ក្នុងអំឡុងដំណើរការបង្កើតនិងអភិវឌ្ឍន៍តំបន់ដីភាគខាងត្បូងរហូតមកដល់ថ្ងៃបង្កើតខេត្តអានយ៉ាង ចូវដុក តែងតែជាបុរេបន្ទាយសំខាន់ ជាកន្លែងបង្ហាញពីឆន្ទះ និងបញ្ញារបស់បុព្វការីជនអំពីផែនការរានទឹកដីនិងរក្សាទឹកដី។ រហូតមកដល់ពេលនេះ នៅតែដិតជាប់ ដានស្នាដៃប្រវត្តិសាស្ត្រជានិច្ច តាមរយៈសំណង់ជាច្រើន។ក្នុងនោះ ព្រែកជីកវិញតេជាសំណង់ធារាសាស្ត្រដ៏សំខាន់បំផុតនៃតំបន់ភាគនិរតីនិងអានយ៉ាងចាប់តាំងពីសតវត្សទី ១៩។

យោងតាមលោក ឡេហុងក្វាង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាបក្ខភាគខេត្តអានយ៉ាងថា ក្នុងប្រវត្តិសាស្ត្រ ព្រែកជីកវិញតេ តែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពជាច្រើន។ សំណង់នេះគឺជាផ្លូវចរាចរណ៍ដ៏សំខាន់មួយ តភ្ជាប់តំបន់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនក្នុងតំបន់។ ជាបណ្តាញផ្គត់ផ្គង់ទឹកសាប ដីល្បាប់សម្រាប់វាលស្រែនៃខេត្តអានយ៉ាង តំបន់ចតុកោណឡុងស្វៀន និងតំបន់ទាំងមូលដែលនៅជាប់នឹងប្រទេសកម្ពុជា។ ព្រែកជីកវិញតេ ដើរតួនាទីជាខ្សែការពារធម្មជាតិដ៏រឹងមាំ ការពារព្រំដែនភាគនិរតីនៃមាតុភូមិ។
លោកសាស្ត្រាចារ្យរង បណ្ឌិត ត្រាន់ឌឹកគឿង ប្រធានសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមបានអធិប្បាយថា៖ “ព្រែកជីកវិញតេ មានអាយុកាល ២០០ ឆ្នាំទៅហើយ ហើយនាំមកនូវអត្ថប្រយោជន៍ជាច្រើន។ ជាដំបូងនាំមកនូវអត្ថប្រយោជន៍អំណោយផលដល់កសិករនៅតំបន់វាលទំនាបទន្លេគឺវឡុង នៅតំបន់ឆ្លងកាត់ ជួយពួកគេធ្វើការងារធារាសាស្រ្ត ដើម្បីបម្រើដល់ផលិតកម្មកសិកម្មនិង បង្កើតផ្លូវទឹកដ៏សំខាន់មួយ។តាមរយៈនោះសឲ្យឃើញថា ព្រែកជីកវិញតេ បង្ហាញនូវចក្ខុវិស័យយុទ្ធសាស្ត្ររបស់ស្តេចរាជ្ជកាល ង្វៀន សម័យដើម នាំមកនូវតម្លៃសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម និងប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ”។
លោកសាស្ត្រាចារ្យរង កបណ្ឌិត ង្វៀនវ៉ាន់ញាត់ អគ្គលេខាធិការរងនៃសមាគមវិទ្យាសាស្ត្រប្រវត្តិសាស្ត្រវៀតណាមបានមានប្រសាសន៍ថា វិញតេ គឺជាព្រែកជីកធំជាងគេនៅអានយ៉ាង ដែលជាព្រែកមួយក្នុងចំណោមព្រែកធំៗទាំងបួននៅភាគខាងត្បូង។ នៅខែកក្កដា ឆ្នាំ ១៩៩៦ ដោយដឹងយ៉ាងច្បាស់នូវតួនាទីសំខាន់របស់ព្រែកជីកនោះ លោកនាយករដ្ឋមន្ត្រី វ៉វ៉ាន់គៀត បានសម្រេចចិត្តបើកបំបែកព្រែក T5 - ទ្វឺនថុង (ក្រោយមកហៅថាព្រែក វ៉វ៉ាន់គៀត) ប្រវែង ៣៦,៧ គីឡូម៉ែត្រ ដោយនាំទឹកសាបពីព្រែកមេវិញតេ ឆ្លងកាត់ តំបន់ចតុកោណឡុងស្វៀន ចេញទៅដល់សមុទ្រខាងលិច។ “ដោយសារមានប្រព័ន្ឋព្រែកនេះ ការធ្វើអាជីវកម្មនៅចតុកោណឡុងស្វៀន បន្ទាប់ពីរយៈពេល ១០ឆ្នាំ (១៩៨០ - ១៩៩៩) ទទួលបានជោគជ័យ រួមចំណែកយ៉ាងជោគជ័យក្នុងការនាំយកបរិមាណផលស្រូវរបស់អានយ៉ាងទៅកាន់ក្រុមកំពូលក្នុងប្រទេស" - ប្រសាសន៍របស់លោកសាស្ត្រាចារ្យរង បណ្ឌិត ង្វៀនវ៉ាន់ញាត់។
“ព្រែកជីកវិញតេ នាំចូវដុក ពីមូលដ្ឋានយោធា ជាជំហានៗក្លាយជាតំបន់សេដ្ឋកិច្ចប្រសព្វតភ្ជាប់ហាទៀន (ខេត្ត គៀនយ៉ាង) ជាមួយមម្ពុជា វិញថាញ យ៉ាឌិញ ផ្លាស់ប្តូរតំបន់ដីចតុកោណឡុងស្វៀន ពីដីចោលទំនេនិងជ្រាបជាតិជូធ្ងន់ធ្ងរទៅជា តំបន់ផលិតកម្មដ៏សម្បូរបែប ដែលជាតំបន់ផលិតស្បៀងអាហារដ៏ចំណុចនៅក្នុងតំបន់វាលទំនាបទន្លេគឺវឡុង និងក្នុងប្រទេសទាំងមូល។ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ព្រែកជីកវិញតេ ផ្តល់ជូនជាអេកូឡូស៊ី ប្រវត្តិសាស្ត្រ - វប្បធម៌ លើគោក - ក្រោមទឹក រួមចំណែកក្នុងការធ្វើពិពិធកម្មទម្រង់ទេសចរណ៍ក្នុងមូលដ្ឋាន” - លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាងសង្កត់ធ្ងន់។
“ក្រោយរយៈពេល ២៧ ឆ្នាំ ព្រែក វ៉វ៉ាន់គៀត គឺជាផ្លូវទឹកដ៏សំខាន់តភ្ជាប់ព្រែកជីកវិញតេ រត់តាមព្រំដែនជាមួយប្រទេសកម្ពុជា ចុះទៅកាន់សមុទ្រគៀនយ៉ាង។ អាស្រ័យដោយបានព្រែក វ៉វ៉ាន់គៀត ប្រជាជនបានដឹកជញ្ជូន និងជួញដូរទំនិញបានយ៉ាងងាយស្រួល។ នៅលើគោកជាផ្លូវក្រាលកៅស៊ូអន្តរខេត្តត្រង់ភ្លើង មានផ្ទះនៅជិតគ្នាៗ។ ជាកុលបុត្រស្រុកកំណើតចូវដុក ខ្ញុំមានមោទនភាព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វការីជនដែលមានសគុណកាប់ឆ្ការ រានទឹករានដី។ ទឹកហូរលើវាលស្រែនាំមកនូវដីល្បាប់ ធ្វើឲ្យ ដីមានជីវជាតិគ្រប់គ្រាន់ បង្កើនផលិតភាព និងគុណភាពស្រូវ។ ជីវិតរបស់ប្រជាជនក៏កាន់តែ ប្រសើរឡើង” - លោក ង្វៀនវ៉ាន់ញៀន មានអារម្មណ៍រីករាយ។
ដើម្បីបន្តពង្រីកនូវតម្លៃព្រែកជីកវិញតេ លោក ឡេហុងក្វាង លេខាបក្ខភាគខេត្តអានយ៉ាង បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ ផ្នែក អង្គការមហាជន កម្មាភិបាល បក្ខជន និងប្រជាជននៅក្នុងខេត្ត បន្តលើកពង្រីកសមិទ្ធិផលដែលបុព្វបុរសបានបន្សល់ទុក។ សាមគ្គី ខិតខំសម្រេចបានសមិទ្ធិផលធំធេងនិងទូលំទូលាយជាងទៀតក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ រក្សាសន្តិសុខការពារជាតិ។ កសាងប្រព័ន្ធនយោបាយស្អាតស្អំ និងរឹងមាំ។ ទន្ទឹមនឹងនោះ អភិរក្ស និងពង្រីកប្រពៃណីប្រវត្តិសាស្ត្រ និងវប្បធម៌។ លើកកម្ពស់ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន កសាងស្រុកកំណើតអានយ៉ាង កាន់តែសម្បូរបែប ស្រស់ស្អាត និងអារ្យធម៌។
| ព្រែកជីកវិញតេ ស្តេចយ៉ាឡុង ជាអ្នកបញ្ជាឲ្យជីក ចាប់ពីឆ្នាំ ១៨១៩ និងបញ្ចប់នៅឆ្នាំ ១៨២៤ ដែលបញ្ជាផ្ទាល់ដោយលោកមេទ័ព ថ្វយង៉ុកហូវ (ពោលគឺ ង្វៀនវ៉ាន់ថ្វយ)។ ប្រវែង ៩១គីឡូម៉ែត្រ ទទឹង ៣០ម៉ែត្រ ជម្រៅ ២,៥៥ម៉ែត្រ ព្រែកនេះត្រូវបានជីកឡើងដោយកម្លាំងមនុស្ស។ សំណង់នេះគឺជាសក្ខីភាពមួយដ៏ឧឡារិកចំពោះភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ប្រជាជនវៀតណាមក្នុងការយកសញ្ជ័យលើធម្មជាតិ បង្ហាញពីចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជ្ជកាលង្វៀន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ទំនាក់ទំនងការទូត និងពង្រឹងកម្លាំងសន្តិសុខការពារជាតិនៅតំបន់ព្រំដែនឆ្ងាយនៅភាគនិរតីនៃមាតុភូមិ។ ថ្មីៗនេះ ក្នុងឱកាសរម្លឹកខួបលើកទី ២០០ឆាំ្នបញ្ចប់ព្រែកជីកវិញតេ អង្គការកំណត់ត្រាវៀតណាម (VietKings) បានប្រគល់សេចក្តីសម្រេចបង្កើតកំណត់ត្រាវៀតណាម ដោយលើកតម្កើងព្រែកជីកវិញតេ ជា“ព្រែកជីកដោយដៃវែងបំផុតនៅតំបន់ព្រំដែននៃប្រទេសវៀតណាម”៕ |
ប្រែ៖ ណារីពៅ