ថ្ងៃទី ១៤ វិច្ឆកា នៅតំបន់ដីដើមព្រំប្រទល់ដែននីរតីទិស គណកម្មាធិការប្រជាជនខេត្ត អានយ៉ាងបានប្រារពឡើងយ៉ាងឳឡារិកពិធីរម្លឹកខួបលើកទី ២០០ ឆាំ្នជីកបញ្ចប់ព្រែកវិញតេ(១៨២៤-២០២៤) និងខួបលើកទី ១៩៨ ឆាំ្នទិវាលោកយាយចូវធីតេចូលមរណភាព ហើយនិងសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “២០០ឆាំ្នព្រែកជីកវិញតេ - តម្លៃប្រវត្តិសាស្ត្រនិងចក្ខុវិស័យអនាគត”។នេះជាព្រឹត្តិការណ៍នយោបាយ ប្រវត្តិសាស្ត្រមានអត្ថន័យពិសេសសំខាន់ បង្ហាញពីមោទនភាពនិងការដឹងគុណរបស់បក្ខភាគ អាជ្ញាធរហើយនិងប្រជាជនអានយ៉ាងមួយនឹងបុព្វបុរសដែលមានសគុណបើកទឹកដី។
“មើលវិញរឿងចាស់ដើម្បីច្បាស់រឿងថ្មី”
ដោយមានទស្សនៈ “មើលវិញរឿងចាស់ដើម្បីច្បាស់រឿងថ្មី” នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្តបានរៀបចំសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “២០០ឆ្នាំព្រែកជីកវិញតេ - តម្លៃប្រវត្តិសាស្ត្រ និងចក្ខុវិស័យអនាគត”។សិក្ខាសាលាវិទ្យាសាស្ត្របាន ទទួលបទបង្ហាញចំនួន ៨៥ ពីអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ។ អនុគណៈកម្មការជំនាញបានជ្រើសរើសឯកសារចំនួន ៥០ ដើម្បីបោះពុម្ពជាសៀវភៅកំណត់ត្រា និងបទបង្ហាញចំនួន ៧ បានបង្ហាញនៅក្នុងសិក្ខាសាលា។ លោកឧត្តមសេនីយត្រី សាស្ត្រាចារ្យរង បណ្ឌិត វូក្វាងដាវ (អតីតប្រធានវិទ្យាស្ថានប្រវត្តិសាស្ត្រយោធាវៀតណាម) បានឲ្យដឹងថា៖ “ព្រែកេជីកវិញតេមានប្រវែង ៩១ គីឡូម៉ែត្រ តភ្ជាប់ចូវដុកជាមួយហាទៀន បានសាងសង់ឡើងដោយកម្លាំងមនុស្សក្នុងរយៈពេល ៥ ឆ្នាំ បានពង្រីកនូវឥទ្ធិពលយ៉ាងធំធេងរហូតមកដល់បច្ចុប្បន្នកាលជាង ២០០ ឆ្នាំ ហើយនឹងនូវបន្តស្ថិតស្ថេរចីរកាលតទៅក្នុងប្រវត្តិសាស្ត្រជាតិ។ ព្រែកជីកវិញតេ បង្ហាញពីចក្ខុវិស័យ សេចក្តីប្រាថ្នា និងការគិតជាយុទ្ធសាស្ត្ររបស់បុព្វបុរសនៃយើង ដើម្បីការពារមាតុភូមិ ក្នុងការពង្រីក និងថែរក្សាដែនសីមាតំបន់ដីភាគខាងត្បូងនៃមាតុភូមិ”។
ថ្លែងមតិក្នុងសិក្ខាសាលានេះ លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង បានសង្កត់ធ្ងន់ថា៖ “ឆ្លងកាត់រយៈពេលពីរសតវត្ស ព្រែកជីកវិញតេ តែងតែរក្សាតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពជាច្រើន៖ គឺជាផ្លូវដឹកជញ្ជូនដ៏សំខាន់ តភ្ជាប់តំបន់នានា បង្កើតជាលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មទំនិញ និងជាកន្លែងផ្តល់ទឹកសាបនិងដីល្បាប់សម្រាប់វាលស្រែនៃតំបន់ចតុកោណឡុងស្វៀនទាំងមូល។ ជាងអ្វីទាំងអស់ ព្រែកជីកវិញតេ ដើរតួនាទីជាខ្សែការពារធម្មជាតិដ៏រឹងមាំដើម្បីការពារព្រំដែនភាគនិរតីនៃមាតុភូមិ”។
សមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានឲ្យដឹងថា សិក្ខាសាលានេះមានសារសំខាន់ និងមានអត្ថន័យធំធេងណាស់ក្នុងការប្រកាសលទ្ធផល និងសមិទ្ធិផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ។ គឺជាឱកាសមួយដើម្បីឃោសនា ផ្សព្វផ្សាយ អំពីតម្លៃប្រវត្តិសាស្ត្រដ៏លេចធ្លោរបស់ព្រែកវិញតេ។ នៅក្នុងសិក្ខាសាលា បណ្តារបាយការណ៍ បទបង្ហាញនិងមតិផ្លាស់ប្តូរ ពិភាក្សាយ៉ាងស្វាហាប់ មានលក្ខណៈវិទ្យាសាស្ត្រខ្ពស់អំពីតម្លៃប្រវត្តិសាស្ត្រ និងតួនាទីនៃព្រែកជីកវិញតេ ក្នុងការថែរក្សាការពារជាតិ - សន្តិសុខរឹងមាំ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ បណ្តាសំណើរ ស្នើរបស់ខេត្តក្នុងការពង្រីកតម្លៃព្រែកជីកវិញតេនាពេលបច្ចុប្បន្ន និងអនាគត។ “នេះគឺជាប្រភពឯកសារដ៏មានតម្លៃជួយឲ្យខេត្តអានយ៉ាង គ្រប់គ្រង ធ្វើអាជីវកម្ម អភិរក្សក៏ដូចជា លើកឡើងផែនការគោលនយោបាយអភិវឌ្ឍន៍ព្រែកជីកវិញតេ រួមចំណែកអភិវឌ្ឍន៍ខេត្តអានយ៉ាង នាពេលខាងមុខ” - សមមិត្ត ហូវ៉ាន់ម៉ឹង ឲ្យដឹង។
ដើរតាមគន្លងបុព្វបុរសដោយមោទនភាព
នាយប់ថ្ងៃដដែល នៅតំបន់ទេសចរណ៍ជាតិភ្នំស្វាម គណៈកម្មាធិការប្រជាជនខេត្តបានប្រារព្ធពិធីអបអរសាទរខួបលើកទី ២០០ឆាំ្ននៃការបញ្ចប់ព្រែកជីកវិញតេ ជាមួយនឹងកម្មវិធីល្ខោន៖ “វិញតេ - ព្រែកអច្ឆរិយ”។ កម្មវីធីរួមមាន៖ ជំពូកទី ១ “ទឹកដីដ៏ពិសិដ្ឋនៃភាគខាងត្បូង” ជំពូកទី ២ “វិញតេ - ព្រែកអច្ឆរិយ” ជំពូកទី ៣ “សេចក្តីប្រាថ្នារបស់ចូវដុកទៅឆ្ងាយ” ឆ្លាក់បង្ហាញពីផ្ទាំងរូបភាពនៃដំណើរការជីកព្រែកវិញតេ ក្រោមរាជ្ជកាល ង្វៀន និងបណ្តាសមិទ្ធិផលអភិវឌ្ឍន៍ទីក្រុងតំបន់ព្រំដែន។ ជាពិសេស អង្គការកំណត់ត្រាវៀតណាម (VietKings) បានប្រកាស និងប្រគល់សេចក្តីសម្រេចបង្កើតកំណត់ត្រាវៀតណាម លើកតម្កើងព្រែកជីកវិញតេ៖ “ព្រែកជីកដោយដៃវែងជាងគេនៅតំបន់ព្រំដែនវៀតណាម”។
ពិធីរម្លឹកខួបគឺជាឱកាសមួយសម្រាប់យើងម្នាក់ៗ រួមគ្នារម្លឹកឡើងវិញនិងរក្សាខ្ជាប់ជំនឿ សាមគ្គី ពង្រីកប្រពៃណីស្នេហាជាតិ ដោយឆន្ទះពឹងខ្លួនឯងពង្រឹងខ្លួនឯង និងបំណងប្រាថ្នាឈានឡើង។ ទន្ទឹមនឹងនោះ បង្កើតជាកម្លាំងចិត្តសម្រាប់មនុស្សជំនាន់នេះ បន្តសរសេររឿងវីរជន រួមចំណែកកសាង និងអភិវឌ្ឍន៍មាតុភូមិដ៏រុងរឿង និងសុភមង្គល។ លោក ង្វៀនវ៉ាន់ហាវ (រស់នៅឃុំ វិញតេ ទីក្រុង ចូវដុក) បានសម្តែងថា៖ “ខ្ញុំពិតជារីករាយ និងមានមោទនភាពយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ។ រយៈពេលខាងមុខ យើងខ្ញុំនឹងបន្តឯកភាពជាមួយថ្នាក់បក្ខភាគ និងអាជ្ញាធរមូលដ្ឋានរក្សានិងពង្រីកតម្លៃកេរតំណែលប្រវត្តិសាស្ត្រ និងវប្បធម៌នៅលើភូមិសាស្ត្រ។ តាមរយៈនោះ រួមចំណែកផ្សព្វផ្សាយ ណែនាំអំពីរូបភាពទឹកដី មនុស្ស និងតម្លៃវប្បធម៌មិនធម្មតានិងពិសេសរបស់មូលដ្ឋាន”។
លោកស្រី ហ្វិញធីគឹមង៉ាន លេខាសម្ព័ន្ធយុវជនទីក្រុងចូវដុក បានមានប្រសាសន៍ថា៖“បានឃើញព្រែកជីកវិញតេថ្ងៃនេះ យុវជនចូវដុកមានមោទនភាពណាស់ ព្រោះជាង ២០០ ឆ្នាំមកនេះពោរពេញទៅដោយការឡើងចុះ រួមជាមួយនឹងបច្ចុប្បន្នភាព សំណង់ប្រវត្តិសាស្ត្ររបស់ជំនាន់បុព្វបុរសបានបន្សល់ទុកនៅតែឧស្សាហ៍នាំយកទឹកសាបពីទន្លេចវដុក ឆ្លងកាត់តំបន់ព្រំដែនដាច់ស្រយាល ដើម្បីបញ្ចូលទៅក្នុងសមុទ្ទភាគនិរតី។ ជំនាន់យុវជនយើងខ្ញុំដឹងគុណចំពោះបុព្វបុរសជំនាន់មុនជានិច្ច ដែលបានបង្ហូរញើស និងឈាមយ៉ាងសន្ធឹកសន្ធាប់ ដើម្បីព្រែកជីកវិញតេ មានលំហូរជាខ្សែការពារព្រំដែន ធ្វើឲ្យដែនសីមាមានភាពរ៉ុងរឿង។ ដោយការដឹងគុណដ៏អស់កល្បជានិច្ច យុវជនសម័យនេះសូមសន្យាថានឹងរស់នៅប្រកបដោយភាពស្រស់ស្អាត វប្បធម៌ រៀនសូត្រឥតឈប់ឈរ ច្នៃប្រឌិត ថែរក្សាទំនៀមទម្លាប់ល្អប្រពៃ បញ្ចេញសមត្ថភាពលត់ដំគុណធម៌ និងទេពកោសល្យ ឈានមុខកសាងមាតុភូមិកាន់តែស្រស់ស្អាត សម្បូធូធា និងអារ្យធម៌”។
លោក ឡាំក្វាងធី សមាជិកគណៈអចិន្ត្រៃយ៍បក្ខភាគខេត្ត លេខាបក្ខភាគទីក្រុង ចូវដុក បានអះអាងថា៖ “ប្រជាជន ចូវដុក និងមូលដ្ឋានដែលព្រែកជីកវិញតេ ហូរកាត់ នឹងមិនភ្លេចការរួមវិភាគទានដ៏ធំធេងរបស់លោកមេទ័ព ថ្វយង៉ុកហូវ និងលោកយាយ ចូវធីតេ រួមជាមួយនឹងបុព្វការីជនកាលពីសម័យកាប់ឆ្ការបើកទឹកដីឡើយ។ យើងខ្ញុំដែលជាអ្នកដឹកនាំជំនាន់បច្ចុប្បន្ន បានតាំងចិត្ត ខិតខំប្រឹងប្រែងញ៉ាំងឲ្យចូវដុក អភិវឌ្ឍយ៉ាងលឿន និងឆាប់ក្លាយជាតំបន់ទីក្រុងលំដាប់ទីមួយ ដើម្បីសក្តិសមនឹងគុណូបការៈរបស់បុព្វការីជន”។
ក្នុងក្របខ័ណ្ឌសកម្មភាពរម្លឹកខួបលើកទី ២០០ឆាំ្ន បញ្ចប់ព្រែកជីកវិញតេ និងរម្លឹកខួបលើកទី ១៩៨ឆាំ្នទិវាមរណភាពរបស់លោកយាយ ចូវធីតេ ក៏មានសកម្មភាព ដូចជា៖ រៀបចំកន្លែងតាំងបង្ហាញ និងតាំងពិពណ៌ប្រធានបទ “២០០ ឆ្នាំព្រែកវិញតេ - តម្លៃប្រវត្តិសាស្ត្រ និងសមិទ្ធិផល”។ តបស្នងសងគុណ ថែទាំសន្តិសុខសង្គម វប្បធម៌-សិល្បៈ កីឡា និងម្ហូបអាហារជាដើម ដើម្បីស្វាគមន៍ និងបម្រើប្រជាជនក្នុង និងក្រៅខេត្ត |
ប្រែ៖ ណារីពៅ