Bỏ qua đến nội dung chính
ខេត្តអានយ៉ាង គ្រោងអភិវឌ្ឍលំនៅដ្ឋានជាង ២២៩. ៧០០ ខ្នង ក្នុងដំណាក់កាល ២០២៦-២០៣០

នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ លោក ហូ វ៉ាន់ ម៉ឹង (Hồ Văn Mừng) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ធ្វើអធិបតីភាពកិច្ចប្រជុំសមាជិកគណៈកម្មាធិការប្រជាជនខេត្ត ដើម្បីឆ្លងខ្លឹមសារនានាដែលស្ថិតក្នុងសមត្ថកិច្ច។

ទិដ្ឋភាពកិច្ចប្រជុំ

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ង្វៀន ថាញ់ ផុង (Nguyễn Thanh Phong) សមាជិក​គណៈ​អចិន្ត្រៃយ៍​ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត ព្រមទាំងលោក លេ ទ្រុង ហូ (Lê Trung Hồ) លេ វ៉ាន់ ភឿក (Lê Văn Phước) ង៉ូ កុង ធឹក (Ngô Công Thức) និងអ្នកស្រី ង្វៀន ធី មិញ ធ្វី (Nguyễn Thị Minh Thúy) អនុប្រធានគណៈកម្មាធិការប្រជាជន​ខេត្ត​ផង​ដែរ។​ 

ក្នុងកិច្ចប្រជុំ មន្ទីរសំណង់បានដាក់ជូនគណៈ​កម្មាធិការ​ប្រ​ជា​ជនខេត្តពិនិត្យ និងអនុម័តលើផែនការអភិវឌ្ឍ​លំ​នៅ​​ដ្ឋានសម្រាប់ដំណាក់កាល ២០២៦ - ២០៣០ ដោយ​គោលដៅសាងសង់លំនៅដ្ឋានសរុបចំនួន ២២៩.​៧១៤ខ្នង ដែលមានផ្ទៃក្រឡាសំណង់​សរុប​ប្រ​មាណ​ ៣៣,៣៧លានម៉ែត្រការ៉េ។ ក្នុងនោះ រួមមាន៖ លំ​នៅដ្ឋានពាណិជ្ជកម្មចំនួន ៤៨.១៧៥ខ្នង។ លំ​នៅ​ដ្ឋាន​សង្គមចំនួន ៦.៦៣៨ខ្នង។ លំនៅដ្ឋានសម្រាប់​បម្រើ​ការ​ងាររដ្ឋចំនួន ៨៨៧ខ្នង។ លំនៅដ្ឋាន​ដែល​គ្រួ​សារ​ និងបុគ្គលសាងសង់ដោយខ្លួនឯងចំនួន ១៧៤.​០១​៤​ខ្នង។

ដល់ឆ្នាំ២០៣០ ខេត្តអានយ៉ាងខិតខំសម្រេចបាន​ផ្ទៃ​ក្រ​ឡា​លំនៅដ្ឋានជាមធ្យម ៣២,​៨ម៉ែត្រការ៉េ​ក្នុង​មនុស្ស​ម្នាក់​។ អត្រាលំនៅដ្ឋានរឹងមាំ និងពាក់កណ្តាលរឹងមាំ​ត្រូវ​​សម្រេចបានលើសពី ៩៥% ខណៈដែលអត្រា​លំ​នៅ​ដ្ឋាន​មិនសូវរឹងមាំត្រូវកាត់បន្ថយឲ្យនៅក្រោម ៥% ហើយមិនត្រូវឲ្យមានការកើតឡើងថ្មីនៃលំនៅដ្ឋានសាមញ្ញ​ ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមឡើយ។ 

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​​អានយ៉ាង ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ​

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិ​ការប្រជា​ជន​ខេត្ត​អាន​យ៉ាង បានណែនាំចំពោះផែនការអភិវឌ្ឍ​លំ​នៅ​​ដ្ឋាន​ដំណាក់កាល ២០២៦ - ២០៣០ ឲ្យផ្តោត​លើ​ការ​​ត្រួតពិនិត្យឡើងវិញនូវគោលដៅ និងសូចនាករ​នា​នា​ ដោយផ្អែកលើការវាយតម្លៃឲ្យបាន​ជាក់លាក់អំពី​ស្ថាន​ភាពជាក់ស្តែង ជាពិសេសទីផ្សារលំនៅ​ដ្ឋាន​ពា​ណិ​ជ្ជ​​កម្ម​។ ត្រូវបញ្ជាក់ឲ្យច្បាស់អំពីស្ថានភាពផ្គត់ផ្គង់ និង​តម្រូវ​ការ ព្រមទាំងតម្រូវការលំនៅដ្ឋានជាក់ស្តែង​របស់​ប្រ​ជាពលរដ្ឋ។ 

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈ​កម្មាធិការ​ប្រជា​ជន​ខេត្ត​អានយ៉ាង ក៏បានស្នើឲ្យពិនិត្យ និងធ្វើបច្ចុប្បន្នភាព​ទិន្ន​ន័យឲ្យបានត្រឹមត្រូវ និងសមស្រប។ ទន្ទឹមនិងនោះ លោកតម្រូវឲ្យចុះទៅប្រឹក្សានិងសិក្សាស្ទង់មតិតម្រូវការជាក់ស្តែងនៅភូក្វឹក (Phú Quốc) រ៉ាចយ៉ា (Rạch Giá) និង​ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត ព្រមទាំងធ្វើបច្ចុប្បន្ន​ភាព​ទិន្នន័យឲ្យបានពេញលេញ ដើម្បីរៀបចំផែនការ​ឲ្យ​ស្របតាមតម្រូវការអភិវឌ្ឍរបស់មូលដ្ឋាន។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណកម្មាធិការ​ប្រជា​ជន​ខេត្ត​​តម្រូវឲ្យពិនិត្យមើលឡើងវិញស្ថានភាពផ្គត់ផ្គង់ តម្រូវ​​ការ និងតម្រូវការអភិវឌ្ឍលំនៅដ្ឋានជាក់ស្តែង

ចំពោះ​សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពី​ការអភិវឌ្ឍ​យុ​វ​ជន លោក ហូ វ៉ាន់ ម៉ឹង បានស្នើឲ្យមន្ទីរ​កិច្ច​ការ​ផ្ទៃ​ក្នុង​ សហការជាមួយសម្ព័ន្ធយុវជនខេត្ត ពិនិត្យ និង​កំ​ណត់​ឲ្យបានច្បាស់លាស់នូវសូចនាករ ភារកិច្ច និង​ដំ​ណោះ​ស្រាយនានា ដោយភ្ជាប់ជាមួយទិសដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមរបស់ខេត្ត។ទន្ទឹមនឹងនេះ ត្រូវ​គណ​នា​​ធនធានហិរញ្ញវត្ថុឲ្យបានសមស្រប ដើម្បីធានាថា​អាច​អនុវត្តបាននៅពេលផ្សព្វផ្សាយ។ 

ចំពោះខ្លឹមសារផ្សេងៗដែលដាក់ជូនក្នុងកិច្ចប្រជុំ លោក​ប្រ​ធាន​គណៈកម្មាធិការប្រជាជនខេត្តបានស្នើឲ្យមន្ទីរ អង្គ​ភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ទទួលយក​មតិ​យោ​បល់ និងកែលម្អឯកសារសំណើឲ្យបានពេញលេញ មាន​ភាពច្បាស់លាស់ និងអនុលោមតាម​បទប្បញ្ញត្តិ​ច្បាប់​ មុនពេលដាក់ជូនអាជ្ញាធរមាន​សមត្ថកិច្ច​សម្រេច​។​

តំណាងមន្ទីរមហាផ្ទៃរាយការណ៍ក្នុងកិច្ចប្រជុំ

នៅក្នុងកិច្ចប្រជុំ សមាជិក​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​​ក៏បានពិភាក្សា និងផ្តល់មតិយោបល់​លើសេចក្តី​ព្រាង​សេចក្តីសម្រេចចំនួន ៣ ដែលត្រូវដាក់ជូន​ក្រុម​ប្រឹក្សា​​ប្រជាជនខេត្ត រួមមាន៖ការកំណត់កម្រិតថវិកា​គាំ​ទ្រ​​សម្រាប់សកម្មភាពរបស់សាខា​សមាគមនានា ដែល​ស្ថិត​ក្រោមអង្គការនយោបាយ និងសង្គម នៅតាមតំបន់​ពិសេស​មួយចំនួន។ លុបចោលសេចក្តីសម្រេច​មួយ​ចំ​នួ​ន​​ដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។ អភិវឌ្ឍយុវជន​ខេត្ត​អានយ៉ាង សម្រាប់ដំណាក់កាលឆ្នាំ២០២១-២០​៣០​។

កិច្ចប្រជុំក៏បានពិនិត្យ និងផ្តល់មតិយោបល់លើ​ការ​​អនុញ្ញាតឲ្យបន្តការប្រគល់ដី ដើម្បីអនុវត្ត​គម្រោង​ផ្សារ​ និងតំបន់លំនៅដ្ឋានហ្វាប៊ិញ (Hòa Bình) នៅឃុំ​ហ្វា​ប៊ិញ ស្រុកចើម៉ើយ ខេត្តអានយ៉ាង (បច្ចុប្បន្នជាឃុំ​ហូយ​អាន ខេត្តអានយ៉ាង)។ក្រៅពីនេះ កិច្ចប្រជុំបាន​បង្កើន​ការទាញយករ៉ែថ្មរបស់ក្រុមហ៊ុនភាគ​ហ៊ុនផលិត​សម្ភារៈ​សំណង់គៀនយ៉ាង (Kiên Giang) ព្រមទាំង​មានសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់មេគុណកែសម្រួលបន្ថែមលើប្រាក់ឈ្នួល ដើម្បី​ជាមូលដ្ឋាន​កំណ​ត់ចំណាយប្រាក់ខែ និងថ្លៃកម្លាំងពលកម្មក្នុងតម្លៃ និង​តម្លៃឯកតានៃផលិតផល និងសេវាសាធារណៈ ដែលប្រើប្រាស់ថវិការដ្ឋនៅលើភូមិសាស្ត្រខេត្តអានយ៉ាង។ 

ទន្ទឹមនិងនោះ សមាជិកគណៈកម្មាធិការប្រជាជន​ខេត្ត​ក៏​​បានពិនិត្យ និងឆ្លងគោលការណ៍លើការវិនិយោគ​គម្រោង​​សំខាន់ៗមួយចំនួន រួមមាន៖​គម្រោងសាង​សង់​អនុ​វិទ្យាល័យ និងវិទ្យាល័យគៀនហាយ (Kiên Hải)។ គម្រោង​សាងសង់អនុវិទ្យាល័យ និងវិទ្យាល័យបាហន (Ba Hòn)។ គម្រោង​សាងសង់អនុវិទ្យាល័យឡុងយ៉ាង (Long Giang)។ គម្រោងវិនិយោគសាងសង់ផ្លូវវ៉ វ៉ាន់​គៀត​ តភ្ជាប់វែង និងខ្លឹមសារសំខាន់ៗជាច្រើនទៀត៕ 

ប្រែ៖ ណារីពៅ