នៅថ្ងៃទី៤ ខែធ្នូ មន្ទីរវប្បធម៌ និងកីឡា សហការជាមួយគណៈកម្មាធិការប្រជាជនតំបន់ពិសេសគៀនហៃ រៀបចំពានរត់អត្តពលកម្មជុំវិញកោះឡៃសឺន “ដើម្បីហនសឺនបៃតង” នៅខេត្តអានយ៉ាង ក្នុងឆ្នាំ២០២៥។ នេះជាសកម្មភាពអបអរសាទរពិធីបុណ្យរម្លឹកគុណត្រីពិន្ទងឡៃសឺន របស់តំបន់ពិសេសគៀនហៃ នៅក្នុងឆ្នាំ២០២៥។

ពានរត់អត្តពលកម្មជុំវិញកោះឡៃសឺន “ដើម្បីហនសឺនបៃតង” ខេត្តអានយ៉ាងឆ្នាំ២០២៥ បានទាក់ទាញអត្តពលិកជិត ៣០០នាក់ មកពី ២១អង្គភាពក្នុងខេត្ត ចូលរួមប្រកួតប្រជែងក្នុងខ្លឹមសារចំនួន ៤៖ ចម្ងាយ ៥គីឡូម៉ែត្រ ក្រុមបុរសទី ២ (អាយុពី ១៨ឆ្នាំឡើងទៅ) ចម្ងាយ ៣គីឡូម៉ែត្រក្រុមនារីទី ២ (អាយុ ពី១៨ឆ្នាំឡើងទៅ) ចម្ងាយ ៣គីឡូម៉ែត្រ ក្រុមបុរសទី ១ (អាយុពី ១២-១៧ឆ្នាំ) និងចម្ងាយ ២គីឡូម៉ែត្រ ក្រុមនារីទី ១ (អាយុពី ១២-១៧ឆ្នាំ)។


លទ្ធផល អង្គភាពសង្កាត់ទិញបៀន ទទួលបានចំណាត់ថ្នាក់លេខមួយទូទាំងក្រុម ក្នុងវិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ ក្រុមបុរសទី២ ៣គីឡូម៉ែត្រ ក្រុមបុរសទី១ និង ២គីឡូម៉ែត្រ ក្រុមនារីទី ១។ សង្កាត់រ៉ាច់យ៉ា ទទួលបានពានលេខ ១ ទូទាំងក្រុម ក្នុងខ្លឹមសារ ៣គីឡូម៉ែត្រ ក្រុមនារីទី២។
យោងតាមប្រសាសន៍លោក ត្រាន់ង្វៀនបា អនុប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្តអានយ៉ាង ឆ្លងតាមរយៈការប្រកួតប្រជែងរត់អត្តពលកម្មនៅជុំវិញកោះឡៃសឺន “ដើម្បីហនសឺនបៃតង” ឆ្នាំ ២០២៥ របស់ខេត្តអានយ៉ាង គឺសំដៅបំផុសចលនាការហាត់ប្រាណ និងកីឡាក្នុងប្រជាជន អនុវត្តយុទ្ធនាការ “ប្រជាជនទាំងមូលហ្វឹកហាត់កាយសម្បទាតាមគំរូលោកអ៊ំហូដ៏មហិមា” និងចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌។ ក្រៅពីនេះទៀត គឺបង្កើតឱកាសសម្រាប់អត្តពលិកផ្លាស់ប្តូរនិងរៀនសូត្របទពិសោធន៍ពីគ្នាទៅវិញទៅមក ហ្វឹកហាត់កាយសម្បទា និងលើកកម្ពស់សុខភាព៕
ប្រែ៖ សំណាង