នៅព្រឹកថ្ងៃទី២១ ខែឧសភា គណៈកម្មាធិការប្រជាជនខេត្តបានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយដំណាក់កាលកំពូលនៃការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ តាមការណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងសារទូរលេខ ៦៥/CD-TTg និងសារាចរណែនាំលេខ ១៣/CT-TTg។ កិច្ចប្រជុំ ដឹកនាំដោយលោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។






អញ្ជើញចូលរួមកិច្ចប្រជុំក៏មានលោក ឡេវ៉ាន់ភឿក សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោកវរសេនីយ៍ឯក ឡាំភឿកង្វៀន សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត ស្នងការនគរបាលខេត្ត។ លោក ង្វៀនមិញហុង ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្ម និងតំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែកនានា។ ថ្នាក់ដឹកនាំស្រុក ទីរួមខេត្ត ក្រុងទាំង១១ និងកងកម្លាំងសមត្ថកិច្ច ក្រុមការងារពិសេស ដែលបង្កើតឡើងក្រោមសេចក្តីសម្រេចលេខ ៧៩៧/QD-UBND នៃគណៈកម្មាធិការប្រជាជនខេត្ត។
នៅក្នុងកិច្ចប្រជុំនេះ លោក ង្វៀនមិញហុង ប្រធានមន្ទីរឧស្សាហពាណិជ្ជកម្ម អនុប្រធានក្រុមការងារបានផ្សព្វផ្សាយផែនការ ១១/KH-TCT ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៥ ដោយកំណត់ច្បាស់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ដំណាក់កាលកំពូល ចាប់ពីថ្ងៃទី ១៥ ឧសភា ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥។ តំណាងបណ្តាកម្លាំងសមត្ថកិច្ចដូចជា៖ គ្រប់គ្រងទីផ្សារ កងទ័ពការពារព្រំដែន នគរបាល គយ មន្ទីរកសិកម្មនិងបរិស្ថានបានរាយការណ៍អំពីស្ថានភាពជាក់ស្តែង និងព្យាករណ៍ពីបញ្ហាប្រឈមនាពេលខាងមុខ។
ណែនាំក្នុងកិច្ចប្រជុំ លោក ហូវ៉ាន់ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា ការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ គឺជាភារកិច្ចជាប្រចាំ សំខាន់ និងយូរអង្វែង ស្នើឲ្យមន្ទីរឧស្សាហពាណិជ្ជកម្ម ធ្វើសេនាធិការភ្លាមៗដល់បក្ខភាគខេត្ត បន្តចេញសេចក្តីណែនាំស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធ គៃបន្លំពាណិជ្ជកម្ម និងទំនិញក្លែងក្លាយ ដើម្បីកៀរគរប្រព័ន្ធនយោបាយទាំងមូលចូលរួម។ ផ្តល់អាទិភាពដល់ការស៊ើបអង្កេត និងដោះស្រាយការរត់ពន្ធឆ្លងដែន បង្កើនការសហការជាមួយមូលដ្ឋានក្នុងប្រទេស និងអន្តរជាតិ។ ទន្ទឹមនឹងនោះ ត្រូវបង្កើនការត្រួតពិនិត្យម្ហូបអាហារក្លែងក្លាយ គុណភាពទាបនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋាន។ រឹតបន្តឹងការគ្រប់គ្រងឱសថ ប៉ុន្តែជៀសវាងបង្កការលំបាកដល់ធុរកិច្ច។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានតម្រូវឲ្យសមាជិកនីមួយៗក្នុងក្រុមការងាររៀបចំផែនការជាក់លាក់ និងលើកកម្ពស់ការទទួលខុសត្រូវផ្ទាល់ខ្លួន។ ដោះស្រាយម៉ឹងមាត់បណ្តាករណីបំពាន ជាពិសេសកម្មាភិបាលដែលខ្វះការទទួលខុសត្រូវ។ ទន្ទឹមនឹងនោះ សង្កត់ធ្ងន់លើតួនាទីសហការរវាងកងកម្លាំងដែលជាកត្តាសំខាន់ក្នុងការសម្រេចមានប្រសិទ្ធភាព។ បង្កើតបណ្តាញទូរស័ព្ទទាន់ហេតុការណ៍សម្រាប់ប្រជាជនរាយការណ៍ពីការបំពាន ជាពិសេសគឺទង្វើរួមដៃជួយដល់អំពើរត់ពន្ឋរបស់កម្មាភិបាល និងបក្ខជន។
ដំណាក់កាលកំពូលត្រូវបានព្យាករថានឹងបានដំណើរការនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥។ ក្នុងអំឡុងពេលផ្សព្វផ្សាយ បណ្តាមន្ទីរផ្នែកត្រូវរាយការណ៏មួយសប្តាហ៍ម្តងទៅមន្ទីរឧស្សាហពាណិជ្ជកម្ម ដើម្បីធ្វើការសំយោគ រាយការណ៍ជូនរដ្ឋាភិបាល និងស្នើសុំលើកសរសើរជូនរង្វាន់ និងដោះស្រាយតាមបទប្បញ្ញត្តិ៕
ប្រែ៖ ណារីពៅ