នៅក្នុងរដូវទឹកឡើង ភូមិរបរលបអន្ទង់ (ឃុំកាន់ដាំង) កាន់តែអ៊ូអរ ខណៈដែលមូលដ្ឋានធ្វើសកម្មភាពអស់ពីពលានុភាព ដើម្បីផ្គត់ផ្គង់លបអន្ទង់ដល់អាជីវករនៅតាមខេត្ត ក្រុងក្នុងបន់វាលរាបទន្លេគឺវឡុង។

របរលបអន្ទង់នៅក្នុងមូលដ្ឋាននេះមានតាំងពីយូរយារណាស់មកហើយ ហើយបានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាភូមិរបរប្រពៃណីនៅឆ្នាំ ២០១៧។ បើយោងតាមប្រជាជនក្នុងមូលដ្ឋាន បានឲ្យដឹងថា តាំងពីដើមមក ប្រជាជននៅទីនេះតែងតែធ្វើលបដាក់ត្រី ដាក់អន្ទង់សម្រាប់បរិភោគក្នុងរដូវទឹកឡើង បន្ទាប់មកប្រជាជននៅតំបន់ផ្សេងៗមកបញ្ជាទិញ។ ចេះតែដូច្នេះ ភូមិរបរលបអន្ទង់ឃុំកាន់ដាំង បានក្លាយជាកន្លែងផ្គត់ផ្គង់ផលិតផលសម្រាប់តំបន់វាលរាបទន្លេគឺវឡុងទាំងមូល។ ក្រៅពីធ្វើលបអន្ទង់ ប្រជាពលរដ្ឋក៏ធ្វើលបកំពឹស លបកង្កែប លបពស់ លបត្រីផ្ទង់ផងដែរ។ល។ ដើម្បីភូមិរបរមានផលិតផលសម្បូបែប ឆ្លើយតបតម្រូវការអតិថិជន។

Tឆ្លងកាត់ការឡើងចុះជាច្រើន ភូមិរបរបច្ចុប្បន្ន មានគ្រួសារផលិតកម្មប្រហែលជា ២០ គ្រួ ដោះស្រាយការធ្វើជាប្រចាំជូនកម្មករនៅមូលដ្ឋានប្រហែលជា ១០០ នាក់។ បង ង្វៀនទ្រុងថាញ់ ប្រធានភូមិកាន់ធើយ មានប្រសាសន៍ថា “ទោះបីជាមិនមានភាពរីកចម្រើនដូចពីមុនក៏ដោយ ក៏លបអន្ទង់បានលក់ចេញពេញមួយឆ្នាំ ម្លោះហើយបង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់ប្រជាជនក្នុងមូលដ្ឋាន”។
ភូមិរបរលបអន្ទង់កាន់ដាំង ប្រមូលផ្តុំនៅភូមិ កាន់ធ្វឺន និងកាន់ធើយ។ នៅក្នុងប៉ុន្មានថ្ងៃនេះ ប្របតាមប្រឡាយហាងត្រា ងាយស្រួលប្រទះឃើញរូបភាពប្រជាជនកំពុងមមាញឹកធ្វើលបអន្ទង់។នៅទីនេះ ប្រជាជនភាគច្រើនចែកគ្នាធ្វើផ្នែកជំនាញនីមួយៗរហូតដល់បញ្ចប់លបមួយ។ ព្រោះបើយោងតាមពួកគាត់ អ្នកណាជំនាញខាងផ្នែកណាគឺធ្វើខាងផ្នែកហ្នឹង ដើម្បីរួមចំណែកបង្កើតជាផលិតផលស្អាត និងជាប់បានយូរ។
យោងតាមប្រជាជនមូលដ្ឋាន លបអន្ទង់លក់ខួបប្រាំងខួបវស្សា ប៉ុន្តែខ្លាំងបំផុតគឺនៅក្នុងរដូវទឹកឡើង។ អាស្រ័យដោយដំណាក់កាលនីមួយៗ ជាងម្នាក់ៗមានប្រាក់ចំណូលខុសៗគ្នា ជាមធ្យមប្រហែលពី ១០០ពាន់ទៅ ២០០ពាន់ដុង/ថ្ងៃ។


ចាប់តាំងពីព្រលឹមស្រាងៗ លោកពូ ទ្រឿងវ៉ាន់ឡុង រស់នៅភូមិ កាន់ធើយ បាន "រៀបចំសម្ភារៈសម្រាប់ការងាររបស់ខ្លួន" ត្រៀមសម្រាប់ការងារថ្ងៃថ្មី។ ជាមួយនឹងការងារច្រៀកឬស្សី (ធ្វើជាបន្ទះឬស្សី) បាននាំមកនូវចំណូលសម្រាប់ពូពី ៤ ទៅ ៦ លានដុង/ខែ។
ការងារនេះធ្វើខួបប្រាំងខួបវស្សា ប៉ុន្តែខែមមាញ៉ឹកបំផុតគឺចាប់ពីខែ ៥ ដល់ខែ ៩ ច័ន្ទគតិ។ ចាប់ពីក្រោយពេលបុណ្យចូលឆាំ្នថ្មី បងប្អូននៅទីនេះបានសកម្មធ្វើជាបណ្តើរៗ លក់បានប៉ុន្មានគឺលក់ នៅសល់ប៉ុន្មានគឺទុកលក់ក្នុងរដូវទឹកឡើង។លោកពូ ឡុក បានមានប្រសាសន៍ថា “ទោះបីជាប្រាក់ចំណូលមិនខ្ពស់ក៏ដោយ ក៏ការងារនេះមានស្ថិរភាពពេញមួយឆ្នាំ ហើយពេលវេលាធ្វើការអាចបត់បែនបាន ដូច្នេះបងប្អូនមានអារម្មណ៍ស្ងប់ចិត្តច្បាមរបរ”។



ជាង២០ឆ្នាំ ធ្វើលបអន្ទង់ លោកពូ ប៉ួយវ៉ាន់ហ្វឺន រស់នៅភូមិ កាន់ធើយ បានប្រាប់ថា ដើម្បីធ្វើលបមួយត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល តាំងពីច្រៀក រហូតបិតបន្ទះ ធ្វើប្រឹស នឹងផ្គុំជាលប។បណ្តាដំណាក់កាលសាមញ្ញៗ ងាយស្រួលធ្វើនឹងជួលប្រជាជនក្នុងភូមិ រីឯដំណាក់កាលលំបាកគឺត្រូវជាអ្នកមានទឹកដៃខ្ពស់ធ្វើទើបធានាបានគុណភាព។
ធ្វើលបអន្ទង់ដោយបំពង់ជ័រឬសំណាញ់ប្លាស្ទិចមានភាពងាយស្រួល ប៉ុន្តែនៅតែត្រូវប្រើប្រាស់ប្រឹសឫស្សី ដែលជាឧបករណ៍មិនអាចជំនួសបាន។ លោកពូ ហ្វឺន បញ្ជាក់ថា៖ “ធ្វើលបពីអ្វីក៏បាន ប៉ុន្តែប្រឹសត្រូវធ្វើពីឫស្សី ប្រឹសត្រូវបិតឲ្យរលីងរលោង ហើយក្រងឲ្យស្មើគ្នា។ ប្រឹសដាក់ក្នុងឬស្សី ឬបំពង់ជ័រត្រូវត្រង់គ្នា និងតភ្ជាប់គ្នាដើម្បីឲ្យអន្ទង់ចូលបានយ៉ាងស្រួល”។


យោងតាមលោកពូ ង្វៀនវ៉ាន់ម៉ាត់ រស់នៅភូមិ កាន់ធើយ ប្រសិនបើកាលពីប៉ុន្មានឆ្នាំមុនៗនេះ លបអន្ទង់ត្រឹមតែធ្វើពីឬស្សីទាំងស្រុង គឺប៉ុន្មានឆាំ្នជិតៗនេះ លបអន្ទង់បានកែលម្អ ដោយប្រើប្រាស់បំពង់ជ័រ និងសំណាញ់ប្លាស្ទិកជំនួសវិញ ដោយសារវត្ថុធាតុដើមឫស្សីវាមិនសូវមាន។សម្ភារៈផ្លាស្ទិចនេះស្រាលផង ងាយស្រួលផលិតផង ហើយថោកទៀត ម្លោះហើយបានអ្នករាល់គ្នាប្រើប្រាស់។ បើធៀបនឹងឆ្នាំមុនៗ ផលិតផលទាំង ៣ មានតម្លៃស្ទើរតែដូចគ្នា ចាប់ពី ២៥ពាន់ទៅ ២៧ពាន់ដុង/លប បន្ទាប់ពីផាត់ចំណាយ និងថ្លៃកម្លាំងពលកម្មរួចរាល់ទទួលបានប្រាក់ចំណេញពី ៥ពាន់ទៅ ៧ពាន់ដុង/លប។ លោកពូ ម៉ាត់ចែករំលែកថា “ប្រភេទនីមួយៗសុទ្ឋតែមានគុណសម្បត្តិ និងគុណវិប័ត្ររបស់វា អតិថិជនបញ្ជាទិញមុខណាយើងធ្វើមុខហ្នឹង។ បញ្ហាសំខាន់គឺយើងត្រូវធ្វើឲ្យហ្មត់ចត់ ជាប់និងមានគុណភាព បង្កើតកិត្តិយសសម្រាប់បុគ្គលខ្លួនផងនិងសម្រាប់ភូមិរបរផង”។
ភូមិរបរមិនត្រឹមតែពង្រីកប្រសិទ្ធភាពបានល្អក្នុងបញ្ហាដោះស្រាយការងារ និងបង្កើនប្រាក់ចំណូលសម្រាប់កម្មករប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាសោភ័ណភាព ប្រពៃណីវប្បធម៌ជនជាតិផងដែរ៕
ប្រែ៖ ណារីពៅ