ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៦ (ឆ្នាំមមី) នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ង្វៀនជីយុង បានទៅ សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី និងជូនអំណោយដល់កម្មាភិបាល និងកម្មករដែលកំពុងសាងសង់គម្រោងសម្រាប់បម្រើសប្តាហ៍ជាន់ខ្ពស់ APEC។ ទន្ទឹមនិងនោះ ដាក់កម្រងផ្កា និងអុជធូបនៅស្តូបអនុស្សាវរីយ៍លោកប្រធានហូជីមិញ (នៅតំបន់ពិសេសភូក្វឹក ខេត្តអានយ៉ាង)។
គណៈប្រតិភូ រួមមានតំណាងមកពីការិយាល័យរដ្ឋាភិបាល ក្រសួង ផ្នែកមជ្ឈិម។ ខាងតំណាងខេត្តអានយ៉ាងរួមមាន៖លោក ង្វៀន ថាញ់ញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត។ លោក ឡេ ទ្រុងហូ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងថ្នាក់ដឹកនាំមកពីមន្ទីរ គណៈ ផ្នែក និងតំបន់ពិសេសភូក្វឹក។


នៅស្តូបអនុស្សាវរីយ៍លោកប្រធានហូជីមិញ គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបដោយការគោរព ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់ដ៏ថ្លៃថ្នូរបស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងជនជាតិ ហើយព្រមទាំងសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងកសាងប្រទេសជាតិកាន់តែអភិវឌ្ឍ និងឈានទៅមុខដោយរ៉ឹងមាំឆ្ពោះទៅយុគសម័យថ្មី ដែលជាយុគសម័យប្រឹងប្រែងឡើងរបស់ជាតិ។




សួរសុខទុក្ខ ជូនពរបុណ្យចូលឆាំ្នថ្មី និងជូនអំណោយកម្មាភិបាល វិស្វករ និងកម្មករដែលកំពុងសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិភូក្វឹក និងមជ្ឈមណ្ឌលសន្និបាត APEC លោកឧបនាយករដ្ឋមន្ត្រី ង្វៀនជីយុង បានសាកសួរសុខទុក្ខ ដោយស្និទ្ធស្នាល អំពីល្បឿនសាងសង់ និងស្ថានភាពរស់នៅរបស់កម្មករនៅក្នុងការដ្ឋាន។ ព្រមជាមួយនោះ លោកក៏បានកត់ត្រាទទួលស្គាល់ និងកោតសរសើរស្មារតីទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់អង្គភាពសាងសង់ដែលបានជម្នះការលំបាក រៀបចំវេនធ្វើការបន្ថែមម៉ោង ដើម្បីធានាបាននូវល្បឿននៃគម្រោង។
លោកឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើឲ្យអ្នកវិនិយោគ និងអ្នកម៉ៅការបន្តប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវកាលវិភាគ ធានាគុណភាពសំណង់ និងសុវត្ថិភាពការងារ ព្រមទាំងប្តេជ្ញាបញ្ចប់ការងារទាន់ពេលវេលា ដើម្បីបម្រើសប្តាហ៍កំពុល APEC នៅ ភូក្វឹក ប្រកបដោយជោគជ័យ។ ក្នុងពេលជាមួយគ្នានេះ លោកបានស្នើថ្នាក់ដឹកនាំខេត្តអានយ៉ាង ឲ្យ បន្តយកចិត្តទុកដាក់ និងដោះស្រាយការលំបាក ទាក់ទិនសម្រាប់អ្នកម៉ៅការឲ្យបានឆាប់រហ័ស ដោយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តគម្រោងអនុវត្តមានប្រសិទ្ធភាព។
ក្នុងឱកាសឆ្នាំថ្មី លោកឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានជូនអំណោយជាច្រើន និងលើកទឹកចិត្តកម្មាភិបាលនិងកម្មករឲ្យខិតខំធ្វើការក្នុងថ្ងៃឈប់សម្រាកបុណ្យមាឃ។សមមិត្ត ង្វៀន ថាញ់ ញ៉ាន អនុលេខាប្រចាំការគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង ក៏បានជូនអំណោយ ចែករំលែកនិងលើកទឹកចិត្តដល់កម្លាំងសាងសង់ឲ្យខិតខំបញ្ចប់គម្រោងមុនកាលកំណត់ រួមចំណែកដល់ការរៀបចំសប្តាហ៍កំពូល APEC ជោគជ័យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន៕
ប្រែ៖ សំណាង