Bỏ qua đến nội dung chính
អានយ៉ាង៖ ភូក្វឹកគឺជា “ក្បាលនាវា” បង្កើតជាសម្ទុះសម្រាប់ទេសចរណ៍

យោងតាមមន្ទីរទេសចរណ៍ខេត្តអានយ៉ាង ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ ២០២៦ វិស័យ “ឧស្សាហកម្មគ្មានផ្សែង” របស់ខេត្តបានផ្លាស់ប្តូរខ្លាំងក្លា ដោយស្វាគមន៍ភ្ញៀវទេសចរជាង ១៣,៣ លាននាក់ កើនឡើង ១២,១% បើប្រៀបធៀបទៅនឹងរយៈពេលនេះឆ្នាំមុន ដោយមានប្រាក់ចំណូលសរុប ៣៣,១៦៩ ពាន់លានដុង សម្រេចបានស្របគ្នាប្រមាណ ៥៣,២% និងជិត ៥០% នៃផែនការប្រចាំឆ្នាំ។

បញ្ជាក់ពីជំហររបស់កោះភូក្វឹក​

ចំណុចលេចធ្លោរបស់ខេត្តអានយ៉ាងគឺទាក់ទាញភ្ញៀវទេសចរខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាម(ឆ្នាំមមី) និងពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៦ ទិវារម្លឹក​វិញ្ញា​ណ​​ក្ខ​ន្ធស្តេចហ៊ុង (ថ្ងៃទី ១០ នៃខែទី ៣ ច័ន្ទគតិ) ខួប​លើក​ទី ៥១ ឆាំ្នទិវារំដោះភាគខាងត្បូងវៀតណាមថ្ងៃទី ៣០ ខែមេសា និងទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែ​ឧស​ភា​។ ភ្ញៀវទេសចរមិនត្រឹមតែធ្វើដំណើរធម្មយា​ត្រាទៅ​កាន់​តំបន់ភ្នំ៧ហៅថាត់សឺនអានយ៉ាងដ៏អាថ៌កំបាំង និង​ជំ​នឿ​ខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ទទួល​បាន​បទ​ពិសោធន៍ពីទម្រង់ទេសចរណ៍ចម្រុះដូចជា ទេស​ច​រ​ណ៍​ឆ្នេរ និងកោះ ទេសចរណ៍អេកូឡូស៊ី និងទទួល​បាន​បទពិសោធន៍នៅក្នុងតំបន់ទេសចរណ៍នៃស្រែចម្ការផងដែរ​។

ទូកក្ដោងសម្រាប់អ្នកទេសចរនៅក្នុងតំបន់កោះភូក្វឹក

ព្រមជាមួយនោះ តំបន់ពិសេសភូក្វឹកត្រូវបានសម្គាល់​ដោយការវិលត្រឡប់ដ៏ខ្លាំងក្លារបស់ភ្ញៀវទេសចរអន្តរជាតិ​ ជាមួយភ្ញៀវទេសចរជាង ១,១៧ លាននាក់ កើន​ឡើង​ ៥១% ស្មើជិត ៩៩% នៃភ្ញៀវទេសចរ​អន្តរ​ជាតិ​សរុប​មកកាន់ខេត្តទាំងមូល។

ចំនួនភ្ញៀវ​ទេសច​រ​អន្តរ​ជាតិដែលមកទស្សនាកោះពេជ្រភូក្វឹកបានកើនឡើងគួរឲ្យកត់សម្គាល់ដោយសារតែការធ្វើឲ្យប្រសើរឡើងនូវអាកាសយានដ្ឋានអន្តរជាតិភូក្វឹក ដែលបានបង្កើន​ពលា​នុ​ភាព​​បម្រើភ្ញៀវ ដោយជើងហោះហើរ​ត្រង់ជា​ច្រើន​ពី​កូ​រ៉េ​ខាង​ត្បូង ចិន សិង្ហបុរី ថៃ។ល។ គោល​នយោ​បាយ​លើក​លែងទិដ្ឋាការរយៈពេល ៣០ ថ្ងៃ ដែលបង្ក​លក្ខ​ណៈ​ងាយស្រួលសម្រាប់ភ្ញៀវទេសចរអន្តរជាតិ និង​កាត់​បន្ថយឧបសគ្គនីតិវិធីចូល និងចេញ ព្រមទាំង​ការ​អភិ​វឌ្ឍ​ខ្សែសង្វាក់រមណីយដ្ឋានផ្កាយ ៥ សួនកម្សាន្ត និង​កាស៊ី​ណូដោយក្រុមហ៊ុន Vinpearl និង Sun Group ដែលបង្កើតជាចំណុចលេចធ្លោមួយ។ កៗ។ ទន្ទឹម​និងនោះកោះភូក្វឹកបានទទួលស្គាល់ជា​គោលដៅ​ទេសចរណ៍លំដាប់ពិភពលោកដែលមាននិន្នាការពេញនិ​យមបំផុតនៅឆ្នាំ ២០២៦និងរៀបចំ​ព្រឹត្តិការ​ណ៍​វប្ប​ធម៌​និងកីឡាអន្តរជាតិជាច្រើន។ និន្នាការឆ្ពោះទៅ​រក​ទេស​ចរណ៍រមណីយដ្ឋានសម្រាកលំហែកាយបៃតង ដែល​​ភ្ញៀវទេសចរអន្តរជាតិស្វែង​រកគោលដៅ​ដែល​នៅ​ជិត​ធម្ម​ជាតិ មានសុវត្ថិភាព ដោយចីរភាព ស្របតាម​សក្តា​នុភាពរបស់កោះពេជ្រ។

យោងតាម​លោក ប៊ួយក្វឹកថៃ ប្រធានមន្ទីរទេសចរណ៍​ខេត្ត​អានយ៉ាងសង្កត់ធ្ងន់ថា កោះភូក្វឹកបានក្លាយជា “ក្បាល​នាវា” ដែលនាំយករូបភាពខេត្តអានយ៉ាង​ទៅ​កាន់​​ពិភពលោក ជួយឲ្យខេត្តបង្កើនកេរ្តិ៍ឈ្មោះ និង​កម្លាំងប្រកួតប្រជែងក្នុងវិស័យទេសចរណ៍នៅក្នុងតំបន់។ នៅពេល​ដែលភូក្វឹកទាក់ទាញភ្ញៀវ​ទេសចរ​អន្ត​រជាតិ​មក​កាន់កោះពេជ្រ បណ្តាមូលដ្ឋានផ្សេងៗទៀតដូចជា ហាទៀន រ៉ាចយ៉ា ហនសឺន ចូវដុក ភ្នំស្វាម ភ្នំពពាល ត្រាស៊ឺជាដើម មានឱកាសទទួលបានអត្ថប្រយោជន៍​ពី​ការ​ពង្រីកលំហូរភ្ញៀវទេសចរ។ ក្នុងពេលជាមួយគ្នានេះដែរ នេះគឺជាជំហានមួយ​សម្រាប់​​ខេត្តដើម្បីត្រៀមខ្លួនសម្រាប់សន្និបាតកំពូល APEC ២០២៧ នៅភូក្វឹក និងលើកកម្ពស់​ឋានៈ​តំបន់​។ ​ប្រការនេះមិនត្រឹមតែបញ្ជាក់ពីឋានៈរបស់​ភូក្វឹក​ប៉ុ​ណ្ណោះ​​ទេ ប៉ុន្តែថែមទាំងបង្កើតនូវឥទ្ធិពលផ្សព្វផ្សាយ បង្កើន​រូបភាព និងភាពទាក់ទាញសម្រាប់វិស័យទេស​ច​រ​ណ៍​​ខេត្តអានយ៉ាងទាំងមូល។ វិស័យទេសចរណ៍បាន​ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្តឲ្យដាក់ជូននាយករដ្ឋមន្ត្រីរដ្ឋាភិបាលដើម្បីអនុម័តគម្រោងរៀបចំភូក្វឹកឲ្យក្លាយជាមជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ីគុណភាពខ្ពស់លំដាប់អន្តរជាតិ ដើម្បីធ្វើជាត្រីវិស័យ​សម្រាប់​ជំហានយូរអង្វែង។

បច្ចេកវិទ្យាឌីជីថលជួយអភិវឌ្ឍវិស័យទេសចរណ៍

ក្នុងការអភិវឌ្ឍទេសចរណ៍ ខេត្តបានធ្វើទំនើបកម្ម​យ៉ា​ង​ខ្លាំង​នូវកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងផ្សព្វផ្សាយ ដោយរួមបញ្ចូលគ្នានូវការផ្សព្វផ្សាយបែបប្រពៃណីជាមួយនឹងបច្ចេកវិទ្យាឌីជីថល។ ខេត្តអានយ៉ាងបានអនុវត្ត​ប្រ​ព័ន្ធគេហទំព័រដែលរួមបញ្ចូលវីដេអូជាក់ស្តែងនិម្មិត ប្រ​ព័ន្ធលក់សំបុត្រតាមអនឡាញ និងកម្មវិធីទូរស័ព្ទ ដើ​ម្បី​ផ្សព្វផ្សាយរូបភាព។ កាមេរ៉ា AI ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ដើម្បីគ្រប់គ្រងភ្ញៀវទេសចរនៅតាមតំបន់ទេសចរណ៍​។ ខេត្តបានធ្វើឌីជីថលទិន្នន័យទេសចរណ៍​និង​គេ​ហទំព័រប្រសើរឡើងដើម្បីធ្វើឲ្យកាន់តែងាយស្រួលសម្រាប់​អង្គការ និងបុគ្គលក្នុងការស្វែងរក និងសិក្សា​ព័ត៌​មាន​។

បច្ចុប្បន្ននេះ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់ខេត្ត​កំ​ពុងមានភាពជំនាញកាន់តែខ្លាំងឡើង ដោយមាន​កន្លែង​ស្នាក់នៅជាង ១.១៥០កន្លែង និងបន្ទប់ជិត ៤០.​០​០០ បន្ទប់ ដែលបំពេញតម្រូវការចម្រុះចាប់​ពី​មធ្យម​រហូត​ដល់ប្រណីត។ អ្នកបម្រើសេវា​កម្មមាន​លក្ខណៈ​ស្តង់​ដារ ជាមួយនឹងមគ្គុទ្ទេសក៍ទេសចរណ៍​មាន​អាជ្ញា​ប័ណ្ណ​ប្រតិបត្តិការជាង ៥៩០ នាក់ និងក្រុមហ៊ុន​ទេស​ច​រ​ណ៍​ធម្មយាត្រាបានផ្តល់អាជ្ញាប័ណ្ណចំនួន ១៤៣។ ការ​រៀប​ចំយ៉ាងហ្មត់ចត់អំពីមូលដ្ឋានសម្ភារៈ ធន​ធាន​មនុស្ស​ និងការធានាសន្តិសុខ​សណ្តាប់​ធ្នាប់​នៅ​តាម​តំ​បន់ទេសចរណ៍បានបង្កើតជាបរិយាកាសទេសចរណ៍សុវ​ត្ថិភាព និងរួសរាយរាក់ទាក់សម្រាប់ភ្ញៀវទេសចរ។

បន្ទាប់​ពីការរួមបញ្ចូលខេត្ត ខេត្តអានយ៉ាងមាន​ធនធាន​ធម្ម​ជាតិយ៉ាងសម្បូរបែបចាប់តាំងពីវាលរាប ព្រំដែន ព្រែក​ទន្លេ រហូតដល់ព្រែភ្នំ និងកោះសមុទ្ទដ៏អស្ចារ្យ។ ប្រ​ការ​នេះបានផ្តល់ឲ្យខេត្តអានយ៉ាងនូវប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ទេសចរណ៍ដ៏សម្បូរបែប និងលំដាប់ខ្ពស់។ ភូក្វឹក​នៅ​តែបន្តបានកំណត់ជាមជ្ឈមណ្ឌលសេវាកម្មទេសចរណ៍អេកូឡូស៊ីគុណភាពខ្ពស់និងសេវាកម្មកោះសមុទ្ទលំដាប់​ជាតិ និងអន្តរជាតិ។ ចង្កោមហាទៀន - គៀនលឿង - គៀន​ហៃ បញ្ជាក់ពីឋានៈរបស់ខ្លួនជាមួយនឹង​ទេស​ច​រ​ណ៍​​អេកូឡូស៊ីកោះសមុទ្ទដែលភ្ជាប់ជាមួយនឹង​កេរ​ដំ​ណែល​ប្រវត្តិសាស្ត្រ និងវប្បធម៌ពិសេស។ ចង្កោម​វិញ​ទេ​ - ភ្នំពាពាល(នុយកាំ)រក្សាបានពាណិជ្ជ​សញ្ញា​ទេសច​រណ៍ខាងវិញ្ញាណដ៏ល្បីល្បាញជាមួយវត្តលោកយាយភ្នំស្វាមនិងតំបន់ទេសចរណ៍ភ្នំពពាល។ ស្របពេល​ជា​មួយ​គ្នានេះដែរប្រព័ន្ធ “សួតបៃតង”រួមមាន​ឧទ្យាន​ជាតិ​អ៊ូ​មិញ​ធឿង ឧទ្យានជាតិភូក្វឹក និងព្រៃស្មាច់ត្រាស៊ឺបង្កើត​​ជាបណ្តាញទេសចរណ៍អេកូឡូស៊ីព្រៃឈើ ការ​ស្រាវ​ជ្រាវវិទ្យាសាស្ត្រ និងទេសចរណ៍បទ​ពិសោធន៍​ដ៏​សម្បូរ​បែប ដែលកម្ររកឃើញនៅកន្លែងផ្សេងទៀត។

ភ្ញៀវ​ទេសចរហែលទឹកនៅឆ្នេរមុយណៃ សង្កាត់​ហា​ទៀន​។

យោងតាមលោក ប៊ួយក្វឹកថៃ ប្រធានមន្ទីរទេសចរណ៍​ខេត្ត​អានយ៉ាងខេត្តបាន មានគោលដៅស្វាគមន៍​ភ្ញៀវ​ទេស​ចរចំនួន ៣៩,៥ លាននាក់នៅឆ្នាំ ២០៣០ ក្នុង​នោះ​ភ្ញៀវទេសចរអន្តរជាតិជាង ៣ លាននាក់ តាម​រយៈ​នោះនាំវិស័យទេសចរណ៍ក្លាយជាច្រកទ្វារសំខាន់មួយដែលតភ្ជាប់សេដ្ឋកិច្ចរបស់ខេត្តនៅក្នុងតំបន់អាស៊ាន ដោយមានគោលបំណងក្លាយជាគោលដៅទេសចរណ៍ឆ្នេរ​សមុទ្ទនិងកោះលំដាប់ពិភពលោក និងជាមជ្ឈម​ណ្ឌល​ទេស​ចរណ៍បៃតងនៃតំបន់។

ដើម្បី​​សម្រេចបានបំណងប្រាថ្នានេះ ខេត្តកំពុងផ្តោត​លើ​ដំណោះស្រាយសំខាន់ៗ។ ក្នុងនោះ អាទិ​ភាព​ចម្បង​​ គឺកំណែទម្រង់នីតិវិធីរដ្ឋបាល ស្នើសុំឲ្យ​មាន​ការ​ពង្រីកគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរ​ឌីជី​ថល​ក្នុង​ការគ្រប់គ្រង និងការផ្សព្វផ្សាយ។ ប្រព័ន្ធដឹក​ជញ្ជូន​តភ្ជាប់​រវាងអាកាសយានដ្ឋាន និងកំពង់ផែជាមួយ​មជ្ឈម​ណ្ឌ​ល​ទេសចរណ៍បានបញ្ចប់ក្នុងទីសដៅស្របគ្នា និងទំនើប។ អានយ៉ាងមានគោល​បំណងអភិវឌ្ឍ​ទេស​ច​​រ​ណ៍បៃតង និងប្រកបដោយចីរភាពដោយផ្អែក​លើស​សរ​ស្តម្ភបីគឺ ខ្សែសង្វាក់តម្លៃសេដ្ឋកិច្ចទេសចរណ៍ អាន​យ៉ាង​តម្រង់ទិសអភិវឌ្ឍទេសចរណ៍បៃតង ធនធាន​មនុស្ស​នៅនឹងកន្លែងគុណភាពខ្ពស់ និងហេដ្ឋារ​ចនា​សម្ព័ន្ធ​ទំនើប។

ជា​​ពិសេស ខេត្តបានឆ្លៀតឱកាសច្រើនបំផុតពីព្រឹត្តិកា​រណ៍ APEC ២០២៧ ដែលជាកាណាល​ដ៏សំ​ខាន់​មួយ​ដើម្បីជួយខេត្តឲ្យសម្រេចបាននូវគោលដៅអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្សព្វផ្សាយរូបភាព។ ជាក់ស្តែងគឺការជំរុញនិងកំណត់ទីតាំងពាណិជ្ជសញ្ញាទេសចរណ៍អានយ៉ាងនៅលើផែនទីទេសចរណ៍ពិភពលោក។ ផ្តោតលើការជំរុញខ្លាំងកិច្ច​សហប្រតិបត្តិ​ការ​ជា​មួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងប្រទេស​ដែល​មានសក្តានុពលខ្ពស់ក្នុងទីផ្សារទេសចរណ៍ និង​តភ្ជាប់កាន់តែស៊ីជម្រៅជាមួយខឿនសេដ្ឋកិច្ចទេសចរណ៍​ពិភពលោក៕ 

ប្រែ៖ ណារីពៅ