នាល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តអានយ៉ាង បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ក្នុងការចុះបញ្ជីអាជីពធ្វើស្ករត្នោតរបស់ជនរួមជាតិភាគតិចខ្មែរនៅស្រុកទ្រីតូន និងទីរួមខេត្តទិញបៀន ខេត្តអានយ៉ាង ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។
ថ្លែងមតិបើកពិធី លោក ង្វៀនថាញហុង អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តទិញបៀន បានអះអាងថា ដើមត្នោតគឺជាផលិតផលដ៏មានតម្លៃ ជាផលិតផលវប្បធម៌ពិសេសរបស់តំបន់ភ្នំប្រាំពីរ - អានយ៉ាង។ ជាមួយនឹងតម្លៃជាគំរូ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានសេនាធិការដល់គណៈកម្មាធិការប្រជាជនខេត្ត ឲ្យរៀបចំឯកសារវិទ្យាសាស្ត្រ “អាជីពធ្វើស្ករត្នោតរបស់ជនជាតិខ្មែរខេត្តអានយ៉ាង” ដើម្បីដាក់ជូនក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ពិនិត្យទទួលស្គាល់ដើម្បីបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ជាតិ។
បន្ទាប់ពីក្រុមប្រឹក្សាបេតិកភណ្ឌជាតិបានវាយតម្លៃ និងអនុម័តជាឯកច្ឆ័ន្ទ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍បានចេញសេចក្តីសម្រេចលេខ ៣៧៦/QD-BVHTTDLស្តីពីការប្រកាសដាក់បញ្ចូលអាជីពធ្វើស្ករត្នោតរបស់ជនរួមជាតិខ្មែរខេត្តអានយ៉ាង ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ នេះជាមោទនភាពរបស់ជនរួមជាតិខ្មែរនៅទីរួមខេត្តទិញបៀន និងស្រុកទ្រីតូន គឺជាបុរេសម្រាប់រដ្ឋាភិបាល និងជនរួមជាតិខ្មែរលើកកម្ពស់ការយល់ដឹងក្នុងការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ។
ថ្លែងមតិក្នុងពិធី លោក ទ្រឿងបាត្រាង អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍អានយ៉ាង បានជូនពរអាជ្ញាធរមូលដ្ឋាន សិប្បករស្ករត្នោត និងបងប្អូនជនជាតិខ្មែរនៅទីរួមខេត្តទិញបៀននិងស្រុកទ្រីតូន។ ទន្ទឹមនឹងនោះ ក៏បានបញ្ជាក់ថា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នឹងរួមជាមួយទីរួមខេត្តទិញបៀន និងស្រុកទ្រីតូន នឹងរៀបចំផែនការអភិរក្ស និងពង្រីកតម្លៃនៃអាជីពធ្វើស្ករត្នោតរបស់ជនរួមជាតិខ្មែរក្នុងដំណាក់កាល ២០២៥ - ២០៣០។
មុនពេលអាជីពធ្វើស្ករត្នោតរបស់ជនជាតិភាគតិចខ្មែរបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ អានយ៉ាងមានបេតិកភណ្ឌចំនួន ៧ បានទទួលស្គាល់រួចទៅហើយ រួមមាន៖ ពិធីបុណ្យលោកយាយភ្នំស្វាម។ ពិធីប្រណាំងគោភ្នំប្រាំពីរ។ ចំណេះដឹង និងបច្ចេកទេសសរសេរអក្សរលើស្លឹករឹតរបស់ជនជាតិខ្មែរ។ ពិធីបុណ្យកម្សានភូមិនៅស្តូបលោកមេទ័ពថ្វយង៉ុកហូវ(ស្រុក ថ្វយសឺន)។ របៀបវារៈវដ្តជីវិតនៃសាសនាចាមអ៊ីស្លាមទីរួមខេត្តតាន់ចូវ និងស្រុកអានភូ។ អាជីពតម្បាញសង្គឹមរបស់ជនជាតិចាមឃុំចូវផុង(ទីរួមខេត្តតាន់ចូវ)។សិល្បះសម្តែងល្ខោនយីកេរបស់ជនជាតិខ្មែរឃុំអូរឡាំ (ស្រុកទ្រីតូន)៕
ប្រែ៖ ណារីពៅ