ព្រឹកថ្ងៃទី២១ ខែសីហា លោក ង៉ូ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំគណៈប្រតិភូអញ្ជើញទៅពិនិត្យជាក់ស្តែង ស្ថានភាពផលិតកសិកម្មនៅលើភូមិសាស្ត្រខេត្ត ពិនិត្យទម្រង់អនុវត្ត គម្រោងស្រូវគុណភាពខ្ពស់ ១លានហិកតារ និងបញ្ចេញឧស្ម័នទាប ព្រមទាំងអញ្ជើញទៅពិនិត្យជាក់ស្តែងគម្រោងព្រែក ៧ ឃុំ និងទស្សនាតំបន់ផលិតកូនត្រីប្រារបស់ក្រុមហ៊ុន វិញហ្វ័ន។


នៅឃុំតឹនអាន លោក ង៉ូ កុង ធឹក អនុប្រធានគណកម្មាធិការប្រជាជនខេត្តបានពិនិត្យជាក់ស្តែងទម្រង់អនុវត្តគម្រោងស្រូវគុណភាពខ្ពស់ ១លានហិកតារ និងបញ្ចេញឧស្ម័នទាប។ បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបពីអង្គភាពមានសមត្ថកិច្ច និងតាមរយៈពិនិត្យជាក់ស្តែង លោក ង៉ូ កុង ធឹក អនុប្រធានគណកម្មាធិការប្រជាជនខេត្តបានស្នើឲ្យគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំ ត្រូវបន្តយកចិត្តទុកដាក់ដឹកនាំ និងណែនាំដល់សហករណ៍ក្នុងការផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចូលរួមគម្រោងយ៉ាងសកម្ម ដើម្បីបញ្ចប់ផែនទីបង្ហាញផ្លូវអនុវត្តនៅលើភូមិសាស្ត្រឲ្យបានឆាប់រហ័ស។ទន្ទឹមនិងននេះ លោកក៏បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយត្រូវច្បាមលក្ខខណ្ឌជាក់ស្តែងរបស់តំបន់នីមួយៗ ជាពិសេសដីធ្លី ប្រព័ន្ធធារាសាស្ត្រ និងសមត្ថភាពរៀបចំផលិតកម្ម។ ពិនិត្យមើលឡើងវិញឲ្យបានជាក់លាក់នូវតំបន់ដែលសមស្រប ដើម្បីដាក់បញ្ចូលផែនទីបង្ហាញផ្លូវ ធានាឲ្យការអនុវត្តមានប្រសិទ្ធភាពពិតប្រាកដ មិនរត់តាមទំហំផ្ទៃដីឡើយ។


ក្នុងឱកាសពិនិត្យជាក់ស្តែងនៅព្រែក ៧ ឃុំ លោក ង៉ូ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ខណៈដែលបច្ចុប្បន្នកំពុងជារដូវភ្លៀងជំនន់ និងស្ថានភាពគ្រោះធម្មជាតិនៅតែមានភាពស្មុគស្មាញ មូលដ្ឋានត្រូវតែមានភាពម្ចាស់ការជាងមុនក្នុងការបង្ការ និងទប់ស្កាត់គ្រោះធម្មជាតិ ដើម្បីការពារផលិតកម្ម និងជីវភាពរស់នៅរបស់ប្រជាកសិករ។លោកអនុប្រធានគណកម្មាធិការប្រជាជនខេត្តបានស្នើឲ្យគណៈកម្មាធិការប្រជាជនឃុំតឹនអាន វិញសឿង និងបណ្តាមន្ទីរផ្នែកពាក់ព័ន្ធ បន្តតាមដាន និងពិនិត្យប្រព័ន្ធទំនប់ ទំនប់ការពារ លូបង្ហូរទឹក និងប្រទះឃើញ និងដោះស្រាយទាន់ពេលវេលានូវចំណុចបាក់ស្រុត ជាពិសេសគឺទីតាំងដែលធ្លាប់កើតមានឧបទវហេតុក្នុងរដូវជំនន់ឆ្នាំ២០២៥។ទន្ទឹមនឹងនេះ ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ និងធនធាន តាមគោលការណ៍ “៤ នៅនឹងកន្លែង” ដើម្បីត្រៀមខ្លួនដោះស្រាយគ្រោះថ្នាក់បានភ្លាមៗខណៈដែលមានឧបទវហេតុតាំងពីម៉ោងដំបូង។

លោក ង៉ូ កុង ធឹក ក៏បានស្នើឲ្យមូលដ្ឋានសិក្សាស្រាវជ្រាវ និងកៀរគរធនធានសង្គមភាវូបនីយកម្ម សម្រាប់ការជីកស្តារប្រឡាយ និងបើកលំហូរទឹកឡើងវិញ តាមរយៈនោះបង្កើនសមត្ថភាពបង្ហូរទឹក បម្រើផលិតកម្ម និងការពារការលិចលង់។ ការផ្សព្វផ្សាយចាំបាច់ត្រូវតែពិនិត្យឲ្យបានជាក់លាក់ សមស្របនឹងលក្ខខណ្ឌជាក់ស្តែង និងធានាត្រឹមត្រូវតាមបទប្បញ្ញត្តិ។
ព្រមជាមួយគ្នានេះ លោកក៏បានតម្រូវឲ្យអង្គភាពគ្រប់គ្រង និងប្រើប្រាស់សំណង់ធារាសាស្ត្រ សហការជាមួយមូលដ្ឋានតាមដាន និងដំណើរការប្រព័ន្ធលូបង្ហូរទឹកឲ្យសមស្រប ព្រមទាំងបង្ហូរទឹកជំនន់ជាមុន ការពារផ្ទៃដីដាំស្រូវរដូវទី ៣ ឆ្នាំ២០២៦ ឲ្យមានសុវត្ថិភាព។
ជាពិសេស ចំពោះតំបន់ទំនប់ដែលមិនទាន់បានជួសជុលក្រោយរដូវជំនន់ឆ្នាំ២០២៥ នៅតែមានការបាក់សុត មិនធានាសុវត្ថិភាពក្នុងការបង្ការជំនន់ លោកអនុប្រធានគណកម្មាធិការប្រជាជនខេត្តបានស្នើ ឲ្យផ្អាកការផលិតកសិកម្មសម្រាប់ដំណាំស្រូវនៅរដូវទី ៣ ឆ្នាំ២០២៦ ដើម្បីកាត់បន្ថយការខូចខាតពីទឹកជំនន់ និងធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។
ទន្ទឹមនឹងនោះ លោកក៏ស្នើឲ្យមូលដ្ឋានពិនិត្យមើលឡើងវិញ និងដាក់ផ្លាកសញ្ញាបង្ហាញទម្ងន់អនុញ្ញាតនៅតាមស្ពាននានាក្នុងតំបន់ព្រែក ៧ ឃុំ ដើម្បីធានាសុវត្ថិភាពចរាចរណ៍។

នៅថ្ងៃដដែល លោក ង៉ូ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណៈប្រតិភូបានពិនិត្យជាក់ស្តែងស្ថានភាពអនុវត្តគម្រោងវិនិយោគនៅក្រុមហ៊ុនផលិតពូជត្រីប្រា វិញ ហ្វ័ន (ឃុំវិញសឿង)។ បច្ចុប្បន្ន ក្រុមហ៊ុនផលិតពូជត្រីប្រា វិញ ហ្វ័ន កំពុងអនុវត្តគម្រោងចំនួនពីរ រួមមាន៖ គម្រោងផលិតពូជត្រីប្រាបីដំណាក់កាលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ វិញ ហ្វ័ន និងគម្រោងជ្រើសរើសត្រីប្រាបីដំណាក់កាលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ វិញហ្វ័ន។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោក ង៉ូ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំ មន្ទីរកសិកម្ម និងបរិស្ថាន សហការយ៉ាងជិតស្និទ្ធជាមួយ មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីពិចារណា និងផ្សព្វផ្សាយប្រធានបទស្រាវជ្រាវថ្នាក់ខេត្ត ស្តីពីការផលិតថ្នាំជំរុញអ័រម៉ូនបន្តពូជ HCG ក្នុងគោលបំណងលើកកម្ពស់គុណភាពកូនត្រីពូជ និងមានប្រសិទ្ធភាពក្នុងការបន្តពូជ។លោកបានបញ្ជាក់ថា ការលើកកម្ពស់អត្រារស់រាន និងគុណភាពកូនត្រីប្រាពូជ មិនត្រឹមតែជួយដល់ក្រុមហ៊ុនវិញហ្វ័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោះស្រាយបញ្ហាស្នូលរបស់វិស័យវារីវប្បកម្មទាំងមូលរបស់ខេត្តសម្រាប់ការអភិវឌ្ឍដោយចីរភាពផងដែរ។
យោងតាមការបញ្ជាក់របស់លោក ង៉ូ កុង ធឹក ការរៀបចំផែនការតំបន់ចិញ្ចឹមត្រីក្នុងបែលើទន្លេទៀន ត្រូវស្ថិតនៅក្នុងផែនការរួមរបស់ខេត្ត។ ប្រគល់ឲ្យមន្ទីរកសិកម្ម និងបរិស្ថានធ្វើសេនាធិការនិង ផ្សព្វផ្សាយព័ត៌មានអំពីផែនការតំបន់ចិញ្ចឹមត្រីក្នុងបែ បន្ទាប់ពីខេត្តអនុម័ត ដើម្បីអាជីវកម្មជ្រើសរើសទីតាំង និងផ្សព្វផ្សាយជំហានបន្ទាប់តាមលំដាប់នីតិវិធីត្រឹមត្រូវ។
លោក ង៉ូ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអះអាងថា វិស័យវារីវប្បកម្ម គឺជាមូលដ្ឋានសំខាន់ក្នុងការសម្រេចគោលដៅកំណើនសេដ្ឋកិច្ចពីរខ្ទង់របស់ខេត្ត។ ក្នុងបរិបទដែលវិស័យដាំស្រូវបានឈានដល់ដែនកំណត់នៃការអភិវឌ្ឍ ការចិញ្ជឹមវារីវប្បកម្មនឹងក្លាយជាកម្លាំងចលករចម្បងដើម្បីរួមចំណែកទៅក្នុងគោលដៅកំណើនសេដ្ឋកិច្ចរួម។ ខេត្តអានយ៉ាង ក៏បានចុះកិច្ចសន្យារួមដំណើរ និងគាំទ្រអាជីវកម្ម ក្នុងការដោះស្រាយការលំបាកឲ្យបានលឿនបំផុត តាមរយៈការណែនាំផ្ទាល់ពីមន្ទីរផ្នែកសហការ៕ប្រែ៖ ណារីពៅ
ប្រែ៖ ណារីពៅ