នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា នៅតំបន់ពិសេសភូក្វឹក លោក ហូ វ៉ាន់ ម៉ឹង សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានដឹកនាំកិច្ចប្រជុំស្តីពីស្ថានភាពអនុវត្ត និងការបញ្ចេញថវិកាវិនិយោគសាធារណៈសម្រាប់គម្រោងនានាដែលបម្រើសន្និសីទកំពូល APEC ២០២៧ ដែលក្រុមហ៊ុន Sun Group ជាម្ចាស់វិនិយោគ ម៉ៅការសាងសង់។ ចូលរួមតាមប្រព័ន្ធអនឡាញនៅចំណុចភ្ជាប់គណៈកម្មាធិការប្រជាជនខេត្ត មានលោក ង៉ូ កុង ធឹក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត។

ថ្លែងមតិណែនាំក្នុងកិច្ចប្រជុំ លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានវាយតម្លៃថា គម្រោងនានាដែល Sun Group ជាអ្នកវិនិយោគ និងជាអ្នកម៉ៅការសាងសង់ ជាមូលដ្ឋានកំពុងធានាបាននូវល្បឿនដែលបានចុះកិច្ចសន្យា ។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានសង្កត់ធ្ងន់ថា ត្រូវធានាឲ្យបាននូវល្បឿននៃសំណង់ និងគម្រោងនានាដែលបម្រើ APEC ២០២៧។ កាលកំណត់សម្រាប់គម្រោងចុងក្រោយត្រូវបញ្ចប់ គឺថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧។ ចំពោះគម្រោងនីមួយៗ អ្នកវិនិយោគ និងអ្នកម៉ៅការត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមល្បឿនដែលបានចុះកិច្ចសន្យា។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានស្នើឲ្យ Sun Group ម្ចាស់ការអនុវត្តគម្រោងដែលបានប្រគល់ជូន ដោយធានាបាននូវល្បឿន ព្រមជាមួយនោះត្រូវមើលសំខាន់លើតម្រូវការអំពីទេសភាព បរិស្ថាន ជាពិសេសមហាវិថី APEC និងផ្លូវសំខាន់ៗ ដើម្បីប្រជាពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរបានងាយស្រួល។
តំបន់ពិសេសភូក្វឹក ត្រូវផ្តោតលើការដោះស្រាយ និងបញ្ចប់ឲ្យដាច់ស្រឡះនូវបញ្ហាដែលនៅសេសសល់ក្នុងការរំដោះផ្ទៃរាប ដោយធានាថាមិនប៉ះពាល់ដល់ល្បឿននៃការអនុវត្តគម្រោង។

ចំពោះសំណង់ និងគម្រោងនានាដែលបម្រើ APEC ២០២៧ បណ្តាស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវផ្តោតលើការដោះស្រាយការងារឲ្យបានឆាប់រហ័ស។ បញ្ហាដែលកើតមានឡើងត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា មិនត្រូវទុកឲ្យអូសបន្លាយពេលឡើយ។
អំពីប្រព័ន្ធបង្ហូរទឹកតាមផ្លូវខេត្តលេខ ៩៧៥ លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានប្រគល់ឲ្យតំបន់ពិសេសភូក្វឹក ជាអ្នកដឹកនាំអនុវត្ត។ ក្នុងករណីមានខ្លឹមសារពាក់ព័ន្ធនឹងមន្ទីរ ផ្នែកផ្សេងទៀត គណៈកម្មាធិការប្រជាជនតំបន់ពិសេសភូក្វឹក ត្រូវម្ចាស់ការសហការ ធ្វើសេនាធិការ និងរាយការណ៍ជូនគណៈកម្មាធិការប្រជាជនខេត្ត។
ចំពោះមហាវិថី APEC និងតំបន់តាំងទីលំនៅថ្មីសម្រាប់តាំងទីលំនៅថ្មី លោកប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានតម្រូវឲ្យផ្តោតលើការអនុវត្តការងារពាក់ព័ន្ធ ដោយធានាឲ្យបាននូវល្បឿនតាមការកំណត់។
ចំពោះគម្រោងខ្សែរថភ្លើងអគ្គិសនីក្នុងទីក្រុង ដំណាក់កាលទី១ តម្រូវឲ្យពន្លឿនការបញ្ចប់នីតិវិធី និងអនុម័តការរៀបចំផែនការសម្រាប់តំបន់នីមួយៗក្នុងសប្តាហ៍ខាងមុខ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អនុវត្តជំហានបន្ទាប់។
លោក ហូ វ៉ាន់ ម៉ឹង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានឲ្យដឹងថា ការបញ្ចេញថវិកាវិនិយោគសាធារណៈ គឺជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យសម្រាប់វាយតម្លៃកម្មាភិបាល កាលកំណត់ថ្ងៃទី៣០ ខែកញ្ញា មានសារៈសំខាន់ណាស់សម្រាប់ការវាយតម្លៃកម្មាភិបាលក្នុងត្រីមាសទី៣។ លោកបានតម្រូវឲ្យអ្នកវិនិយោគជំរុញអ្នកម៉ៅការឲ្យប្រញាប់រៀបចំឯកសារទូទាត់ និងឯកសារធ្វើបុរេថវិកា ព្រមទាំងផ្តោតលើការបញ្ចេញថវិកាវិនិយោគសាធារណៈឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា។ មន្ទីរសំណង់ត្រូវម្ចាស់ការផ្តល់យោបល់ជូនគណៈកម្មាធិការប្រជាជនខេត្ត ស្តីពីតម្លៃពលកម្មជាក់ស្តែង។

យោងតាមរបាយការណ៍របស់មន្ទីរហិរញ្ញវត្ថុ ក្រុមហ៊ុន Sun Group និងក្រុមហ៊ុនសមាជិក កំពុងចូលរួមអនុវត្តសំណង់ និងគម្រោងជាច្រើននៅតំបន់ពិសេសភូក្វឹក ក្នុងនោះមានគម្រោងដែលបម្រើដោយផ្ទាល់ដល់សន្និសីទកំពូល APEC ២០២៧ ក្នុងតួនាទីជាអ្នកវិនិយោគ/ម្ចាស់វិនិយោគ និងជាអ្នកម៉ៅការសាងសង់។
ក្រុមគម្រោង Sun Group ជាអ្នកវិនិយោគ រួមមានគម្រោងចំនួន ៥ ក្នុងនោះមានគម្រោងទ្រង់ទ្រាយធំ ដូចជា គម្រោងខ្សែរថភ្លើងអគ្គិសនីក្នុងទីក្រុង ដំណាក់កាលទី១ មជ្ឈមណ្ឌលរៀបចំសន្និសីទ APEC ពង្រីកអាកាសយានដ្ឋានអន្តរជាតិភូក្វឹក តំបន់ទីក្រុងចម្រុះ – បាយ ដាត់ ដ និងតំបន់ទីក្រុងចម្រុះទេសចរណ៍អេកូឡូស៊ី ភ្នំអ៊ុងក្វាន់។
ក្រៅពីនេះ ក្រុមហ៊ុនសមាជិករបស់ Sun Group ក៏ចូលរួមសាងសង់គម្រោងវិនិយោគសាធារណៈមួយចំនួន ដូចជា ផ្លូវខេត្តលេខ ៩៧៥ និងមហាវិថី APEC ផងដែរ។

តាមរយៈការពិនិត្យឡើងវិញ អាចឃើញថា គម្រោងដែល Sun Group ជាអ្នកវិនិយោគ កំពុងត្រូវបានអនុវត្តក្នុងពេលតែមួយក្នុងទ្រង់ទ្រាយធំ និងមានបរិមាណការងារសាងសង់ច្រើន។ក្នុងនោះ គម្រោងមជ្ឈមណ្ឌលរៀបចំសន្និសីទ APEC គម្រោងខ្សែរថភ្លើងអគ្គិសនីក្នុងទីក្រុង និងអាកាសយានដ្ឋានអន្តរជាតិភូក្វឹក គឺជាគម្រោងដែលមានតម្រូវការខ្ពស់ទាក់ទងនឹងល្បឿន និងធនធាន។ ចំពោះតំបន់បាយ ដាត់ ដ និងភ្នំអ៊ុងក្វាន់ ល្បឿនសាងសង់កំពុងបានរក្សាបានល្អនាពេលបច្ចុប្បន្ននេះ៕
ប្រែ៖ ណារីពៅ