ថ្ងៃទី ២៤ ខែកក្កដា លោក ង្វៀន ថាញ់ ផុង សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយតំបន់ ពិសេស កៀនហាយ ដើម្បីពិនិត្យស្ថានភាពអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេល ៧ ខែដើមឆ្នាំ និងដាក់ចេញភារកិច្ចសំខាន់ៗសម្រាប់ខែដែលនៅសល់នៃឆ្នាំ ២០២៦។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់តំបន់ ពិសេស កៀនហាយ។ ក្នុងបរិបទដែលមានការលំបាករួម មូលដ្ឋានសម្រេចបានលទ្ធផលល្អ មានភាពស្មើគ្នា និងគ្រប់ជ្រុងជ្រោយ ជាពិសេសមានលទ្ធផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជាចំណុចភ្លឺក្នុងការងារបញ្ចេញថវិកា និងប្រើប្រាស់ទុនវិនិយោគសាធារណៈ ក្នុងចំណោមឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២ របស់ខេត្ត។
លោក ង្វៀន ថាញ់ ផុង បានស្នើឲ្យបក្ខភាគ និងគណៈកម្មាធិការប្រជាជនតំបន់ពិសេស ប្រញាប់ពិនិត្យឡើងវិញ និងបញ្ចប់ការងារជាក់លាក់ដើម្បីរៀបចំអនុវត្តកម្មវិធី គម្រោង និងផែនការនានា ព្រមទាំងរៀបចំអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ ស្របតាមការណែនាំរបស់គណៈកម្មាធិការបក្សខេត្ត និងស្ថាប័នមានសមត្ថកិច្ច។
យកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចដោយផ្អែកលើសក្តានុពល និងចំណុចខ្លាំងរបស់មូលដ្ឋាន ជាពិសេសផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ទក្នុងទិសដៅចីរភាព ទាញយកផលមានប្រសិទ្ធភាពនូវសក្តានុភាពទេសចរណ៍សមុទ្ទ និងកោះ ភ្ជាប់ជាមួយការការពារបរិស្ថាន។ ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិស្តីពីការទប់ស្កាត់ការនេសាទខុសច្បាប់។

លោក ង្វៀន ថាញ់ ផុង អនុប្រធានប្រចាំការគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យតំបន់ពិសេស កៀនហាយ ជំរុញខ្លាំងការកំណែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថល និងការផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគម្រោង ០៦។ បន្តពង្រឹងអង្គការក្បាលម៉ាស៊ីន និងរៀបចំ បែងចែក ជ្រើសរើសក្រុមកម្មាភិបាលត្រឹមត្រូវតាមបទប្បញ្ញត្តិនិង លើកកម្ពស់គុណភាពក្រុមកម្មាភិបាល។ ផ្លាស់ប្តូរយ៉ាងខ្លាំងនូវរចនាបថ និងឥរិយាបថការងារ ព្រមទាំងពង្រឹងវិន័យ និងពិន័យរដ្ឋបាល។
ត្រូវច្បាមជាប់មូលដ្ឋាន និងក្តាប់ច្បាស់ស្ថានភាព បង្កើនកិច្ចសហការផ្ទៃក្នុង រវាងស្ថាប័ន អង្គភាព មូលដ្ឋានក្នុងតំបន់ និងមន្ទីរ-ស្ថាប័ននានារបស់ខេត្ត។ រក្សាឲ្យបានខ្ជាប់ខ្ជួននូវសាមគ្គីភាពផ្ទៃក្នុង អនុវត្តឲ្យបានល្អនូវការកសាងបក្ស និងអាជ្ញាធរ ព្រមទាំងជំរុញខ្លាំងការឃោសនា ផ្សព្វផ្សាយ បង្កើតជាការឯកភាពក្នុងប្រជាពលរដ្ឋ។
ទន្ទឹមនិងនេះ តំបន់ពិសេស កៀនហាយ ចាំបាច់ត្រូវតែសកម្មក្នុងការបង្កើតនិងអនុម័តផែនការរួន និងផែនការលម្អិតសម្រាប់តំបន់មុខងារនានា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំការវិនិយោគ និងសាងសង់។ ត្រូវសកម្មក្នុងការស្នើគម្រោងវិនិយោគ និងដាក់ជូនថ្នាក់មានសមត្ថកិច្ចអនុម័តតាមបទប្បញ្ញត្តិ។ ជាមួយគ្នានេះ ត្រូវផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាទឹកស្អាតសម្រាប់ប្រជាពលរដ្ឋ ដោយចាត់ទុកនេះជាភារកិច្ចបន្ទាន់។ល។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការប្រជាជនតំបន់ពិសេស កៀនហាយ ក្នុងរយៈពេល ០៧ ខែដើមឆ្នាំ ២០២៦ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់តំបន់ពិសេសបន្តមានស្ថិរភាព និងវិស័យជាច្រើនសម្រេចបានលទ្ធផលវិជ្ជមាន។ សេដ្ឋកិច្ចបន្តមានកំណើនបង្គួរ ដោយតម្លៃផលិតកម្មនៃវិស័យសេដ្ឋកិច្ចនានាសម្រេចបានជាង ២.៥១៧ ពាន់លានដុងតាមការសន្និដ្ឋាន ស្មើនឹង ៦៤,៣៩% ផែនការ។ តម្លៃផលិតកម្មនេសាទ និងវារីវប្បកម្មសម្រេចបាន ៨៧៥ ពាន់លានដុង ស្មើនឹង ៥៩,១៨% បើប្រៀបធៀបនឹងផែនការ។
កម្រិតនៃការលក់រាយទំនិញសរុប និងចំណូលពីសេវាកម្មសម្រេចបានជាង ១.៣៩៥ ពាន់លានដុង ស្មើនឹង ៦៩,១៤% ផែនការ។ បើគិតចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ចំនួនភ្ញៀវទេសចរដែលមកទស្សនាតំបន់នេះប្រមាណជាង ៣៩៧.០០០ នាក់ តាមការសន្និដ្ឋាន ស្មើអត្រា ៦០,៦៩% ផែនការ។ ចំណូលថវិការដ្ឋសរុបមានជាង ២៧.១៤៧ ពាន់លានដុង ស្មើអត្រា ៩៧,៦៦% នៃសន្ទស្សន៍ដែលគណៈកម្មាធិការប្រជាជនខេត្តប្រគល់ជូន និងសម្រេចបាន ២១៣,៧៦%តាមការគ្រោងថវិការបស់ក្រុមប្រឹក្សាប្រជាជនតំបន់ពិសេសប្រគល់ជូន។


ការកំណែទម្រង់រដ្ឋបាល និងការផ្លាស់ប្តូរឌីជីថលសម្រេចបានលទ្ធផលវិជ្ជមាន ដោយអត្រាទទួលពាក្យស្នើសុំតាមប្រព័ន្ធអនឡាញសម្រេចបាន ១០០% អត្រាដោះស្រាយសំណុំឯកសារត្រឹមត្រូវតាមពេលកំណត់ និងមុនពេលកំណត់សម្រេចបាន ៩៩,៩៤% ហើយអត្រាធ្វើឌីជីថលកម្មសំណុំឯកសារសម្រេចបានជាង ៩៩%។ ការងាររៀបចំក្បាលម៉ាស៊ីន គ្រប់គ្រងកម្មាភិបាល រដ្ឋការ បុគ្គលិក បានផ្សព្វផ្សាយព្រមៗគ្នា។ បានបញ្ចប់ការរៀបចំភូមិស្របតាមបទប្បញ្ញត្តិ។ លទ្ធផលអនុវត្តយុទ្ធនាការសម្អាតទិន្នន័យសម្រេចបានលទ្ធផលល្អបង្គួរ (អត្រាកំណត់អត្តសញ្ញាណអាជីវកម្ម និងសហករណ៍សម្រេចបាន ១០០% អត្រារួមបញ្ចូលធានារ៉ាប់រងសុខភាពទៅក្នុងសៀវភៅសុខភាព និងមូលដ្ឋានទិន្នន័យជាតិ ស្ថិតក្នុងក្រុមមានអត្រាខ្ពស់របស់ខេត្ត។)
គិតដល់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៦ តំបន់ពិសេស កៀនហាយ បានបញ្ចប់ការរៀបចំការវិនិយោគសម្រាប់គម្រោងចំនួន ៧ ក្នុងចំណោមគម្រោង ៧។ អត្រាបញ្ចេញ ថវិកាទុនវិនិយោគសាធារណៈសម្រេចបាន ៦៨,៤៦% តាមផែនការ ឈរលំដាប់ទី ០៧ ក្នុងចំណោមឃុំ សង្កាត់ និងតំបន់ពិសេសចំនួន ១០២។ រួមជាមួយនឹងការវិនិយោគសាធារណៈ សកម្មភាពវិនិយោគសង្គមទាំងមូលបន្តរក្សាបាននូវសន្ទុះកំណើនវិជ្ជមាន។ ទុនវិនិយោគសង្គមទាំងមូលដែលអនុវត្តក្នុងរយៈពេល ០៧ ខែដើមឆ្នាំ មានចំនួន ១.០៤៦ ពាន់លានដុង ស្មើអត្រា ៨៥,៤៦% ផែនការ។
វិស័យវប្បធម៌-សង្គមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន សន្តិសុខសង្គមបានធានា។ អត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រេចបាន ១០០%។ សន្តិសុខការពារជាតិ និងអធិបតេយ្យភាពសមុទ្ទ និងកោះបន្តរក្សាបានរឹងមាំ៕
ប្រែ៖ ណារីពៅ