រសៀលថ្ងៃទី២០ ខែកក្កដា គណៈប្រតិភូការងារខេត្ត អានយ៉ាង ដឹកនាំដោយលោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយឆ្នើម នៅសង្កាត់ ធើយ សឺន និងសង្កាត់ ជីឡាំង។ ចូលរួមជាមួយគណៈប្រតិភូ មានលោកវរសេនីយ៍ឯក វូ ថេ វ៉ាន់ មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត ព្រមទាំងតំណាងថ្នាក់ដឹកនាំគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត តំណាងថ្នាក់ដឹកនាំមន្ទីរ-ស្ថាប័ន និងមូលដ្ឋាននានា។

នៅសង្កាត់ ធើយ សឺន គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារមានសគុណចំពោះប្រទេសជាតិឆ្នើមចំនួន ០២ គ្រួសារ រួមមានគ្រួសារមីង ហ្វីញ ធី ហ្វា ជាយុទ្ធនពិការ ៤១% បានរងផលប៉ះពាល់ពីសារធាតុគីមី ៤១% ព្រមទាំងជាអ្នកចូលរួមតស៊ូធ្លាប់ត្រូវបានឃុំឃាំង និងគ្រួសារលោក ង្វៀន វ៉ាន់ ឌឹក ជាយុទ្ធជនពិការ ៦១%។ នៅសង្កាត់ ជីឡាំង គណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារគោលនយោបាយឆ្នើមចំនួន ០២ គ្រួសារ គឺគ្រួសារលោក ត្រឹន វ៉ាន់ ដាត់ ជាយុទ្ធជនពិការ ៧១% និងគ្រួសារលោក ឡេ វ៉ាន់ វុយ ជាយុទ្ធជនជំងឺ ៩១%។


នៅកន្លែងដែលបានអញ្ជើញទៅដល់នីមួយៗ ក្នុងនាមថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត អានយ៉ាង លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសួរសុខទុក្ខដោយយកចិត្តទុកដាក់អំពីសុខភាព និងជីវភាពរស់នៅរបស់យុទ្ធជនពិការ យុទ្ធជនជំងឺ និងអ្នកមានសគុណចំពោះបដិវត្ត ព្រមទាំងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់ជំនាន់មុនៗ សម្រាប់បុព្វហេតុរំដោះជាតិ និងការពារមាតុភូមិ។ ថ្នាក់ដឹកនាំខេត្តមានបំណងឲ្យគ្រួសារទាំងនេះបន្តលើកកម្ពស់ប្រពៃណីបដិវត្តដ៏រុងរឿង ក្លាយជាគំរូដ៏ល្អសម្រាប់កូនចៅ និងយុវជននៅមូលដ្ឋានយកតម្រាប់តាម។
តំណាងឲ្យគ្រួសារអ្នកមានសគុណចំពោះបដិវត្តឆ្នើម អ្នកស្រី ហ្វីញ ធី ហ្វា (រស់នៅសង្កាត់ ធើយ សឺន ជាយុទ្ធនារីពិការ ៤១% អ្នករងផលប៉ះពាល់ពីសារធាតុគីមី ៤១% ព្រមទាំងជាអ្នកចូលរួមតស៊ូដែលធ្លាប់ត្រូវបានឃុំឃាំង) បានសម្តែងនូវអារម្មណ៍រំភើប និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងទាន់ពេលវេលារបស់ថ្នាក់ដឹកនាំខេត្ត អានយ៉ាង ព្រមទាំងអាជ្ញាធរមូលដ្ឋាន ចំពោះគ្រួសារគោលនយោបាយ។ អ្នកស្រី ហ្វា បានអះអាងថា គ្រួសារនឹងចងចាំជានិច្ចនូវគុណូបការៈរបស់បក្ស និងរដ្ឋ ហើយនឹងបន្តអប់រំ និងរម្លឹកកូនចៅក្នុងគ្រួសារ ឲ្យរក្សាសីលធម៌បដិវត្ត លើកកម្ពស់ប្រពៃណីគ្រួសារ ខិតខំសិក្សា ប្រកបការងារ និងរួមចំណែកតាមសមត្ថភាពរបស់ខ្លួនទៅក្នុងការអភិវឌ្ឍមូលដ្ឋាន។
ឆ្ពោះទៅរកការរម្លឹកខួបលើកទី៧៩ ឆាំ្នទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧/កក្កដា/១៩៤៧ - ២៧/កក្កដា/២០២៦) សកម្មភាពសួរសុខទុក្ខ និងជូនអំណោយក្នុងឱកាសថ្ងៃទី២៧ ខែកក្កដា គឺជាប្រពៃណីវប្បធម៌ដ៏ល្អប្រពៃមួយ ដែលខេត្ត អានយ៉ាង បានរក្សាអនុវត្តជារៀងរាល់ឆ្នាំ។ សកម្មភាពនេះបានបង្ហាញយ៉ាងជ្រាលជ្រៅនូវសីលធម៌ “ផឹកទឹកនឹកដល់ប្រភព” និង “តបស្នងសងគុណ” របស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនក្នុងខេត្តទាំងមូល ចំពោះអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីឯករាជ្យ និងសេរីភាពរបស់ជាតិ៕
ប្រែ៖ ណារីពៅ