មន្ទីរទេសចរណ៍ខេត្តអានយ៉ាងបានឲ្យដឹងថា ក្នុងរយៈពេលឈប់សម្រាក ៥ ថ្ងៃ ក្នុងឱកាសបុណ្យជាតិទី ២ កញ្ញា (ចាប់ពីថ្ងៃទី ២៩ សីហា ដល់ថ្ងៃទី ២ កញ្ញា) ខេត្តអានយ៉ាងបានទទួលភ្ញៀវទេសចរចំនួន ៥៨០.១៣៥ នាក់ កើនឡើង ៤០,៣% បើធៀបនឹងរយៈពេលនេះឆ្នាំមុន។

ជាក់ស្តែង ខេត្តទាំងមូលទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៦.៨១២ នាក់ កើនឡើង ៤៨,២% បើធៀបនឹងរយៈពេលនេះឆាំ្នមុន។ ភ្ញៀវទេសចរទស្សនាតំបន់ និងគោលដៅទេសចរណ៍ ប្រមាណ ៤៨០.៣២៣ នាក់ កើនឡើង ៣៥,៥% ធៀបនឹងដំណាលពេលនេះឆាំ្នមុន។ ភ្ញៀវដែលស្នាក់នៅមានចំនួន ៩៩,,៨១២ នាក់ កើនឡើង ៦៨,៧%បើធៀបនឹងរយៈពេលនេះឆាំ្នមុន។ អត្រាប្រើប្រាស់បន្ទប់សណ្ឋាគារជាមធ្យមសម្រេចជាង ៦២,២% កើនឡើង ៧,៧% បើធៀបនឹងរយៈពេលឆាំ្នមុន។ ចំណូលសរុបពីវិស័យទេសចរណ៍សម្រេចបាន ៨៨០,៥ពាន់លានដុង កើនឡើង ៧២,៣% បើធៀបនឹងរយៈពេលនេះឆាំ្នមុន។
ដោយឡែកតំបន់ពិសេសភូក្វឹក បានសន្និដ្ឋានថាទទួលបានភ្ញៀវទេសចរចំនួន ១១៦,៤៣៣ នាក់ កើនឡើង ៤២,៨% បើធៀបនឹងរយៈពេលនេះឆាំ្នមុន។ ក្នុងនោះ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២៦,២៦៦ នាក់ កើនឡើង ៤៥,៩% ធៀបនឹងដំណាលពេលនេះឆាំ្នមុន និងភ្ញៀវដែលស្នាក់នៅចំនួន ៣៧,៩៦៩ កើនឡើង ៦២,៤% ធៀបនឹងដំណាល់ពេលនេះឆាំ្នមុន។


យោងតាមការវាយតម្លៃរបស់មន្ទីរទេសចរណ៍ខេត្តអានយ៉ាង ក្នុងឱកាសឈប់សម្រាកបុណ្យជាតិទី ២ កញ្ញា សកម្មភាពទេសចរណ៍ក្នុងរយៈពេលឈប់សម្រាក ៥ ថ្ងៃ នៃបុណ្យជាតិឆ្នាំ ២០២៦ មានភាពអ៊ូអរគួរឲ្យកត់សម្គាល់។តំបន់នានាដែលជាគោលដៅទេសចរណ៍សំខាន់ៗ បានបង្កើនការសហការ ធានាសុវត្ថិភាពចរាចរណ៍ ព្រមទាំងធានាសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសនៅតាមចំណតទូក កំពង់ផែ តំបន់ គោលដៅទេសចរណ៍ ព្រមទាំងតំបន់កម្សាន្តនានា ដោយមិនទុកឲ្យមានករណីរំខាន ឬគាបតម្លៃលើភ្ញៀវទេសចរឡើយ។
ទោះបីដូច្នេះ តែក្នុងអំឡុងពេលឈប់សម្រាកបុណ្យជាតិឆ្នាំ ២០២៦ អាកាសធាតុមានភ្លៀង ព្យុះផ្គរ រន្ទះ និងខ្យល់បក់ខ្លាំង (ដោយឥទ្ធិពលពីសម្ពាធទាបត្រូពិច) ដែលធ្វើឲ្យប៉ះពាល់ដល់សកម្មភាពទេសចរណ៍ ជាពិសេសគឺសកម្មភាពកម្សាន្តនៅខាងក្រៅ សកម្មភាពទស្សនាកោះ និងសកម្មភាពនៅលើសមុទ្រ។ ក្រៅពីនេះ ថ្ងៃឈប់សម្រាកនេះស្ថិតនៅជិតថ្ងៃចូលឆ្នាំសិក្សាថ្មី ដោយភ្ញៀវទេសចរក្នុងស្រុកទើបតែបានឆ្លងកាត់រដូវវិស្សមកាល ក្នុងខណៈដែលភ្ញៀវទេសចរអន្តរជាតិកំពុងស្ថិតក្នុងរដូវទេសចរណ៍។ ដូច្នេះ ចំនួនភ្ញៀវដែលមកទស្សនាខេត្តអានយ៉ាង ទោះបីមានការកើនឡើងបើធៀបនឹងរយៈពេលនេះឆ្នាំមុនក៏ដោយ ក៏អត្រាកំណើនមិនបានកើនខ្ពស់៕
ប្រែ៖ ណារីពៅ