Bỏ qua đến nội dung chính
ពង្រីកតួនាទីនៃកងកម្លាំងជំរឿនកសិកម្មក្នុងការអនុវត្តអាជ្ញាធរមូលដ្ឋានពីរថ្នាក់

រសៀលថ្ងៃទី ១៥ ខែកញ្ញា ក្រសួងកសិកម្ម និងបរិស្ថានបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រៀបចំសន្និសីទវាយតម្លៃប្រសិទ្ធភាពសកម្មភាពជំរឿនកសិកម្ម និងជំរឿនកសិកម្មសហគមន៍ក្នុងការអនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់នៅបណ្តាខេត្តតំបន់វាលទំនាបទន្លេគឺវឡុង។ លោក ត្រាន់ថាញណាម អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន លោក ង៉ោកុងធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីសន្និសីទ។

ប្រតិភូ ភ្ញៀវអញ្ជើញចូលរួមសន្និសីទ
លោក ង៉ោកុងធឹក អនុប្រធានគណ​កម្មាធិការប្រជា​ជន​ខេត្ត​អានយ៉ាងថ្លែងមតិក្នុងសន្និសីទ

បន្ទាប់​ពី​អនុវត្តទម្រង់អាជ្ញាធរ​មូលដ្ឋាន​ពីរថ្នាក់ តំបន់​វាលទំនាបទន្លេគឺវឡុង​មាន​មជ្ឈមណ្ឌល​ជំ​រឿន​កសិ​កម្មថ្នាក់ខេត្ត​ចំនួន ៦។ ស្ថានីយជំរឿន​កសិកម្ម​ និង​​មជ្ឈមណ្ឌល​សេវាកម្ម​កសិកម្មថ្នាក់​ស្រុក ​​ត្រូវ​បាន​រៀប​ចំ​ឡើង​វិញ​ជា​ស្ថានីយ ឬមជ្ឈមណ្ឌល​ជំរុញ​កសិ​កម្ម​និង​​សេវា​កសិកម្ម​ក្នុង​តំបន់។ ទន្ទឹមនិងនោះ បណ្តាមូល​ដ្ឋាននៅតែរក្សាបានក្រុមជំរឿនកសិកម្មសហគមន៍ចំនួន​ ១.០១៣ ដែលមានសមាជិកចំនួន ១០.៣៦១ នាក់​។​

ប្រតិភូចូលរួមផ្តល់មតិយោបល់នៅក្នុងសន្និសីទ
ជូនសៀវភៅរឿងរូបភាពផ្សព្វផ្សាយពីជំរឿនកសិកម្មដល់ក្រុមជំរឿនកសិកម្មសហគមន៍
ប្រកាសសេចក្តីសម្រេចបង្កើតក្លឹបអ្នកជំនាញកសិកម្មតំបន់វាលទំនាបទន្លេគឺវឡុង

នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សា​អំពី​គុណ​សម្បត្តិ និងគុណវិបត្តិក្នុងសកម្មភាពរបស់​កម្លាំង​ជំ​រឿន​​កសិកម្ម និងជំរឿនកសិកម្មសហគមន៍នៅពេល​ដែល​អនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។ ស្នើ​សុំ​ទម្រង់​រៀបចំជំរឿនកសិកម្ម និងជំរឿនកសិកម្មសហគ​ម​ន៍​​នៅតំបន់វាលទំនាបទន្លេគឺវឡុងដែល​សមស្រប​ទៅ​នឹង​​លក្ខខណ្ឌជាក់ស្តែង។ សន្និសីទក៏បាន​ប្រកាសអំពី​សេច​​ក្តីសម្រេចបង្កើតក្លឹបអ្នកជំនាញ​កសិកម្ម​តំបន់វាល​ទំ​នាបទន្លេគឺវឡុង ដែលមានសមាជិកចំនួន ១១៨ នាក់​។​

លោក ត្រាន់ថាញណាម អនុរដ្ឋមន្ត្រីកសិកម្មនិង​បរិ​ស្ថាន​​ថ្លែងមតិបញ្ចប់សន្និសីទ

ថ្លែងមតិនៅក្នុងសន្និសីទ លោក ត្រាន់​ថាញ​ណាម​ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន បាន​ស្នើ​ថា​ មជ្ឈមណ្ឌលជំរឿនកសិកម្មជាតិ​ត្រូវបន្តពង្រីក​តួនា​ទី​របស់ក្លឹបអ្នកជំនាញកសិកម្មតំបន់វាលទំនាបទន្លេគឺវឡុង ក៏ដូចជាក្រុមជំរឿនកសិកម្មសហគមន៍ផងដែរ ។​ 

ទន្ទឹមនឹងនោះ ត្រូវតែយកចិត្តទុកដាក់​យ៉ាង​ស​កម្ម​ និងបង្កើតយន្តការសម្រាប់កម្លាំងជំរឿនកសិកម្ម ដើ​ម្បី​ដំណើរការមានប្រសិទ្ធភាព និងពង្រីកតួនាទីវិជ្ជមាន​ក្នុង​គម្រោងស្រូវគុណភាពខ្ពស់ ១លានហិកតា។ ពិនិ​ត្យ​​ឡើងវិញជាបន្ទាន់នូវយន្តការច្បាប់ សេនាធិការ​ដល់​ក្រ​សួងកសិកម្ម និងបរិស្ថាន ចេញឯកសារណែនាំ ដើ​ម្បីពង្រឹងកម្លាំងជំរឿនកសិកម្មសហគមន៍ក្នុងទម្រង់អាជ្ញា​ធរមូលដ្ឋានពីថ្នាក់។  

លោកអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ក៏​បាន​ស្នើបណ្តាខេត្ត ក្រុងក្នុងតំបន់វាលទំនាប​ទន្លេ​គឺវ​ឡុង​ត្រូវរៀបចំផែនការយ៉ាងសកម្មក្នុងការកសាង និង​អភិវឌ្ឍកម្លាំងជំរឿនកសិកម្មឲ្យសមស្របទៅនឹងលក្ខខណ្ឌ​ជាក់ស្តែងនៃមូលដ្ឋាននីមួយៗ និងវិស័យនីមួយៗ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃសកម្មភាពខ្ពស់បំផុត៕ 

ប្រែ៖ ណារីពៅ