ព្រឹកថ្ងៃទី០៨ ខែតុលា លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ស្តីពីការដំណើរការមជ្ឈមណ្ឌលឃ្លាំមើល និងប្រតិបត្តិការឆ្លាតវៃ (IOC) របស់ខេត្ត ព្រមទាំងផ្សព្វផ្សាយយុទ្ធនាការ ៤៥ ថ្ងៃ សម្រាប់ការកសាង និងសម្អាតទិន្នន័យឲ្យបានស្របគ្នា នៅលើភូមិសាស្ត្រខេត្ត។

លើកកម្ពស់ប្រសិទ្ធភាពណែកនាំ និងប្រតិបត្តិការ
ថ្លែងមតិណែនាំនៅក្នុងកិច្ចប្រជុំ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទទួលស្គាល់ និងកោតសរសើរចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់អង្គភាពនានា ក្នុងដំណើរការកសាង និងដំណើរការមជ្ឈមណ្ឌល IOC ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការប្រែប្រួលជាវិជ្ជមានក្នុងការកសាងមូលដ្ឋានទិន្នន័យ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការដឹកនាំ និងប្រតិបត្តិការ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយក្រុមហ៊ុន VNPT បន្តកែលម្អមជ្ឈមណ្ឌលIOC ដោយក្នុងខែតុលា ត្រូវបំពេញបន្ថែមទិន្នន័យឲ្យបានគ្រប់គ្រាន់លើវិស័យនានា ដូចជា ព្រឹត្តិការណ៍កីឡាធំៗ កេរតំណែលវប្បធម៌ ចំនួនភ្ញៀវទេសចរ តំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ចង្កោមឧស្សាហកម្ម ពន្ធដារ ជនជាតិ សាសនា គ្រួសារក្រីក្រ និងផលិតផល OCOP ជាដើម។
មន្ទីរឧស្សាហពាណិជ្ជកម្ម មន្ទីរវប្បធម៌ និងកីឡា មន្ទីរជនជាតិ និងសាសនា មន្ទីរមហាផ្ទៃ មន្ទីរទេសចរណ៍ ព្រមទាំងអង្គភាពពាក់ព័ន្ធ ត្រូវប្រញាប់ស្នើសុំបន្ថែមវាលទិន្នន័យ និងផ្តល់ទិន្នន័យក្នុងវិស័យទទួលបន្ទុកសម្រាប់មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុនថ្ងៃទី១៥ ខែតុលា។ ចំពោះសូចនាករសេដ្ឋកិច្ច-សង្គម ត្រូវធ្វើការវិភាគលម្អិតរហូតដល់ថ្នាក់ឃុំ សង្កាត់ ដើម្បីបម្រើការងារតាមដាន និងប្រតិបត្តិការស្របតាមស្ថានភាពជាក់ស្តែង។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចឲ្យមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងត្រូវបញ្ចប់បទបញ្ជាប្រតិបត្តិការសម្រាប់ IOC ជាបន្ទាន់មុនថ្ងៃទី ១៥ ខែតុលា។បទបញ្ជានេះត្រូវកំណត់ឲ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ តាមស្មារតី “ច្បាស់ ៦” រួមមាន៖ ច្បាស់មនុស្ស ច្បាស់ការងារ ច្បាស់វិធីសាស្ត្រអនុវត្ត ច្បាស់ភូមិសាស្ត្រ ច្បាស់លទ្ធផល និងច្បាស់ពេលវេលា។ ទន្ទឹមនឹងនេះ បានកំណត់ជាក់លាក់នូវពេលវេលាធ្វើបច្ចុប្បន្នភាពទិន្នន័យតាមថ្ងៃ និងតាមសប្តាហ៍ ដើម្បីធានាថាទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ និងជាបន្តបន្ទាប់។
អំពីវិធីសាស្ត្រដំណើរការ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តបានឯកភាពគោលការណ៍ជួលអង្គភាពជំនាញវិជ្ជាជីវៈមកបំពេញការងារ ដោយធានាថាការចំណាយថវិកាអនុវត្តត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់។ ឯកសារបញ្ជាទិញត្រូវកំណត់ឲ្យបានច្បាស់លាស់នូវតម្រូវការស្តីពីមុខងារវិភាគទិន្នន័យ និងការផ្ញើអនុសាសន៍ ព្រមទាំងសំណើដោយស្វ័យប្រវត្តិជារៀងរាល់ថ្ងៃ ជូនប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត នាយកមន្ទីរនានា និងប្រធានគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេស ដើម្បីរួមចំណែកលើកកម្ពស់គុណភាពធ្វើសេនាធិការ ដឹកនាំ និងប្រតិបត្តិការ។
ទន្ទឹមនិងនោះ លោកបានប្រគល់ភារកិច្ចឲ្យមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការចុះពិនិត្យជាក់ស្តែង និងស្នើសុំផែនការរៀបចំ និងដំឡើងកាមេរ៉ាឃ្លាំមើលកម្រិតខ្ពស់ រួមផ្សំនឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅតាមចំណុចប្រសព្វចរាចរណ៍ តំបន់ព្រំដែន និងទីតាំងចតទុកនាវា ដើម្បីរកឃើញ និងជូនដំណឹងដោយស្វ័យប្រវត្តិអំពីនាវានេសាទដែលល្មើសបទប្បញ្ញត្តិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនអនុលោមតាមបទប្បញ្ញត្តិ (IUU) នៅពេលចាកចេញពីទីតាំងដែលបានកំណត់។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ក៏បានតម្រូវឲ្យមជ្ឈមណ្ឌល IOC ខេត្ត កសាងសាខាប្រព័ន្ធ IOC សម្រាប់មូលដ្ឋាន រចនាផ្នែក និងចំណុចប្រទាក់សម្រាប់តាមដានទិន្នន័យលម្អិតចំពោះទីក្រុងជាកម្លាំងចលករចំនួន ៤ រួមមាន៖ រ៉ាច់យ៉ា ឡុងស្វៀន ហាទៀន ចូវដុក និងតំបន់ពិសេសភូក្វឹក។
ដោយសង្កត់ធ្ងន់ថា ការគ្រប់គ្រង និងប្រតិបត្តិការដោយផ្អែកលើទិន្នន័យ គឺជានិន្នាការចាំបាច់ដែលមិនអាចជៀសវាងបាន លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យនគរបាលខេត្តសហការជាមួយមន្ទីរ និងផ្នែកនានា ផ្តោតលើការដោះស្រាយឲ្យបានដាច់ស្រេចនូវការលំបាក និងបញ្ហាដែលនៅសេសសល់ ទន្ទឹមនិងនោះ ជំរុញឲ្យមូលដ្ឋាន និងអង្គភាពនានាអនុវត្តយុទ្ធនាការ ៤៥ ថ្ងៃ សម្រាប់ការកសាង និងសម្អាតទិន្នន័យឲ្យបានស្របគ្នានៅលើភូមិសាស្ត្រខេត្ត។

មជ្ឈមណ្ឌល IOC ខេត្ត តភ្ជាប់ និងឃ្លាំមើលលើវិស័យចំនួន ១២
យោងតាមរបាយការណ៍របស់មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គណៈកម្មាធិការប្រជាជនខេត្តបានឯកភាពលើការគ្រប់គ្រងមជ្ឈមណ្ឌល IOC និងបង្កើតក្រុមដឹកនាំ និងប្រតិបត្តិការមជ្ឈមណ្ឌល IOC ដែលអាស្រ័យដោយនាយកមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាប្រធានក្រុម។ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាស្ថាប័នស្នូលទទួលបន្ទុកធ្វើសេនាធិការជូនថ្នាក់ដឹកនាំលើការគ្រប់គ្រង និងរៀបចំដំណើរការ។ ចំណែកមជ្ឈមណ្ឌលបរិវត្តកម្មឌីជីថល អនុវត្តភារកិច្ចជួយការងារ សហការតាមដាន ចងក្រងព័ត៌មាន និងអនុវត្តភារកិច្ចដែលបានប្រគល់ជូន។

មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌល IOC បានតភ្ជាប់ បញ្ចូល និងឃ្លាំមើលលើវិស័យចំនួន ១២ រួមមាន៖ ស្ថានភាពសេដ្ឋកិច្ច-សង្គម ឃ្លាំមើលរដ្ឋបាលសាធារណៈ ការឃ្លាំមើលការិយាល័យអេឡិចត្រូនិក និងការណែនាំប្រតិបត្តិការ វិស័យសុខាភិបាល វិស័យអប់រំ ការវិភាគស្ថានភាពប្រជាជន ការសម្អាតទិន្នន័យដីធ្លី ការឆ្លុះបញ្ចាំងលើអនុសាសន៍ សេដ្ឋកិច្ចឌីជីថល កាមេរ៉ាភូក្វឹក កាមេរ៉ាឃ្លាំមើលក្នុងខេត្តខេត្តមូល និងការគ្រប់គ្រងភារកិច្ចថ្នាក់ឃុំ។ ក្នុងនោះ វិស័យសេដ្ឋកិច្ច-សង្គមមានសូចនាករចំនួន ៣៦ និងទិន្នន័យដីធ្លីត្រូវបានតាមដានតាមរយៈវាលព័ត៌មានចំនួន ១៨។

ប្រការគួរឲ្យកត់សម្គាល់ ប្រព័ន្ធនេះបានតភ្ជាប់កាមេរ៉ាឃ្លាំមើលចំនួន ១.០០៥ គ្រឿង របស់នគរបាលខេត្ត ក្នុងនោះមានកាមេរ៉ាចំនួន ៥៣២ គ្រឿង មកពីខេត្តអានយ៉ាងចាស់ និងកាមេរ៉ាចំនួន ៤៧៣ គ្រឿង មកពីខេត្តគៀនយ៉ាងចាស់។ ចំពោះថ្នាក់ឃុំ មជ្ឈមណ្ឌល IOC បានកសាងសូចនាករឃ្លាំមើលចំនួន ២៣ ដោយផ្តោតលើក្រុមវិស័យសេដ្ឋកិច្ច រដ្ឋបាល សង្គម និងវិស័យឯកទេសមួយចំនួន។
រយៈពេលខាងមុខ មន្ទីរ គណ ផ្នែក និងគណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេសបន្តពិនិត្យឡើងវិញ ធ្វើឲ្យមានស្តង់ដារ ធ្វើបច្ចុប្បន្នភាព តភ្ជាប់ និងធ្វើសមកាលកម្មទិន្នន័យ ដើម្បីធានាឲ្យទិន្នន័យមានលក្ខណៈ “ត្រឹមត្រូវ គ្រប់គ្រាន់ ស្អាត និងរស់រវើក” បម្រើមានប្រសិទ្ធភាពការងារណែនាំ និងប្រតិបត្តិការរបស់ខេត្ត៕
ប្រែ៖ ណារីពៅ