លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង អញ្ជើញចូលរួមពិធីបើកបវេសនកាល និងសម្ពោធដាក់ឲ្យប្រើប្រាស់សាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់

នៅព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២៦ រួមជាមួយមូលដ្ឋាននានាទូទាំងប្រទេស មូលដ្ឋានអប់រំនានានៅលើភូមិសាស្ត្រខេត្តអានយ៉ាង បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ក្នុងពេលតែមួយ។

ទិដ្ឋភាពទូទៅនៃពិធីបើកបវេសនកាលឆ្នាំសិក្សា ២០​២៦​-២០២៧ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់​

ប្រតិភូចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧ នៅចំណុចភ្ជាប់សាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់ 

នៅទីតាំងសាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេ​វា​សិក​ជនជាតិយ៉ាងថាញ់ ពិធីបើកបវេសនកាល និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ត្រូវបានរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីលោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង។ អ្នកស្រី ង្វៀន ធី មីញ ធ្វី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុ​ប្រ​ធានគណកម្មាធិការប្រជាជនខេត្តនិង អតីតថ្នាក់ដឹក​នាំ​ខេត្តគ្រប់សម័យកាល តំណាងថ្នាក់ដឹកនាំមន្ទីរ គ​ណៈ​​ ផ្នែក និងមូលដ្ឋាន ក្រុមហ៊ុន អាជីវកម្មនានា លោកគ្រូ​ អ្នកគ្រូ និងសិស្សានុសិស្សអញ្ជើញចូលរួមផងដែរ។

ប្រតិភូប្រារពពិធីគោរពទង់ជាតិ​

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស និងរដ្ឋ តែងតែយកចិត្តទុក​ដាក់​ជាពិសេសចំពោះវិស័យអប់រំ និងបណ្តុះបណ្តាល ជា​ពិសេសគឺការអប់រំនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំ និង​តំបន់ព្រំដែន ការវិនិយោគសាងសង់សាលាបឋមសិក្សា​ និងអនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់ មាន​អត្ថន័យសំខាន់ រួមចំណែកបង្កើតលក្ខខណ្ឌសិក្សា និង​ការប្រជុំជីវភាពសម្រាប់សិស្សានុសិស្សនៅតំបន់ព្រំដែន លើកកម្ពស់គុណភាពអប់រំ និងអភិវឌ្ឍធនធានមនុ​ស្ស​ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម​ ការពង្រឹងការពារជាតិ សន្តិសុខ និងកសាងតំបន់ព្រំ​ដែនឲ្យកាន់តែរឹងមាំ។

សិស្សានុសិស្សនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់រីករាយស្វាគមន៍ឆ្នាំសិក្សាថ្មី​

នេះគឺជាគម្រោងមួយក្នុងចំណោមគម្រោងសាលា​អន្តេ​វា​​សិកជនជាតិអន្តរកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ​ចំ​នួន ០៣ នៅតាមឃុំតំបន់ព្រំដែន គឺជា ជំហានជាក់ស្តែង​ ដើម្បីអនុវត្តគោលការណ៍របស់ការិយាល័យន​យោ​​បាយស្តីពីការអភិវឌ្ឍវិស័យអប់រំនៅតំបន់ព្រំដែន។

ក្នុងដំណាក់កាលទី១ ខេត្តអានយ៉ាងបានបញ្ចប់គម្រោងចំ​នួន ៣ ស្តីពីសាលាអន្តេវាសិកជនជាតិនៅតាមឃុំ យ៉ាង​ថាញ់ វីញយ៉ា និងខាញ់ប៊ីញ ដោយមានទុនវិនិយោគ​សរុបជាង ៣៨៨ ពាន់លានដុង ពីប្រភពថវិកា​មជ្ឈិម​។ បច្ចុប្បន្ន សាលាទាំងនេះបានរៀបចំបុគ្គលិកពេញ​លេញ រួមមាន អ្នកគ្រប់គ្រងចំនួន ១២ នាក់ គ្រូបង្រៀន​ចំនួន ១៥៩ នាក់ និងបុគ្គលិកចំនួន ២០ នាក់។ គិត​ត្រឹមថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៦ មានសិស្សចំនួន​ ៣.៧៨២ នាក់ ក្នុងចំណោមសិស្សសរុប ៤.១​៧​២​​ នាក់ បានចុះឈ្មោះចូលរៀន ស្មើនឹងអត្រា ៩២,៨%។​ ក្នុងនោះ មានសិស្សចំនួន ៤៧៧ នាក់ បានចុះឈ្មោះស្នាក់​នៅអន្តេវាសិកដ្ឋាន និងសិស្សចំនួន ៣.៣០៥ នាក់​ បានចុះឈ្មោះស្នាក់នៅពាក់កណ្តាលអន្តេវាសិក។

ចំណុចតភ្ជាប់តាមប្រព័ន្ធអនឡាញ

លទ្ធផលសឲ្យឃើញថា តម្រូវការសិក្សាមានកម្រិតខ្ពស់ និង​មានការគាំទ្រជាមូលដ្ឋានពីមាតាបិតា និងអាណាព្យា​បាល។ ទន្ទឹមនឹងនេះ ក៏បានដាក់ចេញនូវតម្រូវការឲ្យ​មានការពិនិត្យឡើងវិញយ៉ាងហ្មតចត់អំពីមុខសញ្ញា ទ្រង់​ទ្រាយថ្នាក់ សមត្ថភាពទទួលសិស្ស និងរៀបចំការបម្រើ​សេវាកម្មជាក់ស្តែងរបស់សាលានីមួយៗ។ មូលដ្ឋាន​ក៏បានបែងចែកថវិកាគ្រប់គ្រាន់សម្រាប់ការប្រតិបត្តិការ​ សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន។ បានបញ្ចប់ផែនការសុ​វ​ត្ថិភាពអគ្គិភ័យ និងការពារអគ្គិភ័យ ព្រមទាំងសុខាភិបាល​សាលារៀន ដើម្បីធានាឲ្យសាលាទាំងនេះអាចដំ​ណើរ​​ការបានយ៉ាងមានស្ថិរភាព។

ប្រតិភូអនុវត្តពិធីកាត់ខ្សែបូសម្ពោធសាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់
លោកគ្រូ ផាម ក្វាង ញឺ នាយកសាលាបឋមសិក្សា និងអនុ​វិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់ ប្រារពពិធី​ទូង​​ស្គរបើកបវេសនកាលឆ្នាំសិក្សាថ្មី

ទន្ទឹមនឹងនេះ ខេត្តអានយ៉ាងក៏កំពុងពន្លឿនការអនុវត្តដំ​ណាក់​កាលទី២ ជាមួយនឹងគម្រោងសាលាអន្តេវាសិកជន​ជាតិនៅតំបន់ព្រំដែនចំនួន ០៦ ផ្សេងទៀត នៅតាមឃុំ​ បាជុក ភូហ៊ូវ ញឹនហូយ វីញឌៀវ អានភូ និងវីញ​សឿង​ ដោយមានទុនវិនិយោគសរុបចំនួន ១៨៦.០៦៥ ពាន់​លានដុង ហើយគ្រោងនឹងបញ្ចប់ និងដាក់ឲ្យប្រើប្រាស់​មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៧ ដើម្បីឲ្យទាន់ពេលបម្រើឆ្នាំសិក្សា ២០២៧-២០២៨។

តាងនាមលោក តូឡឹម អគ្គលេខាបក្ស និងប្រធានរដ្ឋ លោក​ ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត​អានយ៉ាង ប្រគល់អំណោយបាល់ទាត់ចំនួន ២០ គ្រាប់​ ជូនតំណាងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃ​សាលាបឋមសិក្សា និងអនុវិទ្យាល័យអន្តេវាសិកជនជាតិ​យ៉ាងថាញ់ ព្រមទាំងប្រគល់ផ្ទាំងនិមិត្តសញ្ញាអាហារូប​ករណ៍ចំនួន ៥០ ចំណែក ដែលមានតម្លៃសរុប ៥០ លាន​ដុង របស់ខេត្ត ជូនដល់សាលា
អ្នកស្រី ង្វៀន ធី មីញ ធ្វី អនុប្រធានគណៈកម្មាធិការប្រ​ជា​​ជនខេត្តអានយ៉ាង បានប្រគល់ផ្ទាំងនិមិត្តសញ្ញា កង់ចំ​​នួន ១០ គ្រឿងរបស់ខេត្ត ជូនដល់សាលាបឋមសិក្សា និង​​អនុវិទ្យាល័យអន្តេវាសិកជនជាតិយ៉ាងថាញ់
លោក ត្រឹន វ៉ាន់ ប៊ែន (ខាងឆ្វេង) តំណាងឲ្យក្រុមហ៊ុនភាគ​ហ៊ុនរ៉ែធ្វឺនផុង ឧបត្ថម្ភថវិកាចំនួន ៥០ លានដុងដល់មូលនិធិអាហារូបករណ៍នៃសាលាបឋមសិក្សា និងមធ្យម​សិក្សាយ៉ាងថាញ់

ក្នុងឱកាសនេះ លោក តូឡឹម អគ្គលេខាបក្ស និងជាប្រ​ធាន​រដ្ឋ បានប្រគល់បាល់បាល់ទាត់ចំនួន ២០ គ្រាប់ដល់​សាលាបឋមសិក្សា និងអនុវិទ្យាល័យយ៉ាងថាញ់ ដើ​ម្បី​លើកទឹកចិត្តដល់ការហាត់ប្រាណ និងការកម្សាន្តដែល​មានសុខភាពល្អបន្ទាប់ពីចេញពីសាលារៀន ព្រមទាំងលើកទឹកចិត្តសិស្សានុសិស្សឲ្យទទួលបានជោគ​ជ័យ​​ក្នុងការសិក្សាក្នុងឆ្នាំសិក្សាថ្មី បានផ្តល់អាហារូបករណ៍ចំនួន ៥០ ចំណែកដល់សិស្សដែលមានជីវភាពខ្វះខាត​ ផ្តល់ជូនកង់ចំនួន ១០ គ្រឿងដល់សាលា បញ្ជាការ​ដ្ឋាន​កងទ័ពការពារព្រំដែនខេត្តបានប្រគល់ថវិកាចំនួន ១០ លានដុង។ ក្រុមហ៊ុនឆ្នោតជាតិគៀនយ៉ាង បានប្រ​គល់​ជូនសៀវភៅកត់ត្រាចំនួន ៣ ពាន់ក្បាល និងបាឡូចំ​នួន ១០០ ដល់សិស្សក្រីក្រនៅសាលា រួមជាមួយនឹងថវិ​កា​ចំនួន ៥០ លានដុង។ ក្រុមហ៊ុនភាគហ៊ុនរ៉ែ ធ្វឺន​ផុង​ ប្រគល់ជូនថវិកាចំនួន ៥០ លានដុងដល់មូលនិធិអា​ហារូបករណ៍របស់សាលាបឋមសិក្សា និងអនុវិទ្យា​ល័យ​យ៉ាងថាញ់។ ក្រុមហ៊ុន VNPT ក្រុមហ៊ុន CIC និងគណៈ​គ្រប់គ្រងគម្រោងវិនិយោគសំណង់ និងដឹកជញ្ជូនខេត្ត (ម្ចាស់វិនិយោគ) បានរួមដំណើរ និងគាំទ្រសកម្ម​ភាព​របស់សាលាក្នុងឱកាសដើមឆ្នាំសិក្សាថ្មី។

ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំខេត្ត ដាំដើមឈើរំលឹកវិញ្ញា​ណក្ខន្ធនៅលើទីធ្លាសាលា

ប្រែ៖ ណារីពៅ