រសៀលថ្ងៃទី១៩ ខែតុលា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ព្រមទាំងជាអនុប្រធានប្រចាំការនៃគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ស្តីពីការអភិវឌ្ឍទីក្រុងនៅក្នុងភូមិសាស្ត្រខេត្ត បានដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងផ្តល់យោបល់លើសេចក្តីព្រាងគម្រោងស្នើសុំទទួលស្គាល់តំបន់ពិសេសភូក្វឹក ជាតំបន់សេដ្ឋកិច្ចពិសេស។

អញ្ជើញចូលរួមកិច្ចប្រជុំនេះ មានលោក ឌិញ វ៉ាន់ នើយ អនុលេខាបក្ខភាគខេត្ត និងជាលេខាបក្ខភាគតំបន់ពិសេសភូក្វឹក អ្នកស្រី ឡេ ហុង ថាំ អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត រួមជាមួយលោក ឡេ ទ្រុង ហូ លោក ឡេ វ៉ាន់ ភឿក និងអ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។
ក្នុងកិច្ចប្រជុំ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា តាមរយៈការពិនិត្យឡើងវិញជាទូទៅ តំបន់ពិសេសភូក្វឹកជាគោលឆ្លើយតបលក្ខខណ្ឌនានាដែលមានចែងក្នុងច្បាប់ស្តីពីការអភិវឌ្ឍទីក្រុង និងអនុក្រឹត្យណែនាំការអនុវត្តច្បាប់ ដើម្បីស្នើសុំទទួលស្គាល់ជាតំបន់សេដ្ឋកិច្ចពិសេស ពាក់ព័ន្ធនឹងផែនការ ទីតាំងយុទ្ធសាស្ត្រ ការតភ្ជាប់បណ្តាញគមនាគមន៍ ប្រជាសាស្ត្រ និងទំហំផ្ទៃដីជាដើម។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក សហការជាមួយមន្ទីរហិរញ្ញវត្ថុ និងមន្ទីរ ផ្នែកពាក់ព័ន្ធនានា ពន្លឿនការបំពេញសំណុំឯកសារឲ្យបានពេញលេញ ដោយធានាថាទិន្នន័យមានភាពត្រឹមត្រូវ និងមានមូលដ្ឋានច្បាប់គ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ត្រូវបន្ថែមខ្លឹមសារសេចក្តីសន្និដ្ឋាន និងការណែនាំដឹកនាំរបស់អគ្គលេខាបក្ស និងនាយករដ្ឋមន្ត្រី ព្រមទាំងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានារហូតដល់ការតម្រង់ទិសអភិវឌ្ឍភូក្វឹក។ បណ្តាមន្ទីរ ផ្នែកត្រូវផ្ញើលិខិតផ្តល់យោបល់មុនម៉ោង ៩ ព្រឹក ថ្ងៃទី២០ ខែតុលា។

ផ្អែកលើមូលដ្ឋាននេះ មន្ទីរហិរញ្ញវត្ថុ គណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក និងអង្គភាពប្រឹក្សាយោបល់ ត្រូវទទួលយកមតិយោបល់ទាំងអស់ឲ្យបានពេញលេញ ធ្វើបច្ចុប្បន្នភាពទិន្នន័យ និងបន្ថែមមូលដ្ឋាននយោបាយ ដើម្បីបញ្ចប់គម្រោង។ ត្រូវធានាថាសំណុំឯកសារមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងទិន្នន័យត្រឹមត្រូវ ដើម្បីដាក់ជូនក្រុមប្រឹក្សាប្រជាជនខេត្តពិនិត្យនៅក្នុងសម័យប្រជុំឯកទេសបទ ថ្ងៃ ៣០ ខែតុលា ធ្វើជាមូលដ្ឋានសម្រាប់ដាក់ជូនរដ្ឋាភិបាលអនុម័ត។
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្តក៏តម្រូវឲ្យ គម្រោងបញ្ជាក់ឲ្យបានច្បាស់អំពីយន្តការធ្វើវិសហមជ្ឈការ និងវិមជ្ឈការ យ៉ាងទូលំទូលាយដល់តំបន់ពិសេសភូក្វឹក។ ចំណែកស្ថាប័នពាក់ព័ន្ធក៏ត្រូវបន្តបញ្ចប់ឲ្យបានស្របគ្នាដែរនូវគម្រោងស្តីពីការរៀបចំក្បាលម៉ាស៊ីននិងគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដែលផ្សារភ្ជាប់ជាមួយសន្តិសុខការពារជាតិរបស់តំបន់សេដ្ឋកិច្ចពិសេសភូក្វឹក។
យោងតាមសេចក្តីព្រាង គណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក ស្នើសុំទទួលស្គាល់ដែនរដ្ឋបាលតំបន់ពិសេស ជាមួយនឹងទំហំផ្ទៃដីធម្មជាតិ ៥៧៥,២៩ គីឡូម៉ែត្រការ៉េ (៥៧.៥២៩ ហិកតា) ជាតំបន់សេដ្ឋកិច្ចពិសេស។
គម្រោងតម្រង់ទិសអភិវឌ្ឍភូក្វឹកឲ្យក្លាយជាមជ្ឈមណ្ឌលសេវាកម្ម និងទេសចរណ៍អេកូឡូស៊ីសមុទ្ទលំដាប់អន្តរជាតិ ប្រើប្រាស់មានប្រសិទ្ធភាពនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលបម្រើ APEC ២០២៧ ដោយភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយការការពារបរិស្ថាន និងការធានាសន្តិសុខការពារជាតិ។ ទម្រង់គ្រប់គ្រងត្រូវបានតម្រង់ទិសក្នុងទិសរួមបញ្ចូល ស្របតាមតម្រូវការនៃការអភិវឌ្ឍតំបន់ពិសេស។


អំពីល្បឿន និងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍការគ្រោងទុក ដំណាក់កាល ២០២៦-២០២៧ នឹងផ្តោតលើការបំពេញនីតិវិធីសម្រាប់ការទទួលស្គាល់ និងបញ្ចប់សំណង់ដែលកំពុងផ្សព្វផ្សាយ និងត្រៀមបម្រុងក្នុងការប្រើប្រាស់មានសុវត្ថិភាពក្រោយ APEC និងកសាងក្បាលម៉ាស៊ីន ផែនការ និងកម្មវិធីអភិវឌ្ឍ។ ដល់ឆាំ្ន ២០៣០ ភូក្វឹកមានទិសដៅធ្វើឲ្យការគ្រប់គ្រងមានស្ថិរភាព ពង្រីកទីផ្សារសេវាកម្មអន្តរជាតិ បង្កើនសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងលើកកម្ពស់គុណភាពធនធានមនុស្ស។
ក្នុងដំណាក់កាល ២០៣១-២០៤០ នឹងផ្តោតលើការលើកកម្ពស់ផលិតភាព គុណភាពសេវាកម្ម និងបង្កើនការតភ្ជាប់ក្នុងតំបន់ ដំណាក់កាល ២០៤១-២០៥០ នឹងជំរុញការអភិវឌ្ឍសេវាកម្មដែលមានមូលដ្ឋានចំណេះដឹង និងបច្ចេកវិទ្យាខ្ពស់ និងលើកកម្ពស់ឋានៈរបស់ភូក្វឹកនៅលើឆាកអន្តរជាតិ៕
ប្រែ៖ ណារីពៅ