នៅយប់ថ្ងៃទី ០៣ ខែ មីនា នៅឧទ្យាន ត្រាន់ហូវ គណៈកម្មាធិការប្រជាជនសង្កាត់ ហាទៀន បានរៀបចំកម្មវិធីសិល្បៈ ពិធីបុណ្យកាំជ្រួចផ្កា និងពិធីបណ្តែតប្រទីបអបអរសាទរខួប ២៩០ឆ្នាំ បង្កើតសមាគមកំណាព្យជៀវអាញ់កាក (១៧៣៦ - ២០២៦)។





ចូលរួមកម្មវិធីសិល្បះ មានលោក ង្វៀនតាន់យុង អតីតសមាជិកការិយាល័យនយោបាយ និងលោកនាយឧត្តមសេនីយ៍ ឡេហុងអាញ់ អតីតនាយករដ្ឋមន្ត្រីរដ្ឋាភិបាល អតីតប្រចាំការគណៈលេខាមជ្ឈិមបក្ស។ លោក ង្វៀនទៀនហៃ សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត។លោក ហូវ៉ាន់ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ លោក ង្វៀន ថាញ ញ៉ាន អនុលេខាប្រចាំការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ អ្នកស្រី ត្រាន់ធីថាញ់ហឿង អនុលេខាបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ត្រខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត រួមទាំងអតីតថ្នាក់ដឹកនាំខេត្ត តំណាងមន្ទីរ ផ្នែក មូលដ្ឋាន ភ្ញៀវទេសចរក្នុង និងក្រៅខេត្ត។
កាលពី ២៩០ ឆ្នាំមុន នៅនិទាឃរដូវឆ្នាំរោង ១៧៣៦ លោក ម៉ាកធៀនទិត អគ្គសេនាបតី ឧត្តមនាវីឯកក្រុងហាទៀន បានរៀបចំពិធីបុណ្យបណ្តែតប្រទីប និងបង្កើតសមាគមកំណាព្យជៀវអាញ់កាក - ជាមជ្ឈមណ្ឌលសម្រាប់ប្រមូលផ្តុំអ្នកមានទេពកោសល្យអក្សរសាស្ត្រ និងការពិភាក្សាអំពីទស្សនវិជ្ជា ជំរុញសន្ទុះស្មារតីនិងបញ្ញានៃតំបន់ដីដ៏ពិសិដ្ឋនៅភាគនិរតីនៃមាតុភូមិ។
ចាប់ពីពេលជៀវអាញ់កាកគ្រឹះអក្សរសាស្ត្រហាទៀន បានរីកចម្រើនជាមួយនឹងស្នាដៃអក្សរសាស្ត្រល្បីៗ បានធ្វើឲ្យហាទៀនក្លាយជាសមរភូមិអក្សរសាស្ត្រនៃភាគខាងត្បូង។ សមាគមអក្សរសាស្ត្រត្រូវបានអ្នកប្រវត្តិសាស្ត្រ និងអ្នកស្រាវជ្រាវអក្សរសាស្ត្រចាត់ទុកថាជាសមាគមអក្សរសាស្ត្រធំទីពីរក្នុងប្រវត្តិសាស្ត្រអក្សរសាស្ត្រវៀតណាម បន្ទាប់ពីសមាគមអក្សរសាស្ត្រតារាម្ភៃប្រាំបីដែលបង្កើតឡើងដោយស្តេចឡេថាញ់តុង។ ហើយវាក៏ជាសមាគមអក្សរសាស្ត្រដែលមានអាយុកាលយូរបំផុតនៅក្នុងតំបន់ព្រំដែននេះផងដែរ។
ថ្លែងមតិបើកកម្មវិធី លោក ត្រាន់ហៃក្វឹក អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ហាទៀន បានមានប្រសាសន៍ថា ពិធីបុណ្យ ២៩០ ឆាំ្នបង្កើតសមាគមកំណាព្យ ជៀវអាញ់កាន ឆាំ្ន២០២៦ បានរៀបចំឡើងដោយមានខ្លឹមសារសម្បូរបែប និងពោពេញទៅដោយអត្តសញ្ញាណជាតិ ដើម្បីលើកតម្កើងសមទ្ឋិផលវប្បធម៌-អក្សរសាស្ត្ររបស់បុព្វបុរស។ ដើម្បីដាស់មោទនភាព និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ ទន្ទឹមនិងនោះផ្សព្វផ្សាយរូបភាពហាទៀនដែលជាតំបន់ដីបេតិកភណ្ឌ ស្រស់ស្រាយរួសរាយ និងរាក់ទាក់ ទៅកាន់មិត្តភក្តិក្នុងប្រទេស និងអន្តរជាតិ។


បានបង្កើត និងអភិវឌ្ឍន៍ជាង៣សតវត្សមកហើយ ទីក្រុងហាទៀនសព្វថ្ងៃនេះកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីបញ្ចាក់ពីតួនាទីនៃខ្លួនជាទីក្រុងព្រំដែនដ៏ស្វាហាប់ ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏សំខាន់នៃតំបន់ភាគនិរតីនៃមាតុភូមិ។ ក្នុងដំណើរនេះ សមាគមកំណាព្យ ជៀវអាញ់កាក នៅតែជាបេតិកភណ្ឌដ៏មានតម្លៃ ជានិមិត្តរូបនៃបញ្ញា និងជាដួងព្រលឹងនៃតំបន់ដីហាទៀនពីអតីតកាល និងបច្ចុប្បន្នកាល។
ពង្រីកនូវតម្លៃប្រពៃណីនោះ ហាទៀនបានដាក់ចេញគោលដៅជាចម្បងនាពេលខាងមុខ គឺធ្វើឲ្យពិធីបុណ្យកំណាព្យជៀវអាញ់កាក បានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិជាផ្លូវការ។ ទន្ទឹមនិងនោះ ប្តេជ្ញាចិត្តអភិវឌ្ឍទីក្រុងហាទៀនឲ្យក្លាយជាទីក្រុងវប្បធម៌ និងទេសចរណ៍ដ៏ពិសេសមួយនៅតំបន់វាលរាបទន្លេគឺវឡុង។

កម្មវិធីសិល្បៈមានប្រធានបទ៖ ហាទៀន - ដែនដីព្រំដែន - ដែនដីកំណាព្យ។ ក្រៅពីនេះ ក្នុងកម្មវិធីពិធីបុណ្យឆ្នាំនេះ សកម្មភាពប្រពៃណីនៃកវីនិពន្ឋ និងអប់រំអត្ថន័យដែលពោពេញទៅដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ព្រំដែននៅតែបានថែរក្សា និងរៀបចំឡើង ដូចជា៖ ពិធីបូជាយ័ញ្ញបួងសួងដល់ទេវតា និងធរនី សុំឲ្យប្រទេសជាតិមានសុខសន្តិភាពនិងប្រជាជនសុខសាន្តនៅតំបន់សឺនសៀន លើកំពូលភ្នំប៊ិញសាន។អុជធូបនៅទីសការៈគ្រួសារម៉ាក។ ពិធីសម្ពោធគម្រោងជួសជុលកែលម្អនូវវត្ថុបុរាណប្រវត្តិសាស្ត្រ និងវប្បធម៌នៃមណ្ឌលអនុស្សាវរីយ៍កវីនិពន្ឋដុងហូ និងម៉ុងទ្វៀត និងកសាងឡើងវិញអន្តេវាសិកដ្ឋានទ្រីឌឹក។ ពិធីព្រលែងកូនត្រីបំពេញបន្ថែមធនធានទឹកនៅក្នុងបឹងដុងហូ។ កម្មវិធីសិល្បៈ ក្បួនដង្ហែផ្កា។ វិថីអក្សរក្បាច់ តាំងពិព័រណ៍រូបថតហាទៀនអតីតកាល និងបច្ចុប្បន្នកាល តាំងពិព័រណ៍សៀវភៅ និងវត្ថុបុរាណ។ សកម្មភាពតាមដងផ្លូវ ផ្សព្វផ្សាយទេសចរណ៍ និងម្ហូបអាហារ។
ចំណុចលេចធ្លោនៃរាត្រីបុណ្យគឺការបាញ់កាំជ្រួចផ្កា បានទាក់ទាញប្រជាជនរាប់ពាន់នាក់មកចូលរួមទស្សនា។ កម្មវិធីបានបញ្ចប់ដោយពិធីបណ្តែតប្រទីប ដែលជាពិធីវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ទីក្រុងហាទៀន។ប្រទីបនីមួយៗត្រូវបានបំភ្លឺ និងបណ្តែតលើផ្ទៃទឹក របស់បឹងដុងហូ មិនត្រឹមតែបង្ហាញពីបំណងប្រាថ្នាសម្រាប់សន្តិភាព និងសុភមង្គលប៉ុណ្ណោះទេ តែថែមទាំងបង្ហាញពីបំណងប្រាថ្នាពីហាទៀនអភិវឌ្ឍន៍ដ៏រុងរឿង ចីរភាព និងមេត្រីភាពផងដែរ៕
ប្រែ៖ ណារីពៅ