ព្រឹកថ្ងៃទី ២០ មីនា នៅខេត្តអានយ៉ាង គណៈប្រតិភូនៃសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី ម៉ៃវ៉ាន់ជីញ ធ្វើការជាមួយខេត្តចំនួន ៣៖ អានយ៉ាង ដុងថាប កាម៉ាវ ស្ដីពីការជំរុញផលិតកម្ម - អាជីវកម្ម វិនិយោគសាធារណៈ ការនាំចេញនាំចូល ការកសាងហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានសង្គម ចលនាប្រឡងប្រណាំង “ការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងទ្រុឌទ្រោម” បណ្តាកម្មវិធីគោលដៅជាតិ ដោះស្រាយការលំបាក និងបញ្ហាទាក់ទិន។





លោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាង។ លោក ឡេវ៉ាន់នឹង អនុលេខាបក្ខភាគខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង។ លោក ហូវ៉ាន់ម៉ឹង សមាជិកបម្រុងគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ លោក ឡេក្វុកផុង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តដុងថាប។ លោក ផាមថាញង៉ៃ អនុលេខាបក្ខភាគខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តកាម៉ៅ រួមនិងថ្នាក់ដឹកនាំក្រសួងផ្នែកមជ្ឈិមចូលរួមកិច្ចប្រជុំ។
នៅក្នុងសន្និបាត ថ្នាក់ដឹកនាំខេត្តទាំង៣៖ អានយ៉ាង ដុងថាប កាម៉ៅ បានរាយការណ៍អំពីលទ្ធផលនៃការអនុវត្តភារកិច្ចក្នុងខែដំបូងនៃឆ្នាំ និងទិសដៅ ដំណោះស្រាយសម្រាប់បណ្តាខែចុងឆ្នាំ អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្តល់ថវិកាទុនវិនិយោគសាធារណៈ ការនាំចូល និងនាំចេញ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានសង្គម ចលនាប្រឡងប្រណាំង “ការលុបបំបាត់លំនៅដ្ឋានបណ្តោះអាសន្ននិងទ្រុឌទ្រោម” ហើយនិងកម្មវិធីគោលដៅជាតិ។ ទន្ទឹមនឹងនោះ មានអនុសាសន៍ជាច្រើនស្នើដល់រដ្ឋាភិបាល ក្រសួងផ្នែកមជ្ឈិមដោះស្រាយការលំបាកនិងបញ្ហាទាក់ទិន ជួយបណ្តាខេត្តអនុវត្តការងារនយោបាយទទួលបានភាពជោគជ័យនាពេលខាងមុខ។
ថ្លែងមតិនៅក្នុងសន្និបាត លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានឲ្យដឹងថា ក្នុងបរិបទដែលសេដ្ឋកិច្ចក្នុងប្រទេសទាំងមូលបន្តស្តារឡើងវិញ និងអភិវឌ្ឍន៍ខ្លាំងក្លា ខេត្តអានយ៉ាង បានច្បាមជាប់ការណែនាំរបស់មជ្ឈិម ប្រមូលផ្តុំណែនាំ និងប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដោយមានភារកិច្ច និងដំណោះស្រាយស្របគ្នាជាច្រើន ខិតខំសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់។ ប្រការនេះបានទទួលការឯកភាព និងការគាំទ្រពីប្រជាជន និងសហគមន៍ធុរកិច្ច។ ក្នុងនោះ ទទួលយក និងជ្រួតជ្រាបស៊ីជម្រៅនូវគោលការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្សអំពីគម្រោងបំពេញបន្ថែមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥ ជាមួយនឹងគោលដៅកំណើនពី ៨% ឡើងទៅ បក្ខភាគខេត្តអានយ៉ាង បានសិក្សាស្រាវជ្រាវ និងណែនាំយ៉ាងយកចិត្តទុកដាក់ដល់គណៈកិច្ចការបក្សនៃគណៈកម្មាធិការប្រជាជនខេត្ត (បច្ចុប្បន្នជាបក្ខភាគគណៈកម្មាធិការប្រជាជនខេត្ត) ធ្វើសេនាធិការក្នុងការកសាងផ្សព្វផ្សាយអនុវត្តដើម្បីសម្រេចបានគោលដៅដាក់ចេញ។
ជំហានដំបូងសឲ្យឃើញ ចាប់តាំងពីដើមឆ្នាំមក ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ខេត្តទទួលបានលទ្ធផលសំខាន់ៗជាច្រើន៖ ទីមួយ កំណើនសេដ្ឋកិច្ចរក្សានៅកម្រិតខ្ពស់ សន្និដ្ឋានថា GRDP ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ កើនឡើង ៧,២% ធៀបនឹងរយៈពេលនេះក្នុងឆ្នាំ ២០២៤។ បណ្តាវិស័យផលិតកម្ម ពាណិជ្ជកម្ម សេវាកម្មសុទ្ឋតែមានការរីកចម្រើនជាវិជ្ជមាន។ ផ្តល់ថវិកាទុនវិនិយោគសាធារណៈចាប់ពីដើមឆ្នាំដល់ដំណាច់ខែមីនា ឆ្នាំ២០២៥ ប្រមាណ៦៤៥ពាន់លានដុង សម្រេចបាន៦,៣៨%នៃផែនការ។ វិស័យសុខាភិបាល អប់រំ វប្បធម៌ និងរបបសន្តិសុខសង្គមបន្តបានកែលម្អ។ សន្តិសុខការពារជាតិបានធានា។
ខេត្តអានយ៉ាង បានផ្សព្វផ្សាយយ៉ាងហ្មត់ចត់នូវសេចក្តីសម្រេចចិត្ត និងគោលការណ៍របស់បក្ស និងរដ្ឋអំពីការរៀបចំក្បាលម៉ាស៊ីនពង្រួម មានសុពលភាព និងប្រសិទ្ធភាព និងសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW ស្តីពីភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិ។ ចាត់ទុកនេះជាកត្តាស្នូល ជាមូលដ្ឋានគ្រឹះក្នុងការផ្សព្វផ្សាយទៅកាន់វិស័យផ្សេងៗ ដើម្បីពន្លឿន និងបង្កើតភាពវាយទម្លុះ និងផ្លាស់ប្តូរខ្លួនរួមគ្នាជាមួយប្រទេសទាំងមូលក្នុងដំណាក់កាលខាងមុខ។
“ខេត្ត អានយ៉ាង ប្តេជ្ញាសម្រេចបានគោលដៅអភិវឌ្ឍន៍លឿន និរន្តរភាព អនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស និងរដ្ឋ ស្របតាមលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។ ជាមួយនឹងសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់បក្ខភាគ អាជ្ញាធរ និងប្រជាជន ការយកចិត្តទុកដាក់ និងការគាំទ្រដ៏មានតម្លៃរបស់មជ្ឈិម ខេត្តអានយ៉ាង នឹងបន្តបោះជំហានយ៉ាងរឹងមាំលើមាគ៌ាអភិវឌ្ឍន៍ដោយចីរភាព សមាហរណកម្មស៊ីជម្រៅ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍នឹងរួមជាមួយប្រទេសទាំងមូលឈានចូលយុគសម័យថ្មី យុគប្រែខ្លួនរបស់ជនជាតិ” លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាងសង្កត់ធ្ងន់។
ថ្លែងមតិណែនាំសន្និបាត លោកឧបនាយករដ្ឋមន្ត្រី ម៉ៃវ៉ាន់ជីញ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បក្ខភាគខេត្ត គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដុងថាប និងកាម៉ាវ ក្នុងការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល។ ស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់តំមូលដ្ឋានទាំងបីក្នុងខែដំបូងនៃឆ្នាំ ២០២៥ បានកត់ត្រានូវ ការអភិវឌ្ឍន៍ជាវិជ្ជមាន។ អនុក្រិត្យលេខ ៥៧-NQ/TW ស្តីពីភាពវាយទម្លុះក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា ការផ្លាស់ថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថលជាតិត្រូវបានបញ្ជាក់ និងអនុវត្តយ៉ាងសកម្មដោយមូលដ្ឋាន។ ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨-NQ/TW ចុះថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៧ របស់គណៈកម្មាធិការមជ្ឈិមបក្ស (អាណត្តិទី ១២) លើបញ្ហាមួយចំនួនស្តីពីការបន្តផ្លាស់ថ្មី និងរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនរបស់ប្រព័ន្ធនយោបាយដើម្បីពង្រួម និងដំណើរការមានសុពលភាព និងប្រសិទ្ធភាពត្រូវបានផ្សព្វផ្សាយអនុវត្តន៍យ៉ាងម៉ឹងមាត់។ ហើយកម្មវិធីជាតិ ផ្តល់ថវិកាទុនវិនិយោគសាធារណៈ រំដោះផ្ទៃរាបមានការផ្លាស់ប្តូរជាវិជ្ជមាន។
ទោះបីដូច្នេះ ដើម្បីសម្រេចបាននូវគោលដៅកំណើននិងគោលដៅដាក់ចេញក្នុងឆាំ្ន ២០២៥ ពី ៨% ឡើងទៅ ខេត្តទាំងបីគឺ អានយ៉ាង ដុងថាប កាម៉ៅ ត្រូវតែខិតខំយ៉ាងខ្លាំងក្លានិងមានការប្តេជ្ញាខ្ពស់។ ក្នុងនោះ ចាំបាច់ត្រូវបញ្ជាក់ពីសេណារីយ៉ូកំណើនសម្រាប់តំបន់នីមួយៗ។ ចាត់តាំងទំនួលខុសត្រូវក្នុងការតាមដាន ត្រួតពិនិត្យ ដើម្បីដោះស្រាយការលំបាកក្នុងដំណើរការអនុវត្តភ្លាមៗ ជាពិសេសខេត្តដុងថាបនិងកាម៉ៅ ត្រូវត្រួតពិនិត្យឡើងវិញ និងខិតខំបង្កើនអត្រាកំណើននៃតំបន់ ១។
លោកឧបនាយករដ្ឋមន្រី្តបានស្នើឲ្យមូលដ្ឋាននានាត្រូវបញ្ចប់ការបែងចែកដើមទុនវិនិយោគសាធារណៈក្នុងខែមីនា។ប្ដេជ្ញាខ្លាំងក្លានូវការផ្តល់ថវិកាទុនវិនិយោគសាធារណៈ ជាពិសេសគម្រោងសំខាន់ៗនៃជាតិ និងខេត្ត។ ចាត់ទុកថានេះជាកម្លាំងចលករដ៏សំខាន់ រួមចំណែកដល់កំណើនសេដ្ឋកិច្ច។ទន្ទឹមនឹងនោះ កៀរគរធនធានសង្គម រួមគ្នាអនុវត្តចលនាប្រឡងប្រណាំងក្នុងការ “លុបបំបាត់លំនៅដ្ឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោម” យោងតាមស្មារតីនៃការណែនាំរបស់លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការបញ្ចប់ការលុបបំបាត់លំនៅដ្ឋានបណ្ដោះអាសន្ន និងទ្រុឌទ្រោមនៅឆ្នាំ ២០២៥។ ទន្ទឹមនិងនោះ ជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល លើកកម្ពស់សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត បង្កើតបរិយាកាសវិនិយោគល្អ ដើម្បីទាក់ទាញធុរកិច្ចមកបណ្តាក់ទុន និងអភិវឌ្ឍន៍។ ដំណើរការត្រួតពិនិត្យ និងកាត់បន្ថយនីតិវិធីរដ្ឋបាល ដើម្បីបម្រើប្រជាជននិងធុរកិច្ចឲ្យកាន់តែប្រសើរឡើង។
អំពីអនុសាសន៍របស់ខេត្តទាំងបី៖អានយ៉ាង ដុងថាប កាម៉ៅ លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល ម៉ៃវ៉ាន់ជីញ បានចាត់ឲ្យខុទ្ទកាល័យរដ្ឋាភិបាលធ្វើការសំយោគនៅអនុសាសន៍ដែលស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋាភិបាលរាយការណ៍ជូនរដ្ឋាភិបាល។ អនុសាសន៍ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ផ្នែកមជ្ឈិមគឺចាំបាច់ត្រូវតែឆ្លើយតបជាបន្ទាន់ជាលាយលក្ខណ៍អក្សរសម្រាប់មូលដ្ឋាននានា។ បណ្តាបញ្ហាទាក់ទិននៅពេលដែលបានដោះស្រាយ មូលដ្ឋាននានាចាំបាច់ត្រូវតែសហការផ្សព្វផ្សាយអនុវត្តឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព៕
ប្រែ៖ ណារីពៅ