រដូវប្រាំងឆ្នាំ២០២៥-២០២៦ ក្រុម កា៩២ នៃបញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង បានស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ចំនួន ១៨ អដ្ឋិធាតុ នៅលើទឹកដីខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលនេះបន្តបញ្ជាក់ពីប្រសិទ្ធភាពនៃកិច្ចសហការរវាង គណៈកម្មការទទួលបន្ទុកពិសេសខេត្តអានយ៉ាង និងគណៈទទួលបន្ទុកពិសេសខេត្តកំពត ក្នុងការអនុវត្តបេសកកម្មមនុស្សធម៌ រួមចំណែកអនុវត្តដោយជោគជ័យនូវ យុទ្ធនាការកំពូល ៥០០ ថ្ងៃយប់ ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។

រសៀលថ្ងៃទី ១៦ ខែកក្កដា នៅការិយាល័យតុលាការដ្ឋបាលខេត្តកំពត គណៈទទួលបន្ទុកពិសេសខេត្តអានយ៉ាង (វៀតណាម) និងគណៈទទួលបន្ទុកពិសេសខេត្តកំពត (កម្ពុជា) បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុប្រគល់ និងទទួលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមផ្សេងៗ ហើយត្រូវបានប្រមូលក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦។គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយសមមិត្ត ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈទទួលបន្ទុកពិសេសខេត្ត។ ភាគីខេត្តកំពត ដឹកនាំដោយលោកជំទាវ មុយ វីរ័ត្ន អភិបាលរង នៃគណៈអភិបាលខេត្តកំពតនិងជាប្រធានគណៈទទួលបន្ទុកពិសេសខេត្តកំពតដឹកនាំកិច្ចប្រជុំ។

យោងតាមរបាយការណ៍របស់ក្រុម កា៩២ ទោះបីតំបន់អនុវត្តបេសកកម្មមានវិសាលភាពធំ ទីតាំងផ្នូរយុទ្ធជនពលីជាច្រើនត្រូវបានលុបបំបាត់ដោយសារដំណើរការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងអាកាសធាតុក្តៅអូសបន្លាយពេលយូរបានប៉ះពាល់ដល់ការបំពេញភារកិច្ចក៏ដោយ ប៉ុន្តែដោយការប្តេជ្ញាចិត្តខ្ពស់របស់កម្មាភិបាល និងយុទ្ធជន ព្រមទាំងការគាំទ្រយ៉ាងសកម្មពីគណៈទទួលបន្ទុកពិសេស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពត អង្គភាពបានរៀបចំការស្ទង់មតិ ផ្ទៀងផ្ទាត់ និងជីកស្វែងរកនៅ ៦៣ ទីតាំង ដោយមានបរិមាណដីជាង ៤០.៣២២ ម៉ែត្រគូប និងប្រមូលបាន ១៨ អដ្ឋិធាតុយុទ្ធជនពលី គិតចាប់ពីឆ្នាំ ២០០១ រហូតមកដល់បច្ចុប្បន្ន ចំនួនអដ្ឋិធាតុយុទ្ធជនពលីដែលត្រូវបានស្វែងរក និងប្រមូលនៅលើទឹកដីខេត្តកំពត បានកើនឡើងដល់ ១.៧១៩ អដ្ឋិធាតុ។
ក្រៅពីបំពេញបានល្អនូវភារកិច្ចស្វែងរក និងប្រមូលអដ្ឋិធាតុ ក្រុម កា៩២ ក៏បានអនុវត្តយ៉ាងសកម្មនូវការងារកិច្ចការបរទេសយោធា និងការងារប្រជាជនផងដែរ។ ក្នុងរដូវប្រាំងកន្លងទៅ អង្គភាពបានផ្តល់យោបល់ដល់បញ្ជាការដ្ឋានយោធាខេត្តអានយ៉ាង សហការរៀបចំការពិនិត្យជំងឺ ប្រឹក្សាសុខភាព និងផ្តល់ថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ៤០០ នាក់ ក្នុងនោះបានពិនិត្យ និងផ្តល់ថ្នាំដោយផ្ទាល់ជូន ១៦០ នាក់។ ជាមួយគ្នានេះ ក៏បានប្រគល់អំណោយចំនួន ២០ ចំណែក ជូនអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងគ្រួសារលំបាក ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណី ចូលឆ្នាំថ្មី ឆ្នាំ២០២៦។ កម្មភាពជាក់ស្តែងទាំងនេះ បានរួមចំណែកកសាងទំនុកចិត្ត ពង្រឹងសាមគ្គីភាព និងចំណងមិត្តភាពរវាងកម្មាភិបាល យុទ្ធជនក្រុម កា៩២ ជាមួយអាជ្ញាធរ និងប្រជាជនខេត្តកំពត ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមសម្រាប់ការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី។





បញ្ចប់ដំណើរការស្វែងរក និងប្រមូលអដ្ឋិធាតុក្នុងរដូវប្រាំង ឆ្នាំ២០២៥-២០២៦ គណៈទទួលបន្ទុកពិសេសនៃខេត្តទាំងពីរ បានចុះហត្ថលេខាលើកំណត់ហេតុប្រគល់ និងទទួល អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ចំនួន ១៨ ដើម្បីនាំត្រឡប់មកប្រទេសវៀតណាម រៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ និងបញ្ចុះសពតាមប្រពៃណី។
ថ្លែងមតិក្នុងពិធី សមមិ្ត ឡេ វ៉ាន់ ភឿក បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគណៈ ទទួលបន្ទុកពិសេស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកំពត ដែលតែងតែរួមដំណើរ និងគាំទ្រក្រុម កា៩២ ពេញមួយដំណើរការបំពេញភារកិច្ច។ ទន្ទឹមនឹងនេះ សមមិត្តក៏បានសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងការផ្លាស់ប្តូរព័ត៌មាន រក្សាយន្តការសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីដែលនៅសេសសល់ រួមចំណែកអនុវត្តដោយជោគជ័យ យុទ្ធនាការកំពូល ៥០០ ថ្ងៃយប់ ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ព្រមទាំងបន្តពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងប្រទេសវៀតណាម និងកម្ពុជា ក៏ដូចជារវាងខេត្តអានយ៉ាង និងខេត្តកំពត ឲ្យកាន់តែរីកចម្រើនដោយចីរភាព៕
ប្រែ៖ ណារីពៅ