នៅព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បាន ធ្វើអធិបតីភាពកិច្ចប្រជុំជាមួយឃុំ សង្កាត់ចំនួន ៨ រួមមាន៖ ហាទៀន តូចូវ ទៀនហៃ យ៉ាងថាញ់ វិញឌៀវ តាន់ហូយ តាន់ហៀព និងថាញ់ដុង អំពីការផ្សព្វផ្សាយកម្មវិធីការងារឆ្នាំ ២០២៦។

ថ្លែងមតិបញ្ចប់កិច្ចប្រជុំ លោក ឡេ វ៉ាន់ ភឿក បានតាងនាមប្រចាំការគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងកត់ត្រាទទួលស្គាល់ និងសរសើរការខិតខំប្រឹងប្រែងរបស់ឃុំ សង្កាត់នានា ក្នុងឆ្នាំ ២០២៥ ដែលបានអនុវត្តសម្រេច និងលើសសូចនាករសេដ្ឋកិច្ច-សង្គម តាមសេចក្តីសម្រេចចិត្តដែលបានដាក់ចេញ។
លោក ឡេ វ៉ាន់ ភឿក បានបញ្ជាក់ថា ឆ្នាំ ២០២៦ គឺជាឆ្នាំដំបូងនៃការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សលើកទី ១៦ និងសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគខេត្តអានយ៉ាង លើកទី ១ ជាមួយនឹងគោលដៅ ភារកិច្ចដាក់ចេញខ្ពស់ជាច្រើន ទាមទារការខិតខំ និងការប្តេជ្ញាចិត្តខ្ពស់ពីប្រព័ន្ធនយោបាយទាំងមូល។
លោក ឡេ វ៉ាន់ ភឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានស្នើឲ្យឃុំ សង្កាត់នានា រៀបចំការសួរសុខទុក្ខ និងថែទាំប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ជាពិសេសគ្រួសារក្រីក្រ បៀតក្រីក្រ និងគ្រួសារគោលនយោបាយ រៀបចំបុណ្យមាឃរីករាយ កក់ក្តៅ សន្សំសំចៃដោយធានាថា “អ្នកណាក៏មានបុណ្យមាឃ” មិនទុកឲ្យប្រជាជនណាម្នាក់ត្រូវទុកចោលឡើយ។
មូលដ្ឋាននានាត្រូវពិនិត្យឡើងវិញឲ្យបានហ្មត់ចត់ និងផ្សព្វផ្សាយផែនការ និងសេណារីយូកំណើនសេដ្ឋកិច្ចតាមស្មារតី “ច្បាស់ ៦” បង្កើនការត្រួតពិនិត្យ ឃ្លាំមើលជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈមឲ្យបានទាន់ពេលវេលា។
ព្រមទាំងត្រៀមយ៉ាងហ្មត់ចត់នូវខ្លឹមសារតាមផែនការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។ ទន្ទឹមនិងនោះ អនុវត្តល្អការងារជ្រើសរើសទ័ព រៀបចំសួរសុខទុក្ខ លើកទឹកចិត្តយុវជនទៅបំពេញកាតព្វកិច្ចយោធាធានាបានគុណភាព និងចំនួនតាមផែនការ។ជាពិសេស បណ្តាឃុំ សង្កាត់តំបន់ព្រំដែន ត្រូវបង្កើនការសហការជាមួយកម្លាំងនគរបាល យោធា និងការពារព្រំដែន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសន្តិសុខព្រំដែន ក្នុងអំឡុងពេលបោះឆ្នោត។ ជំរុញខ្លាំងការងារសហការឃោសនា ត្រួតពិនិត្យទូកនេសាទ រួមបញ្ចូលការផ្សព្វផ្សាយបង្កើនការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនរាយការណ៍ និងមិនគោរពតាមបទប្បញ្ញត្តិ (IUU)។
យោងតាមរបាយការណ៍របស់មន្ទីរហិរញ្ញវត្ថុខេត្តអានយ៉ាង ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ឃុំ សង្កាត់ក្នុងខែមករា មានការកើនឡើងធៀបនឹងដំណាលពេលនេះឆាំ្នមុន បណ្តាសកម្មភាពផ្សព្វផ្សាយមហាសន្និបាតបក្សលើកទី ១៤ បានយកចិត្តទុកដាក់ណែនាំ។ ការងារកំណែទម្រង់រដ្ឋបាលរបស់ឃុំ សង្កាត់បន្តបានយកចិត្តទុកដាក់អនុវត្ត។ ការងារការពារ និងសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្ត្រ បានរក្សាទុកយ៉ាងតឹងរឹង។
នៅក្នុងកិច្ចប្រជុំ ឃុំ សង្កាត់នានា បានស្នើសុំគណៈកម្មាធិការប្រជាជនខេត្ត និងមន្ទីរផ្នែកពាក់ព័ន្ធ ឲ្យជួយដោះស្រាយបញ្ហាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌ ថវិកាសាងសង់ទីស្តីការ អភិវឌ្ឍទេសចរណ៍ សុខាភិបាល អប់រំ និងចរាចរណ៍ ដើម្បីជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងដំណាក់កាលខាងមុខ៕
ប្រែ៖ សំណាង