(TUAG)- ខ្សែទឹកព្រែកវិញតេ ហូរកាត់វែងអន្លាយជិត ១០០ គីឡូម៉ែត្រ នៅតំបន់ព្រំដែនភាគនិរតីនៃមាតុភូមិ ដោយភ្ជាប់យ៉ាងស្ងៀមស្ងាត់ជាមួយជិវិតប្រជាជននៅទីនេះ អស់រយៈពេលជាង ២០០ ឆ្នាំជាមួយនឹងភ្លៀង ក្តៅ។ ក្រឡេកទៅមើលព្រែកនោះ យើងមិនត្រឹមតែឃើញសំណង់ធារាសាស្ត្រដ៏រឹងមាំប៉ុណ្ណោះទេ តែថែមទាំងមើលឃើញខ្សែទឹកប្រវត្តិសាស្ត្រ ដែលជាប្រភពវប្បធម៌បង្កប់នូវដង្ហើមអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ល។
ប្រហែលជាគ្មាននរណាម្នាក់នៅខេត្តអានយ៉ាង ដែលមិនបានដឹងឮអំពីព្រែកវិញតេ និងរឿងរ៉ាវនៅពីក្រោយវានោះទេ។ ព្រែកនោះមិនត្រឹមតែជាខ្សែទឹកហូរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាលំហូរនៃថ្ងៃការងារដ៏លំបាក នៃញើសឈាម និងទឹកភ្នែក នៃសេចក្តីជំនឿ និងក្តីសង្ឃឹមផងដែរ។ ជាង ២០០ ឆ្នាំមុន នៅពេលដែលលោកមេទ័ព ថ្វយង៉ុកហូវ បញ្ជាកម្មកររាប់ពាន់នាក់ឲ្យជីកព្រែក ពួកគេត្រូវប្រឈមមុខនឹងបញ្ហាលំបាកជាច្រើនរាប់មិនអស់។ប៉ុន្តែនៅពេលនោះ ហាក់ដូចជាខ្សែទឹកព្រែកក៏បានបង្ហូរ ធ្វើឲ្យស្មារតី និងការប្តេជ្ញាចិត្តរបស់ពួកគេក៏ខ្លាំងដូចខ្សែទឹកហូរ ចេះតែដូច្នេះតស៊ូជម្នះការលំបាកជាច្រើន ដើម្បីបង្កើតសំណង់ដ៏មហិមាដូចសព្វថ្ងៃនេះ។
រឿងព្រេងនិទានស្តីពីទឹកដីនេះ បានរៀបរាប់ថា ដើម្បីបញ្ចប់ព្រែកជីកវិញតេ មានមនុស្សជាច្រើនបានដេកនៅលើច្រាំងព្រែកជារៀងរហូត ដោយមិនអាចមើលឃើញនូវសមិទ្ធិផលរបស់ខ្លួន។ អ្នករស់រានមានជីវិតចេះតែនិទានរឿងនោះ ដោយនិទានអំពីថ្ងៃខែឥតឈប់ឈរនូវក្រោមពន្លឺថ្ងៃដ៏ក្ដៅគគុក អំពីរាត្រីភ្លៀងធ្លាក់នៅព្រំដែន ប៉ុន្តែដៃរបស់ពួកគេនៅតែបន្តជីកដីមួយចបៗ និងមួយប៉ែលៗ។ ពួកគេធ្វើប្រការនោះមិនត្រឹមតែដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះទេថែមទាំងដោយមោទនភាព - មោទនភាពអំពីសំណង់មួយដែលនឹងការពារនិងចិញ្ចឹមបីបាច់មាតុភូមិ។
ព្រែកជីកវិញតេ មិនត្រឹមតែនាំមកនូវទឹកប៉ុណ្ណោះទេ ថែមទាំងនាំមកនូវរឿងរ៉ាវដូចជា “រឿងព្រេងកថា” របស់អ្នកស្រុកដំបូងគេនៅភាគខាងត្បូងទៅកាប់ឆ្ការពង្រីកទឹកដី។ សព្វថ្ងៃនេះ ព្រែកជីកនាំតាមខ្សែទឹកទៅកាន់សមុទ្រ ហើយនាំយកទាំងរឿងរ៉ាវប្រចាំថ្ងៃរបស់អ្នកស្រុកដែលរស់នៅលើច្រាំងទន្លេទាំងពីរ។ ព្រឹកឡើង ប្រជាជននាំគ្នាចែវទូកតាមព្រែកទៅលក់បន្លែ លក់ត្រី ដោយសម្លេងអញ្ជើញទិញដោយធ្លាប់ស្គាល់បន្លឺឡើងនៅកណ្តាលខ្សែទឹក។ ជារៀងរាល់រសៀល នៅពេលដែលព្រះអាទិត្យក្រហមបាត់បន្តិចម្តងៗ នៅខាងក្រោយជួរដើមឈើ យើងឃើញក្មេងៗរត់ លោត ងូតទឹក និងលេងសប្បាយនៅតាមមាត់ព្រែក។រូបភាពទាំងនេះមានលក្ខណៈសាមញ្ញ ប៉ុន្តែរម្លឹកអំពីអ្វីដែលស្រស់ស្អាតបំផុត បរិសុទ្ធបំផុតនៃជីវិតមនុស្សនៅតាមបណ្តោយព្រែកជីកវិញតេ។
អង្គុយនៅមាត់ព្រែកដោយស្ងៀមស្ងាត់ ស្តាប់សំឡេងទឹកហូរ យើងហាក់បីដូចជាឃើញរូបភាពប្រជាជនជំនាន់មុន អ្នកដែលចាត់ទុកព្រែកនេះថាជាចំណែកនៃសាច់ឈាមនៃខ្លួន។ ពួកគេបានរស់នៅ បានស្រឡាញ់ និងបានលះបង់គ្រប់បែបយ៉ាងដើម្បីសម្រាប់ព្រែកជីកនេះ សម្រាប់តំបន់ដីនេះ។ សព្វថ្ងៃនេះ នៅនឹងព្រែកជីកនោះ ពួកគេនៅតែបន្តស្រមៃចង់បានជីវិតសុខដុមរមនានិងសន្តិភាព ដូចខ្សែទឹកសាបដែលព្រែកវិញតេ បាននាំមកសម្រាប់តំបន់ដីនេះអស់ជាច្រើនឆ្នាំទៅនេះ។
ព្រែកជីកវិញតេនៅទីនោះ ទន់ភ្លន់ ខ្ជាប់ខ្ជួន ដូចជាសាក្សីដ៏ស្ងៀមស្ងាត់នៃពេលវេលា ស្ងៀមស្ងាត់ឃើញនូវការផ្លាស់ប្តូររាប់មិនអស់នៅលើវេហានិងផែនដីហើយនិងជីវិតមនុស្ស។ ក្រឡេកទៅមើលប្រឡាយ យើងហាក់បីដូចជាឃើញរូបភាពកសិករពាក់អាវភ្លៀងស្លឹកពណ៌ត្នោត ជើងទទេរជាប់ដី រាល់ផ្លែចបកាប់ទៅក្នុងដីព្រែក ញើសហូរស្រសាក់ប្រឡាក់ពេញលើផ្ទៃមុខ ប៉ុន្តែបានបង្ហាញចេញពីពន្លឺដ៏រឹងមាំ។ ហើយមានជំនឿថានៅថ្ងៃស្អែក ព្រែកជីកនេះនឹងជួយពួកគេចិញ្ជឹមជីវិតទាំងមូលនៅលើដែនដី ជួយគ្រាប់ស្រូវមាសបានផលកាក់កប ហើយជួយសុខសន្តិភាពនៅព្រំដែនស្រុកកំណើត។
ឥឡូវនេះ ព្រែកនោះបានក្លាយជាផ្នែកមួយយ៉ាងជិតស្និតក្នុងជីវិតរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែនដាច់ស្រយាលភាគភាគនិរតី ដូចជាសរសៃឈាមដែលហូរកាត់វាលស្រែបៃតងស្រងាត់ និងភូមិស្រុកសុខសាន។ ប្រជាជននៅទីនេះស្រឡាញ់ព្រែកជីកវិញតេ ដូចដែលស្រឡាញ់ជីវិតផ្ទាល់ខ្លួន។
រាល់រដូវទឹកធំ ទឹកជនឡើងខ្ពស់ នាំយកដីល្បាប់មកឲ្យស្រែស្រូវ។ ប្រជាជនរៀបចំខ្លួនយ៉ាងរីករាយសម្រាប់រដូវដាំដុះថ្មី ដោយជឿលើអ្វីដែលព្រែកកំពុងនាំមក។ ព្រែកវិញតេ មិនត្រឹមតែជាលំហូរសាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែជាលំហូរនៃជីវិត នៃជំនឿ និងក្តីសង្ឃឹម គឺជាខ្សែតភ្ជាប់មនុស្សគ្រប់ជំនាន់នៅតំបន់ដីនេះ ជាមួយនឹងអ្វីដែលល្អប្រសើបំផុតពួកគេបានខិតខំកសាង។
នៅពេលដែលមើលខ្សែទឹកហូរ យើងឮសំឡេងខ្សឹបពីអតីតកាល មានអារម្មណ៍ថាយល់ពីការតស៊ូរបស់អ្នកដែលបង់ជីវិតដើម្បីបង្កើតព្រែកជីកវិញតេ។ យើងបានឃើញរូបរាងលោក ថ្វយង៉ុកហូវ ដែលជាមន្ត្រីដ៏អង់អាចក្លាហានបានសន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្ត្រ ដោយបានលះបង់ពេញមួយជីវិតដើម្បីការពារ និងអភិវឌ្ឍន៍តំបន់ដីនេះ។ ខ្សែព្រែកប្រៀបដូចជាពាក្យសន្យា ដូចជាបទចម្រៀងមួយដ៏អស់កល្បដែលភ្ជាប់នឹងអតីតកាលនិងបច្ចុប្បន្នកាល រក្សានូវតម្លៃដែលមិនសាបសូន្យ។
ព្រែកវិញតេនៅតែហូរយ៉ាងស្ងប់ស្ងាត់ មិនចេះចប់ ឆ្លងកាត់រដូវវស្សានិងរដូវប្រាំង ដូចជាក្តីស្រឡាញ់យ៉ាងស្ងៀមស្ងាត់តែជ្រៅរបស់ប្រជាជននៅទីនេះចំពោះជាតិមាតុភូមិ។ គ្រាន់តែស្តាប់ដោយស្ងៀមស្ងាត់ យើងនឹងឮគ្រប់ដង្ហើមនៃខ្សែទឹកហូ គ្រប់ចង្វាក់បេះដូងនៃប្រជាជនភាគខាងត្បូង-សាមញ្ញៗតែអង់អាច ដូចជាព្រែកវិញតេ ហូរទៅមុខឥតឈប់ឈរ ហូរជានិច្ចក្នុងចិត្តមនុស្សនៅពេញដែនដីភាគខាងត្បូង។
ព្រែកវិញតេ ហូរកាត់វាលស្រែបៃតងស្រងាត់ គ្របដណ្ដប់ដោយវាលស្រែស្រូវវែងអន្លាយ នាំមកនូវតំបន់ព្រំដែនសុខសន្តិភាព និងវិបុលភាព។ ដោយសារបានទឹកដ៏ត្រជាក់ត្រជំនោះ រដូវច្រូតកាត់កាន់តែបានផលកាក់កប ស្រូវធ្ងន់ដោយគ្រាប់ ហើយផ្កាស្រូវលឿងភ្លឺក្លាយជានិមិត្តរូបនៃភាពរុងរឿង និងសុភមង្គល។
សព្វថ្ងៃនេះ ប្រជាជននៅទីនេះរស់នៅដោយភាពសប្បាយរីករាយ ដោយដាក់ក្តីសង្ឃឹមទៅលើព្រែក ដែលច្បាមជាប់នឹងជីវិតរបស់ពួកគេជាច្រើនជំនាន់មកហើយ។ ព្រែកជីកវិញតេ មិនត្រឹមតែជាខ្សែទឹកហូរកាត់ដីប៉ុណ្ណោះទេ ថែមទាំងជាខ្សែទឹកហូរនៃចិត្តមនុស្ស ជាប្រភពចិញ្ចឹមព្រលឹងនិងជីវិតរបស់កសិករសាមញ្ញ។ ជាមួយនឹងព្រែកនោះ ពួកគេបានសាងជីវិតពេញបរិបូរណ៍ សុភមង្គល ដោយបញ្ជូនសេចក្តីស្រឡាញ់របស់ពួកគេទៅក្នុងគ្រប់គ្រាប់ស្រូវ គ្រប់តំណក់ដីល្បាប់ហូរមក រួមគ្នាកសាងតំបន់ព្រំដែនសុខសន្តិភាព វិបុលភាព និងពោរពេញទៅដោយសេចក្តីស្រឡាញ់នៃមនុស្ស។
ឆ្លងកាត់សតវត្សជាច្រើនមកហើយ ព្រែកវិញតេ បានក្លាយជានិមិត្តរូបនៃឆន្ទៈ និងស្មារតីពុះពារជម្នះការលំបាករបស់ប្រជាជនភាគខាងត្បូង។ រាល់ពេលដែលនឹកដល់ព្រែកវិញតេគេនឹកដល់ការលះបង់របស់មនុស្សជំនាន់មុន និងស្មារតីតស៊ូយ៉ាងខ្ជាប់ខ្ជួន។ សម្រាប់ប្រជាជនរស់នៅក្នុងតំបន់នេះ ព្រែកជីកមិនត្រឹមតែជាមរតកសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាមរតកខាងវិញ្ញាណផងដែរ ដែលជំរុញឲ្យពួកគេខិតខំពុះពារជម្នះការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។
ព្រែកវិញតេ បានដាស់ប្រជាជនភាគខាងត្បូងនូវស្មារតី “ឆ្ពោះទៅមុខ” មិនខ្លាចការលំបាកឡើយ។ ប្រកានេះបានស៊ីជ្រៅទៅក្នុងដួងព្រលឹងប្រជាជននៅទីនេះ ក្លាយជាប្រភពកម្លាំងចលករដើម្បីជួយពួកគេឲ្យឈររឹងមាំ និងអភិវឌ្ឍក្នុងលក្ខខណ្ឌដ៏លំបាកនៃធម្មជាតិ និងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ។
ព្រែកជីកនេះបានរម្លឹកដល់ជំនាន់បច្ចុប្បន្នអំពីការដឹងគុណ និងទំនួលខុសត្រូវក្នុងការថែរក្សា និងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីដែលបុព្វបុរសបានបន្សល់ទុក ទន្ទឹមនឹងនោះក៏បង្ហាញពីស្មារតីអង់អាច និងសេចក្តីប្រាថ្នារបស់ប្រជាជនវៀតណាមក្នុងដំណើរកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ៕
ប្រែ៖ ណារីពៅ