ព្រឹកថ្ងៃទី១០ ខែធ្នូ នៅសង្កាត់ទិញបៀន ខេត្តអានយ៉ាង ក្រសួងឧស្សាហពាណិជ្ជកម្ម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានរៀបចំវេទិកាតភ្ជាប់ពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា។

វេទិកាគឺជាព្រឹត្តិការណ៍តភ្ជាប់មួយដើម្បីទំនាក់ទំនងអាជីវកម្ម ណែនាំសក្តានុភាព ឱកាសវិនិយោគនិងជំរុញការនាំចេញ និងនាំចូលតាមរយៈច្រកទ្វារព្រំដែនវៀតណាម-កម្ពុជា។
យោងតាមក្រសួងឧស្សាហពាណិជ្ជកម្ម ប្រទេសកម្ពុជាបានវាយតម្លៃថាជាដៃគូពាណិជ្ជកម្មយុទ្ធសាស្ត្ររបស់វៀតណាម ដែលមានព្រំដែនគោកប្រវែង ១.១៣៧ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន ៨ របស់វៀតណាម និងខេត្តចំនួន ៩ របស់កម្ពុជា។ ប្រព័ន្ធច្រកទ្វារព្រំដែននៅតាមបណ្តោយព្រំដែនទាំងមូលបានបង្កើតលក្ខខណ្ឌសំខាន់ៗដើម្បីជំរុញការនាំចេញ នាំចូល និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
យោងតាមសេចក្តីសម្រេចលេខ ១២០០/QD-TTg ឆ្នាំ ២០២៣ ចេញដោយនាយករដ្ឋមន្ត្រី អនុម័តផែនការរៀបចំច្រកទ្វារព្រំដែននៅតាមព្រំដែនគោកវៀតណាម-កម្ពុជាសម្រាប់ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៥០៖ គោលដៅនៅឆ្នាំ ២០៣០ គឺបង្កើតតំបន់ច្រកទ្វារព្រំដែនអភិវឌ្ឍព្រមៗគ្នាក្នុងវិស័យពាណិជ្ជកម្ម ភស្តុភារ ទេសចរណ៍ និងសេវាកម្ម។ តាមរយៈនោះ ដើម្បីទាញយកផលជាអតិបរមា ពីសក្តានុភាពប្រៀបខ្លាំងរបស់ប្រព័ន្ឋព្រំដែន រួមចំណែកជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងមូលដ្ឋាន បង្កើនការផ្លាស់ប្តូរវប្បធម៌ និងសង្គម ទន្ទឹមនិងនោះធានាថាមានលំហូរទំនិញដោយរលូន។
ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៥ ប្រាក់ចំណូលនាំចេញនិងនាំចូលតាមរយៈច្រកព្រំដែនរវាងវៀតណាម និងកម្ពុជាសម្រេចបាន ៥,៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៥% បើធៀបនឹងឆាំ្ន ២០២៤។ ក្នុងនោះ ការនាំចូល និងនាំចេញរបស់វៀតណាមទៅកាន់ប្រទេសកម្ពុជាតាមរយៈច្រកព្រំដែនគោកសម្រេចបាន ៥,៨៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៦% ធៀបនឹងដំណាលពេលនេះឆ្នាំ ២០២៤។ ទំនិញនាំចេញសំខាន់ៗរបស់វៀតណាមរួមមាន វាយនភណ្ឌ ដែកថែប និងជលផល។ រីឯទំនិញនាំចូលពីប្រទេសកម្ពុជាភាគច្រើនគឺកៅស៊ូ គ្រាប់ស្វាយចន្ទី និងកសិផលផ្សេងទៀត។ រចនាសម្ព័ន្ធទំនិញមានលក្ខណៈបំពេញបន្ថែមឲ្យគ្នា ប៉ុន្តែនៅតែបង្កប់នៅហានិភ័យនៃឱនភាពពាណិជ្ជកម្មតាមរដូវ។
ដើម្បីជំរុញពាណិជ្ជកម្មតាមព្រំដែន ក្រសួងឧស្សាហ ពាណិជ្ជកម្មបានមានគោលដៅញ៉ាំងឲ្យតម្លៃនាំចេញហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាចំនួន ២០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០៣០។ ទន្ទឹមនិងនោះ ជំរុញខ្លាំងការផ្លាស់ប្តូរគុណភាពពាណិជ្ជកម្ម ធ្វើពិពិធកម្មទំនិញ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធភស្តុភារ។ ដល់ឆ្នាំ ២០២៧ ខិតខំសម្រេចបាន ឃ្លាំងផ្ទុកទំនិញនៅច្រកទ្វារព្រំដែន ១០០% ដើម្បីឆ្លើយតបតម្រូវការផ្ទុកទំនិញ។ ក្នុងនោះ ផ្តល់សេវាកម្មភស្តុភារពេញលេញ៨០% និងតភ្ជាប់មាន ប្រសិទ្ធភាពលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក។
អ្នកស្រី វូធីមិញង៉ុក ប្រធានការិយាល័យហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម - នាយកដ្ឋានគ្រប់គ្រង និងអភិវឌ្ឍន៍ទីផ្សារក្នុងប្រទេស មានប្រសាសន៍ថា៖ បណ្តាកិច្ចព្រមព្រៀងទ្វេភាគីរវាងវៀតណាម និងកម្ពុជាក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះបានបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់អភិវឌ្ឍន៍ពាណិជ្ជកម្មព្រំដែន។ក្នុងនោះ អនុស្សរណៈយោគយល់ឆ្នាំ ២០១៩ ស្តីពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន សន្ឋិពាណិជ្ជកម្មព្រំដែនឆ្នាំ ២០២៤ និងកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មដំណាក់កាល ២០២៥-២០២៦ បានបើកចេញក្របខ័ណ្ឌច្បាប់ព្រមៗគ្នា ជួយដល់មូលដ្ឋាននានាដូចជា តៃនិញ អានយ៉ាង ដុងថាប យ៉ាឡាយជាដើម ដើម្បីពន្លឿនផែនការរៀបចំ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ផ្សារព្រំដែន ឃ្លាំងផ្ទុក និងមជ្ឈមណ្ឌលភស្តុភារ។
យោងតាមអ្នកស្រី ង៉ុក ការផ្សព្វផ្សាយយន្តការសហប្រតិបត្តិការនេះកំពុងបានជំរុញយ៉ាងខ្លាំងនូវទម្រង់ “ច្រកទ្វារព្រំដែនឌីជីថល” “ច្រកទ្វារតែមួយនិងចំណតមួយ” តាមរយៈនោះកាត់បន្ថយពេលវេលាសៀលគយ និងបង្កើនបរិមាណទំនិញ ជាពិសេសនៅតាមច្រករបៀងសេដ្ឋកិច្ចសំខាន់ៗដូចជា ម៉ុកបៃ - ភ្នំពេញ ទិញបៀន - តាកែវ និងហាទៀន-កែប។ ទន្ទឹមនិងនោះ បណ្តាខេត្តដូចជា តៃនិញ អានយ៉ាង និងដុងថាប បានរួមបញ្ចូលមជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងផ្ទុកទំនិញ ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងផែនការរៀបចំបង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញអាជីវកម្មធំៗ ឲ្យវិនិយោគក្នុងទិសដៅសង្គមូបនីយកម្ម។
អ្នកស្រី ង៉ុក បានសង្កត់ធ្ងន់ថា ជាមួយនឹងប្រៀបខ្លាំងមានព្រំដែនវែងជាមួយប្រទេសកម្ពុជា និងមានច្រកទ្វារព្រំដែនអន្តរជាតិជាច្រើនដូចជា ម៉ុកបៃ ហ្សាម៉ាត់ ទិញបៀន ខាញ់ប៊ិញ ហាទៀន ដូច្នេះហើយតំបន់ព្រំដែនវៀតណាម-កម្ពុជា មានសក្តានុពលក្លាយជា “ច្រកទ្វារពាណិជ្ជកម្ម” របស់វៀតណាម តភ្ជាប់ជាមួយទីផ្សារកម្ពុជា និងធំទូលាយជាងទៀត គឺទីផ្សារអាស៊ាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។
បច្ចុប្បន្ននេះ ខេត្តភាគច្រើនដែលជាប់ព្រំដែនកម្ពុជាសុទ្ឋតែមានផ្សារព្រំដែន និងផ្សារច្រកទ្វារព្រំដែន។ មូលដ្ឋានជាច្រើនដូចជា តៃនិញ ដុងថាប់ និងអានយ៉ាង មានផ្សារទំនើប និងហាងងាយស្រួលលក់ទំនិញ។ ទន្ទឹមនិងនោះ ច្រកទ្វារព្រំដែនធំៗដូចជា ម៉ុកបៃ ហ្សាម៉ាត់ ទិញបៀន និងហាទៀន ស្ថិតនៅលើផ្លូវសំខាន់ៗ ដែលតភ្ជាប់ដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចវៀតណាម ដូចជា៖ ទីក្រុងហូជីមិញ និងកាន់ធើ។
យោងតាមក្រសួងឧស្សាហពាណិជ្ជកម្ម ទោះបីជាហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនរវាងវៀតណាម និងកម្ពុជាមានជំហានអភិវឌ្ឍខ្លាំង ប៉ុន្តែបច្ចុប្បន្នខ្វះការធ្វើសមកាលកម្ម និងអន្តរតំបន់។ ក្នុងនោះ បណ្តាគម្រោងទីផ្សារព្រំដែន ឃ្លាំងផ្ទុក និងមជ្ឈមណ្ឌលភស្តុភាររាយប៉ាយ មិនទាន់បានបង្កើតជាខ្សែសង្វាក់ "ផ្សារ - ឃ្លាំង - ភស្តុភារកម្ម - មជ្ឈមណ្ឌលពាណិជ្ជកម្ម" បិទជិតនៅឡើយទេ។ ក្នុងនោះ ផ្សារព្រំដែនជាច្រើនបានចុះគុណភាព មូលដ្ឋានសម្ភារៈខ្វះខាត មិនទាន់ឆ្លើយតបស្តង់ដារពាណិជ្ជកម្មទំនើប។ ភស្តុភារភាគច្រើនស្ថិតក្នុងទ្រង់ទ្រាយតូច និងខ្វះសេវាកម្មបង្កើនតម្លៃនាំចេញ។ បណ្តាខេត្ត ដែលមិនទាន់មានមជ្ឈមណ្ឌលពាណិជ្ជកម្មទ្រង់ទ្រាយធំនៅតាមព្រំដែន មិនទាន់ទាក់ទាញអ្នកប្រើប្រាស់ និងអាជីវកម្មមកចូលរួម។

យោងតាមអ្នកស្រី ង្វៀនយ្វីលិញថាវ នាយករងមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តអានយ៉ាង។ ដើម្បីអភិវឌ្ឍពាណិជ្ជកម្មព្រំដែន ខេត្តអានយ៉ាង នឹងផ្តោតលើការបញ្ចប់ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងភស្តុភារ។ ក្នុងនោះ ខេត្តបានពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់សេដ្ឋកិច្ចព្រំដែន ទិញបៀន ខាញ់ប៊ិញ និងហាទៀន។ សាងសង់កំពង់ផែក្នុងស្រុក ឃ្លាំងស្តុកទំនិញ ឃ្លាំងត្រជាក់ទ្រង់ទ្រាយធំ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតភ្ជាប់ច្រកទ្វារព្រំដែនជាមួយផ្លូវជាតិ ផ្លូវល្បឿនលឿនក្នុង និងក្រៅខេត្ត និងតំបន់ឧស្សាហកម្ម។
អ្នកស្រី ថាវ ក៏បានបញ្ជាក់ផងដែរ ថា ខេត្តអានយ៉ាង កំពុងប្រមូលផ្តុំជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថលក្នុងពាណិជ្ជកម្មព្រំដែន។ គាំទ្រដល់អាជីវកម្មក្នុងការពង្រីកទីផ្សារកម្ពុជា និងអភិវឌ្ឍពាណិជ្ជកម្ម សេវាកម្មនៅតំបន់ព្រំដែន។អានយ៉ាងក៏ផ្តោតលើការលើកកម្ពស់ផ្សារព្រំដែន អភិវឌ្ឍទម្រង់ពាណិជ្ជកម្មថ្មី ដូចជា៖មជ្ឈមណ្ឌលទិញទំនិញមិនជាប់ពន្ធ សេវាភស្តុភារ និងការដឹកជញ្ជូនអន្តរជាតិ បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយខេត្តកណ្តាល និងតាកែវ រៀបចំផ្សារណាត់ព្រំដែនវៀតណាម-កម្ពុជាប្រចាំឆ្នាំនៅទិញបៀននិងឡុងប៊ិញ។
យោងតាមការតម្រង់ទិសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៣៥។ ក្រសួងឧស្សាហពាណិជ្ជកម្មបានបញ្ជាក់ថា នឹងផ្តល់អាទិភាពដល់ការបញ្ចប់ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅតាមតំបន់ច្រកទ្វារព្រំដែន។ សំខាន់គឺអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារ ឃ្លាំងស្តុកទំនិញ និងកន្លែងផ្ទុកទំនិញត្រជាក់នៅតាមច្រកទ្វារព្រំដែនអន្តរជាតិសំខាន់ៗដូចជា៖ ប៊ិញហៀព ម៉ុកបៃ (តៃ និញ)។ ហាទៀន - យ៉ាងថាញ់ ទិញបៀន - វិញសឿង (អានយ៉ាង)។ ធឿងភឿក - យិញបា (ដុងថាប)។ ហ្វាលឺ (ប៊ិញភឿក)។ ឡេថាញ់ (យ៉ាឡាយ)ជាដើម ដើម្បីឆ្លើយតបតម្រូវការដឹកជញ្ជូនទំនិញដែលកំពុងកើនឡើង។
ព្រមជាមួយនោះ ក្រសួងឧស្សាហពាណិជ្ជកម្មបានតម្រង់ទិសឆ្ពោះទៅរក ស្តង់ដារ និងទំនើបកម្មប្រព័ន្ធទីផ្សារព្រំដែន ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម មជ្ឈមណ្ឌលទិញទំនិញ។ បម្លែងផ្សារបណ្តោះអាសន្នទៅជាផ្សារស្តង់ដា មានសមត្ថភាពទាក់ទាញការវិនិយោគពីអាជីវកម្ម និងបម្រើតម្រូវការប្រើប្រាស់ដោយចីរភាពរបស់ប្រជាជននៅតាមព្រំដែន។ ក្រសួងឧស្សាហពាណិជ្ជកម្មក៏កំពុង ផ្តោត លើការកសាង និងដំណើរការទម្រង់ច្រកទ្វារឆ្លាតវៃតែមួយនៃចំណតមួយកន្លែង ភ្ជាប់ជាមួយនឹងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនៃគយអេឡិចត្រូនិក និងចំណុចប្រមូលផ្តុំ។ បញ្ហានេះមានគោលបំណងកាត់បន្ថយពេលវេលាសៀលគយ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាជីវកម្ម។

នៅឆ្នាំ២០៣០ នឹងបង្កើតឡើងមជ្ឈមណ្ឌលផ្សារណាត់ តាំងពិព័រណ៍ព្រំដែននៅក្នុងតំបន់ដែលមានសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ធំៗ ដូចជា ចូវដុក - ទិញបៀន និងអានយ៉ាង។នេះនឹងក្លាយជាគន្លឹះក្នុងការជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយទំនិញ និងតភ្ជាប់អាជីវកម្មតាមខ្សែសង្វាក់ផលិតកម្ម-ចែកចាយ-ភស្តុភារ។ ទន្ទឹមនិងនោះវៀតណាម និងកម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការរៀបចំផែនការ សាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន។ជំរុញការតភ្ជាប់រវាងច្រកទ្វារព្រំដែន និងកំពង់ផែសមុទ្ទ ច្រកទ្វារព្រំដែន និងតំបន់ឧស្សាហកម្ម តំបន់កសិកម្មបច្ចេកវិជ្ជាខ្ពស់ ដើម្បីបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ និងមជ្ឈមណ្ឌលចែកចាយអន្តរតំបន់ ។
ដល់ឆ្នាំ២០៣០ ក្រសួងឧស្សាហពាណិជ្ជកម្មខិតខំបង្កើនអត្រាហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែនសម្រេចបានស្តង់ដារជាតិ កាត់បន្ថយថ្លៃដើមខាងភស្តុភារពី ១០-១៥% បង្កើនតម្លៃនាំចេញនិងនាំចូលតាមច្រកព្រំដែន។ ទន្ទឹមនិងនេះ ធានាថាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមត្រូវបានផ្សារភ្ជាប់ទៅនឹងការការពារជាតិ និងសន្តិសុខនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែន៕
ប្រែ៖ ណារីពៅ