ថ្ងៃទី៨ ខែកញ្ញា នៅសង្កាត់ឡុងស្វៀន គណៈកម្មាធិការប្រជាជនខេត្ត បានរៀបចំសន្និសីទសន្ទនាជាមួយធុរកិច្ច “កាហ្វេធុរជន” លើកទី៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “ដករបាំង បញ្ចេញលំហូរ សម្រេចបានគោលដៅរីកចម្រើន។ រួមដំណើរជាមួយធុរកិច្ចក្នុងការផ្លាស់ប្តូរបៃតង”។ សន្និសីទនេះដឹកនាំដោយលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ អញ្ជើញចូលរួមក៏មាន លោក ង៉ោ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនានារបស់ខេត្ត ព្រមទាំងធុរកិច្ចជាង ១៥០។
ដករបាំងសម្រាប់ធុរកិច្ច
ថ្លែងមតិនៅក្នុងសន្និសីទ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា នេះជាលើកទី៣ ក្នុងឆ្នាំ២០២៦ ហើយ ដែលគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង រៀបចំកម្មវិធីកាហ្វេធុរជន។ តាមរយៈការរៀបចំកម្មវិធីចំនួន២លើកកន្លងទៅ កម្មវិធីនេះបានសម្រេចលទ្ធផលជាបឋមមួយចំនួន ស្របតាមគោលដៅដែលបានដាក់ចេញ។

ខេត្តកំណត់ថា ការដោះស្រាយការលំបាក និងបញ្ហាប្រឈមជូនធុរកិច្ច គឺជាភារកិច្ចដែលត្រូវអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់ ដោយមិនមានចំណុចបញ្ចប់ ហើយមិនមែនធ្វើតែនៅក្នុងកិច្ចប្រជុំតាមកាលកំណត់ប៉ុណ្ណោះទេ។ខេត្តអានយ៉ាងបានអះអាងថា ខេត្តនឹងតែងតែរួមដំណើរជាមួយធុរកិច្ច ដើម្បីដោះស្រាយការលំបាក ដើម្បីការអភិវឌ្ឍរបស់ធុរកិច្ច ក៏ជាការអភិវឌ្ឍរួមរបស់ខេត្តអានយ៉ាងផងដែរ។ព្រមជាមួយនេះ ខេត្តនឹងចាត់វិធានការយ៉ាងតឹងរឹង និងមិនបិទបាំងចំពោះកម្មាភិបាលណាម្នាក់ដែលប្រព្រឹត្តខុស ឬបង្កការរំខានដល់ធុរកិច្ច ក្នុងដំណើរការដោះស្រាយនីតិវិធីរដ្ឋបាលឡើយ។
តាមរយៈការបូកសរុប បន្ទាប់ពីកម្មវិធីកាហ្វេធុរកិច្ចចំនួន ២ លើក គណៈកម្មាធិការប្រជាជនខេត្ត បានណែនាំមន្ទីរ ផ្នែក និងមូលដ្ឋានពាក់ព័ន្ធឲ្យសកម្មពិនិត្យ និងដោះស្រាយការលំបាក និងបញ្ហាជាប់គាំងរបស់ធុរកិច្ច។មកដល់បច្ចុប្បន្ន មានសំណើចំនួន ១០៦ ក្នុងចំណោម ១០៧ បានមន្ទីរ ផ្នែក និងមូលដ្ឋានពាក់ព័ន្ធ ពិនិត្យ ដោះស្រាយ និងឆ្លើយតបស្របតាមបទប្បញ្ញត្តិនៃច្បាប់។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា តាមរយៈកម្មវិធីនេះ ខេត្តមានបំណងបន្តទទួលបានមតិយោបល់ និងសំណើរបស់ធុរកិច្ច ដើម្បីខេត្តអាចបន្តអនុវត្តយន្តការ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ឲ្យបានល្អប្រសើរ។ ទន្ទឹមនិងនោះ ខេត្តសកម្មក្នុងការផ្តល់ផែនការ និងស្នើគោលនយោបាយជាក់លាក់ ស្របច្បាប់ ដើម្បីសហការមានប្រសិទ្ធភាព ជាមួយយន្តការ និងគោលនយោបាយរួមរបស់បក្ស និងរដ្ឋ រួមចំណែកជាមួយខេត្តក្នុងការសម្រេចបានសូចនាករ និងគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់។
យោងតាមប្រសាសន៍របស់លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អត្រាកំណើនសេដ្ឋកិច្ច (GRDP) របស់ខេត្តអានយ៉ាង ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ សម្រេចបាន ៨,៨៣% ឈរនៅលំដាប់ទី១ ក្នុងតំបន់វាលរាបទន្លេគឺវឡុង និងឈរនៅលំដាប់ទី ១៦ ក្នុងប្រទេសទាំងមូល។ នេះក៏ជាកម្រិតកំណើនខ្ពស់បំផុតដែលខេត្តធ្លាប់សម្រេចបាន បើប្រៀបធៀបនឹងរយៈពេលជាច្រើនឆ្នាំមុននេះ។ ទោះបីដូច្នេះក៏ដោយ ក៏លទ្ធផលនេះនៅមិនទាន់សម្រេចបានតាមគោលដៅដែលបានកំណត់សម្រាប់រយៈពេល៦ខែដំបូងនៃឆ្នាំនេះដែរ គឺប្រមាណ ៩,២%។
ដើម្បីបំពេញចន្លោះកំណើន និងសម្រេចផែនការឆ្នាំ២០២៦ តាមប្រសាសន៍របស់លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត តួនាទីចូលរួមរបស់ធុរកិច្ច គឺមានសារៈសំខាន់យ៉ាងខ្លាំង។ធុរកិច្ចនីមួយៗដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន សុទ្ធតែចូលរួមដោយផ្ទាល់ក្នុងកំណើនសេដ្ឋកិច្ច ការប្រមូលចំណូលថវិការដ្ឋ និងដោះស្រាយការធ្វើជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដូច្នេះ ធុរកិច្ចត្រូវកំណត់ឲ្យបានច្បាស់លាស់នូវទិសដៅអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍអង្គភាពខ្លួនផង និងរួមចំណែកទៅក្នុងរូបភាពសេដ្ឋកិច្ចរួមផង។

នៅក្នុងសន្និសីទ តំណាងធុរកិច្ច បានរួមជាមួយមន្ទីរ គណ ផ្នែកនានារបស់ខេត្ត ធ្វើការផ្លាស់ប្តូរ ពិភាក្សា និងឆ្លើយតបសំណួរពាក់ព័ន្ធនឹងការទទួលបានប្រភពទុន យន្តការគាំទ្រសម្រាប់ទម្រង់ផ្តើមអាជីពបៃតង និងកសិកម្មវិលជុំ ការធ្វើឌីជីថលព័ត៌មានគោលនយោបាយនៅថ្នាក់ឃុំ និងសង្កាត់ ការកសាងមន្ទីរពេទ្យកសិកម្ម ការអភិវឌ្ឍទេសចរណ៍សហគមន៍ជាដើម។
រួមដំណើរជាមួយធុរកិច្ចក្នុងការផ្លាស់ប្តូរបៃតង
ពាក់ព័ន្ធនឹងប្រធានបទផ្លាស់ប្តូរបៃតង លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរអភិវឌ្ឍបៃតង លែងជាជម្រើសទៀតហើយ ប៉ុន្តែបានក្លាយជានិន្នាការជាសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍។គណៈកម្មាធិការប្រជាជនខេត្ត បានណែនាំឲ្យបញ្ចប់ការរៀបចំគម្រោងផ្លាស់ប្តូរអភិវឌ្ឍបៃតងសម្រាប់កោះភូក្វឹក ហើយនឹងអនុវត្តជាជំហ៊ានៗនៅក្នុងខេត្តទាំងមូល។

លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចឲ្យមជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ខេត្ត សិក្សាស្រាវជ្រាវរៀបចំនីតិវិធីទទួលស្គាល់ និងផ្តល់វិញ្ញាបនបត្រដល់ “ធុរកិច្ចផ្លាស់ប្តូរអភិវឌ្ឍបៃតង និងទំនួលខុសសង្គម”។ បណ្តាធុរជនដែលបានទទួលស្គាល់ នឹងទទួលបានការគាំទ្រពីអាជ្ញាធរមូលដ្ឋាន ក្នុងការធានាពាណិជ្ជសញ្ញា ព្រមទាំងសកម្មណែនាំ និងផ្សព្វផ្សាយរូបភាពរបស់ធុរកិច្ចទៅកាន់អតិថិជន និងដៃគូអាជីវកម្ម។
លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យកាត់បន្ថយនីតិវិធីស្មុគស្មាញ និងមិនចាំបាច់ ហើយអាចប៉ះពាល់ដល់ការរក្សាការសម្ងាត់របស់ធុរកិច្ច ដូចជា តម្រូវឲ្យដាក់របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្ម។ ព្រមជាមួយនេះ លោកបានស្នើឲ្យធុរកិច្ចផ្ញើមតិយោបល់ទាំងអស់ដែលពាក់ព័ន្ធនឹងសំណុំលក្ខណៈវិនិច្ឆ័យសម្រាប់ការផ្លាស់ប្តូរអភិវឌ្ឍបៃតង ទៅកាន់មជ្ឈមណ្ឌលជំរុញវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដើម្បីប្រមូលផ្តុំ និងបញ្ចប់គម្រោង។

លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ភារកិច្ចឲ្យ មន្ទីរហិរញ្ញវត្ថុ ធ្វើអធិបតីភាព សហការជាមួយអង្គភាពពាក់ព័ន្ធ រៀបចំសេចក្តីណែនាំ នីតិវិធីជាក់លាក់ ដើម្បីធុរកិច្ចងាយស្រួលទទួលបានប្រភពកម្ចីអនុគ្រោះស្របតាមច្បាប់កំណត់។មន្ទីរសំណង់ ត្រូវប្រញាប់ពិនិត្យឡើងវិញនូវផែនការរួមរបស់ឃុំពាក់ព័ន្ធនឹងកំពង់ផែផ្លូវទឹកក្នុងស្រុក។ ទម្រង់អភិវឌ្ឍទេសចរណ៍ទាំងនេះ ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងតាមផែនការរៀបចំដីធ្លី និងផែនការរៀបចំដីព្រៃ។ល៕
ប្រែ៖ ណារីពៅ