ថ្ងៃទី ២៤ ខែកក្កដា លោក ដាំង អាញ់ គៀត នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល ហ្វឹកហាត់ និងប្រកួតកីឡាខេត្ត អានយ៉ាង បានឲ្យដឹងថា កីឡាការិនីចំនួន ២ រូប នៃក្រុមជម្រើស Pencak Silat អានយ៉ាង បានប្រកួតយ៉ាងល្អប្រសើរ និងដណ្តើមបានមេដាយមាសចំនួន ២ ក្នុងការប្រកួតជើងឯក Pencak Silat អាស៊ី ឆ្នាំ ២០២៦។

ជាក់ស្តែង កីឡាការិនី ត្រឹន ធី គឹម ឡន ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសាទម្ងន់ ៤៥ គីឡូក្រាមនារី។ ក្នុងពេលជាមួយគ្នានេះ កីឡាការិនី ង្វៀន ធី អៀន លិញ ដណ្តើមបានមេដាយមាសក្នុងវិញ្ញាសា Solo នារី។

ការប្រកួតជើងឯក Pencak Silat អាស៊ី លើកទី១០ ឆ្នាំ ២០២៦ បានរៀបចំឡើងនៅ ទីក្រុង ដុងណាយ ដោយមានការចូលរួមពីមន្ត្រី និងកីឡាករ-កីឡាការិនីជិត ៣០០ នាក់ មកពីប្រទេស និងដែនដីចំនួន ៩។បន្ទាប់ពីការប្រកួតអស់រយៈពេលជាច្រើនថ្ងៃ ក្រុមជម្រើសជាតិ Pencak Silat វៀតណាម បានការពារជោគជ័យនូវចំណាត់ថ្នាក់ លេខ១ ទូទាំងក្រុម ដោយដណ្តើមបានមេដាយមាសចំនួន ១៦ មេដាយប្រាក់ចំនួន ៧ និងមេដាយសំរឹទ្ធចំនួន ២។ ក្រុមជម្រើស Pencak Silat ឥណ្ឌូណេស៊ី ទទួលបានចំណាត់ថ្នាក់ លេខ ២ ទូទាំងក្រុម និងក្រុមជម្រើសជាតិ Pencak Silat ម៉ាឡេស៊ី ទទួលចំណាត់ថ្នាក់ លេខ៣ ទូទាំងក្រុម៕
ប្រែ៖ ណារីពៅ