ក្នុងរយៈពេល២ថ្ងៃទី ២៧ និង ២៨ ខែវិច្ឆិកា មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង សហការជាមួយសមាគមទេសចរណ៍វៀតណាម សមាគមទេសចរណ៍តំបន់វាលរាបទន្លេគឺវឡុង និងបណ្តាក្រុមហ៊ុនទេសចរណ៍បានរៀបចំកម្មវិធី Famtrip អន្តរជាតិ ដើម្បីសិក្សាស្រាវជ្រាវតំបន់និងគោលដៅទេសចរណ៍ជាពិសេសរបស់ខេត្ត។ គណៈប្រតិភូរួមមានតំណាងក្រុមហ៊ុនទេសចរណ៍ សារព័ត៌មាន និងដៃគូឃោសនាមកពីប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងទីផ្សារសក្តានុពលមួយចំនួនទៀត។

ក្នុងដំណើរនោះ គណៈប្រតិភូបានសិក្សាស្រាវជ្រាវជាក់ស្តែងនៅតាមគោលដៅគំរូរបស់ខេត្តមួយចំនួនដូចជា៖ តំបន់ទេសចរណ៍ជាតិភ្នំស្វាម ព្រៃស្មាច់ត្រាសឺ តំបន់ទេសចរណ៍ថាមពលពន្លឺព្រះអាទិត្យអានហាវជាដើម។ ទន្ទឹមនិងនោះ គណៈប្រតិភូក៏បានវាយតម្លៃសមត្ថភាពកន្លែងស្នាក់នៅ និងសេវាកម្មទេសចរណ៍ថ្មីៗនៅលើភូមិសាស្ត្រផងដែរ។


នៅកន្លែងឈប់សម្រាកនីមួយៗ សមាជិកក្រុមមិនត្រឹមតែកត់ត្រាទទួលស្គាល់នូវតម្លៃទេសភាពធម្មជាតិដ៏ល្អប្លែករបស់តំបន់ភ្នំប្រាំពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានបទពិសោធន៍ដោយផ្ទាល់ពីផលិតផលពិសេសៗ និងស្វែងយល់សិក្សាយ៉ាងស៊ីជម្រៅអំពីជីវភាពវប្បធម៌របស់ជនជាតិដើមភាគតិចផងដែរ។
បន្ទាប់ពីសិក្សាស្រាវជ្រាវ តំណាងក្រុមហ៊ុនទេសចរណ៍អន្តរជាតិជាច្រើនបានវាយតម្លៃខ្ពស់ចំពោះសក្តានុពលរបស់អានយ៉ាង ក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌-ជំនឿ ទេសចរណ៍សហគមន៍ និងទេសចរណ៍តាមព្រំដែន។ ជាពិសេស ការរួមផ្សំ នៃធនធានធម្មជាតិដ៏សម្បូរបែបជាមួយនិងអត្តសញ្ញាណវប្បធម៌សម្បូបែបរបស់ជនជាតិទាំងបួន គិញ - ចិន - ចាម - ខ្មែរ និងម្ហូបពិសេសបានចាត់ទុកជា "គន្លឹះ" ដើម្បីខេត្តអានយ៉ាងទាក់ទាញភ្ញៀវអន្តរជាតិនាពេលខាងមុខ។
លោក ង្វៀនវៀតអាញ់ នាយករងមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្តអានយ៉ាង បានឲ្យដឹងថា មូលដ្ឋានកំពុងផ្តោតលើការលើកកម្ពស់គុណភាពសេវាកម្ម បង្កើនការតភ្ជាប់ជាមួយធុរកិច្ចអន្តរជាតិ និងពង្រីកការឃោសនាគោលដៅ។ កម្មវិធី Famtrip លើកនេះគឺជាសកម្មភាពផ្សព្វផ្សាយដ៏សំខាន់មួយ ដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍អានយ៉ាង បន្ទាប់ពីរដូវកាលពិធីបុណ្យទាន និងឆ្ពោះទៅដល់រដូវកំពូលនៅចុងឆ្នាំ។
តាមរយៈសកម្មភាពនេះ បណ្តាសញ្ញាវិជ្ជមានបានកត់ត្រាទទួលស្គាល់នៅពេលដែលក្រុមហ៊ុនទេសចរណ៍ជាច្រើនបង្ហាញពីបំណងចង់សហការក្នុងការកសាងផលិតផលដំណើរទេសចរណ៍ថ្មី គំនិតច្នៃប្រឌិតតភ្ជាប់ផ្លូវទេសចរណ៍អានយ៉ាង ជាមួយទីក្រុង Kuala Lumpur (ម៉ាឡេស៊ី) តាមរយៈការសហការរវាងផ្លូវគោក និងផ្លូវអាកាសអន្តរតំបន់។ នេះបានសង្ឃឹមថាជាជំហានដំបូងមានអំណោយផល បើកឱកាសនាំទេសចរណ៍អានយ៉ាងទៅកាន់ទីផ្សារអន្តរជាតិកាន់តែទូលំទូលាយ៕
ប្រែ៖ សំណាង