ថ្ងៃទី ១០ ខែកញ្ញា គណៈប្រតិភូត្រួតពិនិត្យនៃក្រសួងជនជាតិ និងសាសនាដឹកនាំដោយលោក Y Vinh Tor សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងជនជាតិនិងសាសនា បានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អំពីការអនុវត្តកិច្ចការសាសនា ជនជាតិ និងដំណើរការទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់។ លោក ឡេទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានទទួលជួប និងធ្វើការជាមួយគណៈប្រតិភូ។

រាយការណ៍ជូនគណៈប្រតិភូការងារ លោក យ៉ាញ់ភុក ប្រធានមន្ទីរជនជាតិ និងសាសនាខេត្តអានយ៉ាង បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តបានម្ចាស់ការផ្សព្វផ្សាយបណ្តាឯកសារច្បាប់ស្តីពីជនជាតិ ជំនឿ សាសនា ស្របតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងជនជាតិ និងសាសនា។
ក្នុងដំណើរការរួមបញ្ចូលគ្នា និងអនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ ខេត្តបានកំណត់ថាការងារឃោសនាជាភារកិច្ចកំពូលដើម្បីបង្កើតការយល់ស្របខ្ពស់ក្នុងសង្គម ជាពិសេសគឺក្នុងជនរួមជាតិភាគតិច និងពុទ្ឋសាសនិកជនសាសនា។ ខេត្តបានផ្តោតលើការពង្រីកទម្រង់គំរូជឿនលឿនក្នុងសហគមន៍ ដោយបង្ហាញពីការយកចិត្តទុកដាក់ និងវិនិយោគទៅលើធនធានមនុស្ស។
នៅក្នុងកិច្ចជួបធ្វើការនេះ គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានមានអនុសាសន៍ស្នើជាច្រើនដល់មជ្ឈិម។ ជាក់ស្តែងខេត្តបានស្នើដល់គណៈឃោសនាអប់រំនិងចលនាមហាជនមជ្ឈិមឲ្យចេញសេចក្តីណែនាំក្នុងការបង្កើតគណៈកម្មការណែនាំកិច្ចការសាសនានៅថ្នាក់ខេត្ត និងឃុំឲ្យបានឆាប់។ ក្រសួងជនជាតិ និងសាសនាគាំទ្រដល់ការកសាងមូលដ្ឋានទិន្នន័យ និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាល បំពាក់បំប៉នស៊ីជម្រៅ អំពីជំនឿ សាសនាដល់កម្មាភិបាល។ ការស្នើទាំងនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការគ្រប់គ្រង ការព្យាករណ៍ និងការណែនាំអំពីនយោបាយជាដើម។
អានយ៉ាងគឺជាខេត្តមួយមានភូមិសាស្ត្រនិងសង្គមពិសេស។ បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្តនេះមានផ្ទៃដីជិត ១០.០០០ គីឡូម៉ែត្រក្រឡា និងប្រជាជនជិត ៥ លាននាក់ ក្នុងនោះជនជាតិភាគតិចប្រហែលជា ១១,១១% ។
ខេត្តក៏ជាកន្លែងមានជីវភាពរស់នៅមានជំនឿ សាសនាដ៏សម្បូរបែប ជាមួយនឹងសាសនាចំនួន ១៤ បានទទួលស្គាល់ និងមានអ្នកកាន់សាសនាជាង ២,១ លាននាក់។ បណ្តាអង្គការសាសនា និងជនរួមជាតិកាន់សាសនាចូលរួមការងារសង្គមនិងកសាងជីវភាពវប្បធម៌ថ្មីយ៉ាងសកម្ម និងរួមចំណែករក្សាសន្តិសុខនយោបាយ និងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ។
បញ្ចប់កិច្ចជួបធ្វើការ លោក Y Vinh Tor អនុរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងការសហការយ៉ាងហ្មត់ចត់ និងមានបែបបទរបស់មន្ទីរ ផ្នែក និងមូលដ្ឋាននានាក្នុងការត្រៀមទទួល ក៏ដូចជាការរាយការណ៍ទាំងស្រុងនូវខ្លឹមសារពាក់ព័ន្ធ។
ផ្អែកលើមូលដ្ឋានមតិយោបល់ លោក Y Vinh Tor អនុរដ្ឋមន្ត្រី បានស្នើមូលដ្ឋានឲ្យមានមតិយោបល់បន្តទៀត ជាពិសេសសង្កត់ធ្ងន់លើលទ្ធផលលេចធ្លោ គុណសម្បត្តិ ក៏ដូចជា ការលំបាកក្នុងដំណើរអនុវត្តទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ ធ្វើមជ្ឈការ វិមជ្ឈការ និងរៀបចំអនុវត្តកម្មវិធីសំខាន់ៗ។
លោក Y Vinh Tor អនុរដ្ឋមន្ត្រី បានស្នើឲ្យអនុវត្តព្រមៗគ្នាគោលនយោបាយជនជាតិ បន្ទាប់ពីការរៀបចំឡើងវិញ។ ខេត្តពិនិត្យជាបន្ទាន់ និងស្នើក្រុមប្រឹក្សាប្រជាជនខេត្តចេញសេចក្តីសម្រេចបង្រួបបង្រួមការបែងចែកធនធាន ជាពិសេសគឺទុនវិនិយោគ។
មុននេះ គណៈប្រតិភូបានត្រួតពិនិត្យជាក់ស្តែងនៅឃុំអានគឺ និងទ្រីតូន ដើម្បីក្តាប់ស្ថានភាពអនុវត្តការងារជនជាតិ សាសនា បន្ទាប់ពីដំណើរទម្រង់អាជ្ញាធរមូលដ្ឋានពីរថ្នាក់៕
ប្រែ៖ ណារីពៅ