Bỏ qua đến nội dung chính
អានយ៉ាង៖ សាលារៀននៅតំបន់ព្រំដែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សំឡេងទូងស្គរបើកបវេសនកាល

បន្ទាប់ពីការសាងសង់អស់រយៈពេលជាង ៨ ខែ នៅសាលារៀនចំនួន ៣ លើភូមិសាស្ត្រឃុំព្រំដែន យ៉ាងថាញ់ វិញយ៉ា និង ខាញ់ប៊ិញ នៃខេត្តអានយ៉ាង រហូតដល់ពាក់កណ្តាលចុងខែកក្កដា ឆ្នាំ២០២៦ គម្រោងសាលាទាំងបីនេះបានត្រៀមរួចជាស្រេច ដើម្បីបន្លឺសំឡេងទូងស្គរបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧។

គម្រោងសាលាបឋមសិក្សា-មធ្យមសិក្សាបឋមភូមិពាក់កណ្តាលអន្តេវាសិកអន្តរកម្រិតយ៉ាងថាញ់ កំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ការសាងសង់។

ក្នុងនោះ គម្រោងសាលាបឋមសិក្សា-មធ្យមសិក្សាបឋម​ភូមិពាក់កណ្តាលអន្តេវាសិកអន្តរកម្រិតយ៉ាងថាញ់ ស្ថិតនៅឃុំ យ៉ាងថាញ់ សម្រេចល្បឿនសាងសង់បាន ៩៥% នៃបរិមាណការងារតាមកិច្ចសន្យា ហើយគ្រោងប្រគល់ដាក់ឲ្យប្រើប្រាស់មុនថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦។ សាលានេះមាន ៣០ ថ្នាក់រៀន សម្រាប់សិស្សចំនួន ៩៥៦ នាក់ ក្នុងឆ្នាំសិក្សា ២០២៦-២០​២៧​។ 

លោក តា ហៀន (Tạ Hiện) ប្រធានគណៈកម្មាធិការប្រជាជនឃុំ យ៉ាងថាញ់ បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធរបស់សាលាបានវិនិយោគព្រមៗគ្នា បំពេញនូវតម្រូវការក្នុងការរៀបចំការបង្រៀន ការរៀនសូត្រ និងការប្រជុំជីភាពរបស់សិស្សអន្តេវាសិក និងពាក់កណ្តាលអន្តេវាសិក។​ បង្កើតបានទំនុកចិត្តដល់មាតាបិតា និងសិស្សក្នុងការចុះឈ្មោះចូលរៀន។ លទ្ធផលនៃការជ្រើស​រើសសិស្សជំហានដំបូងទទួលបានសញ្ញាវិជ្ជមានជាច្រើន ជាពិសេសកម្រិតមធ្យមសិក្សាបឋមភូមិ ដែលមានចំនួនលើសពីផែនការដែលបានកំណត់។ មាតាបិតាភាគច្រើនគាំទ្រគោលនយោបាយប្រមូលសិស្សមកសិក្សានៅក្នុងសាលា។

បច្ចុប្បន្ន ក្រុមប្រឹក្សាជ្រើសរើសសិស្សនៃឃុំ យ៉ាងថាញ់ បានទទួលពាក្យចុះឈ្មោះចំនួន ៨៨៧ ច្បាប់ ស្មើនឹង ៩២,៧៨% ផែនការ។ ក្នុងនោះ ផែនកម្រិតបឋមសិក្សាមាន ៤៥៨/៦១០ សិស្ស និងផែនកម្រិតមធ្យមសិក្សាបឋមភូមិមាន ៤២៩/៣៤៦ សិស្ស។ ចំនួនសិស្ស​សរុបដែលបានចុះឈ្មោះរួមមានសិស្សស្នាក់នៅនិងសាលាចំនួន ១៩៤ នាក់ និងសិស្សស្នាក់នៅមួយថ្ងៃចំនួន ៦៩៣ នាក់។យោងតាមប្រធានគណៈកម្មាធិការប្រជាជនឃុំយ៉ាងថាញ់ ដើម្បីធានាបានផែនការជ្រើសរើសសិស្ស គណៈកម្មាធិការប្រជាជនឃុំបានណែនាំក្រុមប្រឹក្សាជ្រើសរើសសិស្សរបស់ឃុំឲ្យបន្តការចុះឈ្មោះចូលរៀនលើកទីបីចាប់ពីថ្ងៃទី១៥ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា។ ការជ្រើសរើសលើកនេះផ្តោតសំខាន់លើកម្រិតបឋមសិក្សា ដោយអនុវត្តតាមបទប្បញ្ញត្តិយ៉ាងត្រឹមត្រូវ ធានាភាពបើកចំហ តម្លាភាព សមធម៌ និងបង្កលក្ខណៈងាយស្រួលដល់សិស្សក្នុងការដាក់ពាក្យចូលរៀន។

បន្ទាប់មក ឃុំយ៉ាងថាញ់នឹងពិនិត្យឡើងវិញនូវស្ថានភាពបច្ចុប្បន្នរបស់បុគ្គលិកគ្រប់គ្រង និងគ្រូបង្រៀននៅតាមមូលដ្ឋានអប់រំនានានៅលើភូមិសាស្ត្រ ព្រម​ជាមួយ​នោះ​ រៀបចំផែនការសមាជិកភាពសមស្របតាមទ្រង់​ទ្រាយ​សាលារៀន ថ្នាក់រៀន និងតម្រូវការភារកិច្ច ដើម្បីបម្រើការងារអប់រំ និងបណ្តុះបណ្តាលឲ្យកាន់តែប្រសើរឡើងនៅក្នុងឆ្នាំសិក្សា ២០២៦-២០២៧។

បន្ទាប់មក គម្រោង សាលាបឋមសិក្សា-មធ្យមសិក្សាបឋមភូមិអន្តេវាសិកវិញយ៉ា ស្ថិតនៅឃុំវិញយ៉ា សម្រេច​​ល្បឿន​​សាងសង់បាន ៨៨% នៃបរិមាណការ​ងារ​តាមកិច្ច​សន្យា ដោយសន្និដ្ឋានថាប្រគល់ដាក់ឲ្យប្រើប្រាស់​មុន​ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦។

ឃុំ វិញយ៉ា បានបញ្ចប់ការរៀបចំគម្រោងបង្កើតសាលា កសាងផែនការរៀបចំក្បាលម៉ាស៊ីន និងចាត់តាំងក្រុមកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន និងបុគ្គលិករួចរាល់។ តាមផែនការ សាលានឹងរៀបចំ ៣៥ ថ្នាក់រៀន សម្រាប់សិស្ស​ ១.១២៨ នាក់ ចល័តគ្រូបង្រៀន ៥៣ នាក់ ជ្រើសរើសថ្មី ៩ នាក់ និងជ្រើសរើសបុគ្គលិកគ្រប់គ្រង ៧​ នាក់ក៏បានកំណត់ជាស្រេច ដើម្បីបំពេញភារកិច្ចក្នុងឆ្នាំសិក្សាថ្មី។ 

ដូចគ្នានេះដែរ គម្រោង សាលាបឋមសិក្សា និងមធ្យមសិក្សា​បឋមភូមិអន្តេវាសិកខាញ់អាន ស្ថិតនៅឃុំ ខាញ់ប៊ិញ បានបញ្ចប់ការសាងសង់ ១០០% ហើយគ្រោងប្រ​គល់​ និងដាក់ឲ្យប្រើប្រាស់មុនថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ

ឃុំ ខាញ់ប៊ិញ ក៏បានបញ្ចប់ការរៀបចំគម្រោងបង្កើតសា​លា​ កសាងផែនការរៀបចំអង្គការក្បាលម៉ាស៊ីន និងចាត់តាំងក្រុមកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀន និងបុគ្គ​លិក​រួចរាល់ផងដែរ។ តាមផែនការ សាលានឹងរៀបចំ ៤៥​ ថ្នាក់រៀន សម្រាប់សិស្ស ១.៧១៦ នាក់ ដោយចល័ត​គ្រូបង្រៀន ៦៧ នាក់ និងជ្រើសរើសគ្រូបង្រៀននិងបុគ្កលិកគ្រប់គ្រងថ្មី ៩ នាក់បានកំណត់រួចជាស្រេច សម្រាប់បំពេញភារកិច្ចក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០​២៧​។

យោងតាមថ្នាក់ដឹកនាំឃុំព្រំដែន យ៉ាងថាញ់ វិញយ៉ា និង​ខាញ់​ប៊ិញ បានឲ្យដឹងថា ចំពោះឆ្នាំសិក្សាថ្មី មាតាបិតា​មួយចំនួននៅតែមានការព្រួយបារម្ភ អំពីការឲ្យកូនទៅសិក្សា និងស្នាក់នៅក្នុងសាលា។ ដោយសារសាលាទើបតែបង្កើតថ្មី មាតាបិតាខ្លះនៅមានការសង្ស័យអំពីលក្ខខណ្ឌស្នាក់នៅ ការគ្រប់គ្រងសិស្សស្នាក់នៅ និងគុណ​ភាពអប់រំរបស់សាលា។គ្រួសារមួយចំនួនមានជីវ​ភាព​លំបាក ខ្វះកម្លាំងពលកម្មសម្រាប់ផលិតកម្ម ឬក៏មានតម្រូវការទៅទទួល និងនាំកូនទៅសាលារៀនជារៀង​រាល់ថ្ងៃ ដូច្នេះមិនទាន់សម្រេចចិត្តចុះឈ្មោះឲ្យកូនចូល​រៀនសាលាអន្តេវាសិកនៅឡើយ។សាលាជាច្រើននៅខ្វះគ្រូបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ លើមុខវិជ្ជាដូចជា៖ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្ត្រ ប្រវត្តិសាស្ត្រ ភូមិវិទ្យា អប់រំពលរដ្ឋ បច្ចេកវិទ្យា វិចិត្រសិល្បៈ តន្ត្រី អប់រំកាយ និង ភា​​សាខ្មែរ កង្វះគ្រូបង្រៀនទាំងនេះ បានជះឥទ្ធិពលដល់ការរៀបចំការបង្រៀន និងការអនុវត្តសកម្មភាពអប់​រំ​​របស់សាលា។ 

នៅសល់មិនដល់ពីរខែទៀតទេ សំឡេងទូងស្គរបើកបវេ​សន​កាលសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នឹងបន្លឺឡើង​យ៉ាងអធិកអធមនៅទូទាំងប្រទេស។ សម្រាប់ឃុំព្រំ​ដែន​ទាំងបី គឺយ៉ាងថាញ់ វិញយ៉ា និងខាញ់ប៊ិញ ការបង្កើតសាលាអន្តេវាសិកដ្ឋានដ៏ទំនើបចំនួនបីនេះ មិនត្រឹម​តែបំពេញតម្រូវការអប់រំប៉ុណ្ណោះទេ​ ប៉ុន្តែថែមទាំងជា​និ​មិត្តរូប នៃការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់​​​បក្ស និងរដ្ឋ ចំពោះបុព្វហេតុអប់រំនៅតំបន់ជួរមុខនៃ​​មាតុភូមិផងដែរ។

នៅការដ្ឋានសាងសង់ក្នុងតំបន់ព្រំដែននាពេលនេះ បរិ​យា​កាសការងារកំពុងប្រព្រឹត្តទៅយ៉ាងមមាញឹក។ គម្រោង​សាលាទាំងបីកំពុងឈានចូលដំណាក់កាលបញ្ចប់​ការងារចុងក្រោយ ដើម្បីអាចប្រគល់ និងដាក់ឲ្យប្រើប្រាស់បានទាន់ពេលវេលាស្របតាមផែនការ។

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យដោយផ្ទាល់ពីដំណើរការគម្រោងសាងសង់សាលារៀននៅឃុំព្រំដែន យ៉ាងថាញ់

អ្នកស្រី ង្វៀន ធី មិញ ធ្វី អនុប្រធានគណៈកម្មាធិការប្រ​ជា​​ជនខេត្តអានយ៉ាង បានអញ្ជើញទៅពិនិត្យដោយផ្ទាល់នូវល្បឿនដំណើរការគម្រោង និងការត្រៀមលក្ខ​ខណ្ឌ​សម្រាប់ដំណើរការសាលាបឋមសិក្សា - មធ្យមសិក្សា​​បឋមភូមិអន្តេវាសិកទាំង ៣ នេះ នៅឃុំព្រំដែន យ៉ាង​ថាញ់វិញយ៉ា និងខាញ់ប៊ិញ។ អ្នកស្រីបានណែនាំឲ្យ​ឃុំ​ទាំងបី បញ្ចប់ការចេញសេចក្តីសម្រេចបង្កើតសា​លា កំណត់មុខងារ និងភារកិច្ច តែងតាំងនាយកសាលា នា​យករងសាលា និងរៀបចំចាត់តាំងក្រុមកម្មាភិបាល​គ្រប់​គ្រង គ្រូបង្រៀន និងបុគ្គលិកយ៉ាងយឺតបំផុតចាប់ពីថ្ងៃទី ២០ ដល់ ២៣ ខែកក្កដា ឆ្នាំ២០២៦។ ព្រមជា​មួយ​គ្នានេះដែ សាលាត្រូវបំពេញនីតិវិធីចុះបញ្ជីត្រាផ្លូវការ ហត្ថលេខាឌីជីថល បេឡាសន្តិសុខសង្គម លេខកូដពន្ធ លេខកូដអង្គភាពទំនាក់ទំនងថវិកា រៀបចំបែប​ផែន​បង្កើតការគ្រោងថវិកាហើយដាក់ជូនថ្នាក់មានសម​ត្ថ​កិច្ចពិនិត្យអនុម័ត និងដំណើរការបើកគណនីរតនាគារ​រដ្ឋ​ តាមបទប្បញ្ញត្តិ។ល។

ទន្ទឹមនិងនោះដែរ ចាប់ពីថ្ងៃទី ៣០ ខែកក្កដា ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៦ ឃុំទាំងបីត្រូវបញ្ចប់ការបែងចែកថវិកា ធានាលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ការបើកប្រាក់បៀវត្ស និងអនុវត្តរបបគោលនយោបាយនានា នៅ​ពេលសាលាចាប់ផ្តើមដំណើរការជាផ្លូវការ។ ទន្ទឹមនឹង​នេះ ត្រូវបញ្ចប់ការទទួលយកសំណង់ រៀបចំមុខងារ​ប្រើ​ប្រាស់អគារ បំពាក់សម្ភារៈបរិក្ខារ និងខ្លឹម​សារ​ពាក់​​ព័ន្ឋ​ រៀបចំសិក្សាបទពិសោធន៍ពីការគ្រប់គ្រង ដំ​ណើ​រ​ការរបស់សាលាមធ្យមសិក្សាបឋមភូមិអន្តេវាសិជន​ជាតិទិញបៀន ប្រកាសនិងអនុម័តលទ្ធផលជ្រើសរើស​សិស្ស ព្រមទាំងរាយការណ៍ជាបន្ទាន់ជូនគណៈកម្មា​ធិ​ការប្រជាជនខេត្តអានយ៉ាង ចំពោះបញ្ហាដែលលើស​សមត្ថកិច្ចក្នុងអំឡុងពេលអនុវត្ត។ ជាពិសេស ត្រូវ​រៀបចំសាកល្បងដំណើរការគ្រប់ប្រព័ន្ធរបស់សា​លា​ មុនពេលដំណើរការជាផ្លូវការ។នៅ​ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦ នឹងរៀបចំពិធីបើកបវេ​​ស​នកាលឆ្នាំសិក្សា ២០២៦-២០២៧​ និងពិធីសម្ពោ​ធ​សា​លាបឋមសិក្សា-​មធ្យមសិក្សាបឋមភូមិ អន្តេវា​សិក​អន្តរ​កម្រិតទាំងបី នៅតាមឃុំព្រំដែនដីគោក។ 

អ្នកស្រី ង្វៀន ធី មិញ ធ្វី ក៏បានស្នើឲ្យម្ចាស់គម្រោងពង្រឹង​ការត្រួតពិនិត្យ ការតាមដាន និងជំរុញក្រុមហ៊ុនម៉ៅ​ការ និងអង្គភាពប្រឹក្សារចនា បន្តពន្លឿនការសាងសង់​ ដើម្បីបញ្ចប់គម្រោងឲ្យបានទាន់ពេលកំណត់។ ទន្ទឹម​​នឹងនេះ ត្រូវពិនិត្យ និងបំពេញឯកសារពាក់ព័ន្ធឲ្យ​បាន​​គ្រប់គ្រាន់ ដើម្បីទូទាត់បរិមាណការងារដែលបានបញ្ចប់​ ដើម្បីជំរុញការបញ្ចេញទុនវិនិយោគសាធារណៈដែលបានបែងចែកសម្រាប់គម្រោង ព្រមទាំងពិនិត្យ​ឡើង​​វិញនូវឯកសារគម្រោងទាំងមូល ដើម្បីបំពេញនីតិវិធីសម្រាប់ការទូទាត់បញ្ចប់គម្រោង បន្ទាប់ពីការវិនិយោគត្រូវបានបញ្ចប់ និងធានាថាគម្រោងទាំងអស់ត្រូវបានបញ្ចប់មុនថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ តាមការណែ​នាំ​របស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត។ 

បន្ទាប់​មក មន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តអានយ៉ាង ត្រូវ​សហការជាមួយគណកម្មាធិការប្រជាជនឃុំ យ៉ាងថាញ់​វិញយ៉ា និងខាញ់ប៊ិញ ព្រមទាំងអង្គភាពពាក់ព័ន្ធ ត្រួត​ពិនិត្យឡើងវិញនូវលក្ខខណ្ឌទាំងអស់សម្រាប់ការដំ​ណើ​រការសាលា ធានាក្នុងការដំណើរការបានភ្លាម សម្រាប់​ឆ្នាំសិក្សា ២០២៦-២០២៧ ​ស្របតាមបទប្បញ្ញត្តិ។ 

ទន្ទឹមនឹងនេះ អ្នកស្រីក៏ប្រគល់ភារកិច្ចដល់គណៈកម្មាធិការប្រជាជនឃុំ យ៉ាងថាញ់ វិញយ៉ា និង ខាញ់ប៊ិញ ឲ្យ​អនុ​វត្តយ៉ាងម៉ឺងម៉ាត់តាមផែនការរបស់មន្ទីរអប់រំ និងបណ្តុះបណ្តាល ដើម្បីធានាឲ្យបាននូវលក្ខខណ្ឌចាំបាច់សម្រាប់ដំណើរការសាលារៀននៅតំបន់ព្រំដែន។ ជា​មួយ​គ្នានេះ ត្រូវសហការយ៉ាងសកម្មជាមួយមន្ទីរអប់រំ និង​បណ្តុះបណ្តាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញ និងត្រៀមឲ្យបានគ្រប់គ្រាន់នូវហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ក្រុមបុគ្គលិកគ្រប់គ្រង គ្រូបង្រៀន លក្ខខណ្ឌបម្រើការបង្រៀន និងការរៀនសូត្រ ព្រមទាំងខ្លឹមសារពាក់ព័ន្ធផ្សេងៗ ដើម្បីធានាឲ្យសាលារៀនអាចដំណើរការបានដោយស្ថិរភាព រលូន និងបំពេញតម្រូវការភារកិច្ចចាប់តាំងពីដើមឆ្នាំសិក្សា ២០២៦-២០​២៧​។​ 

ស្របពេលនេះដែរ មូលដ្ឋានទាំងអស់ត្រូវជំរុញការងារផ្សព្វផ្សាយអំពីអត្ថន័យ និងសារៈសំខាន់នៃការវិនិយោគសាងសង់សាលារៀននៅតាមឃុំព្រំដែន ហើយផ្សព្វ​ផ្សាយ​ឲ្យបានទូលំទូលាយអំពីយន្តការ និងគោលនយោ​បាយ​សម្រាប់សិស្ស និងគ្រូបង្រៀនដេលបានទទួលផលប្រយោជន៍នៅពេលចូលបង្រៀននិងចូលរៀននៅសាលាបឋមសិក្សា–មធ្យមសិក្សាបឋមភូមិអន្តេវាសិក​អន្ត​រកម្រិតនៅតាមឃុំព្រំដែន។ តាមរយៈនោះ នឹងបង្កលក្ខ​ណៈងាយស្រួលក្នុងការជ្រើសរើសសិស្ស និងការកៀរ​គរសិស្ស ឬចាត់តាំងគ្រូបង្រៀន និងបុគ្គលិកឲ្យ​មក​បំពេញការងារនៅសាលាទាំងនេះ។ 

ការវិនិយោគសាងសង់សាលាបឋមសិក្សា - មធ្យមសិ​ក្សា​​​បឋមភូមិអន្តេវាសិកអន្តរកម្រិត មិនត្រឹមតែជាដំ​ណោះ​​​ស្រាយចំពោះបញ្ហាខ្វះសាលារៀន និងបន្ទប់រៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការ​លើកកម្ពស់កម្រិតចំណេះដឹងរបស់ប្រជាពលរដ្ឋ អនុវត្តគោលនយោបាយជនជាតិ និងពង្រឹងសន្តិសុខការពារជាតិនៅតំបន់សំខាន់ៗ។ ជាមួយនឹងការខិតខំប្រឹងប្រែងពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការគាំទ្រពីប្រជាពលរដ្ឋ សាលារៀនថ្មីៗនៅតាមតំបន់ព្រំដែនទាំងនេះ កំពុងលេចរូបរាងឡើង បានរំពឹងថា នឹងក្លាយជា “ថ្នាល​បណ្តុះ” ទេពកោសល្យសម្រាប់អនាគតរឹងមាំជា​និច្ច​នៅតំបន់ព្រំដែនខេត្តអានយ៉ាង៕

ប្រែ៖ ណារីពៅ