ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានរៀបចំពិធីបំផុសខែសកម្មភាពសមភាពភេទ និងបង្ការទប់ស្កាត់អំពើហិង្សាលើមូលដ្ឋានភេទឆ្នាំ ២០២៥ ក្រោមប្រធានបទ “សមភាពភេទ និងសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារីក្នុងយុគសម័យឌីជីថល”។ រយៈពេលបំផុសចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកាដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ ២០២៥។




ថ្លែងមតិនៅក្នុងពិធី លោក ទ្រឿងលឿងហូ នាយករងមន្ទីរមហាផ្ទៃ បានឲ្យដឹងថា សមភាពភេទគឺជាគុណតម្លៃមូលដ្ឋានមួយនៃការជឿនលឿន និងយុត្តិធម៌សង្គម ហើយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ដោយមានការយកចិត្តទុកដាក់ណែនាំយ៉ាងជិតស្និទ្ធរបស់មជ្ឈិម និងការខិតខំប្រឹងប្រែងរបស់បណ្តាថ្នាក់ បណ្តាផ្នែក ខេត្តអានយ៉ាង សម្រេចបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើនក្នុងការងារសមភាពភេទ និងដើម្បីភាពជឿនលឿនរបស់នារី។
នារីអានយ៉ាងថ្ងៃនេះកាន់តែបញ្ចាក់ពីតួនាទី និងជំហរនៃខ្លួនក្នុងវិស័យជាច្រើន៖ ពីការអភិវឌ្ឍសេដ្ឋកិច្ច ការគ្រប់គ្រងរដ្ឋ ការអប់រំ ការថែទាំសុខភាព រហូតដល់ការផ្តើមអាជីព និងការផ្លាស់ប្តូរឌីជីថល។ នារីគំរូជាច្រើនបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍស្រុកកំណើតអានយ៉ាង ដែលជាតំបន់ដីវីរភាព ថាមពល និងផ្លាស់ថ្មី។
ប៉ុន្តែទៅទន្ទឹមនិងលទ្ឋផលសម្រេចបាន នៅតែត្រូវប្រឈមមុខជាច្រើនជាមួយការលំបាកសាកល្បង។ ស្ថានភាពអំពើហឹង្សាផ្អែកលើមូលដ្ឋានភេទនៅតែមានកើតឡើងនៅកន្លែងមួយចំនួន ជាពិសេសនៅក្នុងបរិយាកាសបណ្តាញ ដែលជាកន្លែងព្រំដែនរវាងការពិត និងសិបនិម្មិតពេលខ្លះវាផុយស្រួលណាស់។ នារី និងកុមារីងាយក្លាយជាអ្នករងគ្រោះនៃអំពើហិង្សា ការយាយី ការបោកបញ្ឆោត ឬក៏ត្រូវរំលោភបំពានលើសិទ្ឋឯកជនភាពនៅលើវេទិកាឌីជីថល។ នេះមិនត្រឹមតែជាបញ្ហាសង្គមប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាបញ្ហាប្រឈមនៃសម័យកាលផងដែរ។

យោងតាមលោក ទ្រឿង ឡុងហូ នាយករងមន្ទីរមហាផ្ទៃ ការផ្លាស់ប្តូរឌីជីថលមិនត្រឹមតែជាឱកាសសម្រាប់ការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងជាតម្រូវការសម្រាប់ការងារធានាសមភាពភេទ និងសុវត្ថិភាពភេទផងដែរ។ដូច្នេះ គ្រប់ស្ថាប័ន គ្រប់អង្គការ គ្រប់ក្រុមគ្រួសារ និងបុគ្គលគ្រប់រូបត្រូវរួមគ្នាពង្រឹងការឃោសនា និងការអប់រំស្តីពីសមភាពភេទ ជាពិសេសនៅក្នុងបរិយាកាសបណ្តាញ។ បង្កើនសមត្ថភាពឌីជីថលសម្រាប់នារី និងកុមារី ជួយឲ្យពួកគាត់មានភាពជឿជាក់បានទទួល និងប្រើប្រាស់បច្ចេកវិជ្ជាដោយសុវត្ថិភាព និងប្រសិទ្ធភាព។ កសាងបរិយាកាសបណ្តាញស្អាតស្អំ សុវត្ថិភាព និងមនុស្សជាតិ និយាយថាទេចំពោះអំពើហិង្សា ការរើសអើង និងការប្រកាន់ភេទ។ មនុស្សម្នាក់ៗគឺជា "ដៃគូ" ដែលជា "អ្នកការពារ" សកម្មសម្រាប់ស្ត្រីនិងកុមារ - ទាំងក្នុងជីវិតពិតនិងក្នុងបរិយាកាសឌីជីថល។
ខែសកម្មភាពសមភាពភេទ មិនត្រឹមតែជាសកម្មភាពឃោសនាប៉ុណ្ណោះទេ ថែមទាំងជាការចលនាដ៏ទូលំទូលាយ សាយភាយស្មារតីទទួលខុសត្រូវ និងសេចក្តីស្រឡាញ់នៅក្នុងសហគមន៍ផងដែរ។
លោក ទ្រឿងឡុងហូ នាយករងមន្ទីរមហាផ្ទៃ បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ និងគ្រប់ផ្នែក ចាំបាច់ត្រូវតែផ្សព្វផ្សាយព្រមៗគ្នានៅសកម្មភាពឃោសនាអប់រំ គាំទ្រ ជាពិសេសគឺការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការទប់ស្កាត់ និងប្រឈមនឹងអំពើហិង្សាភេទ។ បណ្តាអង្គការ អាជីវកម្ម និងបុគ្គលចូរចូលរួមយ៉ាងសកម្ម បង្កើតឱកាសការងារបន្ថែម បណ្តុះបណ្តាលជំនាញឌីជីថល និងបង្កើតបរិយាកាសការងារសុវត្ថិភាព និងមិត្តភាព ជាមួយនារី។ គ្រួសារនីមួយៗ និងប្រជាជននីមួយៗគួរតែក្លាយជា "ស្នូលនៃសមភាពភេទ" ដោយចាប់ផ្តើមពីសកម្មភាពតូចបំផុតក្នុងជីវិតប្រចាំថ្ងៃ។
“ជឿជាក់ថា ជាមួយនឹងស្មារតីសាមគ្គីភាព ទំនួលខុសត្រូវ និងក្តីមេត្តា យើងទាំងអស់គ្នានឹងរួមគ្នាកសាងខេត្តអានយ៉ាង ក្លាយជាមូលដ្ឋានសុវត្ថិភាព ស្មើភាព និងអារ្យធម៌ កន្លែងដែលនារី និងកុមារីទាំងអស់បានគោរព ស្រឡាញ់ និងអភិវឌ្ឍពេញលេញ” - លោក ទ្រឿងឡុងហូ នាយករងមន្ទីរមហាផ្ទៃមានប្រសាសន៍។


ក្នុងឱកាសនេះ ខេត្តអានយ៉ាង បានប្រគល់អំណោយចំនួន ១០ ចំណែកដល់គ្រួសារវប្បធម៌គំរូដែលបានអនុវត្តសមភាពភេទបានល្អ។ ប្រគលឧបត្ថម្ភដល់នារីចំនួន ១០ នាក់ជាគ្រួសារជួបការលំបាកមានឆន្ទៈឈានឡើងក្នុងជីវភាពរស់នៅ និងអាហារូបករណ៍ ១០ចំណែក ដល់សិស្សស្រីមានស្ថានភាពលំបាក។


បន្ទាប់ពីពិធីបំផុសចលនាភ្លាម ក្បួនដង្ហែរថយន្តផ្កាឃោសនាគាំទ្រដឹកនាំដោយសមាជិកសហជីព និងយុវជនបានចូលរួមដង្ហែ នៅលើផ្លូវសំខាន់ៗក្នុងសង្កាត់រ៉ាច់យ៉ា ដើម្បីឃោសនាអំពីសមភាពភេទ និងការទប់ស្កាត់ និងការឆ្លើយតបទៅនឹងអំពើហិង្សាលើមូលដ្ឋានភេទ៕
ប្រែ៖ សំណាង