រសៀលថ្ងៃទី ១ តុលា នៅឃុំ ប៊ិញហ្វា (ស្រុក ចូវថាញ់) មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមសហការជាមួយនគរបាលខេត្ត សហព័ន្ធពលករខេត្ត គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចខេត្ត បានរៀបចំសន្និបាតសន្ទនានិងផ្សព្វផ្សាយគោលនយោបាយច្បាប់សម្រាប់ពលករ ធុរកិច្ច នលើភូមិសាស្ត្រស្រុកចូវថាញ់។
នៅក្នុងសន្និបាតនេះ មានកម្មករពលករជិត ៩០នាក់ តំណាងឲ្យអ្នកប្រើប្រាស់ពលកររបស់ក្រុមហ៊ុនលើភូមិសាស្ត្រស្រុកចូវថាញ់ និងធុរកិច្ចនៅតំបន់ឧស្សាហកម្ម ប៊ិញហ្វា បានជូនដំណឹងអំពីខ្លឹមសារជាក់ស្តែងជាច្រើន។
ជាក់ស្តែងស្តាប់នគរបាលខេត្ត ផ្សព្វផ្សាយបទប្បញ្ញតិច្បាប់ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់លើភូមិសាស្ត្រខេត្ត និងបណ្តាតំបន់ឧស្សាហកម្ម។ សហព័ន្ឋពលករខេត្តផ្តល់ព័ត៌មានមាតិកាទាក់ទងនឹងអង្គការសហជីព និយោជិត និងនិយោជក បានបញ្ញតិក្នុងសេចក្តីព្រាងច្បាប់សហជីព (ធ្វើវិសោធនកម្ម) និងសេចក្តីព្រាងច្បាប់ការងារ (ធ្វើវិសោធនកម្ម)។ មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ផ្សព្វផ្សាយអំពីស្ថានភាពពលករនិងការងារ នៅលើភូមិសាស្ត្រខេត្តក្នុងរយៈពេល៩ខែដើមឆ្នាំ និងទិសដៅភារកិច្ចរយៈពេល៣ខែចុងឆ្នាំ២០២៤។
តំណាងធុរកិច្ចបានចែករំលែកថា នាពេលថ្មីៗនេះ ដោយមានការគាំទ្រពីផ្នែកសមត្ថកិច្ចថ្នាក់ខេត្ត និងថ្នាក់ស្រុក ដូច្នេះស្ថានភាពផលិតកម្មរបស់ធុរកិច្ចនៅតែមានស្ថិរភាព។ជាពិសេស ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងតំបន់ដែលធុរកិច្ចធ្វើសកម្មភាពតែងតែបានធានា ហើយរាល់បញ្ហាដែលកើតឡើង នឹងបានដោះស្រាយយ៉ាងរហ័ស និងទាន់ពេលវេលា ជួយឲ្យពលករពលការិនីមកធ្វើការដោយសុខសាន្ត។
ភាគច្រើនបណ្តាធុរកិច្ចនៅក្នុងតំបន់ឧស្សាហកម្ម ប៊ិញហ្វា បច្ចុប្បន្នកំពុងជួបការលំបាកក្នុងការជ្រើសរើសពលករពលការិនី ទោះបីជាមានការប្រកាសជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ នៅតែមិនទាន់ជ្រើសរើសគ្រប់ចំនួនតាមតម្រូវការ។
ឆ្លើយតបទៅនឹងមតិយោបល់របស់ធុរកិច្ច តំណាងស្ថាប័នដែលចូលរួមនៅក្នុងកិច្ចសន្ទនានេះ បានបញ្ជាក់ថា រយៈពេលខាងមុខ នឹងបន្តសហការ និងផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនូវដំណោះស្រាយនានា ដើម្បីជួយឲ្យធុរកិច្ចធ្វើសកម្មភាពងាយស្រួល និងស្ថិរភាពលើភូមិសាស្ត្រ។
មន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច ក្រើនរម្លឹកដល់ធុរកិច្ចឲ្យយកចិត្តទុកដាក់ថែទាំបណ្តារបបសម្រាប់ពលករពលការិនី កែលម្អគោលនយោបាយ និងសុខមាភាពសង្គម ដើម្បីរក្សាទុកពលករពលការិនីឲ្យមានប្រសិទ្ធភាព។ អង្គភាព ក៏ សំណូមពរដល់បណ្តាស្រុក ទីរួមខេត្ត ក្រុង ឲ្យគាំទ្រដល់ធុរកិច្ចក្នុងការប្រកាស និងផ្សព្វផ្សាយព័ត៌មានក្នុងទម្រង់ជាច្រើន ដើម្បីជ្រើសរើសពលករពលការិនី។
លោក ចូវវ៉ាន់លី ប្រធានមន្ទីរពលកម្ម យុទ្ធជនពិការ និងសង្គមកិច្ច មានប្រសាសន៍ថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៤ បណ្តាផ្នែកសហការបានឯកភាពគ្នារក្សាការរៀបចំកិច្ចសន្ទនាជាមួយពលករ ពលការិនីនិងធុរកិច្ចនៅក្នុងខេត្តជារៀងរាល់ត្រីមាស ដើម្បីស្តាប់មតិយោបល់និងដោះស្រាយបញ្ហាដែលកើតឡើងនៅក្នុងដំណើរការផលិតកម្ម និងធុរកិច្ចបានទាន់ពេលវេលា ព្រមទាំងគាំទ្រដល់ធុរកិច្ចឲ្យមានស្ថិរភាពសកម្មភាពផលិតកម្មផងដែរ៕
ប្រែ៖ ណារីពៅ