Bỏ qua đến nội dung chính
លោក Y Vinh Tơr អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា ជួបធ្វើការជាមួយគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង

ព្រឹកថ្ងៃទី១៤ ខែតុលា គណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គម ដឹកនាំដោយលោក Y Vinh Tơr អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា និងជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គម បានអញ្ជើញជួបធ្វើការជាមួយគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង។

ទិដ្ឋភាពនៃជំនួបធ្វើការ

អញ្ជើញទទួល និងធ្វើការជាមួយគណៈប្រតិភូ មាន​លោក លេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង និងជាប្រធានគណៈតំណាងក្រុម​ប្រឹក្សា​ភិបាលធនាគារគោលនយោបាយសង្គមខេត្ត ជា​សមាជិកគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្ត គណៈនាយក និងប្រធាន​ការិ​យាល័យជំនាញនៃសាខាធនាគារគោលនយោបាយសង្គមខេត្ត ចូលរួមផងដែរ។

ប្រតិភូចូលរួមក្នុងជំនួបធ្វើការ

ពីរយៈពេលកន្លងទៅនេះ សាខាធនាគារគោល​នយោ​បាយ​​សង្គមខេត្ត បានអនុវត្តយ៉ាងល្អនូវកម្មវិធីឥណទាន​គោល​នយោបាយនានា។ ប្រភពទុនបន្តមានកំណើន និង​​បញ្ចេញថវិកាបានទាន់ពេលវេលា ​គុណ​ភាព​សកម្ម​​ភាព​​មានការប្រែប្រួលជាវិជ្ជមាន គុណភាពសកម្មភាព​របស់​ក្រុមសន្សំប្រាក់និងកម្ចីប្រាក់បានពង្រឹង និង​ពង្រឹង​​បង្កើនឡើងជាបន្តបន្ទាប់។

លោក ដូន វ៉ាន់ ធៀត នាយកធនាគារគោល​នយោ​បាយ​​សង្គមខេត្តអានយ៉ាង និងជាសមាជិកគណៈ​តំ​ណាង​ថ្នាក់ខេត្ត រាយការណ៍អំពី​សកម្មភាព​របស់​គណៈ​តំ​ណាងក្រុមប្រឹក្សាភិបាល និងសាខាធនាគារគោល​នយោបាយសង្គមខេត្តអានយ៉ាងក្នុងឆ្នាំ២០២៥ និង​រហូត​ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦

រាយ​ការណ៍​នៅក្នុងជំនួបធ្វើការ លោក ដូន វ៉ាន់ ធៀត នា​យកធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាង និងជាសមាជិកគណៈតំណាងថ្នាក់ខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៩ ខែដើមឆ្នាំ២០២៦ ខេត្តបាន​បន្ថែម​ទុន​ចំ​នួន ៩៥៦,៤៧ ពាន់លានដុង បានធ្វើឲ្យ​បង្កើន​ប្រ​ភព​ថវិកាមូលដ្ឋានដែលបានផ្ទេរសិទ្ធពីសាខាធនាគារសម្រា​ប់ការផ្តល់ឥណទាន កើនឡើងដល់ ២.២​៦៥​,៩​៨​ ពាន់​លានដុង ស្មើ ១៤,៩៤% នៃប្រភពទុនសរុប។ ទន្ទឹម​​នឹងនេះ ខេត្តបានរៀបចំគម្រោងបន្ថែម​ទុន​សម្រាប់​​​ដំណាក់កាលឆ្នាំ២០២៦ - ២០៣០ ដោយ​មាន​​តម្រូវ​​ការទុនសរុបដែលរំពឹងទុកចំនួន ២.៤៣៦ ពាន់​​លាន​ដុង។ នេះបានបង្ហាញពីការ​ប្តេជ្ញា​ចិត្ត​របស់​ខេត្ត​​ក្នុងការបន្តរួមដំណើរជាមួយ​ធនាគារ​គោល​នយោ​បា​យ​សង្គម ក្នុងការអនុវត្តគោលនយោបាយ​សន្តិសុខ​សង្គម​​។​​ ​

គិតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ប្រាក់ផ្តល់​កម្ចី​សរុប​សម្រេចបាន ៣.៧៨៤,០៣ ពាន់លានដុង ដោយ​មាន​គ្រួសារក្រីក្រ និងមុខសញ្ញា​គោល​នយោ​បាយ​ផ្សេង​ទៀត​ចំនួន ៥៩.៩៥៨ លើកគ្រួសារ ទទួលបានកម្ចី។ ប្រាក់​ប្រមូលសងបំណុលសរុបមានចំនួន ២.១៥៤,៩ ពាន់​លាន​ដុង។ ប្រាក់កម្ចីសរុបមានចំនួន ១៥.​១០​៤,​៣​៩​ ពាន់លានដុង កើនឡើង ១២% បើធៀប​ទៅ​នឹង​ដើម​​ឆ្នាំ​។

ប្រភពទុនទាំងនេះបានរួមចំណែកគាំទ្រប្រជាជនក្នុងការ​អ​ភិវឌ្ឍផលិតកម្ម អាជីវកម្ម បង្កើតការងារធ្វើ បង្កើន​ប្រាក់​​ចំណូល និងកែលម្អជីវភាពរស់នៅ។ តាមរយៈ​នេះ​​ បានរួមចំណែកជាក់ស្តែង​ដល់ការ​កាត់​បន្ថយ​ភាព​ក្រី​​ក្រ​ដោយចីរភាព ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម និង​ការ​ធានាសន្តិសុខសង្គមនៅលើភូមិសាស្ត្រខេត្ត។

លោក ង្វៀន វ៉ាន់ កូព ប្រធានសមាគម​កសិករ​ខេត្ត​អាន​យ៉ាង​ ថ្លែងមតិក្នុងជំនួបធ្វើការ
លោក ហា វៀត គ្វឹន ប្រធានការិយាល័យនៃ​ការិយា​ល័យ​ជាតិទទួលបន្ទុកជនជាតិ និងតំបន់ភ្នំ សមាជិក​គណៈជំនាញការប្រឹក្សានៃក្រុមប្រឹក្សាភិបាលធនាគារគោល​នយោបាយសង្គម និងជាសមាជិកគណៈ​ប្រតិភូ​ថ្លែង​មតិពិភាក្សាក្នុងជំនួបធ្វើការ
លោក Y Vinh Tơr អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និង​សាស​នា ថ្លែងមតិណែនាំក្នុងជំនួបធ្វើការ

តាមរយៈការពិភាក្សារបស់ប្រតិភូនៅក្នុងជំនួបធ្វើការ លោក Y Vinh Tơr អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និង​សាស​​នា បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែង និងភាព​ម្ចាស់ការរបស់ប្រព័ន្ធធនាគារគោលនយោបាយសង្គមខេត្ត​អានយ៉ាង ព្រមទាំងកោតសរសើរចំពោះ​លទ្ធផល​ដែល​​សម្រេចបាន ក្នុងបរិបទដែលខេត្តទើបតែបញ្ចប់​ការរៀបចំអង្គការក្បាលម៉ាស៊ីនធ្វើការអាជ្ញាធរមូលដ្ឋានពីរ​ថ្នាក់ និងបន្តអនុវត្តការរៀបចំអង្គភាព​រដ្ឋបាល​ថ្នាក់​ភូមិ​ឡើងវិញ។​ 

ដើម្បីបន្តពង្រីកលទ្ធផលដែលសម្រេចបាន លោក Y Vinh Tơr អនុរដ្ឋមន្ត្រីក្រសួងជនជាតិ និងសាសនា បានស្នើឲ្យគណៈតំណាងក្រុមប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមខេត្ត បន្តផ្តោតលើការ​អនុ​វត្ត​ភារ​កិច្ចសំខាន់ៗមួយចំនួន ដូចជា៖ ម្ចាស់ការធ្វើ​សេ​នា​ធិ​ការ​​ជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ព្រម​ទាំងបង្កើនកិច្ចសហការរវាងមន្ទីរ គណៈ ផ្នែក ស្ថា​ប័ន និងអង្គការមហាជន ក្នុងការជំរុញ​ខ្លាំងការ​ផ្តល់​ព័ត៌​មាន​ ផ្សព្វផ្សាយអំពីឥណទានគោលនយោបាយ។​ ត្រូវ​យក​ចិត្ត​ទុកដាក់លើការព្យាករហានិភ័យ គ្រប់គ្រង​យ៉ាង​តឹង​រ៉ឹងលើដំណើរការប្រើប្រាស់ទុនកម្ចីរបស់ប្រជាជន និងកាត់បន្ថយឲ្យបានជាអតិបរមានូវបំណុលហួសកាលកំណត់។ ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយ និង​អនុ​វត្ត​ដោយ​ប្រសិទ្ធភាពនូវសេចក្តីណែនាំលេខ ៣៩-CT/TW របស់​គណៈលេខាបក្ស សេចក្តី​សម្រេច​ចិត្ត​ និងកម្មវិ​ធី​សកម្ម​​ភាព​របស់គណៈ​កម្មាធិការ​បក្ស​មូល​ដ្ឋាន​អំពី​ឥណ​​​ទានគោលនយោបាយសង្គម ក៏ដូច​ជាយុទ្ធសាស្ត្រ​អភិ​វឌ្ឍធនាគារគោលនយោបាយសង្គមរហូត​ដល់​ឆ្នាំ​២០​៣០។

 ទន្ទឹមនឹងនេះ បង្កើនការផ្សព្វផ្សាយ និងពន្យល់អំពី​បទ​ប្បញ្ញត្តិ​ថ្មីៗរបស់រដ្ឋាភិបាល ឯកសារណែនាំ​របស់ក្រុម​ប្រឹក្សាភិបាលធនាគារគោលនយោបាយសង្គមវៀតណាម​ និងស្ថាប័នពាក់ព័ន្ធនានា។ យកចិត្តទុក​ដាក់​លើ​ការ​​ហ្វឹកហាត់ និងបំប៉នជំនាញវិជ្ជា​ជីវៈ​តាម​កាល​កំ​ណត់​​ ដើម្បីធានាបានវិជ្ជាជីវៈ និងបន្តបន្ទាប់ក្នុង​ការគ្រប់​គ្រង​ទុនកម្ចី សម្រាប់កម្មាភិបាល ជាពិសេសសម្រាប់​កម្មាភិ​បាលថ្នាក់ភូមិនិងអង្គការនយោបាយ - សង្គម​ដែល​​ទទួលការផ្ទេរសិទ្ធិគ្រប់គ្រងទុនឥណទាន។

លោក​ លេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​​ខេត្ត​អានយ៉ាង ថ្លែងមតិទទួលយកនូវការណែនាំ

ថ្លែងមតិទទួលយកនូវការណែនាំ លោក លេ វ៉ាន់ ភឿក អនុប្រធានគណៈ​កម្មាធិការប្រជា​ជនខេត្ត​អាន​យ៉ាង​ បាន​​សង្កត់ធ្ងន់ថា គណៈតំណាងថ្នាក់ខេត្តនឹង​ទទួល​យក​​ដោយយកចិត្តទុក​ដាក់បំផុតនូវមតិយោបល់ ការ​វាយតម្លៃ ការណែនាំ និងសំណើរបស់គណៈប្រតិភូ ដើ​ម្បី​​បន្តលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង ប្រតិ​បត្តិ​ការ​ និងបង្កើនគុណភាពឥណ​ទានគោល​នយោ​បាយ​សង្គម​​នៅក្នុងខេត្ត។ 

រយៈពេលខាងមុខ ខេត្តនឹងបន្តណែនាំការរៀបចំ និង​ពង្រឹង​​ក្បាលម៉ាស៊ីន ព្រមទាំងលើកកម្ពស់​គុណភាព​ប្រ​តិ​បត្តិ​ការរបស់គណៈតំណាងគ្រប់លំដាប់ថ្នាក់។ ទន្ទឹម​និង​នោះ យកចិត្តទុកដាក់លើការហ្វឹកហាត់ និងបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈដល់កម្មាភិបាលដែលបំពេញការ​ងារឥណទានគោលនយោបាយនៅមូលដ្ឋាន ដើ​ម្បី​លើក​កម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងទុនកម្ចី៕

ប្រែ៖​ណារីពៅ