ថ្ងៃទី ១២ វិច្ឆិកា មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង បានសហការជាមួយសកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ រៀបចំសន្និបាតស្តីពីការផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលនៅខេត្តអានយ៉ាង។
នៅក្នុងសន្និបាត មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តអានយ៉ាង និងសកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញបានចុះហត្ថលេខាសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល បណ្តុះបណ្តាល បំពាក់បំប៉ន គាំទ្រជំនាញ ដំណាក់កាល ២០២៦-២០៣០។
គោលដៅនៃការផ្លាស់ប្តូរឌីជីថលគឺដើម្បីធានាឲ្យមានការស្របគ្នា បន្តឡើងនិងតភ្ជាប់ទិន្នន័យ ជួយឲ្យការរាយការណ៍ទិន្នន័យតាមខ្សែទទឹង (ថ្នាក់ឃុំ សង្កាត់) និងខ្សែបណ្តោយ (តាមវិស័យ) បានរលូន និងទាន់ពេលវេលា ឆ្ពោះទៅរកការតភ្ជាប់ទៅមូលដ្ឋានទិន្នន័យជាតិ។
ភាគីទាំងពីរសហការបណ្តុះបណ្តាល ពង្រឹងចំណេះវិជ្ជាគ្រូបង្រៀនបច្ចេកវិជ្ជាព័ត៌មានសម្រេចបានគុណភាពស្តង់ដានិងបំពាក់បំប៉នសមត្ថភាពឌីជីថល។
តាមរយៈពិនិត្យជាក់ស្តែងអំពីសមត្ថភាពឌីជីថលរបស់គ្រូបង្រៀនចំនួន ២៤.៥០៨ នាក់នៅក្នុងខេត្តអានយ៉ាងទាំងមូល បានបង្ហាញឲ្យឃើញ ជួរគ្រូបង្រៀនមាន មូលដ្ឋានគ្រឹះដ៏ល្អអំពីជំនាញបច្ចេកវិជ្ជាព័ត៌មាន។ ប៉ុន្តែ នៅមានកម្រិតក្នុងសមត្ថភាពផ្លាស់ប្តូរឌីជីថលស៊ីជម្រៅ ជាពិសេសគឺសមត្ថភាពរៀបចំការបង្រៀន តាមអនឡាញ ធ្វើតេស្ត និងវាយតម្លៃដោយប្រើឧបករណ៍ឌីជីថល និងការយល់ដឹងអំពីសុវត្ថិភាព និងសន្តិសុខទិន្នន័យ។
ខេត្តបានរៀបចំវគ្គបណ្តុះបណ្តាល AI ដល់លោកអ្នកគ្រូជាង ៤០ពាន់នាក់ ជាជំហានដំបូងបានទទួលចំណេះដឹងទូទៅអំពី AI និងស្គាល់បច្ចេកវិជ្ជាមួយចំនួន៕
ប្រែ៖ សំណាង