Bỏ qua đến nội dung chính
ខេត្តអានយ៉ាងបានចេញផែនការរៀបចំពិធីបុណ្យប្រណាំងគោបៃនុយលើកទី៣១

គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងទើបតែចេញផែនការលេខ ៤៩៦/KH-UBND ដើម្បីរៀបចំពិធីបុណ្យប្រណាំងគោបៃនុយលើកទី៣១ សម្រាប់ពានរង្វាន់ទូរទស្សន៍អានយ៉ាង (ATV) ក្នុងឆ្នាំ២០២៦។ មានគោប្រហែល ៦០ នឹមមកពីឃុំ សង្កាត់នានាក្នុងខេត្តនឹងប្រកួតប្រជែងនៅថ្ងៃទី១០ ខែតុលា នៅទីលានប្រណាំងគោឃុំអានគឺ។

ពិធីប្រណាំងនេះបានរៀបចំឡើងដើម្បីបន្តថែរក្សា និង​លើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិ​​ខ្មែរនៅតំបន់បៃនុយ ដើម្បីបង្កើត​បរិយា​កាស​រីក​រាយ​ និងរំភើបក្នុងឱកាសបុណ្យសែនដូនតា ព្រម​ជា​មួយ​នោះ ផ្សព្វផ្សាយរូបភាពវប្បធម៌ ទេសចរណ៍ និង​មនុស្ស​​អានយ៉ាង រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ​សង្គមរបស់តំបន់។

គោមួយនឹមៗបានប្រមូលផ្តុំ ហើយ​ផ្លាស់ទី​ទៅក្នុង​តំបន់​ប្រ​ណាំង​​គោបៃនុយ ឆ្នាំ ២០២៥

ពិធី​បើក និងការប្រណាំងនឹងចាប់ផ្តើមនៅម៉ោង ៧ និង ៣០​ ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ (ថ្ងៃសៅរ៍) ដែល​​​ត្រូវនឹងថ្ងៃទី១ ខែទី៩ ច័ន្ទគតិ នៅទីលាន​ប្រ​ណាំង​​​គោឃុំអានគឺ នៅជិតវត្តធម្មនិមិត្ត។ អង្គ​ភាព​ដែល​ចូល​​រួមត្រូវបំពេញការចុះឈ្មោះឲ្យបានមុនថ្ងៃទី៣០ ខែ​កញ្ញា​។ កិច្ចប្រជុំស្តីពីជំនាញ និងចាប់ឆ្នោត​សម្រាប់​កាល​​​វិភាគប្រកួត ហើយទទួលលេខពាក់​នឹងធ្វើ​ឡើង​នៅ​​​​ម៉ោង​ ៩:០០ ព្រឹក ថ្ងៃទី៦ ខែតុលា នៅមជ្ឈមណ្ឌល​សេ​វា​កម្មទូទៅឃុំអានគឺ។

ទៅ​​ទន្ទឹមនឹងការប្រណាំង សកម្មភាពវប្បធម៌ សិល្បៈ និង​ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផល និងទេសចរណ៍​ជា​ច្រើនត្រូវបានរៀបចំឡើងដើម្បីបម្រើប្រជាជន និង​អ្នក​ទេសចរ។ក្រុម​សិល្បៈខ្មែរខេត្ត​អានយ៉ាង​នឹង​សម្តែង​នៅយប់ថ្ងៃទី ៩ ខែតុលា នៅវត្តធម្មនិមិត្ត និងសហការ​សម្តែងសិល្បះនៅក្នុងពិធីបើកការប្រណាំងនៅព្រឹកថ្ងៃទី ១០ ខែតុលា។

គណៈកម្មាធិការប្រជាជនឃុំអានគឺ សហការជាមួយ​អង្គ​ភាព​នានាៗ រៀបចំសកម្មភាពដែលពោពេញ​ទៅ​ដោយ​អត្តសញ្ញាណ​វប្បធម៌ខ្មែរ ដោយដាក់តាំងបង្ហាញ និងណែនាំ​ផលិត​ផលពិសេសៗរបស់តំបន់​នានា​ក្នុង​ខេត្ត​ ជា​ពិ​សេស​​ផលិតផល OCOP ផលិត​ផល​កសិ​កម្ម​ និង​សិប្ប​​​កម្មពីតំបន់បៃនុយ ការរៀប​ចំស្តង់​ទំនិញ​ម្ហូប​​អា​ហារ​ ល្បែងប្រជាប្រិយ និងការផ្លាស់ប្ដូរវប្បធម៌។ បណ្តា​​អាជី​វកម្មទេសចរណ៍ ធ្វើធម្មយាត្រា កន្លែង​ស្នាក់​នៅ​ តំ​បន់​​ទេសចរណ៍ បានលើកទឹកចិត្តឲ្យចូលរួម​ណែ​នាំ​​សេ​វា​កម្ម​ ផលិតផល និងដំណើរទេសចរក្នុង​ឱកាស​ពិ​ធី​ប្រ​ណាំង​គោ។​ 

ការងារជូនដំណឹងនិងផ្សព្វផ្សាយបានបន្តអនុវត្តនៅក្នុងទម្រង់​ និងវេទិកាជាច្រើន។ កាសែត និងវិទ្យុ ទូរ​ទស្សន៍​អាន​​​យ៉ាង សហការជាមួយមន្ទីរវប្បធម៌ និងកីឡា និង​ទូរ​​ទស្សន៍ទីក្រុងហូជីមិញ (HTV) ផ្សាយផ្ទាល់​ការ​ប្រ​ណាំង​​​នៅលើប៉ុស្ត៍ ATV HTV និងវេទិកាឌីជីថល ព្រម​ជា​​មួយ​នោះសហការជាមួយភ្នាក់ងារសារព័ត៌មាន និង​ប្រ​​ព័ន្ធ​ផ្សព្វផ្សាយទាំងក្នុង និងក្រៅខេត្ត ដើម្បី​បង្កើន​វិ​សាល​​ភាពផ្សព្វផ្សាយព្រឹត្តិការណ៍នេះ។

គោមួយគូៗបានប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅក្នុងពិ​ធីប្រណាំងគោ បៃនុយ ឆ្នាំ ២០២៥

គណៈកម្មការរៀបចំនឹងផ្តល់ពានរង្វាន់ ទង់ជាតិ រង្វាន់ និងប្រាក់ឧបត្ថម្ភដល់នឹមគោដែលសម្រេចបានស្នាដៃខ្ពស់ រួមមាន រង្វាន់លេខមួយ លេខពីរ លេខបី លេខបួន រង្វាន់លើកទឹកចិត្តចំនួនបួន និង​រង្វាន់​មួយ​សម្រាប់​ជំនិះ​គោ​ឆ្នើម​។

ដើម្បីធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ គណៈ​កម្មា​ធិ​ការ​ប្រជាជនខេត្តបានតម្រូវឲ្យស្ថាប័ន អង្គភាព និង​មូល​ដ្ឋានត្រូវសហការយ៉ាងជិតស្និទ្ធក្នុងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ បង្ការទប់ស្កាត់អគ្គីភ័យ អនាម័យបរិស្ថាន សុវត្ថិភាពចំណីអាហារ និង​សុខា​ភិ​បាល​ ដាក់ពង្រាយកម្លាំង មធ្យោបាយត្រៀម​ខ្លួនរួច​ជា​ស្រេចដើម្បីដោះស្រាយស្ថានភាពដែលកើតឡើងក្រៅផែន​ការក្នុងអំឡុងពេលប្រព្រឹត្តឡើងពិធីប្រណាំង៕

ប្រែ៖ ណារីពៅ