នៅថ្ងៃទី៨ ខែមីនា នៅឧទ្យានភ្នំពពាល គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំសន្និបាតស្តីពីការអភិវឌ្ឍទេសចរណ៍នៅភ្នំពពាល ក្រោមប្រធានបទ "ស្ថានភាពនិងការតម្រង់អភិវឌ្ឍទេសចរណ៍នៅភ្នំពពាល ខេត្តអានយ៉ាង"។ សន្និបាត ដឹកនាំដោយលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ អញ្ជើញចូលរួមក៏មានលោក ឡេ វ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ថ្នាក់ដឹកនាំមន្ទីរផ្នែកពាក់ព័ន្ឋថ្នាក់ខេត្ត និងសារជីវកម្មធ្វើអាជីវកម្មសេវាកម្មទេសចរណ៍ និងដំណើរទីឆ្ងាយផងដែរ។


យោងតាមគណៈគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពពាល ភ្នំពពាលមានទីតាំងស្ថិតនៅកណ្តាលតំបន់បៃនុយ(ដែលមានភ្នំ ៧ចំណុះឃុំនុយកាំ ឃុំអានគឺ និងសង្កាត់ជីឡាំង។ មានផ្ទៃដីធម្មជាតិ ៣.១០០ ហិកតា និងកម្ពស់ ៧១០ ម៉ែត្រ ធៀបនឹងកម្រិតទឹកសមុទ្ទ។ ជាមួយនឹងដីភ្នំដ៏អស្ចារ្យ និងទេសភាពធម្មជាតិដ៏ពិសេស ភ្នំពពាលបានចាត់ទុកថាជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់របស់ខេត្តអានយ៉ាង និងតំបន់វាលរាបទន្លេគឺវឡុង។ តំបន់ទេសចរណ៍ភ្នំពពាលបានគ្រោងរៀបចំលើផ្ទៃដីជាង ១.០៥០ ហិកតា ក្នុងនោះភាគច្រើនតំបន់ទេសចរណ៍ស្ថិតនៅក្នុងឃុំភ្នំពពាល។
ភ្នំពពាលមានអាកាសធាតុត្រជាក់ពេញមួយឆ្នាំ ជាមួយនឹងសីតុណ្ហភាពជាមធ្យមចាប់ពី ១៨-២៥អង្សាសេ និងសំណើមប្រហែល ៨០% មានអំណោយផលសម្រាប់ការលូតលាស់របស់រុក្ខជាតិជាច្រើនប្រភេទ។ តំបន់នេះមានពីររដូវច្បាស់លាស់៖ រដូវវស្សាចាប់ពីខែមិថុនាដល់ខែវិច្ឆិកា និងរដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភាឆ្នាំបន្ទាប់ ជាមធ្យមរដូវប្រាំងមានប្រហែល ៦ ខែក្នុងមួយឆ្នាំ។

លោក ប៊ូយ ក្វឹក ថៃ នាយកមន្ទីរទេសចរណ៍ខេត្តមានប្រសាសន៍ថា ដំណើរការសាងសង់ និងអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំពពាល បានបញ្ជាក់ពីតួនាទីជាបណ្តើរៗគឺជាគោលដៅសំខាន់មួយសម្រាប់ទេសចរណ៍អានយ៉ាង ពង្រីកប្រសិទ្ធភាពនៃតម្លៃធនធានធម្មជាតិ និងវប្បធម៌ដែលមានស្រាប់ ជាពិសេសគឺការរួមបញ្ចូលរវាងទេសចរណ៍វិញ្ញាណ អេកូឡូស៊ី និងរមណីយដ្ឋានសម្រាកលំហែកាយ។តំបន់ទេសចរណ៍ភ្នំពពាល កំពុងពិពិធកម្មផលិតផល និងសេវាកម្មសម្រាប់អ្នកទេសចរ ដូចជាប្រព័ន្ធកន្ត្រកខ្សែកាប សកម្មភាពដើរឡើងភ្នំ និងឧទ្យានទឹកឡាំវៀនជាដើម រួមចំណែកលើកកម្ពស់បទពិសោធន៍សម្រាប់ភ្ញៀវទេសចរ ជំរុញអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកែចម្រើនជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។
ដើម្បីអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំពពាល នាពេលខាងមុខ មន្ទីរទេសចរណ៍ខេត្តអានយ៉ាងបានមានប្រសាសន៍ជឿជាក់ថា៖ តំបន់ទេសចរណ៍ភ្នំពពាលចាំបាច់ត្រូវតែតម្រង់ទិសផលិតផលទេសចរណ៍ចម្រុះឲ្យសមស្របទៅនឹងសក្តានុពល និងគុណសម្បត្តិដែលមានស្រាប់។ ក្នុងនោះផ្តោតលើទម្រង់ទេសចរណ៍អេកូឡូស៊ី រមណីយដ្ឋានសម្រាកលំហែកាយ និងទេសចរណ៍ខាងវិញ្ញាណ។ ទន្ទឹមនិងនោះ ទាក់ទាញការវិនិយោគបន្តិចម្តងៗ ដើម្បីកសាងប្រព័ន្ធស្នាក់នៅ សេវាកម្មទេសចរណ៍គុណភាពខ្ពស់ ឆ្ពោះទៅដល់ការបង្កើតរមណីយដ្ឋានសម្រាកលំហែកាយ និងសណ្ឋាគារស្តង់ដារផ្កាយ ៣-៥ ដើម្បីឆ្លើយតបតម្រូវការរបស់អ្នកទេសចរ។
ក្រៅពីនោះ ការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីនិងវិញ្ញាណបានផ្សារភ្ជាប់នឹងគោលដៅទេសចរណ៍ពិសេស ដូចជា វត្ត រូងភ្នំ ទីសក្ការៈបូជា និងទីតាំងសាសនានៅលើភ្នំពពាល។ ព្រមជាមួយនោះ លើកកម្ពស់គោលដៅទេសចរណ៍គំរូដូចជា វត្តវ៉ាន់លីញ វត្តព្រះពុទ្ធធំ រូងភ្នំធ្វីលៀម រូងភ្នំបាកវ៉ាតឡាង រូងភ្នំអុងហូ ទីសក្ការៈបូជាគូផាំជាដើម ដើម្បីរក្សាតម្លៃវប្បធម៌ ជំនឿសាសនា និងបង្កើនភាពទាក់ទាញនៃគោលដៅ។

នៅសន្និបាត អ្នកជំនាញការបានផ្ដល់យោបល់ថា មូលដ្ឋាននានាចាំបាច់ត្រូវតែលើកទឹកចិត្តដល់ការអភិវឌ្ឍទេសចរណ៍សហគមន៍ ដូចជាទេសចរណ៍កសិកម្ម ទេសចរណ៍អេកូឡូស៊ីសួនច្បារ និងភូមិសិប្បកម្មប្រពៃណី តាមរយៈនោះ ផ្សារភ្ជាប់សហគមន៍ក្នុងតំបន់ចូលរួមជាបណ្តើរៗក្នុងសកម្មភាពទេសចរណ៍។ បង្កើតយុទ្ឋសាស្ត្រអាជីវកម្មគោលដៅ កំណត់ពាណិជ្ជសញ្ញាឲ្យច្បាស់លាស់នៅលើផែនទីទេសចរណ៍ក្នុងតំបន់ និងកំណត់រូបភាពក្នុងទិស "ភ្នំពពាលជាដំដូលរបស់ភាគនារតី” ឬ "មជ្ឈមណ្ឌលទេសចរណ៍អេកូឡូស៊ី ជាវិញ្ញាណរបស់តំបន់បៃនុយ"។

ថ្លែងមតិបញ្ចប់សន្និបាត លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា សន្និបាតនេះមានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍របស់ខេត្តអានយ៉ាងនិយាយរួម ក្នុងនោះសំខាន់បំផុតលើវិស័យទេសចរណ៍នៅនុយកាំ និងតំបន់ជុំវិញ។
ទៅទន្ទឹមនិងពីការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កោះភូក្វឹកនៅលើផែនទីទេសចរណ៍វៀតណាម និងពិភពលោកនាពេលបច្ចុប្បន្ននេះ ខេត្តអានយ៉ាងមានសក្តានុភាព ប្រៀបខ្លាំង និងភូមិសាស្ត្រយ៉ាងច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ ជាពិសេសបន្ទាប់ពីការរួមបញ្ចូលគ្នា។ ដោយមានទម្រង់ទេសចរណ៍ជាច្រើនប្រភេទ ចាប់តាំងពីទេសចរណ៍ភ្នំ ទន្លេ និងឆ្នេរ រហូតដល់ទេសចរណ៍កម្រិតខ្ពស់ ទេសចរណ៍សហគមន៍ ទេសចរណ៍វប្បធម៌ខាងវិញ្ញាណ និងប្រវត្តិសាស្ត្រ។
ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភ្នំពពាល លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យមន្ទីរ ផ្នែកនិងមូលដ្ឋាននានាបង្កើនការគ្រប់គ្រង និងគោរពច្បាប់ ធានាសន្តិសុខសណ្តាប់ធ្នាប់ ការពារទេសភាពបរិស្ថាន ដោះស្រាយស្ថានភាពសាងសង់ homestay ខុសច្បាប់ អូសទាញភ្ញៀវ ធានាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ និងអនាម័យបរិស្ថាន ដើម្បីកសាងរូបភាពគោលដៅទេសចរណ៍បៃតង អារ្យធម៌ និងសុវត្ថិភាព។ ទន្ទឹមនិងនោះ បង្កើតដំណើរកម្សាន្ត និងផ្លូវទេសចរណ៍ផ្សព្វផ្សាយពាណិជ្ជសញ្ញានិងអនុវត្តការផ្លាស់ប្តូរឌីជីថលទៅក្នុងវិស័យទេសចរណ៍ជាដើម។
លោក ហូ វ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានមានប្រសាសន៍ថា ខេត្តនឹងអំពាវនាវដល់អាជីវកម្មដែលមានសមត្ថភាពឲ្យចូលរួមវិនិយោគ និងគ្រប់គ្រងតំបន់ទេសចរណ៍ភ្នំពពាលស្របតាមច្បាប់ ដោយផ្លាស់ប្តូរបន្តិចម្តងៗពីទម្រង់គ្រប់គ្រងរដ្ឋ ទៅជាការទាក់ទាញអាជីវកម្មវិនោយោគ តាមរយៈនោះពង្រីកប្រសិទ្ឋភាពសក្តានុភាព និងធ្វើឲ្យភ្នំពពាលក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់តំបន់៕
ប្រែ៖ សំណាង