នៅព្រឹកថ្ងៃទី៣០ ខែកក្កដា មន្ទីរសុខាភិបាលខេត្តអានយ៉ាង បានរៀបចំពិធីចលនាយុទ្ធនាការពិនិត្យសុខភាព និងពិនិត្យរកជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ឆ្នាំ២០២៦។ អញ្ជើញចូលរួមក្នុងពិធីនេះ មានអ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង តំណាងមន្ទីរ ផ្នែក អង្គភាព និងប្រព័ន្ធសុខាភិបាលគ្រប់ថ្នាក់។

ថ្លែងមតិក្នុងពិធីចលនាយុទ្ធនាការ លោក ត្រឹន ក្វាង ហៀន ប្រធានមន្ទីរសុខាភិបាលខេត្តអានយ៉ាង បានឲ្យដឹងថា យុទ្ធនាការនេះ គឺជាការធ្វើឲ្យជាក់ស្តែងនូវគោលនយោបាយរបស់បក្ស និងរដ្ឋ ស្តីពីការពង្រឹងការថែទាំសុខភាពប្រជាជន ដោយឈានទៅអនុវត្តការពិនិត្យសុខភាពជាប្រចាំ យ៉ាងហោចណាស់មួយដងក្នុងមួយឆ្នាំ ផ្តោតសំខាន់លើការបង្ការជំងឺជាចម្បង ការរកឃើញជំងឺ ឆាប់ និងព្យាបាលទាន់ពេលវេលា។
តាមនោះ ប្រជាពលរដ្ឋនៅក្នុងឃុំ សង្កាត់ និងតំបន់ពិសេស ចំនួន១០២ នៅក្នុងខេត្តអានយ៉ាងទាំងមូល នឹងទទួលបានការពិនិត្យសុខភាព ការពិនិត្យរកជំងឺ និងការប្រឹក្សាយោបល់សុខភាពដោយឥតគិតថ្លៃ។ លទ្ធផលនៃការពិនិត្យសុខភាព នឹងបានធ្វើបច្ចុប្បន្នភាពទៅចូលក្នុងកំណត់ត្រាសុខភាពអេឡិចត្រូនិក ដើម្បីគ្រប់គ្រងសុខភាពជាបន្តបន្ទាប់ ប្រកបដោយវិទ្យាសាស្ត្រ និងប្រសិទ្ធភាព។
នាយកមន្ទីរសុខាភិបាលខេត្តអានយ៉ាង បានស្នើឲ្យវិស័យសុខាភិបាលទាំងមូល ត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ទាំងធនធានមនុស្ស និងឧបករណ៍បរិក្ខារ រៀបចំការពិនិត្យសុខភាពឲ្យបានមានលក្ខណៈវិទ្យាសាស្ត្រ មានសុវត្ថិភាព និងយកចិត្តទុកដាក់។ ព្រមជាមួយគ្នានេះ លោកបានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ មន្ទីរ ផ្នែក អង្គការមហាជន និងបណ្តាស្ថាប័នសារព័ត៌មាន សហការគ្នាជំរុញខ្លាំងការផ្សព្វផ្សាយ និងការចលនាប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋយល់ច្បាស់ពីអត្ថន័យ និងអត្ថប្រយោជន៍នៃការពិនិត្យសុខភាពជាប្រចាំ និងចូលរួមឲ្យបានសកម្ម។

យោងតាមផែនការ យុទ្ធនាការនេះ នឹងត្រូវបានអនុវត្តសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមានការចុះបញ្ជីស្នាក់នៅអចិន្ត្រៃយ៍នៅក្នុងខេត្ត។ ខេត្តខិតខំសម្រេចឲ្យបាន ១០០% នៃក្រុមមុខសញ្ញាទាំងអស់ ទទួលបានការពិនិត្យសុខភាពជាប្រចាំ ឬការពិនិត្យរកជំងឺក្នុងឆ្នាំ២០២៦ និង លទ្ធផលពិនិត្យសុខភាពបានធ្វើបច្ចុប្បន្នភាពចូលក្នុងកំណត្រាសុខភាពអេឡិចត្រូនិក ១០០%។
ក្រៅពីការរៀបចំពិនិត្យសុខភាពនៅតាមមូលដ្ឋានសុខាភិបាល វិស័យសុខាភិបាល នឹងសហការជាមួយមូលដ្ឋាន សាលារៀន និងធុរកិច្ច ដើម្បីផ្សព្វផ្សាយការពិនិត្យសុខភាពចល័ត នៅពេលចាំបាច់ ជំរុញខ្លាំងការឃោសនាដើម្បីបង្កើតទម្លាប់ពិនិត្យសុខភាពជាប្រចាំ ប្តូរពីការគិតថា “មានជំងឺទើបព្យាបាល” ទៅ ជាការគិតថាម្ចាស់ការបង្ការជំងឺជាមុន៕
ប្រែ៖ ណារីពៅ