Bỏ qua đến nội dung chính
ខេត្តអានយ៉ាង បានផ្សព្វផ្សាយវិធានការយ៉ាងសកម្មក្នុងការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម និងជំងឺពងដៃ ជើងមាត់

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ គណៈឃោសនាអប់រំបក្ខភាគខេត្ត បានសហការជាមួយការិយាល័យគណៈកម្មាធិការប្រជាជនខេត្ត នគរបាលខេត្ត មន្ទីរវប្បធម៌ និងកីឡា ព្រមទាំងសមាគមអ្នកសារព័ត៌មានខេត្ត រៀបចំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៦ ដើម្បីផ្លាស់ប្តូរព័ត៌មានជាមួយស្ថាប័នសារព័ត៌មាន។ ក្នុងកិច្ចប្រជុំ លោក ជុង តឹន ធិញ (Chung Tấn Thịnh) នាយករងមន្ទីរសុខាភិបាលខេត្ត បានផ្តល់ព័ត៌មានអំពីស្ថានភាពជំងឺឆ្លង និងការងារបង្ការ ទប់ស្កាត់ជំងឺនៅលើភូមិសាស្ត្រខេត្ត។

លោក ជុង តឹន ធិញ នាយករងមន្ទីរសុខាភិបាលខេត្ត ផ្តល់​ព័ត៌មានក្នុងកិច្ចប្រជុំសារព័ត៌មានប្រចាំខែតុលា

យោងតាមការលើកឡើងរបស់លោក ជុង តឹន ធិញ ការឈានចូលរដូវវស្សាបានបង្កលក្ខណៈអំណោយផល​​ដល់ការរីករាលដាលនៃភ្នាក់ងារចម្លងជំងឺ ជា​ពិសេស​ជំ​ងឺគ្រុនឈាមដែលបង្កដោយវីរុសដេងហ្គី (Dengue) និង​ជំងឺពងបែកដៃជើងមាត់។​ 

ជាក់ស្តែង ចាប់តាំងពីដើមឆ្នាំរហូតដល់សប្តាហ៍ទី៤០ ឆ្នាំ​២០២៦ ខេត្តអានយ៉ាងបានរកឃើញ​អ្នកជំងឺគ្រុន​ឈាម​ស​រុបចំនួន ៧.៣៨៤ករណី កើនឡើងទ្វេដង បើ​ធៀប​នឹងរយៈពេលនេះឆ្នាំ២០២៥ (៣.៧៧៦ករណី) ក្នុង​នោះ មានអ្នកស្លាប់ ១នាក់។ ដោយឡែក ក្នុង​សប្តាហ៍​ទី៤០ ខេត្តបានកត់ត្រាអ្នកជំងឺគ្រុនឈាមចំនួន ១៨៦​ករណី។ គិតមកទល់ពេលនេះ ខេត្តទាំង​មូលបាន​រក​ឃើញប្រភពផ្ទុះជំងឺសរុបចំនួន ២.០១២សំបុករោគ ក្នុង​នោះ តំបន់ពិសេសភូក្វឹក (Phú Quốc) មាន ១៤​១​សំ​បុករោគ ទីក្រុងចូវដុក (Châu Đốc) មាន ១២៥​សំ​បុក​​រោគ និងតំបន់គូឡាវយ៉ៀង (Cù Lao Giêng) មាន ៩៣​សំបុករោគ។

ចំពោះជំងឺពងបែកដៃ ជើងមាត់ខេត្តទាំងមូល​បាន​កត់​ត្រា​អ្នកជំងឺសរុបចំនួន ៦.០១៧ករណី កើនឡើង ១,៥​ដង​ បើធៀបនឹងរយៈពេលនេះឆ្នាំ២០២៥ (៤.១​៣​៥​ករ​ណី) ហើយមានអ្នកស្លាប់ ១នាក់នៅដើមឆ្នាំ។ ដោយ​ឡែក​ ក្នុងសប្តាហ៍ទី៤០ ខេត្តកត់ត្រាមានអ្នកជំងឺចំនួន ៣៥​០​ករណី និងមិនមានអ្នកស្លាប់ក្នុងសប្តាហ៍នេះទេ។ 

លោក ជុង តឹន ធិញ បានវាយតម្លៃថា កំពូលនៃ​ការ​រាត​ត្បាតជំងឺទាំងនេះជាទូទៅតែងតែកើតឡើងនៅក្នុងខែតុលា និងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ដោយសារ​អាកា​ស​ធាតុ​មានភ្លៀងធ្លាក់ច្រើន និងសំណើមខ្ពស់ ដែលជា​បរិ​ស្ថាន​អំណោយផលសម្រាប់មូសចម្លងជំងឺបង្កាត់ពូជ និងធ្វើឲ្យវីរុសជំងឺពងបែកដៃ ជើង មាត់ ឆ្លងរាលដាល​យ៉ាង​ឆាប់រហ័សនៅតាមសាលារៀន និងសហគមន៍។​ ការ​កើនឡើងនៃជំងឺទាំងពីរប្រភេទនេះក្នុងពេលតែមួយ ដោយ​មានចំនួនអ្នកជំងឺខ្ពស់ជាងឆ្នាំមុនយ៉ាងខ្លាំង ទាម​ទារ​ឲ្យប្រព័ន្ធសុខាភិបាលបង្កើនការយកចិត្តទុកដាក់ និង​ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ជំ​ងឺ​​រីករាលដាលកាន់តែទូលំទូលាយ និងក្លាយជាការផ្ទុះ​ជំ​ងឺ​ក្នុងទ្រង់ទ្រាយធំ។

វេជ្ជបណ្ឌិតពិនិត្យអ្នកជំងឺគ្រុនឈាម

ដើម្បីផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ជំងឺឲ្យ​បាន​សកម្ម​និងទាន់ពេលវេលា មន្ទីរសុខា​ភិបាលខេត្ត​បាន​រៀប​​ចំការត្រួតពិនិត្យ និងតាមដានការទទួលអ្នកជំងឺ និង​​ការព្យាបាលនៅតាមមន្ទីរពេទ្យថ្នាក់ខេត្ត ព្រម​ទាំង​ពិ​និត្យ​​​ឡើងវិញនូវការរៀបចំប្រព័ន្ធបែងចែកអ្នកជំងឺ ការ​ត្រៀម​ថ្នាំ សម្ភារៈបរិក្ខារពេទ្យ គ្រែអ្នកជំងឺ ឧបករណ៍​សង្គ្រោះ​បន្ទាន់ និងកម្លាំងបុគ្គលិក ដើម្បីកាត់បន្ថយ​ការ​កក​​ស្ទះអ្នកជំងឺ និងការឆ្លងជំងឺ​ឆ្លងគ្នានៅ​ក្នុង​មន្ទីរ​ពេទ្យ​។​

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងខេត្តបានបង្កើនការតាមដាន​​ស្ថានភាពរោគរាតត្បាត ផ្តល់ការគាំទ្រជំនាញ និង​ដោះ​​ស្រាយសំបុករោគ។ ចំណែកឯ​ប្រព័ន្ធ​សុខា​ភិ​បាល​មូល​​ដ្ឋាន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្សព្វ​ផ្សាយ​​យុទ្ធនាការសម្អាតបរិស្ថាន កម្ចាត់ដង្កូវទឹក និង​បាញ់ថ្នាំគីមីកម្ចាត់មូសនៅតាមតំបន់ដែលមានហានិភ័យ​ខ្ពស់។ 

មូលដ្ឋានពិនិត្យ និងព្យាបាលជំងឺនានា ក៏បានត្រៀម​លក្ខ​ណៈ​ជាមុន ដោយពិនិត្យ និងរៀបចំបែបផែន​បន្ថែម​គ្រែ​អ្នកជំងឺនៅពេលអ្នកជំងឺកើនឡើងខ្ពស់។ ថ្នាំ​ព្យា​បាល​ សេរ៉ូម សម្ភារៈបរិក្ខារពេទ្យ សារធាតុគីមី​កម្ចាត់​មូស​ និងទឹកថ្នាំសម្លាប់មេរោគ ត្រូវបានត្រៀមបម្រុង ដើ​ម្បី​​ឆ្លើយតបនឹងតម្រូវការក្នុងការបង្ការ និង​ទប់ស្កាត់​ជំងឺ​ឆ្លង​។​

មន្ទីរសុខាភិបាលខេត្តបានស្នើឲ្យគណៈកម្មាធិការបក្ស និង​អាជ្ញាធរនៅតាមឃុំ សង្កាត់ និងតំបន់ពិសេស បង្កើន​ការត្រួតពិនិត្យ និងតាមដានស្ថាន​ភាពនៅ​តាម​មូល​ដ្ឋាន ព្រមទាំងកៀរគរកម្លាំងពាក់ព័ន្ធឲ្យ​ចុះដល់​តាម​តំបន់លំនៅដ្ឋាន និងគ្រួសារនីមួយៗ ដើម្បីណែនាំ​ប្រជាពលរដ្ឋឲ្យលុបបំបាត់កន្លែងដែលមូសអាចបង្កាត់ពូជ កម្ចាត់ដង្កូវទឹក និងដោះ​ស្រាយសំ​បុករោគ​ឲ្យបាន​ឆាប់​រហ័ស។ ព្រមជាមួយនេះ ត្រូវជំរុញខ្លាំងការផ្សព្វ​ផ្សាយដើម្បីប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការបង្ការជំងឺដោយសកម្មង។ 

ប្រជាពលរដ្ឋចាំបាច់ត្រូវតែសម្អាតបរិស្ថានជុំវិញផ្ទះជាប្រ​ចាំ បិទគម្របធុងនិងឧបករណ៍ផ្ទុកទឹក​ឲ្យបាន​ជិត​ល្អ​។​ ផ្កាប់វត្ថុដែលមិនប្រើប្រាស់ ដើម្បីកុំឲ្យមានទឹកដក់។គេង​ក្នុងមុង ដើម្បីការពារជំងឺគ្រុនឈាម។ លាងដៃ​ដោយ​​សាប៊ូ រក្សាអនាម័យក្នុងការបរិភោគអាហារ​និង​រក្សាអនាម័យបរិស្ថានរស់នៅដើម្បីបង្ការជំងឺដៃជើងមាត់។​ នៅពេលមានរោគសញ្ញាសង្ស័យថាឆ្លងជំងឺ ប្រជា​ពល​រដ្ឋត្រូវទៅកាន់មណ្ឌលសុខភាព ដើម្បី​ទទួល​ការ​ពិ​និត្យ​ និងព្យាបាលឲ្យបានទាន់ពេលវេលា កុំព្យាបាល​ដោយ​ខ្លួនឯងនៅផ្ទះដាច់ខាត៕  

ប្រែ៖ ណារីពៅ