នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ គណៈកម្មការរៀបចំបោះឆ្នោតខេត្តអានយ៉ាងបានរៀបចំកិច្ចប្រជុំតាមអនឡាញស្តីពីការត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ១៦ និងតំណាងរាស្ត្រក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ នៅក្នុងខេត្ត។
កិច្ចប្រជុំនេះធ្វើអធិបតីភាពដោយលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត។ ហើយក៏មានការអញ្ជើញចូលរួមរបស់លោក ង្វៀន ថាញ់ ញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត និងជាអនុប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត អ្នកស្រី ឡេ ហុង ថាំ អនុប្រធានប្រចាំការក្រុមប្រឹក្សាប្រជាជនខេត្ត និងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តផងដែរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បន្ទាប់ពីការពិគ្រោះយោបល់ជុំទីបី គណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តបានចងក្រងបញ្ជីបេក្ខជនសម្រាប់រដ្ឋសភានីតិកាលទី ១៦ នៅក្នុងអង្គភាពបោះឆ្នោតនីមួយៗ ហើយរាយការណ៍ទៅក្រុមប្រឹក្សាជាតិ។ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ឃុំ សង្កាត់ និងតំបន់ពិសេស បានរៀបចំសម្របសម្រួលលើកទីបី ដោយធានាបាននូវការបញ្ចប់ស្របច្បាប់ ១០០%។
គណៈកម្មាធិការប្រចាំការរដ្ឋសភាបានកំណត់ថា ខេត្តអានយ៉ាងនឹងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចំនួន ២១ រូបសម្រាប់នីតិកាលទី ១៦ រួមមានតំណាងរាស្ត្រចំនួន១០ រូបដែលណែនាំដោយមជ្ឈិម និងតំណាងរាស្ត្រចំនួន ១១ រូបរស់នៅ និងធ្វើការនៅក្នុងខេត្តណែនាំដោយ មូលដ្ឋាន។
ចំពោះតំណាងក្រុមប្រឹក្សាប្រជាជនខេត្តនីតិកាលទី ១១ ដំណាក់កាល ២០២៦-២០៣១ យោងតាមសេចក្តីសម្រេចលេខ ២៨៥/NQ-TTHĐND បានសន្និដ្ឋានថានឹងបោះឆ្នោតតំណាងចំនួន ៨៥ រូប។ ចំនួនបេក្ខជនផ្លូវការគឺ ១៤៣ រូប។ នៅថ្នាក់ឃុំ បន្ទាប់ពីការសម្របសម្រួលលើកទីបី ចំនួនអ្នកតំណាងដែលបានជ្រើសរើស ២.៤៤៩ រូប និងចំនួនបេក្ខជនចំនួន ៤.៥០០ រូប។
គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ និងតំបន់ពិសេសទាំង ១០២/១០២ បានអនុម័តបញ្ជីឈ្មោះអ្នកបោះឆ្នោត និងបិទផ្សាយជាសាធារណៈនៅទីស្តីការគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ និងទីតាំងសាធារណៈនៅក្នុងតំបន់បោះឆ្នោតស្របតាមបទបញ្ញតិ។ ខេត្តអានយ៉ាងមានតំបន់បោះឆ្នោតចំនួន ២.៧១២ ដោយមានអ្នកបោះឆ្នោតជាង ៣,៨ លាននាក់ចូលរួមបោះឆ្នោត។
គិតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឃុំ សង្កាត់ និងតំបន់ពិសេសទាំង ១០២ នឹងបានបញ្ចប់ការត្រួតពិនិត្យសុវត្ថិភាពឧបករណ៍ ដើម្បីភ្ជាប់ជាមួយប្រព័ន្ធកម្មវិធីគ្រប់គ្រងព័ត៌មានបោះឆ្នោតដើម្បីបម្រើការបោះឆ្នោត។
ថ្លែងមតិណែនាំ លោកហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានវាយតម្លៃថា ការរៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១ នៅក្នុងខេត្តកំពុងធានាតាមកាលវិភាគ។ ជាពិសេស ការសម្របសម្រួលជុំទីបីបានធ្វើឡើងមុនការគ្រោងទុក តាំងពីមុនបុណ្យចូលឆ្នាំវៀតណាម ឆ្នាំ២០២៦ ឯណ្ណោះ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានស្នើសុំគណៈកម្មាធិការរៀបចំការបោះឆ្នោតមូលដ្ឋានបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីវាយតម្លៃការងារ និងស្ថានភាពផ្សព្វផ្សាយការងារបោះឆ្នោត ពិនិត្យមើលការលំបាក បញ្ហាទាក់ទិន និងរាយការណ៍ទៅមន្ទីរមហាផ្ទៃនៅចុងរសៀល។ លោកក៏ជំរុញឲ្យបន្តពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ អំពីលក្ខណៈសម្បត្តិនយោបាយរបស់បេក្ខជន ជាពិសេសគឺថ្នាក់ឃុំ សង្កាត់ និងតំបន់ពិសេស ដើម្បីជៀសវាងការបញ្ចូលបុគ្គលដែលគ្មានលក្ខណៈសម្បត្តិពេញលេញទៅក្នុងបញ្ជីបេក្ខជន។
ផ្តោតជំរុញលើការងារព័ត៌មាន ឃោសនាបោះឆ្នោត និងការរៀបចំការបោះឆ្នោតនៅថ្នាក់ខេត្ត និងមូលដ្ឋាន ដោយបង្កើតបរិយាកាសរីករាយសម្រាប់ប្រជាជនទាំងមូលទៅបោះឆ្នោត ដើម្បីអ្នកបោះឆ្នោតអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនបានពេញលេញក្នុងនាមជាពលរដ្ឋ។ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបង្កើតផែនការ និងកាលវិភាគជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត និងចលនាការបោះឆ្នោត ណែនាំបេក្ខជនអំពីរបៀបបង្កើត និងបង្ហាញកម្មវិធីសកម្មភាពក្នុងសន្និបាតជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានមានប្រសាសន៍ថា បញ្ហាលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសម្រាប់ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតគឺចាំបាច់ណាស់ត្រូវតែមានដើម្បីការពារតំណាងរាស្ត្រជៀសពីស្ថានភាពតំណាងរាស្ត្រ “ផ្តាច់មុខលើឆាក” ឬក៏ឆ្លៀតប្រើពេលដើម្បីផ្សព្វផ្សាយខ្លួនឯង ឬសាជីវកម្ម។ ហើយមិនប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈ ប្រាក់ ឬអំណោយសម្រាប់ការចលនាបោះឆ្នោតដែលខុសពីបទបញ្ញតិច្បាប់ជាដាច់ខាត។
មន្ទីរមហាផ្ទៃនិងមូលដ្ឋាននានាកំពុងរៀបចំយ៉ាងពេញលេញនូវមូលដ្ឋានសម្ភារៈចាំបាច់ ដោយបញ្ចប់ការរៀបចំប្រអប់បោះឆ្នោត ការបោះពុម្ពសន្លឹកឆ្នោត កាតបោះឆ្នោត និងបទបញ្ជាបោះឆ្នោតនៅសប្តាហ៍នេះ។ នគរបាលខេត្តសហការជាមួយមូលដ្ឋាន ពិនិត្យមើលឡើងវិញ និងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតដោយប្រុងប្រយ័ត្ន ផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្តែងជាមួយទិន្នន័យ VNeID ដើម្បីធានាបាននូវភាពត្រឹមត្រូវ។ ទន្ទឹមនិងនោះ អនុវត្តផែនការធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមសម្រាប់ការបោះឆ្នោតជាបន្តទៀត៕
ប្រែ៖ ណារីពៅ