Bỏ qua đến nội dung chính
សាលាអន្តេវាសិកដ្ឋានចំនួន ៣ នៅតាមព្រំដែនខេត្តអានយ៉ាងបានត្រៀមខ្លួនរួចរាល់សម្រាប់ការបើកបវេសនកាលថ្មី

សាលាអន្តេវាសិកដ្ឋានបឋមសិក្សា និងមធ្យមសិក្សាចំនួន ៣ នៅតាមឃុំជាប់ព្រំដែននៃខេត្តអានយ៉ាង នឹងដាក់ឲ្យដំណើរការមុនឆ្នាំសិក្សា ២០២៦-២០២៧។ ក្នុងនោះ សាលាបឋមសិក្សា និងមធ្យមសិក្សាអន្តេវាសិកដ្ឋានខាញ់អាន បានបញ្ចប់ការងារសាងសង់ ១០០% ខណៈដែលសំណង់ពីរផ្សេងទៀត សម្រេចបានពី ៨៨% ទៅ ៩៥%។

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធាន​គណៈ​កម្មាធិការ​ប្រ​ជា​​​ជនខេត្តអានយ៉ាង (ទី២ ពីខាងស្តាំ) ​ពិនិត្យ​ល្បឿន​​​សាង​សង់សាលាបឋមសិក្សា និង​មធ្យម​សិក្សា​ពាក់​កណ្តាល​អន្តេវាសិកដ្ឋាន និងអន្តេវា​សិកដ្ឋាន​យ៉ាង​ថាញ់​ ឃុំ​យ៉ាងថាញ់

នៅថ្ងៃទី១៦ ខែកក្កដា អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុ​ប្រ​ធាន​​គណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន​ដឹក​នាំ​គណៈប្រតិភូ អញ្ជើញទៅពិនិត្យល្បឿន​សាងសង់​គម្រោង​ និងការរៀបចំលក្ខខណ្ឌ​សម្រាប់​ដំណើរ​ការ​សា​លា​អន្តេវាសិកដ្ឋានបឋមសិក្សា-មធ្យមសិក្សា ចំនួន ៣ នៅ​តាមឃុំជាប់ព្រំដែន គឺ ឃុំយ៉ាងថាញ់ ឃុំវិញយ៉ា និង​ឃុំ​ខាញ់​ប៊ិញ។

គណៈប្រតិភូបានផ្តោតលើការត្រួតពិនិត្យល្បឿនសាងសង់​ទាំងមូល និងលម្អិតតាមមុខសំណង់នីមួយៗ ក្នុង​នោះ​ជាពិសេសបានពិនិត្យបន្ទប់រៀន អន្តេវាសិកដ្ឋាន បន្ទប់​បាយ បន្ទប់ទឹក ផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀន ព្រម​ទាំងការងារបង្កើតសាលា ការជ្រើសរើសសិស្ស ការ​រៀប​ចំបុគ្គលិក និងលក្ខខណ្ឌចាំបាច់នានា ដើម្បី​ធា​នា​ឲ្យសាលាទាំង ៣ អាចដំណើរការបាន​នៅដើម​ឆ្នាំ​សិ​ក្សា​ ២០២៦-២០២៧។

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្តអានយ៉ាង(ខាងស្តាំ) ពិនិត្យល្បឿន​សាង​សង់​សា​លាបឋមសិក្សា និងមធ្យមសិក្សាពាក់​កណ្តាល​អន្តេ​វា​សិក​ដ្ឋាននិងអន្តេវាសិកដ្ឋានយ៉ាងថាញ់ ឃុំយ៉ាងថាញ់

អ្នកស្រី ង្វៀន ធី មិញ ធ្វី ប្រធានគណ​កម្មាធិការ​ប្រជា​ជន​​ខេត្តអានយ៉ាង បានណែនាំឲ្យកែសម្រួល​ចំណុច​លម្អិត​​មួយចំនួន ដើម្បីធានាថា សំណង់អាចប្រើប្រាស់​មាន​ប្រសិទ្ធភាពខ្ពស់បំផុត នៅពេលដាក់ឲ្យដំណើរការ ដើម្បី​បម្រើការបង្រៀន និងការរៀន ព្រមទាំងការស្នាក់​នៅ​ពាក់កណ្តាលអន្តេវាសិកដ្ឋាននិង អន្តេវាសិកដ្ឋាន​ទាំង​ស្រុងរបស់សិស្ស។ អ្នកស្រី ង្វៀន ធី មិញ​ ធ្វី ក៏​បាន​តម្រូវឲ្យវិនិយោគគិនបន្តរលើកទឹកចិត្ត​អ្នកម៉ៅការ​ឲ្យ​ពន្លឿនល្បឿនសាងសង់ និងធានាគុណភាពសំណង់ ព្រមទាំងបញ្ចប់គម្រោងទាំងមូលតាមផែនការដែលបានលើកឡើង។

មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង រួមជាមួយ​គណៈ​កម្មាធិការប្រជាជនឃុំយ៉ាងថាញ់ ឃុំវិញយ៉ា និង​ឃុំ​ខាញ់​ប៊ិញ ត្រូវបន្តពិនិត្យឡើងវិញជាទូទៅ​នូវ​លក្ខ​ខណ្ឌ​ទាំងអស់ដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ មូល​ដ្ឋាន​សម្ភារៈ​បរិក្ខារ ក្រុមកម្មាភិបាល ព្រមទាំងជំរុញខ្លាំង​ការ​ផ្សព្វផ្សាយអំពីការជ្រើសរើសសិស្ស ដើម្បី​ធានា​ឲ្យ​សា​លាទាំ​ង ៣ ដំណើរការមានស្ថិរភាព និងរលូន ចាប់​ពី​ថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី។

យោងតាមគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង សា​លា​អន្តេវាសិកដ្ឋានអន្តរកម្រិតបឋមសិក្សា និង​មធ្យម​​សិក្សា​យ៉ាងថាញ់ បានបញ្ចប់ការងារសាង​សង់​ប្រ​មាណ​ ៩៥%។ សាលាអន្តេវាសិកអន្តរ​កម្រិត​បឋម​សិក្សា​ និងមធ្យមសិក្សាវិញយ៉ា សម្រេចបាន ៨៨% ដោយ​ឡែកសាលាអន្តេវាសិកបឋមសិក្សា ​និងមធ្យម​សិក្សា​ខាញ់អាន បានបញ្ចប់ ១០០%។

យោងតាមផែនការ សាលាយ៉ាងថាញ់ នឹងផ្ទេរ​សម្រួល​គ្រូ​បង្រៀនចំនួន ៣៧ នាក់ និងជ្រើសរើសថ្មី ១៧ នាក់​។​ សាលាវិញយ៉ា នឹងផ្ទេរសម្រួលគ្រូបង្រៀនចំនួន ៥៣ នាក់​ ជ្រើសរើសថ្មី ៩ នាក់ និងបុគ្គលិក ៧ នាក់។ ចំ​ណែក​​សាលាខាញ់អាន ផ្ទេរសម្រួលគ្រូបង្រៀនចំនួន ៦៧ នាក់ និងជ្រើសរើសថ្មី ៩ នាក់។

សា​លាទាំង ៣ គ្រោងនឹងទទួលសិស្សសរុបចំនួន ៣.​៨​០​​០ នាក់ ក្នុងចំនួន ១១០ ថ្នាក់ សម្រាប់​ឆ្នាំ​សិក្សា​ដំ​បូង​។​ ជាក់ស្តែង សាលាយ៉ាងថាញ់ នឹងទទួលសិស្ស ៩​៥​៦​ នាក់ ចំនួន ៣០ ថ្នាក់។ សាលាវិញយ៉ា នឹង​ទទួល​សិស្ស​ ១.១២៨ នាក់ ចំនួន ៣៥ ថ្នាក់ និង​សា​លា​ខាញ់​អាន​ នឹងទទួលសិស្ស ១.៧១៦ នាក់ ចំនួន ៤៥ ថ្នាក់។

សន្និ​ដ្ឋានថានៅថ្ងៃទី៥ ខែកញ្ញា ស្របពេលជា​មួយពិធី​បើក​បវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ ខេត្ត​អាន​យ៉ាង នឹងបើកពិធីសម្ពោធ ដាក់ឲ្យដំណើរការ​ជាផ្លូវ​ការ​នូវ​សាលាបឋមសិក្សា និងមធ្យមសិក្សា​អន្តេវា​សិក​ដ្ឋាន​ទាំង ៣ នៅតាមឃុំជាប់ព្រំដែន ក្នុងពេលតែមួយ៕

ប្រែ៖ ណារីពៅ