ដោយ​ស្រាវជ្រាវប្រភពព័ត៌មានចំនួន ៣៥ ជីករុករក​ដោយ​ដៃនៅ ៤២ ទីតាំង ជាមួយបរិមាណដីជាង ៣២.២០០ ម៉ែត្រគូប។ លទ្ធផល ក្រុមប្រមូល​អដ្ឋិ​ធាតុ​យុទ្ធ​ជនពលីបានចំនួន ៨១​ អដ្ឋិធាតុ ដែលសុទ្ធតែ​មិន​ទាន់​អាចកំណត់អត្តសញ្ញាណបានទាំងអស់។ លទ្ឋ​ផល​នេះបានបង្កើនអដ្ឋិធាតុយុទ្ធជនពលី​ដែល​ក្រុម​កា​៩៣​ បានស្វែងរក និងប្រមូលអដ្ឋិធាតុ​យុទ្ធជន​ពលី​នៅ​លើ​ទឹក​ដីខេត្តកំពង់ស្ពឺគិតចាប់តាំងពីឆ្នាំ២០០១ មក​ដល់​បច្ចុប្បន្ន ឡើងដល់ ១.៣៨៨ អដ្ឋិធាតុ។

មិនត្រឹមតែ​សម្រេចបានជោគជ័យភារកិច្ចស្វែងរក និង​ប្រមូល​អដ្ឋិធាតុទេ ក្នុងអំឡុង​ពេលបំពេញ​ភារកិច្ច​នៅ​កម្ពុជា​ ក្រុម កា៩៣ ក៏បានអនុវត្តការងារ​ទំនាក់​ទំនង​យោ​ធា​ និងការងារប្រជាជនបានល្អប្រសើផងដែរ ដូច​ជា​ ពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំ​ដោយឥត​គិតថ្លៃ​ជូន​ប្រជា​ពលរដ្ឋ សួរសុខទុក្ខ និងជូនអំណោយដល់​អាជ្ញា​ធរ​ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ​២០​២៦។ សកម្មភាពទាំងនេះបានរួមចំណែក​បង្កើន​ការ​ផ្សារ​ភ្ជាប់ និងការជឿទុកចិត្តរវាងកម្លាំងបំពេញ​ភារ​កិច្ច​​ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែល​បាន​បង្កលក្ខណៈងាយស្រួលក្នុងការស្វែងរក និង​ប្រ​មូល​​អដ្ឋិធាតុយុទ្ធជនពលី។ 

គណទទួលបន្ទុកពិសេសខេត្តទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុប្រគល់និងទទួលអដ្ឋិធាតុយុទ្ធជនពលី

នៅក្នុងពិធីនេះ គណៈទទួលបន្ទុកពិសេសខេត្តកំពង់ស្ពឺ បានចុះហត្ថលេខាលើកំណត់ហេតុនិងប្រគល់អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត​ និងអ្នកជំនាញ​វៀត​ណាម​ចំនួន ៨១ អដ្ឋិធាតុ ជូនគណៈទទួល​បន្ទុក​ពិសេស​ខេត្តអានយ៉ាង ដើម្បីនាំត្រឡប់ទៅ​ប្រទេស​វៀត​ណាម​វិញ​ រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះ​សព​តាម​បទប្បញ្ញត្តិ។​ 

ថ្លែងមតិនៅពិធី លោក ឡេ វ៉ាន់ ភឿក បាន​កោត​សរ​សើរ​ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និង​ការ​ខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងយុទ្ធជនក្រុម កា​៩៣​។ ទន្ទឹមនិងនោះ ថ្លែងអំណរគុណយ៉ាង​គោរព​ចំពោះ​គណៈទទួលបន្ទូកពិសេស អាជ្ញាធរ កងកម្លាំង​ប្រ​ដាប់​អាវុធ និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ដែលតែង​តែ​សហ​ការ ផ្តល់ព័ត៌មាន និងគាំទ្រដល់អង្គ​ភាពក្នុង​ការ​បំ​ពេញ​ភារកិច្ច។ សមមិត្តក៏បានសម្តែងក្តីសង្ឃឹមថា ភាគី​កម្ពុជានឹងបន្តផ្តល់ការគាំទ្រ និងបង្ក​លក្ខណៈ​ឲ្យ​ក្រុម​ កា៩៣ ក្នុងការអនុវត្តមានប្រសិទ្ធភាពនូវ យុទ្ធ​នា​ការ​កំ​ពូល ៥០០ ថ្ងៃយប់ស្វែងរក ប្រមូលអដ្ឋិ​ធាតុ​យុទ្ធ​ជន​ពលី និងនាំយកយុទ្ធជនពលីជាច្រើនទៀត​ត្រឡប់​មក​មាតុភូ​មិវិញ។ 

ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និង​ជា​ប្រធាន​គណៈ​​ទទួលបន្ទុកពិសេសខេត្តកំពង់ស្ពឺ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះស្មារតីទទួលខុសត្រូវ និងឆន្ទះ​តស៊ូអត់​ធ្មត់​របស់​ក្រុម កា៩៣ ក្នុងការបំពេញភារកិច្ចនៅ​លើទឹក​ដី​ខេត្ត​កំពង់ស្ពឺ។ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ​នឹង​បន្តសហការយ៉ាងជិតស្និទ្ធ និងបង្ក​លក្ខណៈ​ងាយ​ស្រួលដើម្បីអង្គភាពសម្រេចបានជោគជ័យនូវភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី​ដែលនៅ​សេស​សល់ រួមចំណែកថែរក្សា និងពង្រីកចំណង​មិត្ត​ភាព​ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រពៃ​ណី​រវាង​កម្ពុជា និងវៀតណាម។

គណទទួលបន្ទុកពិសេសខេត្តអានយ៉ាងប្រគល់អំណោយដល់គណទទួលបន្ទុកពិសេសខេត្តកំពង់ស្ពឺ
គណទទួលបន្ទុកពិសេសខេត្តអានយ៉ាង និងគណ​ទទួល​បន្ទុកពិសេសខេត្តកំពង់ស្ពឺ ថតរូប​អនុស្សា​វ​រីយ៍​ជា​មួយ​គ្នា

ប្រែ៖ ណារីពៅ