អ្នកស្រី ង្វៀន ធី គ្វៀន ថាញ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ត្រួតពិនិត្យស្ថានភាពដើមឆ្នាំសិក្សា ២០២៦-២០២៧ នៅខេត្តអានយ៉ាង

រសៀលថ្ងៃទី ២៩ ខែកញ្ញា នៅវិទ្យាល័យអន្តេវាសិក បឋមសិក្សា និងអនុវិទ្យាល័យយ៉ាងថាញ់ ឃុំ យ៉ាងថាញ់ ខេត្តអានយ៉ាង គណៈប្រតិភូរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល ដឹកនាំដោយ អ្នកស្រី ង្វៀន ធី គ្វៀន ថាញ់ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ជាប្រធានគណៈប្រតិភូ បានអញ្ជើញទៅត្រួតពិនិត្យស្ថានភាពការត្រៀមរៀបចំ និងការអនុវត្តភារកិច្ចនៅដើមឆ្នាំសិក្សា ២០២៦-២០២៧។

អ្នកស្រី ង្វៀន ធី គ្វៀន ថាញ់ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និង​​បណ្តុះបណ្តាល អញ្ជើញជាមួយអ្នកស្រី ង្វៀន ធី មិញ​ ធ្វី អនុប្រធានគណៈកម្មាធិការប្រជា​ជនខេត្ត​អាន​យ៉ាង​ និងគណៈប្រតិភូ អញ្ជើញទៅទស្សនា តំបន់​ផ្ទះ​បាយ​ តំបន់អន្តេវាសិកដ្ឋាន និងថ្នាក់រៀន នៅវិទ្យា​ល័យ​និង​អនុ​វិទ្យាល័យអន្តេវាសិកយ៉ាងថាញ់

ទទួល និងធ្វើការជាមួយគណៈប្រតិភូ មានអ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិ​ការប្រជា​ជន​ខេត្ត​អាន​យ៉ាង។ លោក ត្រឹន ក្វាង បាវ មន្ទីរអប់រំ និង​បណ្តុះ​​បណ្តាល។ តំណាងថ្នាក់ដឹកនាំមន្ទីរ ផ្នែក​ពាក់​ព័ន្ធ​។ ថ្នាក់ដឹកនាំឃុំ ហនដាត និងឃុំ យ៉ាងថាញ់ ចូល​រួម​ផង​ដែរ។

ទូទិដ្ឋភាពទៅនៃកិច្ចប្រជុំ

គណៈប្រតិភូចូលរួមកិច្ចប្រជុំ
លោក ត្រឹន ទ្វឺន ខាញ់ នាយករងមន្ទីរអប់រំ និង​បណ្តុះ​បណ្តាល​ រាយការណ៍អំពីស្ថាន​ភាពការងារ​ត្រៀម​និង​រៀប​ចំអនុវត្តភារកិច្ចនៅដើមឆ្នាំសិក្សា ២០២៦-២០​២៧​

រាយការណ៍នៅក្នុងកិច្ចប្រជុំ មន្ទីរអប់រំ និងបណ្តុះ​បណ្តាល​​​​បានឲ្យដឹងថា បន្ទាប់ពីការរៀបចំ ខេត្តទាំង​មូល​​បាន​កាត់បន្ថយអង្គភាពចំនួន ៦១៨ ប្រហាក់​ប្រ​ហែល​ ៤៧,៧% នៅសល់សាលាចំនួន ៦៧៨។ ទន្ទឹម​នឹង​នោះ បង្កើតសាខាសាលាចំនួន ៦១៨ និង​មណ្ឌល​សា​លា​ចំនួន ៨៦០។ ចំពោះសាលាមធ្យមសិក្សា ខេត្ត​បាន​រៀបចំផែនការកាត់បន្ថយសាលាចំនួន ០២ ថែម​ទៀត​ អត្រាកាត់បន្ថយសម្រេចបាន ៤០%។ អនុ​វត្ត​តាម​ការណែនាំរបស់បក្ខភាគខេត្ត និងគណៈកម្មាធិការ​ប្រ​ជា​ជនខេត្ត ដោយគោលការណ៍៖ ពង្រួម​ក្បាល​ម៉ា​ស៊ីន​គ្រប់​គ្រង ប៉ុន្តែមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរ​ការ​សិក្សា​របស់សិស្សជាដាច់ខាត។ល។ 

គិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅមាន​មូល​ដ្ឋាន​​អប់រំចំនួន ៧៣ ដែលមានសិស្សចំនួន ២១.៨៣៣ នាក់ មិនទាន់មានសៀវភៅសិក្សាគ្រប់គ្រាន់ ដោយ​ខ្វះ​ចំ​នួន​ ១៣០.៣១២ ក្បាល។ ខេត្តបានតម្រូវ​ឲ្យវិ​ស័យ​អប់​រំ​សហការជាមួយអង្គភាពចែកចាយសៀវភៅ ដើម្បី​ផ្តោតលើការដោះស្រាយការបញ្ជាទិញរបស់មូលដ្ឋានអប់​រំ​ដែល​បានបញ្ជាទិញ និងរង់ចាំទទួល។ រាយការណ៍​ទិន្ន​ន័យប្រចាំថ្ងៃជូនក្រសួងអប់រំ និងបណ្តុះបណ្តាល និងខិតខំប្រឹងប្រែងបំពេញការផ្គត់ផ្គង់សៀវភៅដែលនៅខ្វះឲ្យបានគ្រប់គ្រាន់ជាដើម។

យោងតាមមន្ទីរអប់រំ និងបណ្តុះបណ្តាល វិស័យអប់រំ​នៅ​ខ្វះគ្រូបង្រៀនប្រមាណ ១.៣០០ នាក់ បើប្រៀប​ធៀប​នឹងក្របខណ្ឌកំណត់ ក្នុងនោះ ខ្វះច្រើនបំផុត​នៅ​កម្រិត​មត្តេយ្យសិក្សា និងមុខវិជ្ជាឯកទេសមួយចំនួន ដូច​ជា ព័ត៌មានវិទ្យា ភាសាអង់គ្លេស សិល្បៈ និង​វិទ្យា​សាស្ត្រ​ធម្មជាតិ។ អនុវត្តតាមសេចក្តីសន្និដ្ឋានរបស់​ឧប​នា​យករដ្ឋមន្ត្រី រដ្ឋាភិបាល នៅក្នុងសេចក្តី​ជូន​ដំ​ណឹង​លេខ​ ៥០០/TB-VPCP ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០​២៦​ គណៈកម្មាធិការប្រជាជនខេត្តបានកំណត់​យ៉ាង​ច្បាស់​ពីការទទួលខុសត្រូវដោយផ្ទាល់របស់មូលដ្ឋាន ក្នុង​ការ​ធានាឲ្យ មានគ្រូបង្រៀនគ្រប់គ្រាន់សម្រាប់​អនុ​វត្ត​ការ​បង្រៀន និងផ្តោតលើការដោះស្រាយក្នុងឆ្នាំ​សិក្សា​ ២០២៦-២០២៧។ ​

លោក ផាម ក្វាង ញឹនាយកវិទ្យាល័យនិងអនុវិទ្យា ​អន្តេ​​វា​សិក យ៉ាងថាញ់ បានថ្លែងមតិនៅ​ក្នុងកិច្ចប្រជុំ​
លោក ត្រឹន ក្វាង បាវ នាយកមន្ទីរអប់រំ និងបណ្តុះ បណ្តាលខេត្តអានយ៉ាង ថ្លែងមតិនៅក្នុងកិច្ចប្រជុំ
តំណាងគណៈប្រតិភូ ថ្លែងមតិនៅក្នុងកិច្ចប្រជុំ

ចំពោះសាលាមធ្យមសិក្សាអន្តេវាសិកអន្តរកម្រិត នៅ​តាម​ឃុំព្រំដែនគោក ក្នុងដំណាក់កាលទី១ បច្ចុប្បន្ន​មាន​គម្រោង​ចំនួន ០៣ បានសាងសង់រួចរាល់ ពិនិត្យ​ទទួល​ស្គាល់​ ប្រគល់ និងដាក់ដំណើរការ ក្នុងឆ្នាំសិក្សា ២០​២៦-​២០២៧ ដោយមានទុនវិនិយោគសរុបចំនួន ៣៨​៨,​០២៣ ពាន់លានដុង។ មានសិស្សចំនួន ៣.៧៨២ នាក់​ កំពុងសិក្សា។ ចំពោះសាលាចំនួន ០៦ ក្នុង​ដំ​ណាក់​កាលទី២ ល្បឿនសាងសង់ គិតត្រឹមថ្ងៃទី២៧ ខែ​កញ្ញា ឆ្នាំ២០២៦ សម្រេចបានពី ១៤,០១% ទៅ ២៤,​៩០%។ ខេត្តបន្តផ្តោតលើ​ការដឹកណែនាំម្ចា​ស់​វិនិ​យោគ​ មន្ទីរ ផ្នែក និងមូលដ្ឋានពាក់ព័ន្ធ ឲ្យពន្លឿន​ល្បឿន​ ដោយធានាគុណភាព និងគោលដៅដាក់​សំ​ណង់​​ឲ្យប្រើប្រាស់តាមផែនការ។

ទន្ទឹមនឹងនោះ បានស្នើឲ្យក្រសួង និងផ្នែកមជ្ឈិមពាក់​ព័ន្ធ​ បន្តណែនាំអំពីយន្តការហិរញ្ញវត្ថុ មុខតំណែង​ការ​ងារ​ និងគោលនយោបាយចំពោះបុគ្គលិកនៅ​តាម​សា​លា​​មធ្យសិក្សាអន្តេវាសិកអន្តរកម្រិតតំបន់ព្រំដែន។ ដោះ​ស្រាយការលំបាកអំពីក្របខណ្ឌ គ្រូបង្រៀន និង​អង្គការគ្រប់គ្រងបណ្តាមូលដ្ឋានអប់រំបន្ទាប់ពីរៀបចំ។

អ្នកស្រី ង្វៀន ធី គ្វៀន ថាញ់ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និង​បណ្តុះបណ្តាល ថ្លែងមតិដឹកណែនាំ

ថ្លែងមតិណែនាំនៅក្នុងកិច្ចប្រជុំ អ្នកស្រី ង្វៀន ធី គ្វៀន ថាញ់ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល បាន​តម្រូវ​ឲ្យខេត្តអានយ៉ាង បង្កើតផែន​ទីបង្ហាញផ្លូវអប់រំ​កម្រិត​មត្តេយ្យសិក្សា សម្រាប់កុមារអាយុពី ៣ ដល់ ៥ ឆ្នាំ​ឲ្យ​បានជាក់លាក់ ធានាសុវត្ថិភាព អាហារូបត្ថម្ភ ថែ​ទាំ​សុខ​ភាព និងអប់រំអំពីភេទ សម្រាប់សិស្ស​នៅតាម​សាលា​អន្តេវាសិកអន្តរកម្រិត តំបន់ព្រំដែន។

ជំរុញ​ខ្លាំង​ការ​ផ្លាស់ប្តូរឌីជីថល កសាងមូល​ដ្ឋានទិន្ន​ន័យ​សម្រាប់​បម្រើ​​ការ​ព្យាករណ៍ ការគ្រប់គ្រងអប់រំ និងជាដណ្តើរៗ​អភិ​វឌ្ឍ​ទម្រង់សាលាគុណភាពខ្ពស់។ ខេត្តចាំបាច់​ត្រូវ​តែ​មាន​ដំណោះស្រាយឲ្យបានឆាប់រហ័ស ដើម្បី​ដោះ​ស្រាយស្ថានភាពខ្វះសៀវភៅសិក្សាជាក់ស្តែងនៅតាមមូលដ្ឋានមួយចំនួន។ រៀបចំផែនការធានាប្រភពសៀវ​ភៅ​សិក្សា​ឲ្យមានស្ថិរភាពនាពេលខាងមុខ។ 

អំពី​ការអប់រំវិជ្ជាជីវៈ ត្រូវរៀបចំផែនការបណ្តាញ​បណ្តុះ​បណ្តាល​ឡើងវិញ ឲ្យសមស្របទៅនឹងលំហអភិវឌ្ឍន៍ថ្មី ដោយភ្ជាប់ការបណ្តុះបណ្តាលធនធានមនុស្សជាមួយកសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍សមុទ្ទ សេដ្ឋកិច្ច​សមុទ្ទ​ ភស្តុភារ និងសេដ្ឋកិច្ច ច្រកទ្វារព្រំដែន។

ទន្ទឹមនឹងនោះ តម្រូវឲ្យមន្ទីរអប់រំ និងបណ្តុះបណ្តាល ពិនិត្យ​ឡើងវិញ និងបំពេញ​ឲ្យបានល្អប្រសើរនូវទម្រង់​ប្រព័ន្ធគ្រប់គ្រងសម្រាប់សាលាដែលមានមណ្ឌលសាលាច្រើន និងសាខាសាលាច្រើន។ បញ្ជាក់ឲ្យច្បាស់​អំពី​បទបញ្ជាការងារ ចាត់ការងារ ចាត់សិទ្ធិអំណាច ផ្ទេរ​សិទ្ធិ​អំណាច និងយន្តការផ្តល់ព័ត៌មាន និងរាយ​ការ​ណ៍​។​ ទន្ទឹមនឹងនោះ សហការជាមួយមន្ទីរមហាផ្ទៃ និង​មូល​ដ្ឋាន ពិនិត្យឲ្យបានច្បាស់លាស់នូវជួរគ្រូបង្រៀន និងក្របខណ្ឌនៅសាលានីមួយៗ មុខវិជ្ជានីមួយៗ ហើយ​ម្ចាស់ការផ្ទេរសម្រួលគ្រូបង្រៀនដែលលើស និង​ខ្វះ​ជាក់ស្តែងទៅតាមមូលដ្ឋាននីមួយៗ និងគណនា​តម្រូវ​ការធនធានមនុស្សរហូតដល់ឆ្នាំ២០៣០។ ចំពោះ​ហេដ្ឋា​រចនាសម្ព័ន្ធមូលដ្ឋាន មន្ទីរត្រូវរៀបចំផែនការរួម​បន្ទាប់​ពីការរៀបចំបណ្តាញសាលា និងថ្នាក់​រៀន​ឡើង​វិញ​ ផ្តោតវិនិយោគលើកន្លែងដែលត្រូវការពិតប្រាកដ  លុបបំបាត់មណ្ឌលសាលាដែលលែងសមស្របជាបណ្តើរ​​ៗ  និងធានាឧបករណ៍បម្រើតាមកម្មវិធីអប់រំ​សកលឆាំ្ន២០១៨។

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តអានយ៉ាង ថ្លែងមតិទទួលយក

ថ្លែងមតិទទួលយកមតិណែនាំពីអ្នកស្រី ង្វៀន ធី គ្វៀន ថាញ អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល និង​គណៈ​ត្រួតពិនិត្យ អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធាន​គណៈ​កម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា ខេត្តនឹងប្តេជ្ញាអនុវត្តឲ្យបានជាក់ស្តែងនូវការណែនាំទាំងនេះទៅក្នុងកម្មវិធីការងាររបស់មូលដ្ឋាន ដើម្បីអនុវត្ត​ឲ្យ​បានល្អនូវគោលការណ៍ និងគោលនយោ​បាយរបស់​រដ្ឋា​ភិបាល ក្រសួងអប់រំ និងបណ្តុះបណ្តាល និងបក្ខ​ភាគ​ខេត្តប្រគល់ជូន ហើយសង្ឃឹមថា នឹងបន្តទទួល​បាន​​ការយកចិត្តទុកដាក់និងការគាំទ្រពីក្រសួង សម្រាប់​វិ​ស័យអប់រំខេត្តអានយ៉ាង នាពេលខាងមុខ។

ក្នុងឱកាសនេះ អ្នកស្រី ង្វៀន ធី គ្វៀន ថាញ់ អនុ​​រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល បានផ្តល់​ឧ​ប​​​ករណ៍ហាត់ប្រាណចំនួន ១០០គ្រឿង ដល់​វិទ្យា​ល័យ​​​និង​​អនុវិទ្យាល័យអន្តេវាសិកយ៉ាងថាញ និង​ទទួល​ដោយអ្នកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត៕

ប្រែ៖ ណារីពៅ