ព្រឹកថ្ងៃទី ៥ មិថុនា ក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយសង្គមវៀតណាមបានរៀបចំសន្និបាតតាមប្រព័ន្ឋអនឡាញជាមួយគណតំណាងធនាគារគោលនយោបាយសង្គមគ្រប់លំដាប់ថ្នាក់ដើម្បីវាយតម្លៃការអនុវត្តភារកិច្ចឥណទានគោលនយោបាយក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ និងដាក់ចេញទិសដៅភារកិច្ចសម្រាប់ប៉ុន្មានខែចុងឆាំ្ន។ លោកស្រី ង្វៀនធីហុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគ ទេសាភិបាលធនាគាររដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារគោលនយោបាយសង្គមវៀតណាមធ្វើជាអធិបតីសន្និបាត។លោក ឡេវ៉ាន់ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងសមាជិកគណតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្ត បានចូលរួមសន្និបាតនៅក្បាលស្ពានខេត្តអានយ៉ាង។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៥ ដោយច្បាមជាប់ការណែនាំរបស់គណលេខាបក្ស រដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ធនាគាររដ្ឋវៀតណាម និងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គម គណតំណាងក្រុមប្រឹក្សាភិបាលគ្រប់លំដាប់ថ្នាក់បានផ្សព្វផ្សាយមានប្រសិទ្ធភាពនូវភារកិច្ចនយោបាយដែលបក្សនិងរដ្ឋប្រគល់ជូន ធានាថាធ្វើសកម្មភាពមានប្រសិទ្ធភាព សុវត្ថិភាព និងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន។នៅខេត្តអានយ៉ាង ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ចំណូលប្រាក់កម្ចីសរុបសម្រេចបាន ១.២៤៤.៤ពាន់លានដុង ដោយមានគ្រួសារក្រីក្រ ១៨.០១០ និងមុខសញ្ញាគោលនយោបាយផ្សេងទៀតទទួលបានប្រាក់កម្ចី (កើនឡើង ៨០៥,៦ ពាន់លានដុងធៀបនឹងរយៈពេលនេះឆ្នាំ ២០២៤)។ សាខាធនាគារគោលនយោបាយសង្គមខេត្តកំពុងអនុវត្តកម្មវិធីផ្តល់ឥណទានគោលនយោបាយចំនួន ២០ ជាមួយនឹងបំណុលឥណទានគោលនយោបាយសម្រេចបានចំនួន ៦.១៤០,៨ ពាន់លានដុង កើនឡើង ៥៩៦,៣ ពាន់លានដុងធៀបនឹងឆាំ្ន ២០២៤។
ថ្លែងមតិណែនាំក្នុងសន្និបាត លោកស្រី ង្វៀនធីហុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគ ទេសាភិបាលធនាគាររដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមវៀតណាមបានកត់ត្រាទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផល ដែលគណតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមគ្រប់លំដាប់ថ្នាក់សម្រេចបាននៅក្នុងប៉ុន្មានខែដើមឆ្នាំនេះ។ តាមរយៈនេះ លោកស្រីសង្ឃឹមថា គណតំណាងក្រុមប្រឹក្សាភិបាលគ្រប់លំដាប់ថ្នាក់នឹងបន្តផ្សព្វផ្សាយមានប្រសិទ្ធភាពសារាចរណែនាំលេខ ៣៩-CT/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤ របស់គណលេខាមជ្ឈិមបក្សស្តីពីការលើកកម្ពស់ប្រសិទ្ធភាពឥណទានគោលនយោបាយសង្គមក្នុងដំណាក់កាលថ្មី។ អនុវត្តបានល្អនូវខ្លឹមសារទាក់ទងនឹងការរៀបចំអង្គការក្បាលម៉ាស៊ីននៃប្រព័ន្ធនយោបាយ ដោយធានាថាមិនប៉ះពាល់ដល់សកម្មភាពផ្សព្វផ្សាយឥណទានគោលនយោបាយនៅថ្នាក់មូលដ្ឋាន។
ក្រៅពីនេះ ចាំបាច់ត្រូវតែបង្កើនការកៀរគរប្រាក់បញ្ញើពីអង្គការ និងបុគ្គលនានាក្នុងទីផ្សារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្តល់ថវិកាទុនសម្រាប់កម្មវិធីឥណទានគោលនយោបាយ។ ការផ្តល់ថវិកាត្រូវអនុវត្តជាបន្ទាន់តាមផែនការកំណើនឥណទានឆ្នាំ២០២៥ ដែលអាស្រ័យដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាលប្រគល់ជូន ដើម្បីគាំទ្រអនុវត្តមានប្រសិទ្ធភាពនៃកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រដោយនិរន្តរភាព ការកសាងជនបទថ្មី និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាលឆ្នាំ ២០២១-២០២៥៕
ប្រែ៖ ណារីពៅ