ពីកោះមួយចោលទំនេរ ភូក្វុក ក្លាយជាតំបន់ពិសេសអភិវឌ្ឍន៍យ៉ាងស្វាហាប់ ដោយមានគោលដៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ធម្មជាតិគុណភាពខ្ពស់ ទេសចរណ៍សមុទ្ទ និងកោះលំដាប់ជាតិនិងអន្តរជាតិ ត្រៀមជាស្រេចសម្រាប់ព្រឹត្តិការណ៍ទ្រង់ទ្រាយធំនៃកិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧។

ចំណុចភ្លឺនៅលើផែនទីទេសចរណ៍ពិភពលោក
កោះភូក្វុក មានតួនាទីសំខាន់ជាពិសេស ជាមជ្ឈមណ្ឌលទេសចរណ៍ សេវាកម្ម និងសេដ្ឋកិច្ចសមុទ្ទ កោះ ហើយជាច្រកទ្វារពាណិជ្ជកម្មអន្តរជាតិផង និងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេសផង។ លើសពីគោលដៅលេចធ្លោជាច្រើនទៀតក្នុងតំបន់។ កោះភូក្វុក របស់វៀតណាមទើបតែបានអ្នកជំនាញការ និងអ្នកអានរបស់ Condé Nast Traveler ជ្រើសជាកោះដ៏ស្រស់ស្អាតបំផុតនៅអាស៊ី និងជាកោះទីបីក្នុងពិភពលោក។ ចំណាត់ថ្នាក់នេះស្ថិតក្នុងកម្មវិធីពានរង្វាន់ Reader's Choice Award ដែលរៀបចំឡើងជារៀងរាល់ឆ្នាំដោយទស្សនាវដ្តីទេសចរណ៍ដ៏ល្បីឈ្មោះ Condé Nast Traveler (អាមេរិក)។

នៅប៉ុន្មានឆ្នាំជិតៗនេះ ដោយសារការយកចិត្តទុកដាក់របស់មជ្ឈិម និងការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ប្រព័ន្ធនយោបាយ អាជីវកម្ម និងប្រជាជនទាំងមូល ភូក្វុក បានអភិវឌ្ឍហួសកម្រិត និងខ្លាំងក្លា។ ពាណិជ្ជសញ្ញា “ទេសចរណ៍ភូក្វុក” ថ្ងៃកាន់តែបានបញ្ចាក់លើផែនទីទេសចរណ៍ពិភពលោក ក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចររាប់លាននាក់ រួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរួម។
លោក ត្រាន់មីញខ្វា ប្រធានគណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វុក បានឲ្យដឹងថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចភូក្វុក គឺអនុវត្តក្នុងទិសដៅត្រឹមត្រូវ ដោយទេសចរណ៍ និងសេវាកម្មគឺជាវិស័យសេដ្ឋកិច្ចមុខព្រួញ។ អត្រាកំណើនសេដ្ឋកិច្ចតែងតែស្ថិតក្នុងកម្រិតខ្ពស់ សម្រេចបាន ១៩,៦% មួយឆ្នាំ ក្នុងដំណាក់កាលពីឆ្នាំ ២០២០ ដល់ ២០២៥ កម្លាំងជំរុញសំខាន់គឺមកពីវិស័យពាណិជ្ជកម្ម-សេវាកម្ម (កើនឡើង៦៨,៤៥%) ជាមធ្យមកើឡើងជិត១១%មួយឆ្នាំ។
ភូក្វុកបានធម្មជាតិប្រទានឆ្នេរសមុទ្ទប្រវែងជាង ១៥០ គីឡូម៉ែត្រព័ត្រជុំវិញ មានឆ្នេរលេងទឹកដ៏ស្រស់ស្អាតជាច្រើន ហើយឆ្នេរជាច្រើនក្នុងនោះជាប់ជាលំដាប់ឆ្នេរដ៏ស្រស់ស្អាតបំផុតនៅក្នុងតំបន់ និងពិភពលោក សមុទ្ទនៅទីនេះបានប្រែក្លាយទៅជាឋានសួគ៌រមណីយដ្ឋាន។ កោះពេជ្យមានអាកាសធាតុមិនក្តៅមិនត្រជាក់ ប្រព័ន្ធអេកូឡូស៊ីសមុទ្ទដ៏សម្បូរបែប ទេសភាពចម្រុះ រួមជាមួយនឹងតម្លៃប្រវត្តិសាស្ត្រ សាសនា និងវប្បធម៌ប្រពៃណី។
ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២៥ ភូក្វុក បានស្វាគមន៍ភ្ញៀវទេសចរជាង ៦,៥ លាននាក់ កើនឡើង ៣២,៩% ធៀបនឹងដំណាលពេលនេះឆាំ្នមុន សម្រេចបាន ៩០,៥%ផែនការឆ្នាំ។ ចំណូលទេសចរណ៍សរុបសម្រេចបាន ៣១,១៣៨ ពាន់លានដុង លើស ៣២,៥% ផែនការ។ ក្នុងនោះទទួលភ្ញៀវអន្តរជាតិជាង១,២លាននាក់ ស្មើនឹង៩៧%នៃចំនួនភ្ញៀវអន្តរជាតិដែលមកខេត្តទាំងមូល។
ថ្នាក់ដឹកនាំតំបន់ពិសេសភូក្វុក បានឲ្យដឹងថា កោះពេជ្យបានទាក់ទាញវិនិយោគគិនធំៗជាច្រើនដែលមានសមត្ថភាព និងយុទ្ធសាស្ត្ររយៈពេលវែងដូចជា៖ Sun Group Vingroup BIM Group CEO Group ជាដើម រហូតមកដល់នឹងពេលនេះមានគម្រោងវិនិយោគចំនួន ៣២១ ដែលមានទុនសរុបប្រមាណ ៤៣៥.៥៤៨ ពាន់លានដុង ប្រមូលផ្តុំលើសេវាកម្មលេងកម្សាន្តសម្រាកលំហែកាយលំដាប់ខ្ពស់ និងប្រណិតៗ។ប្រព័ន្ធកន្លែងស្នាក់នៅត្រូវបានចាត់ថ្នាក់ទំនើបបំផុតក្នុងតំបន់ ជាមួយនឹងមូលដ្ឋានជាង ៧០០ និងបន្ទប់ជាង ២៤ ពាន់ ក្នុងនោះមានសណ្ឋាគារលំដាប់ផ្កាយ ៤-៥ ចំនួន ២៩ និងផ្តល់ជូនបន្ទប់ស្តង់ដារអន្តរជាតិចំនួន ១៣.៤៧៥។
ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសជាមួយសេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ចាប់ពីផ្លូវគោករហូតដល់ផ្លូវអាកាសមានភាពស្របគ្នានិងទំនើប។ អាកាសយានដ្ឋានអន្តរជាតិភូក្វុក ក្លាយជាច្រកចេញចូលដ៏សំខាន់ ជាមធ្យមមានជើងហោះហើរចំនួន ៧០ ចុះចត និងហោះហើរជារៀងរាល់ថ្ងៃ។ កំពង់ផែអ្នកដំណើរអន្តរជាតិយឿងដុង ក៏ជាច្រកទ្វារ ស្វាគមន៍កប៉ាល់ទេសចរណ៍លំដាប់ផ្កាយ ៥ ជាច្រើនផងដែរ ក្នុងនោះបណ្តាខែដំបូងនៃឆ្នាំ ២០២៥ បានស្វាគមន៍កប៉ាល់ទំនើបចំនួន ៣ គ្រឿងជាមួយនឹងអ្នកដំណើរអន្តរជាតិប្រមាណ ៨.៩០០នាក់។
ក្រៅពីនេះ ភូក្វុក មានប្រព័ន្ធផលិតផលទេសចរណ៍ចម្រុះជាមួយនឹងទម្រង់ទាក់ទាញជាច្រើនដូចជា៖ មុជទឹក ស្ទូចត្រី ជិះឆ័ត្រយោង ស្វែងយល់អំពីព្រៃបុរាណ ទស្សនាកោះ និងតំបន់វប្បធម៌-ប្រវត្តិសាស្ត្រល្បីៗដូចជា យីញកូវ រមណីយដ្ឋានប្រវត្តិសាស្ត្រជាតិ ជាពិសេសមន្ទីរឃុំឃាំងភូក្វុក។ល។

មានសំណង់ទំនើបៗជាច្រើន ដែលមានតម្លៃវប្បធម៌ប្លែក និងគួរឲ្យចាប់អារម្មណ៍ គំរូ ដូចជា៖ សួនផ្កាថ្មដំបូងនៅវៀតណាម។ កោះឋានសួគ៌ហនធើម ប្រជុំរមណីយដ្ឋានលំហែកាយ កន្លែងកម្សាន្តលំដាប់ខ្ពស់ និងវីឡាប្រណីត។ កន្ត្រកកាប ៣ ខ្សែវែងជាងគេលើពិភពលោក ៧.៩៩៩គីឡូម៉ែត្រ។ Sun Grand City Hillside Residence & Sun Premier Village Primavera តំបន់ទីក្រុងឆ្នេរសមុទ្ទមានរចនាប័ទ្មមេឌីទែរ៉ាណេ វិសាលដ្ឋាន ប៉មនាឡិកា និងផ្លូវវិចិត្រសិល្បៈ។ អាថ៌កំបាំងព្រះអាទិត្យនៅជ្រលងភ្នំភូក្វុក រមណីយដ្ឋានអេកូរួមជាមួយពាណិជ្ជកម្ម ស្ថិតនៅចន្លោះព្រៃបុរាណ និងឆ្នេរសមុទ្ទ បង្កើតជាបទពិសោធន៍ជិតស្និទ្ធនឹងធម្មជាតិ។ Grand World ភូក្វុកបានគេស្គាល់ថាជា "ទីក្រុងមិនគេង" ជាកន្លែងកម្សាន្ត-ដើរទិញឥវ៉ាន់ និងកន្លែងវប្បធម៌។ VinWonders ភូក្វុក គឺជាឧទ្យានប្រធានបទធំបំផុតវៀតណាមជាមួយនឹងតំបន់កម្សាន្តចំនួន ៦ ដូចជា៖ ពិភពរឿងព្រេង ពិភពផ្សងព្រេងជាដើម។ Vinpearl Safari ភូក្វុក សួនសត្វពាក់កណ្តាលសត្វព្រៃដំបូងគេនៅវៀតណាមដោយមានសត្វកម្រៗមកពីពិភពលោក។ល។
របរធ្វើទឹកត្រីបែបប្រពៃណីរបស់ភូក្វុក បានផ្តល់កិត្តិយសជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ ក្រៅពីនេះ កោះពេជ្យក៏ល្បីអំពីម្ហូបអាហារពិសេសជាច្រើនផងដែរ ដូចជា៖ គុជខ្យង ម្រេច ផ្សិតស្មាច់ ស្រាស៊ីមព្រៃជាដើម និងម្ហូបពិសេសរបស់កោះសមុទ្ទដូចជា៖ ភ្លាត្រីហែរីង កាំប្រម៉ាសមុទ្ទអាំង នំបញ្ចុកកូរ (ប៊ុនគ្វៃ) និងគ្រឿងសមុទ្រស្រស់ៗ។
“កាលានុវត្តភាពមាស” - រៀបចំព្រិត្តិការណ៏ APEC ២០២៧
មជ្ឈិមបានកំណត់ច្បាស់ថាការកសាងភូក្វុក ទៅជា “មជ្ឈមណ្ឌលសេវាកម្ម និងអេកូទេសចរណ៍គុណភាពខ្ពស់ ទេសចរណ៍សមុទ្ទនិងកោះលំដាប់ជាតិនិងអន្តរជាតិ តភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចធំៗក្នុងតំបន់ និងពិភពលោក”។
ជាពិសេស ភូក្វុក កំពុងប្រឈមនឹង "កាលានុវត្តភាពមាស" នៅពេលដែលបានមជ្ឈិមសម្រេចជ្រើសរើសជាគោលដៅសម្រាប់កិច្ចប្រជុំកំពូល APEC ឆ្នាំ ២០២៧។នេះជាកម្លាំងចលករដ៏ធំសម្រាប់ភូក្វុកបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម អភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទ ទាក់ទាញការវិនិយោគ និងបង្កើនទេសចរណ៍ និងសេវាកម្ម។
លោក ឡេក្វុកអាញ លេខាគណៈកម្មាធិការបក្សតំបន់ពិសេសភូក្វុក បានចែករំលែកថា ភូក្វុកបានកំណត់គោលដៅដល់ឆាំ្ន ២០៣០ ក្លាយជាមជ្ឈមណ្ឌលអេកូឡូស៊ី រមណីយដ្ឋានសម្រាកកាយ និងច្នៃប្រឌិតអន្តរជាតិ។ ចំនួនភ្ញៀវទេសចរណ៍សរុបនឹងកើនដល់ ១៥លាននាក់នៅឆ្នាំ២០៣០ កើនឡើងជាង១១៤% បើធៀបនឹងឆ្នាំ២០២៥ ជាមធ្យមជារៀងរាល់ឆាំ្នកើនឡើង ១៦,៤៧%។ ដើម្បីសម្រេចបាននូវគោលដៅនេះ ភូក្វុក បានផ្តោតលើការធ្វើអាជីវកម្ម និងពង្រីកសក្តានុភាពនិងប្រៀបខ្លាំងដែលមានស្រាប់។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល ផ្តល់អាទិភាពលើវិស័យសេដ្ឋកិច្ចសមុទ្ទ ពាណិជ្ជកម្ម-សេវាកម្ម និងទេសចរណ៍។
សមមិត្ត ឡេក្វុកអាញ លេខាគណៈកម្មាធិការបក្សតំបន់ពិសេសភុក្វុក បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងបាវចនាបម្រើ APEC ២០២៧ ប្រជាជនភូក្វុកនីមួយៗគឺជាឯកអគ្គរដ្ឋទូតទេសចរណ៍ រួមជាមួយនឹងប្រព័ន្ធនយោបាយ និងសហគមន៍ធុរកិច្ចទាំងមូលត្រៀមលក្ខណៈឲ្យបានល្អបំផុតសម្រាប់ព្រឹត្តិការណ៍ពិភពលោកនេះ។ ការថិរភាពសន្តិសុខការពារប្រទេស គឺជាកត្តាស្នូល ក្នុងការបង្កើតបរិយាកាសអំណោយផល ដើម្បីទាក់ទាញវិនិយោគគិន និងជាគោលដៅសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ ភូក្វុកក៏ បានប្តេជ្ញាកសាងតំបន់ពិសេសទៅជា “អង្គភាពគំរូអំពីសន្តិសុខ សណ្តាប់ធ្នាប់ និងអារ្យធម៌ទីក្រុង” គឺជាតំបន់ពិសេសគ្មានឧក្រិដ្ឋកម្ម គ្មានគ្រឿងញៀន នាំមកនូវសន្តិភាពជូនប្រជាជន និងភ្ញៀវទេសចរ។
លោក ង្វៀន វូខាក់ហ្វី អនុប្រធានសម្ព័ន្ឋសមាគមទេសចរណ៍អានយ៉ាង ប្រធានសាខាសមាគមទេសចរណ៍ភូក្វុក បានចែករំលែកថា៖ កោះពេជ្យកំពុងប្រឈមមុខនឹងកាលានុវត្តភាពលើសលុបដែលមិនធ្លាប់មានតាំងពីមុនមកសម្រាប់ការអភិវឌ្ឍក្នុងយុគសម័យថ្មី ដើម្បីក្លាយជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ប្រៀបបាននឹងកោះទេសចរណ៍ល្បីៗលើពិភពលោក។ ដើម្បីបម្រើដល់ APEC ២០២៧ រដ្ឋាភិបាលបានណែនាំអនុវត្តជាបន្ទាន់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន ២១ ដូចជា៖ បង្កើនគុណភាពអាកាសយានដ្ឋានអន្តរជាតិភូក្វុក សាងសង់តំបន់ពហុមុខងារ APEC ជាមួយនិងរោងចក្រដោះស្រាយទឹកសំណល់ និងផ្លូវចរាចរណ៍ជាដើម។ ក្នុងនោះគឺជាកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស្នាក់នៅ សេវាកម្ម ការអភិវឌ្ឍសណ្ឋាគារលំដាប់ខ្ពស់ជាមួយនឹងពាណិជ្ជសញ្ញាល្បីៗដែលមកវៀតណាមជាលើកដំបូង។ ផ្នែកសុខាភិបាលក៏បានតម្រង់ទិសលើកកម្ពស់សម្រេច ស្តង់ដារអន្តរជាតិ ដើម្បីបំពេញនូវតម្រូវការទេសចរណ៍គុណភាពខ្ពស់ជាមួយនឹងការរំពឹងទុកថា ទេសចរណ៍ភូក្វុក នឹងផ្ទុះឡើងមុនវេទិកា APEC ២០២៧ ហើយរីកចម្រើនខ្លាំងបន្ទាប់ពីនោះ។
ភូក្វុក កំពុងប្រែខ្លួនខ្លាំងក្លា ដើម្បីមិនត្រឹមតែជាធ្វើជាម្ចាស់ផ្ទះ APEC ២០២៧ ប៉ុណ្ណោះទេ តែថែមទាំងក្លាយជាគោលដៅសកលសម្រាប់ទេសចរណ៍ រមណីយដ្ឋានសម្រាក់កាយ និងសន្និសីទអន្តរជាតិផងដែរ។ ជាពិសេស កោះពេជ្យកំពុងឈរនៅមុខទ្វារយុគសម័យអភិវឌ្ឍថ្មី ក្លាយជាតំបន់ពិសេសទំនើប អារ្យធម៌ បៃតង ជ្រះ ស្អាត សុវត្ថិភាព និងគួរឲ្យរស់នៅ៕
ប្រែ៖ ណារីពៅ